28 C
Phnom Penh

គ.ជ.ប. ព្រមាន​​​មិនឱ្យ​​​មាន​​​ការ​​​​​​ស្ទង់​​​​​​ម​​​តិ​​​​​​​​​នៅមុន​​ថ្ងៃ​​​បោះឆ្នោត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថាប័នបោះឆ្នោតកំពូលក្នុងប្រទេសកម្ពុជានឹងចាត់វិធានការប្រឆាំងក្រុមណាដែលធ្វើ ឬផ្សព្វផ្សាយលទ្ធផលស្ទង់មតិ២សប្ដាហ៍មុនការបោះឆ្នោតឃុំ សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា ដោយព្រមានថា ការស្ទង់មតិនេះអាចនាំឱ្យមានអស្ថិរភាពសង្គម នេះបើតាមអ្នកនាំពាក្យរបស់ខ្លួន។

យោងតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានឱ្យដឹងថា បម្រាមលើការស្ទង់មតិនេះនឹងចាប់ផ្ដើមនៅថ្ងៃទី២០ ខែឧសភា ហើយបន្តរហូតមកដល់ថ្ងៃបោះឆ្នោត ដែលលោកបានប្រដូចការស្ទង់មតិនេះទៅនឹង”ឧបាយកលអាក្រក់”។

លោកបានថ្លែងកាលពីម្សិលមិញថា “ទោះបីជាអ្នកមានបំណងប្រើប្រាស់ឧបាយកលយ៉ាងណា គ.ជ.ប. រៀបចំមិនឱ្យមានព្រឹត្តិការណ៍ហ្នឹងកើតឡើងមុនថ្ងៃបោះឆ្នោតបានទេ”។

លោកបានបន្ថែមថា “បើនៅតែមិនអនុវត្ត (សេចក្ដីណែនាំរបស់គ.ជ.ប.) គ.ជ.ប.នឹងផ្ទៀងផ្ទាត់ទៅលើច្បាប់ បទបញ្ជានៃការបោះឆ្នោត ហើយនឹងចាត់វិធានការទៅតាមផ្លូវច្បាប់”។

ការអត្ថាធិប្បាយរបស់លោក ហង្ស ពុទ្ធា បានកើតមានឡើងបន្ទាប់ពីអត្ថបទថ្ងៃទី២៤ ខែមីនាមួយចុះផ្សាយតាមគេហទំព័រព័ត៌មានក្នុងស្រុក VoD Hot News ដែលបង្ហោះតាមទំព័រហ្វេសប៊ុករបស់ យឿង សុធារ៉ា មន្ត្រីផ្នែកច្បាប់ និងឃ្លាំមើលនៅគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល)។

WP-LastImage-31-800x533លោក យឿង សុធារ៉ា បានអះអាងថា លោកបានឃើញលទ្ធផលនៃការស្ទង់មតិថ្មីមួយក្នុងឃុំ សង្កាត់ ជាង១.០០០ដែលធ្វើឡើងដោយអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ ដែលលោកបានបដិសេធមិនចេញឈ្មោះ និងដែលបានព្យាករថា គណបក្សប្រឆាំងនឹងឈ្នះយ៉ាងតិចក៏៦០ភាគរយក្នុងចំណោមអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់។

លោក យឿង សុធារ៉ា និងបុគ្គលិកខុមហ្វ្រែលមួយរូបទៀតមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។ ប៉ុន្តែលោក ហង្ស ពុទ្ធា បានមានប្រសាសន៍កាលពីម្សិលមិញថា គ.ជ.ប.គឺជាស្ថាប័នតែមួយគត់ដែលឯករាជ្យ និងមានសិទ្ធិចេញផ្សាយលទ្ធផលនៃការបោះឆ្នោត។ លោកបន្ថែមថា អ្នកបោះឆ្នោតនឹងមានការយល់ច្រឡំប្រសិនបើស្ថាប័នផ្សេងបង្ហាញទិន្នន័យស្ទង់មតិនៅមុនថ្ងៃបោះឆ្នោតនោះ។

លោកបានថ្លែងថា “ហើយព័ត៌មាន (ការស្ទង់មតិ) ដែលខុសពីអ្វីដែល គ.ជ.ប. ប្រកាសនោះ គឺនាំឱ្យមានអស្ថិរភាពសង្គមក៏អាចថាបាន”។

លោក ហង្ស ពុទ្ធា បានលើកឡើងពីបម្រាមនោះ ដោយថ្លែងថា ការស្ទង់មតិបោះឆ្នោតនឹងគំរាមកំហែងដល់សិទ្ធិអំណាចរបស់គ.ជ.ប.ក្នុងការរៀបចំការបោះឆ្នោតប្រកបដោយការទុកចិត្ត និងតាមបែបលទ្ធិប្រជាធិបតេយ្យ។

លោកបានព្រមានថា “គ.ជ.ប. ទទួលខុសត្រូវរៀបចំការបោះឆ្នោតឱ្យមានភាពសេរី និងយុត្តិធម៌ អញ្ចឹងអ្វីដែលអាចប៉ះពាល់ដល់ភាពត្រឹមត្រូវ និងយុត្តិធម៌ គ.ជ.ប.ត្រូវតែចាត់វិធានការ”។

ទាំងច្បាប់បោះឆ្នោតឃុំ សង្កាត់ និងច្បាប់គ្រប់គ្រងគ.ជ.ប. មិនបានលើកឡើងពីការស្ទង់មតិមុនការបោះឆ្នោតឡើយ។ មាត្រា៧២នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា ”តម្រូវឱ្យមានការស្ទង់មតិ និងផ្សព្វផ្សាយព័ត៌មានអំពីលទ្ធផលស្ទង់មតិទាក់ទិនការបោះឆ្នោតដែលនឹងបញ្ចប់ក្នុងរយៈពេល៧ថ្ងៃនៅមុនថ្ងៃបោះឆ្នោត”។

នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ ក្រសួងព័ត៌មានបានចេញគោលការណ៍ហាមមិនឱ្យប្រព័ន្ធផ្សព្វផ្សាយបរទេសផ្វព្វផ្សាយលទ្ធផលនៃការស្ទង់មតិសម្រាប់រយៈពេល៥ថ្ងៃមុនថ្ងៃបោះឆ្នោត។

លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត  និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិម៌ ឬហៅកាត់ថា (និចហ្វិក) បានមានប្រសាសន៍ថា ក្រុមរបស់លោកបានសហការជាមួយអង្គការមួយចំនួនធ្វើការស្ទង់មតិក្នុងពេលកន្លងមក ប៉ុន្តែនឹងមិនចូលរួមដូចមុនឡើយក្នុងការបោះឆ្នោតចុងក្រោយនេះ។ លោកបានថ្លែងថា “យើងមិនចង់ឱ្យមានបញ្ហាណាមួយជាមួយ គ.ជ.ប.ឡើយ”។

លោកបានថ្លែងថា លោកគិតថា បម្រាមប្រឆាំងនឹងការស្ទង់មតិនេះ គឺមិនត្រឹមត្រូវឡើយ។ ក្នុងប្រទេសប្រជាធិបតេយ្យជាច្រើន ពួកគេយល់ឃើញថាវាមានសារៈសំខាន់ក្នុងការធ្វើការស្ទង់មតិបោះឆ្នោតនេះ។ គ.ជ.ប.គួរបើកចិត្តឱ្យទូលាយ ហើយធ្វើឱ្យកាន់តែមានតម្លាភាព”៕ សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស