32.9 C
Phnom Penh

​​គ្រួសារ​ដែល​​ស្ងាត់​ស្ងៀម​យូរ​មក​ហើយ​​​​​ចាប់​​ផ្ដើម​ចេញ​​ធ្វើ​ការ​​​​​តវ៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកស្រី យ៉ាង សារីម អង្គុយនៅមុខផ្ទះរបស់គាត់ស្ថិតក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញកាលពីរសៀលថ្ងៃពុធ ដោយទទួលទានអាហារថ្ងៃត្រង់ដែលគាត់តែងតែធ្វើដូចនេះរយៈពេល១៧ឆ្នាំមកហើយ។ប៉ុន្តែអ្វីៗមិនស្ថិតនៅដដែលឡើយសម្រាប់ស្ត្រីអាយុ៧៣ឆ្នាំរូបនេះ ដែលអគារផ្ទះល្វែងរបស់គាត់គេគ្រោងវាយកម្ទេចចោល។

ចៅសង្កាត់រងវាលវង់រូបនេះបានតាមដានយ៉ាងស្ងៀមស្ងាត់រយៈពេល៥ឆ្នាំមកហើយខណៈដែលគ្រួសារជាច្រើនទៀតរស់នៅជុំវិញគាត់ក្នុងសហគមន៍បុរីកីឡា បានតវ៉ាប្រឆាំងនឹងការបណ្តេញចេញ ដែលបង្កឡើងដោយក្រុមហ៊ុនសំណង់ផានអីុម៉ិច។

អ្នកស្រី យ៉ាង សារីម បាននិយាយថា “តើឱ្យខ្ញុំចូលរួមតវ៉ាដើម្បីរារាំង ឬជំទាស់នឹងអាជ្ញាធរដូចម្តេចទៅ បើខ្ញុំជាមន្ត្រីរាជការដែរនោះ?”។ បន្ទាប់ពីរង់ចាំរយៈពេលជាច្រើនឆ្នាំដោយមិនទទួលបានសំណងសមរម្យមក គ្រួសារជាច្រើនដូចគ្រួសារអ្នកស្រី យ៉ាង សារីម ដែរ បានសម្រេចចិត្តធ្វើឱ្យគេដឹងឮពីកង្វល់របស់ពួកគាត់។

WP-LastImage-55-800x533កាលពីម្សិលមិញ អ្នកភូមិបុរីកីឡាមួយក្រុមមានគ្នាប្រមាណ២០នាក់ដែលមិនបានចូលរួមក្នុងការតវ៉ារយៈពេល៥ឆ្នាំមកហើយនៅសហគមន៍នេះ បានធ្វើដំណើរទៅកាន់សាលារាជធានីភ្នំពេញ។ ពួកគាត់បានទាមទារឱ្យមានដំណោះស្រាយ ដោយមានការបារម្ភខ្លាចដូចអ្នកភូមិ១៥គ្រួសារទៀតដែលអាចបាត់បង់ឱកាសនៃការទទួលបានសំណងនៅថ្ងៃនេះ ប្រសិនបើរដ្ឋាភិបាលអនុវត្តឱសានវាទដែលបានកំណត់កាលពីប៉ុន្មានសប្តាហ៍កន្លងមកនោះ។

លោក សៀ ភារម្យ ប្រធានក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋានបានមានប្រសាសន៍ថា ក្រុមនេះតំណាងឱ្យអ្នកភូមិប្រហែល៣០គ្រួសារ ដែលសុទ្ធតែមានសមាជិកជាមន្ត្រីនគរបាល ឬមន្ត្រីរដ្ឋាភិបាលថ្នាក់ក្រោមដែលក៏បានរស់នៅក្នុងអគារនោះដែរ និងដែលបានរង់ចាំការផ្តល់សំណងដោយមិននិយាយអ្វីសោះឡើយ។

កាលពីម្សិលមិញ ពួកគាត់និយាយថា ពួកគាត់មិនដែលចូលរួមជាមួយអ្នកភូមិរឹងទទឹងចំនួន១៥៤គ្រួសារ ដែលត្រូវបានបណ្តេញចេញដ៏ហិង្សាពីសហគមន៍នេះក្នុងឆ្នាំ២០០២ដើម្បីបើកផ្លូវសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍ឯកជន។

លោក សៀ ភារម្យ បានមានប្រសាសន៍ថា ការទាមទារឱ្យមានដំណោះស្រាយសមរម្យនេះ ទំនងជាត្រូវបានគេដឹងឮច្រើនហើយ។

លោកបានថ្លែងថា “សាលារាជធានីដូចជាឪពុកម្តាយរបស់យើងអ៊ីចឹង ដូច្នេះហើយពួកគេត្រូវថែទាំកូនរបស់ខ្លួន”។

