26 C
Phnom Penh

លោក សម រង្ស៊ី ជំរុញ​ឱ្យ​​​គ្រួសារ​ជនរង​គ្រោះ​​កុំបោះ​បង់​​ការ​រក​យុត្តិធម៌

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងបានឆ្លៀតឱកាសជំរុញឱ្យគ្រួសារជនរងគ្រោះកុំបោះបង់ចោលការតស៊ូទាមទារយុត្តិធម៌ អំឡុងពេលរំឭកខួបលើកទី២០នៃហេតុការណ៍គប់គ្រាប់បែកក្នុងឆ្នាំ១៩៩៧ លើបាតុករដឹកនាំដោយគណបក្សប្រឆាំងក្នុងរាជធានីភ្នំពេញ ដោយលោកលើកឡើងពីជោគជ័យដែលទីបំផុតទទួលបាននៅក្នុងការកាត់ទោសមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ចំពោះបទឧក្រិដ្ឋរបស់ពួកគេ។

ថ្លែងតាមរយៈ Skype ទៅកាន់អ្នកគាំទ្ររាប់រយនាក់នៅសួនមុខវត្តបទុម ដែលមានចម្ងាយត្រឹមតែប៉ុន្មានម៉ែត្រពីកន្លែងដែលមនុស្សចំនួន១៧នាក់បានស្លាប់ និងជាង១៥០នាក់ផ្សេងទៀតរងរបួស ពេលបុរសមិនស្គាល់អត្តសញ្ញាណមួយក្រុមបានគប់គ្រាប់បែកំនួនបួនគ្រាប់ចូលទៅក្នុងក្រុមបាតុករ ដែលដឹកនាំដោយលោក សម រង្ស៊ី នោះ អ្នកនយោបាយដែលនិរទេសខ្លួនឯងទៅរស់នៅក្រៅប្រទេសរូបនេះបានលើកឡើងថា សំណុំរឿងនេះមិនអាចទុកឱ្យនៅគ្មានការដោះស្រាយជារៀងរហូតនោះទេ។

រូបថតរបស់ជនរងគ្រោះដែលបាត់បង់ជីវិតនៅក្នុងហេតុការណ៍គប់គ្រាប់បែកឆ្នាំ១៩៩៧ ត្រូវបានដាក់បង្ហាញនៅស្ដូបរំឭកវិញ្ញាណក្ខន្ធពួកគេនៅក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
រូបថតរបស់ជនរងគ្រោះដែលបាត់បង់ជីវិតនៅក្នុងហេតុការណ៍គប់គ្រាប់បែកឆ្នាំ១៩៩៧ ត្រូវបានដាក់បង្ហាញនៅស្ដូបរំឭកវិញ្ញាណក្ខន្ធពួកគេនៅក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោក សម រង្ស៊ី បានប្រាប់អ្នកចូលរួមយ៉ាងច្រើនពីផ្ទះរបស់លោកនៅក្នុងទីក្រុងប៉ារីសមកថា “ទោះ២០ឆ្នាំយូរហើយ ត្រូវតែបំភ្លេចចោលទៅ មិនអាចរកយុត្តិធម៌ឃើញទេ”។ លោកបានបន្ថែមថា “បទឧក្រិដ្ឋសម្លាប់មនុស្សដូចការគប់គ្រាប់បែកនេះ គឺជាបទឧក្រិដ្ឋមិនអាចបំភ្លេចបានទេ”។

លោកបានបន្ថែមទៀតថា “ដូចបទឧក្រិដ្ឋដែលប្រព្រឹត្តដោយពួកខ្មែរក្រហម ជាង៤០ឆ្នាំហើយម៉េចក៏មានតុលាការកំពុងតែកាត់ទោសមេដឹកនាំខ្មែរក្រហម”។ នួន ជា បងធំទី២នៃរបបនេះ និង ខៀវ សំផន ដែលជាប្រមុខរដ្ឋត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតកាលពីឆ្នាំ២០១៤ ដោយសារបានប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ។

លោក សម រង្ស៊ី ដែលរងរបួសស្រាលនៅក្នុងហេតុការណ៍គប់គ្រាប់បែកនេះ បានទទួលស្គាល់នូវលទ្ធផលមួយក្នុងចំណោមលទ្ធផលសំខាន់ៗដែលបានមកពីបាតុកម្មនៅថ្ងៃនោះ នោះគឺការដំឡើងប្រាក់ខែគោលសម្រាប់កម្មកររោងចក្រកាត់ដេរ ហើយបានចាត់ទុកជនរងគ្រោះថាជា “វីរបាតុករ” នៅក្នុងការជួយធ្វើឱ្យប្រាក់ខែរបស់កម្មករបានប្រសើរឡើង ដោយក្នុងនោះវាបានឡើងរហូតដល់១៥៣ដុល្លារពីប្រាក់ខែចំនួន២៧ដុល្លារកាលពីពីរទសវត្សរ៍មុន។

លោកបានថ្លែងថា “ការលះបង់ជីវិតរបស់វីរបាតុករបាននាំមកនូវពន្លឺសេរីភាព បាននាំមកនូវការប្រែប្រួលផលប្រយោជន៍ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់យើង”។

ពេលនិយាយបន្ទាប់ពីលោក សម រង្ស៊ី និងលោក កឹម សុខា ដែលឥឡូវជាប្រធានគណបក្សសង្គ្រោះជាតិនោះ អ្នកស្រី ឈឹង រុំ អាយុ៧៨ឆ្នាំ ដែលស្ថិតនៅក្នុងចំណោមក្រុមបាតុករពេលកើតហេតុការណ៍គប់គ្រាប់បែកនោះ បាននិយាយរៀបរាប់អំពីការបាត់បង់ជីវិតដែលបង្កឡើងដោយការគប់គ្រាប់បែកនេះដែលកើតឡើងពីរទសវត្សរ៍កន្លងមកហើយ។

អ្នកស្រីបាននិយាយថា “គេកំពុងស្រែកនៅកន្លែងបាតុកម្មហ្នឹង ពេលនោះមានគេគប់គ្រាប់បែកបួនគ្រាប់មក។ ខ្ញុំឃើញគេគប់គ្រាប់បែកទៅកន្លែងមនុស្សច្រើន”។

ពេលគ្រាប់បែកផ្ទុះឡើង អ្នកស្រី ឈឹង រុំ បានស្ទុះស្ទារកកូនស្រីអ្នកស្រី ឈ្មោះ កូស ប៉ូលីន ដែលក៏បានចូលរួមនៅក្នុងបាតុកម្មនោះដែរ។

អ្នកស្រីបន្ថែមថា ”បន្ទាប់ពីគ្រាប់បែកបានផ្ទុះឡើង មានមនុស្សជាច្រើនដេកស្លាប់នៅក្នុងថ្លុកឈាម។ មានឈាមខ្ទាតគ្រប់កន្លែង”។

cam-photo-grenade_cropped-800x533ទីបំផុត អ្នកស្រីបានរកឃើញកូនស្រីរបស់ខ្លួនដែលមុតអំបែងគ្រាប់បែកបៀមជាប់នឹងភ្លៅ ហើយបានប្រញាប់ប្រញាល់បញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យ។ បន្ទាប់ពីជាសះស្បើយ គាត់បានទៅរស់នៅក្នុងប្រទេសបារាំងដោយមានជំនួយពីលោក សម រង្ស៊ី នេះបើយោងតាមការឲ្យដឹងបន្ថែមពី អ្នកស្រី ឈឹង រុំ។

ទោះបីជាលោក សម រង្ស៊ី អំពាវនាវសុំឱ្យបន្តតស៊ូទាមទារយុត្តិធម៌ក៏ដោយ តែក្នុងចំណោមសាច់ញាតិរបស់អ្នកដែលនៅរស់រានមានជីវិតគ្មាននរណាម្នាក់សង្ឃឹមថា  តុលាការនឹងរកយុត្តិធម៌ជូនពួកគេឡើយ។

អ្នកស្រី លី នារី អាយុ៧៥ឆ្នាំ ដែលកូនប្រុសរបស់គាត់ឈ្មោះ ជេត ដួងតារាវុធ បានស្លាប់នៅក្នុងហេតុការណ៍នេះនោះ និយាយថា “ខ្្ញុំមិនគិតថា រដ្ឋាភិបាលអាចរកយុត្តិធម៌ឱ្យកូនរបស់ខ្ញុំបាននោះឡើយ ព្រោះតុលាការស្ថិតក្រោមឥទ្ធិពលរបស់រដ្ឋាភិបាល”។លោក ជេត ដួងតារាវុធ គឺជាអ្នកយកព័ត៌មានឱ្យកាសែតអ្នកប្រយុទ្ធ ជាកាសែតគាំទ្រគណបក្សប្រឆាំង ប៉ុន្តែឥឡូវបានបិទហើយ។

លោក សម រង្ស៊ី បានបន្ទោសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះហេតុការណ៍គប់គ្រាប់បែកនេះ។ ការស៊ើបអង្កេតរបស់ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) ដែលធ្វើឡើងដោយសារតែមានពលរដ្ឋអាមេរិកម្នាក់បានរបួសនៅក្នុងហេតុការណ៍គប់គ្រាប់បែកនោះដែរ បានបិទមុនពេលឈានទៅដល់ការសន្និដ្ឋានច្បាស់លាស់។ ទោះជាយ៉ាងណា ឯកសារបើកចំហរបស់ទីភ្នាក់ងារ FBI បង្ហាញថា ការស៊ើបអង្កេតនេះ មានទំនោរបន្ទោស យ៉ាងខ្លាំងលើគណបក្សប្រជាជនកម្ពុជាចំពោះហេតុការណ៍គប់គ្រាប់បែកនេះ។

អ្នកស្រី លី នារី បានលើកឡើងទៀតថា អ្នកស្រីខ្លាចខ្លាំងណាស់មិនហា៊នសន្និដ្ឋានថា តើនរណាជាអ្នកត្រូវទទួលខុសត្រូវចំពោះការស្លាប់របស់កូនប្រុសអ្នកស្រីនោះឡើយ។

អ្នកស្រីបាននិយាយថា “ខ្ញុំមិនហ៊ាននិយាយថា នរណានៅពីក្រោយទេ”៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ George Wright)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស