អ្នកដោះមីនកម្ពុជា២៣នាក់ និងសុនខហិតរកមីន១២ក្បាលបានចុះកិច្ចសន្យាទៅរាវរកមីននៅក្នុងប្រទេសអុីស្រាអែល ជាលើកដំបូង ហើយនឹងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសក្នុងតំបន់មជ្ឈិមបូពា៌នេះនៅសប្ដាហ៍ក្រោយ នេះបើយោងតាមតំណាងទីភ្នាក់ងារដោះមីននៃប្រទេសទាំងពីរបានបញ្ជាក់កាលពីម្សិលមិញ។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានមានប្រសាសន៍ថា ក្រុមរបស់ CMAC នេះត្រូវបានក្រុមហ៊ុនមួយរបស់អុីស្រាអែល ជួលឱ្យទៅរាវរកមីនរយៈពេល៤ខែ ដោយអំឡុងពេលនោះអ្នកដោះមីនកម្ពុជា នឹងជួយសុនខទាំងនោះរាវរកគ្រាប់មីនដែលមានសារធាតុដែកចាប់ពីតិចតួចរហូតដល់គ្មានសោះ ដែលកប់ក្នុងដីលើផ្ទៃដីប្រមាណ២៥ហិកតានៃវាលខ្សាច់របស់អុីស្រាអែល។
លោកលើកឡើងបន្ថែមថា “ឧបករណ៍រាវមីនស្រូបតែសារធាតុដែកទេ ហើយសុនខវារកធាតុផ្ទុះ ជាតិរំសេវ អញ្ចឹងនៅប្រទេសអុីស្រាអែល ខុសពីសុនខមិនអាចធ្វើប្រតិបត្តិការនេះបានទេ”។
លោក ម៉ៃឃើល ហេមែន (Michael Heiman) ប្រធានផ្នែកបច្ចេកវិទ្យា និងស្ដង់ដារនៅអាជ្ញាធរសកម្មភាពកំចាត់មីនជាតិអុីស្រាអែល ហៅកាត់ INMAA បានថ្លែងថា អ្នកដោះមីនកម្ពុជា បីក្រុមជាមួយសុនខហិតរកមីន នឹងរាវរកមីនប្លាស្ទិកប្រឆាំងមនុស្សបន្សល់ពីទសវត្សរ៍ឆ្នាំ១៩៦០ ដែលទឹកជំនន់បានហូរនាំយកពីចម្ការមីននៅក្បែរព្រំដែនអុីស្រាអែល-ហ្ស៊កដានីទៅកាន់ឆ្នេរខ្សាច់ណេហ្គេវ (Negev) នៅប្រទេសអុីស្រាអែល ប៉ែកកណ្តាល។
លោក ម៉ៃឃើល ហេមែន ដែលជាអ្នកគ្រប់គ្រងគម្រោងដោះមីននេះមានប្រសាសន៍ទៀតថា “យើងយកសុនខទៅដោយសារតែយើងគ្មានវា”។ លោកបន្តថា CMAC ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកជំនាញខាងឧស្សាហកម្មដោះមីន។
លោកគូសបញ្ជាក់ថា “ជាមូលដ្ឋាន ខ្ញុំយល់ថា ពួកគាត់ជាអ្នកដោះមីនដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ប៉ុន្តែពួកគាត់នឹងមិនធ្វើជាអ្នកដោះមីនទេ”។
លោកបានបន្ថែមថា ក្រុមរបស់ CMAC នេះនឹងធ្វើប្រតិបត្តិការក្នុងតំបន់ “ប្រឈមហានិភ័យទាប” មួយដែលអាជ្ញាធររំពឹងថានឹងរកឃើញគ្រាប់មីនតិចជាងមួយគ្រាប់នៅលើផ្ទៃដីទំហំ១.០០០ម៉ែត្រក្រឡា។
ទោះជាយ៉ាងណា ងាកមកមើលក្នុងស្រុកវិញ មានការប៉ាន់ប្រមាណថា ប្រទេសកម្ពុជា នឹងខកខានឱសានវាទដែលត្រូវដោះមីនឱ្យអស់ពីប្រទេសនៅត្រឹមឆ្នាំ២០២៥ ដោយសារតែប្រទេសនេះចំណាយប្រាក់ និងធនធានច្រើនពេកទៅលើដីដែលមានគ្រាប់មីនតិចតួច ឬក៏គ្មានសោះ នេះបើយោងតាមរបាយការណ៍មួយចេញផ្សាយកាលពីឆ្នាំមុនដោយមជ្ឈមណ្ឌលអន្តរជាតិក្រុងហ្សឺណែវ សម្រាប់ការដោះមីនមនុស្សធម៌ (Geneva International Center for Humanitarian Demining)។
រដ្ឋាភិបាលបានលើកឡើងថា CMAC ត្រូវការមូលនិធិ និងពេលវេលាបន្ថែមទៀតដើម្បីបញ្ចប់ប្រតិបត្តិការដោះមីននៅក្នុងប្រទេស ហើយកន្លងមកធ្លាប់រងការចោទប្រកាន់រឿងពុករលួយ។
លោក ហេង រតនា មានប្រសាសន៍ថា ក្រុមដែលត្រូវបញ្ជូនទៅកាន់អុីស្រាអែល ដែលស្ថិតក្នុងចំណោមអ្នកដោះមីនជិត២០០នាក់ និងសុនខហិតរកមីនជាង៧០ក្បាលរបស់ស្ថាប័ននេះ នឹងមិនប៉ះពាល់ដល់សមត្ថភាពប្រតិបត្តិការរបស់ខ្លួននៅក្នុងស្រុកទេ។
លោកថ្លែងថា “ចំពោះកម្លាំងដែលយើងចេញទៅប្រតិបត្តិការ កម្លាំងនេះជាកម្លាំងដែលយើងអាចចែករំលែកបាន។ នៅកម្ពុជាក៏ធ្វើបាន នៅក្រៅក៏ធ្វើបាន”។ លោកបន្តថា “កម្លាំងនេះមិនទៅយូរទេ គឺទៅក្នុងរូបភាពប្រតិបត្តិការផង និងហ្វឹកហ្វឺនផង”។
លោក ម៉ៃឃើល ហេមែន ថ្លែងថា ក្រុមកម្ពុជា ដែលមានគ្នា២៣នាក់នេះនឹងទទួលការហ្វឹកហ្វឺនរយៈពេល៣សប្ដាហ៍នៅពេលទៅដល់ប្រទេសអុីស្រាអែល ដើម្បីរៀនពីរបៀបរាវរកមីនប្រភេទផ្សេងៗគ្នាដែលពួកគេនឹងត្រូវរាវរកនៅទីនោះ។
លោកមានប្រសាសន៍ថា “ពួកគាត់នឹងទទួលការហ្វឹកហ្វឺនជាមុនរយៈពេលពីរបីសប្ដាហ៍ស្ដីពីមីនទាំងនេះ” ហើយថា ពួកគាត់ត្រូវប្រឡងឱ្យជាប់តេស្តសមត្ថភាពដែលដាក់ដោយ INMAA។
ទាំងលោក ហេង រតនា និងលោក ម៉ៃឃើល ហេមែន បានបញ្ជាក់ថា លោកទាំងពីរមិនដឹងពីតម្លៃដែល CMAC ទទួលបានសម្រាប់ការងាររបស់ខ្លួននៅក្នុងប្រទេសអុីស្រាអែល នេះទេ។
ហើយភ្លាមៗ ក្រុមហ៊ុន Safeland ដែលទទួលកិច្ចសន្យាពី INMAA និងដែលចុះកិច្ចសន្យាបន្តជាមួយ CMAC មិនបានឆ្លើយតបសំណើសុំការឆ្លើយបំភ្លឺទេកាលពីម្សិលមិញ៕ សុខុម