កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោសលោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ និងបទញុះញង់ដោយសារការអះអាងថា រដ្ឋាភិបាលជាអ្នករៀបចំការធ្វើឃាតលោក កែម ឡី អ្នករិះគន់រដ្ឋាភិបាលកាលពីឆ្នាំមុន បន្ថែមពីលើកំណត់ត្រាបទល្មើសដែលរីកកាន់តែធំរបស់អតីតប្រធានគណបក្សប្រឆាំងរូបនេះ។
ចៅក្រម អុី ថាវរៈ បានប្រកាសកាលពីពេលព្រឹកថា ”តុលាការបានសម្រេចផ្ដន្ទាទោស សម រង្ស៊ី ឱ្យជាប់ពន្ធនាគារ១ឆ្នាំ៨ខែ និងពិន័យជាប្រាក់១០លានរៀល [ប្រហែល២.៥០០ដុល្លារ] តាមបទចោទបរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ដែលបង្កឱ្យមានភាពចលាចលក្នុងសង្គម”។
តាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក សម រង្ស៊ី ដែលរស់នៅបរទេស និងដែលត្រូវបានហាមឃាត់មិនឱ្យត្រឡប់មកប្រទេសកម្ពុជាវិញ ក៏ត្រូវបានតុលាការបង្គាប់ឱ្យសងជំងឺចិត្តនាយករដ្ឋមន្ត្រីចំនួន១០០រៀលផងដែរ។
បទចោទទាំងនេះកើតចេញពីការអះអាងរបស់លោក សម រង្ស៊ី ដែលនៅក្នុងដំណាក់កាលនីមួយៗនៃដំណើរនីតិវិធី លោកបានលើកឡើងម្ដងហើយម្ដងទៀតថា ការបាញ់សម្លាប់លោក កែម ឡី ក្នុងស្តាម៉ាតមួយកន្លែងនៅរាជធានីភ្នំពេញ កាលពីខែកក្កដា គឺជា “អំពើភេរវកម្មដែលគាំទ្រដោយរដ្ឋាភិបាល”។
អំឡុងសវនាការកាលពីថ្ងៃទី១៧ ខែមីនា លោក សំ សុគង់ មេធាវីរបស់លោក សម រង្ស៊ី បានទាញទឡ្ហីករណ៍ថា ការអត្ថាធិប្បាយនោះមិនបានសំដៅចំៗលើលោក ហ៊ុន សែន ឬនរណាម្នាក់ជាពិសេសឡើយ ដូច្នេះមិនអាចចាត់ទុកថាជាការបរិហារកេរ្តិ៍ទេ។ ប៉ុន្តែលោក សម រង្ស៊ី បានធ្វើឱ្យខូចការប្រឹងប្រែងរបស់មេធាវីលោកភ្លាមៗតាមរយៈសារអេឡិចត្រូនិកដែលចោទប្រកាន់ថាលោក ហ៊ុន សែន ជាប់ពាក់ព័ន្ធក្នុងឃាតកម្មនេះ។
នៅពេលសាកសួរអំពីសាលក្រមផ្តន្ទាទោសនេះ លោក សម រង្ស៊ី បានប្រៀបធៀបវាទៅនឹងករណីគប់គ្រាប់បែកលើក្រុមបាតុករក្នុងបាតុកម្មមួយដែលលោកបានដឹកនាំក្នុងរាជធានីភ្នំពេញ កាលពី២០ឆ្នាំមុន។ ហេតុការណ៍គប់គ្រាប់បែកនោះបានសម្លាប់មនុស្ស១៧នាក់ ហើយជនដៃដល់មិនដែលត្រូវបានចាប់ខ្លួនទេ ទោះបីជាការស៊ើបអង្កេតមិនទាន់បញ្ចប់មួយរបស់ទីភ្នាក់ងារ FBI បានបង្ហាញយ៉ាងច្បាស់ថា អង្គភាពអង្គរក្សផ្ទាល់ខ្លួនរបស់លោក ហ៊ុន សែន ជាប់ពាក់ព័ន្ធរឿងនេះក្ដី។
លោក សម រង្ស៊ី បានលើកឡើងតាមរយៈសារអេឡិចត្រូនិកថា “ក្នុងឆ្នាំ២០១៧ ក៏ដូចឆ្នាំ១៩៩៧ដែរ គឺពិរុទ្ធជនពិតប្រាកដនៃការធ្វើឃាតផ្នែកនយោបាយនៅតែដើរហើរដោយមានសេរីភាព។ នៅចំពោះមុខតុលាការអាយ៉ង ពួកគេថែមទាំងអាចប្ដឹងអ្នកដែលថ្កោលទោសខ្លួនទៀតផង។ យើងត្រូវតែបញ្ចប់និទណ្ឌភាពក្រអឺតក្រទមដែលបន្ថែមការប្រមាថដល់ស្នាមរបួសនេះ”។
អឿត អាង ហៅ ជួប សម្លាប់ អតីតទាហានម្នាក់ដែលនិយាយថាខ្លួនបាញ់សម្លាប់លោក កែម ឡី ដោយសាររឿងជំពាក់ប្រាក់៣.០០០ដុល្លារ ត្រូវបានតុលាការផ្ដន្ទាទោសពីបទមនុស្សឃាតកាលពីសប្ដាហ៍មុន។ ប្រជាពលរដ្ឋខ្មែរជាច្រើនជឿថា អឿត អាង គ្រាន់តែជាឃាតករស៊ីឈ្នួលប៉ុណ្ណោះ ហើយថា ការធ្វើឃាតនេះគឺជារឿងនយោបាយ ប៉ុន្តែរហូតមកទល់ពេលនេះរដ្ឋាភិបាលបានបដិសេធថា ខ្លួនមិនជាប់ពាក់ព័ន្ធឡើយ។
មិនមែនមានតែលោក សម រង្ស៊ី ម្នាក់ទេដែលរដ្ឋាភិបាលបានប្ដឹងដោយសារការអះអាងផ្ទុយពីនេះ។
លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងត្រូវបានតុលាការផ្ដន្ទាទោសដោយកំបាំងមុខកាលពីខែវិច្ឆិកា ពីបទបរិហារកេរ្តិ៍ និងបទញុះញង់ចំពោះការចោទប្រកាន់លោក ហ៊ុន សែន ថាជាអ្នកបញ្ជាការបាញ់ប្រហារនេះ ហើយត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល១៨ខែ។ សមាជិកព្រឹទ្ធសភារូបនេះដែលបដិសេធថាមិនបានលើកឡើងបែបនេះ បានភៀសខ្លួនពីប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយពីត្រូវបានចោទប្រកាន់ ហើយទទួលបានសិទ្ធិជ្រកកោននៅក្នុងប្រទេសស៊ុយអែត។ ចំណែកឯលោក គឹម សុខ អ្នកធ្វើអត្ថាធិប្បាយនយោបាយត្រូវបានចាប់ខ្លួន និងដាក់ពន្ធនាគារតាមបទចោទដូចគ្នាកាលពីខែមុន។
លោក សម រង្ស៊ី បានមានប្រសាសន៍កាលពីម្សិលមិញថា ប្រតិកម្មខ្លាំងពេករបស់រដ្ឋាភិបាលទៅនឹងការចោទប្រកាន់ទាំងនេះមានតែធ្វើឱ្យសាធារណជនសង្ស័យកាន់តែខ្លាំងថា ខ្លួនជាប់ពាក់ព័ន្ធទៅវិញទេ។
លោកបានលើកឡើងថា “ការប្រើប្រាស់ករណីបែបនេះពីសំណាក់រដ្ឋាភិបាល គឺជាការចាញ់អាត្មា ពីព្រោះវាគ្រាន់តែឆ្លុះបញ្ចាំងពីអ្វីដែលប្រជារាស្ត្រខ្មែររាប់លាននាក់សង្ស័យរួចទៅហើយទាក់ទិនការស្លាប់របស់លោក កែម ឡី និងអ្វីដែលគេដឹងរួចទៅហើយអំពីប្រព័ន្ធតុលាការរបស់ពួកគេ”។
លោក សម រង្ស៊ី បានបដិសេធមិនបញ្ជាក់ថា តើលោកនឹងប្ដឹងទាស់សេចក្ដីសម្រេចនេះ ឬក៏អត់ទេ។ ចំណែកឯលោក សំ សុគង់ មេធាវីរបស់លោកបានថ្កោលទោសសេចក្ដីសម្រេចនេះ ហើយមានប្រសាសន៍ថា ការចោទពីបទញុះញង់ក៏ដូចជាបទបរិហារកេរ្តិ៍ដែរ គឺធ្វើឡើងដោយគ្មានមូលដ្ឋាន។
លោកបានគូសបញ្ជាក់ថា “គ្មានភ័ស្តុតាងគ្រប់គ្រាន់សម្រាប់ផ្ដន្ទាទោសទេ ពីព្រោះពាក់ព័ន្ធបទចោទញុះញង់នេះ កូនក្ដីខ្ញុំមិនបានញុះញង់អ្វីទេ”។ “វាទាល់តែមានការខូចខាត ឬចលាចលដែលបង្កឡើងដោយសារការអត្ថាធិប្បាយរបស់កូនក្ដីខ្ញុំ ប៉ុន្តែក្នុងសំណុំរឿងនេះគឺគ្មានទេ”។
លោកបានបន្ថែមថា ”នេះជាសេរីភាពបញ្ចេញមតិដែលត្រូវបានធានាការពារដោយរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ”។
លោក សម រង្ស៊ី បានប្រឈមនឹងទោសជាប់ពន្ធនាគារសរុបរយៈពេល៧ឆ្នាំរួចទៅហើយ មុនការសម្រេចរបស់តុលាការកាលពីម្សិលមិញ ទាក់ទិនការផ្ដន្ទាទោសលើកមុនចំនួនពីរដែលសុទ្ធតែត្រូវបានមជ្ឈដ្ឋានទូទៅចាត់ទុកថាជារឿងនយោបាយ។ ជាមេដឹកនាំយូរមកហើយនៃចលនាប្រឆាំងនៅកម្ពុជា លោក សម រង្ស៊ី បានបង្ខំចិត្តលាលែងពីតំណែងប្រធានគណបក្សសង្គ្រោះជាតិកាលពីខែមុន ដោយសារខ្លាចទោសរបស់លោកអាចធ្វើឱ្យគណបក្សនេះរងការរម្លាយចោលក្រោមវិសោធនកម្មថ្មីដ៏ចម្រូងចម្រាសលើច្បាប់ស្ដីពីគណបក្សនយោបាយ។
លោក គី តិច មេធាវីរបស់លោក ហ៊ុន សែន បានមានប្រសាសន៍ថា លោកពេញចិត្តនឹងការពិន័យនេះ និងសំណងជំងឺចិត្ត១០០រៀល ប៉ុន្តែលោកសង្ឃឹមថានឹងមានការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារយូរជាងនេះ។
លោកថ្លែងថា “ខ្ញុំយល់ថា សេចក្ដីសម្រេចនេះមិនទាន់គ្រប់គ្រាន់ទេសម្រាប់អ្វីដែលលោក សម រង្ស៊ី បានធ្វើ ដែលបន្ទោស និងចោទប្រកាន់គ្មានការពិតមកលើរដ្ឋាភិបាលដែលជាស្ថាប័នកំពូលរបស់ប្រទេស”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “ការខូចខាតចំពោះស្ថាប័នកំពូលនេះគឺធំធេងណាស់ ដូច្នេះទោសនេះគឺមិនគ្រប់គ្រាន់ និងមិនយុត្តិធម៌ទេបើធៀបនឹងអ្វីដែលលោក សម រង្ស៊ី បានធ្វើ”។
មេធាវីរូបនេះបានបញ្ជាក់ថា លោកនឹងពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីមុនពេលសម្រេចថា តើត្រូវប្ដឹងទាស់ទាមទារឱ្យតុលាការផ្ដន្ទាទោសជាប់ពន្ធនាគារយូរជាងនេះឬយ៉ាងណា៕ សុខុម (រាយការណ៍បន្ថែមដោយ Zsombor Peter)