អ្នកស្រី យ៉ាង សារីម ដែលមិនបានទៅសាលារាជធានីកាលពីម្សិលមិញ ត្រូវបានសាលារាជធានីផ្តល់សំណងជាប្រាក់ចំនួន៩.០០០ដុល្លារ កាលពីពីរបីឆ្នាំកន្លងមក ប៉ុន្តែអ្នកស្រីបានបដិសេធ ដោយគាត់សង្ឃឹមថា នឹងទទួលបាន ប្រាក់៣០.០០០ដុល្លារ។ ខណៈពេលកំណត់ផ្តល់សំណងដល់អ្នកភូមិ១៥គ្រួសារដែលរឹងទទឹងរស់នៅក្នុងអគារដែលអ្នកស្រីរស់នៅដែរដល់ឱសានវាទនោះ ឥឡូវនេះ អ្នកស្រី យ៉ាង សារីម បារម្ភថា ការទាមទាររបស់គាត់នឹងត្រូវគេបំភ្លេចចោល។

អ្នកស្រីបានសួរថា “ខ្ញុំបានទទួលព័ត៌មានពីអាជ្ញាធរខណ្ឌថា វាជាលើកចុងក្រោយហើយ ហើយពួកគេចង់ឱ្យអ្នកភូមិទាំង១៥គ្រួសារនេះទទួលយកសំណង ប៉ុន្តែចុះពួកយើងវិញ?។ពួកគេមិនដែលទទួលស្គាល់ក្រុមរបស់យើងទេ ហើយយើងចេះតែនៅស្ងៀមដូចដែលពួកគេបានប្រាប់ពួកយើង”។

ប្រហែល៩០ភាគរយនៃអ្នកភូមិ១៥៤គ្រួសារដែលកំពុងធ្វើការតវ៉ានេះ បានទទួលយកបែបផែននៃការផ្តល់សំណង ឬការតាំងទីលំនៅថ្មីអាស្រ័យលើឯកសារបញ្ជាក់ពីកម្មសិទ្ធិដែលពួកគាត់មាន។

បើទោះជាអ្នកភូមិ១៥គ្រួសារនេះ ត្រូវតែទទួលយកសំណង បើមិនដូច្នេះទេនឹងមិនទទួលបានអ្វីសោះនៅចុងខែនេះក៏ដោយ ក៏លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍ថា អាជ្ញាធរមិនទាន់សម្រេចថា តើអគារនេះនឹងត្រូវវាយកម្ទេចចោលឬយ៉ាងណានៅឡើយទេ។

លោកបានមានប្រសាសន៍ថា “វាជាលើកចុងក្រោយហើយដែលពួកគាត់ត្រូវធ្វើការសម្រេចចិត្ត បើទោះជាយើងនឹងពិចារណាមុនពេលវាយកម្ទេចចោលក្តី”។

លោក ម៉េត មាសភក្តី បានថ្លែងថា អ្នកភូមិ៣០គ្រួសារដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលអាចទទួលបានការផ្តល់សំណងដូចគ្នានឹងអ្នកភូមិ១៥៤គ្រួសារដំបូងដែលបានទទួលដែរ។ក្នុងឆ្នាំ២០១៥ លោក ឡុង ឌីម៉ង់ ដែលពេលនោះជាអ្នកនាំពាក្យសាលារាជធានី មានប្រសាសន៍ថា ការផ្តល់សំណងនេះមានចាប់ពីការផ្តល់ផ្ទះថ្មីនៅក្នុងប្លុកផ្ទះល្វែងស្ថិតក្នុងបុរីកីឡា ផ្ទះមួយខ្នងក្នុងភូមិអណ្តូងជាយរាជធានីភ្នំពេញរហូតដល់ទឹកប្រាក់ចំនួន៣.០០០ដុល្លារ។

អ្នកស្រី គិន ចន្ថា អាយុ៥៣ឆ្នាំ ជាអ្នកភូមិម្នាក់ទៀតមានការបារម្ភដូចអ្នកស្រី យ៉ាងសារីម ដែរ។ អ្នកស្រី គិន ចន្ថា បានរៀបការជាមួយមន្ត្រីនគរបាលមួយរូប ហើយគ្រួសាររបស់គាត់ត្រូវបានគេបញ្ចុះបញ្ចូលឱ្យជឿថា ពួកគាត់នឹងទទួលបានសំណងច្រើនជាងគ្រួសារដែលកំពុងធ្វើការតវ៉ានេះ។

អ្នកស្រីនិយាយថា “ប្តីរបស់ខ្ញុំបានប្រាប់ខ្ញុំកុំឱ្យទៅចូលរួមការតវ៉ា ហើយរង់ចាំរដ្ឋាភិបាលផ្តល់សំណងដែលនឹងអាចច្រើនជាងអ្នកតវ៉ាទាំងនោះ។ ឥឡូវនេះខ្ញុំមានការបារម្ភនៅពេលគេវាយកម្ទេចអគារនេះ សាលារាជធានីនឹងទទួលស្គាល់អ្នកភូមិតែ១៥គ្រួសារដែលកំពុងរស់នៅទីនេះប៉ុណ្ណោះ”៕សារុន  (រាយការណ៍បន្ថែមដោយ Danielle Keeton-Olsen)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស