33 C
Phnom Penh

ស្ថានទូត​​​អាមេរិក​​​៖អង្គភាព​​​កិច្ច​​​ការ​​​មនុស្ស​​​ធម៌​​​អាមេរិក​​​​​​ត្រូវ​​​បាន​បង្ខំ​ឲ្យ​​ចេញ​​​ពី​​​កម្ពុជា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្របពេលទំនាក់ទំនងកម្ពុជា-អាមេរិកកាន់តែមានភាពរកាំរកូសនឹងគ្នា ស្ថានទូតអាមេរិកបានលើកឡើងកាលពីម្សិលមិញថា អង្គភាពកងទ័ពជើងទឹក ដែលមានជំនាញខាងការងារមនុស្សធម៌ត្រូវបានបង្ខំឲ្យចាកចេញពីប្រទេសកម្ពុជា ដោយធ្វើឲ្យប៉ះពាល់ដល់គម្រោងជួយសហគមន៍ក្នុងទំហំទឹកប្រាក់រាប់លានដុល្លារ ក្នុងនោះរួមមានដូចជាការសាងសង់មន្ទីរសម្ភពនិងបង្គន់អនាម័យតាមសាលារៀនជាដើម។

ពិធីលាគ្នាសម្រាប់អង្គភាព “ឃ្មុំសមុទ្រ (Seabees)្” ជាឈ្មោះយកចេញពីអក្សរកាត់ “C.B.”ជាពាក្យកាត់សម្រាប់កងវិស្វកម្ម(Con-struction Battalion) នោះ ត្រូវបានធ្វើឡើងនៅស្ថានទូតអាមេរិកក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញសម្រាប់ក្រុមចុងក្រោយដែលមានគ្នា១៦នាក់របស់អង្គភាពនេះ នេះបើយោងតាមលោក ដេវីដ ចូសា (David Josar) អ្នកនាំពាក្យរងស្ថានទូតនេះ។

សមាជិកកងវិស្វកម្មចល័តកងទ័ពជើងទឹកសហរដ្ឋអាមេរិកដែលគេហៅថា ‘ឃ្មុំសមុទ្រ’ ចាប់ដៃជាមួយភាគីកម្ពុជាអំឡុងពិធីលាគ្នានៅស្ថានទូតអាមេរិក កាលពីម្សិលមិញ ក្នុងរូបភាពថតចេញពីវីដេអូដែលបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់ស្ថានទូតនេះ។ ហ្វេសប៊ុក
សមាជិកកងវិស្វកម្មចល័តកងទ័ពជើងទឹកសហរដ្ឋអាមេរិកដែលគេហៅថា ‘ឃ្មុំសមុទ្រ’ ចាប់ដៃជាមួយភាគីកម្ពុជាអំឡុងពិធីលាគ្នានៅស្ថានទូតអាមេរិក កាលពីម្សិលមិញ ក្នុងរូបភាពថតចេញពីវីដេអូដែលបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់ស្ថានទូតនេះ។ ហ្វេសប៊ុក

លោក ដេវីដ ចូសា បានលើកឡើងក្នុងអីុម៉េលមួយថា “រាជរដ្ឋាភិបាលកម្ពុជាបានជូនដំណឹងជាផ្លូវការដល់ស្ថានទូតប្រាប់អំពីការសម្រេចចិត្តរបស់ខ្លួនកាលពីសប្តាហ៍មុននៅក្នុងការផ្អាកគ្មានកំណត់ពេលចំពោះបេសកកម្មរបស់កងវិស្វកម្មចល័តកងទ័ពជើងទឹកសហរដ្ឋអាមេរិកដែលបាន និងកំពុងអនុវត្តគម្រោងផ្តល់សេវានៅកម្ពុជាសម្រាប់សហគមន៍នៅតាមតំបន់ដែលគ្មានសេវាគ្រប់គ្រាន់ចាប់តាំងពីឆ្នាំ២០០៨មក”។

កងទ័ពសហរដ្ឋអាមេរិក ត្រូវបានបដិសេធមិនឲ្យចូលមកក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះក្នុងនោះរួមមានទាំងការលុបចោលសមយុទ្ធរួមគ្នាសំខាន់ៗផងដែរ។

សមយុទ្ធ “ឆ្មាំអង្គរ (Angkor Sentinel)” ប្រចាំឆ្នាំជាមួយកងទ័ពសហរដ្ឋអាមេរិកត្រូវបានផ្អាកកាលពីខែមករាសម្រាប់យ៉ាងយោចណាស់ឆ្នាំនេះ និងឆ្នាំបន្ទាប់ រីឯការហ្វឹកហ្វឺន”ការ៉ាត់” ជាមួយកងទ័ពជើងទឹកសហរដ្ឋអាមេរិកក៏ត្រូវបានលុបចោលផងដែរ ដោយរដ្ឋាភិបាលកម្ពុជាពន្យល់ថា ខ្លួនត្រូវការឲ្យកងទ័ពរបស់ខ្លួនផ្តោតលើបញ្ហាសន្តិសុខសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។

ចំណាត់ការនេះបង្ហាញថា កម្ពុជាកំពុងតែប្តូរជំហរគាំទ្ររបស់ខ្លួនពីសម្ពន្ធមិត្តលោកខាងលិចជាយូរមកហើយ ដោយងាកទៅរកប្រទេសចិនដែលផ្តល់ជំនួយ និងសម្ភារយោធាយ៉ាងច្រើនមកឲ្យកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមិនខ្វល់ថា កម្ពុជានៅបន្តមានការរំលោភបំពានសិទ្ធិមនុស្ស ឬលទ្ធិប្រជាធិបតេយ្យនោះឡើយ។ កាលពីខែធ្នូ”លំហាត់នាគមាស ២០១៦ (Golden Dragon 2016)” រយៈពេល៩ថ្ងៃរវាងកងទ័ពកម្ពុជានិងកងទ័ពចិនមានទាហាន១.០០០នាក់បានចូលរួម។

លោក ដេវីដ ចូសា បានលើកឡើងទៀតថា អង្គភាពឃ្មុំសមុទ្របានបញ្ចប់គម្រោងសាងសង់ក្នុងទំហំទឹកប្រាក់ជាង៥លានដុល្លារនៅក្នុងខេត្តចំនួន១១ក្នុងរយៈពេលជិត១ទសវត្សរ៍កន្លងមកនេះក្នុងនោះរួមមានដូចជាការកែលម្អមន្ទីរពេទ្យ ការជីកអណ្តូងទឹក និងបានធ្វើការជាមួយកងយោធពលខេមរភូមិន្ទ និងសហគមន៍មូលដ្ឋានជាដើម។

លោកបានមានប្រសាសន៍ថា “ការសម្រេចរបស់រដ្ឋាភិបាលធ្វើឲ្យមានការលុបចោលគម្រោងដែលគ្រោងចំណាយទឹកប្រាក់៨០០.០០០ដុល្លារនៅក្នុងខេត្តចំនួន៨”។លោកបានពន្យល់ថា អង្គភាពនេះគ្រោងសាងសង់មន្ទីរសម្ភពចំនួន២ខ្នង និងបង្គន់អនាម័យចំនួន៦សម្រាប់សាលារៀន នៅក្នុងឆ្នាំនេះដោយគ្រោងចំណាយទឹកប្រាក់២៦៥.០០០ដុល្លារ។

លោក ដេវីដ ចូសា បានថ្លែងថា “រដ្ឋាភិបាលកម្ពុជាមិនបានផ្តល់ហេតុផលសម្រាប់ការសម្រេចរបស់ខ្លួននោះឡើយ។ សូមអ្នកទៅសុំការពន្យល់ពីរដ្ឋាភិបាលទៅ”។

ទោះជាយ៉ាងណា លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើងថា លោកមិនដឹងអំពីការបណ្តេញអង្គភាពឃ្មុំសមុទ្រចេញនោះឡើយ ហើយលោក ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹកបានលើកឡើងថា អង្គភាពរបស់សហរដ្ឋអាមេរិកមួយនេះគ្រាន់តែឈប់សម្រាកមួយរយៈប៉ុណ្ណោះ។

លោកបានមានប្រសាសន៍ថា “ពួកគេផ្អាកគម្រោង។ ឥឡូវនេះពួកគេត្រឡប់ទៅប្រទេស របស់ពួកគេវិញសម្រាប់វិស្សមកាល”។ លោកបានបន្ថែមថា”ពួកគេនៅតែជួយយើងកសាងការិយាល័យកងទ័ពជើងទឹក ឬសាលារៀនដដែល”។

លោក នឹម សូវ៉ាត អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ និងកិច្ចការបរទេសនៅក្រសួងការពារជាតិបានលើកឡើងថា លោកមិនដឹងទេ អំពីទំនាក់ទំនងណាមួយក្នុងពេលថ្មីៗជាមួយស្ថានទូតអាមេរិក ពាក់ព័ន្ធនឹងអង្គភាពឃ្មុំសមុទ្រនេះ។

លោក ចន ប្លាកស៍ឡេន (John Blaxland)សាស្ត្រាចារ្យផ្នែកសន្តិសុខជាតិនៅសាកលវិទ្យាល័យជាតិអូស្ត្រាលី (Australian National University) បានលើកឡើងថា កម្ពុជាគឺជាផ្នែកមួយនៃ “ល្បែងដ៏ប្រកួតប្រជែង” ដែលកំពុងត្រូវបានលេងនៅក្នុងតំបន់ផ្សេងៗនៅអាស៊ីអាគ្នេយ៍។

លោកបានលើកឡើងក្នុងអីុម៉េលមួយថា “គេដឹងថា រដ្ឋាភិបាលផ្សេង បើងាកទៅរកចិនខ្លាំងពេកនឹងធ្វើឲ្យជម្រើសយុទ្ធសាស្ត្រនាពេលអនាគតរបស់ពួកគេមានកាន់តែតិចទៅៗ”។

លោកបានបន្ថែមថា “ពាក់ព័ន្ធបញ្ហាហ្នឹង គេដឹងថា ប្រទេសជិតខាងកម្ពុជានៅក្នុងតំបន់អាស៊ាននៅតែមានចិត្តចង់រក្សាទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ហើយស្របពេលដំណាលគ្នានេះក៏មានការប្រុងប្រយ័ត្នខ្លាំងផងដែរក្នុងសំដែងការទោរទន់ឬការគាំទ្រសហរដ្ឋអាមេរិកខ្លាំងពេកពេលពួកគេធ្វើការលើកឡើងឬបញ្ចេញសកម្មភាពណាមួយ”៕ស៊ុយឈាង

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស