38.1 C
Phnom Penh

កសិករ​​​​​​ស្វែង​រក​ជំនួយ​ពី​រដ្ឋាភិបាល​ទាក់ទិន​វិវាទដីធ្លី​ជាមួយ​ទាហាន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កសិកររាប់សិបនាក់មកពីខេត្តបាត់ដំបងបានមកកាន់រាជធានីភ្នំពេញកាលពីម្សិលមិញ ដើម្បីតស៊ូការពារដីធ្លីដែលពួកគាត់អះអាងថា ខ្លួនបានបង្កបង្កើនផលរាប់ទសវត្សរ៍មកហើយ បើទោះបីជាតុលាការបានសម្រេចប្រគល់ដីទាំងនោះឱ្យទៅទាហានក្ដី។

ថ្វីបើអះអាងថា ពួកគាត់បានបង្កបង្កើនផលដំណាំស្រូវ ដាំដំឡូងមី និងសណ្ដែកនៅលើផ្ទៃដីទំហំ១៥២ហិកតាស្ថិតក្នុងឃុំឃ្លាំងមាស ស្រុកបវេលជាងពីរទសវត្សរ៍ក្ដី ក៏កាលពីឆ្នាំមុនសាលាដំបូងខេត្តនេះបានសម្រេចប្រគល់ដីនោះឱ្យទៅទាហានដែលមកពីខេត្តបន្ទាយមានជ័យ។

ក្រុមកសិករមកពីខេត្តបាត់ដំបងបានមកជួបជុំគ្នានៅរាជធានីភ្នំពេញកាលពីម្សិលមិញ ដើម្បីដាក់ញត្តិសុំឱ្យរដ្ឋាភិបាលអន្តរាគមន៍ក្នុងវិវាទដីធ្លីដ៏អូសបន្លាយជាមួយទាហាន។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
ក្រុមកសិករមកពីខេត្តបាត់ដំបងបានមកជួបជុំគ្នានៅរាជធានីភ្នំពេញកាលពីម្សិលមិញ ដើម្បីដាក់ញត្តិសុំឱ្យរដ្ឋាភិបាលអន្តរាគមន៍ក្នុងវិវាទដីធ្លីដ៏អូសបន្លាយជាមួយទាហាន។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

កសិករទាំងនេះនិយាយថា ទីបំផុតអាជ្ញាធរបានបញ្ជាឱ្យពួកគាត់ចាកចេញពីដីនេះកាលពីថ្ងៃទី១០ ខែមីនា។ ទោះជាយ៉ាងណា ការណ្ដេញចេញនេះបានផ្អាកទៅវិញបន្ទាប់ពីមន្ត្រីបារម្ភខ្លាចវាអាចបង្កឱ្យមានភាពចលាចល។

កាលពីម្សិលមិញ ដោយសារការគំរាមកំហែងបណ្ដេញចេញពីដីធ្លីនៅតែធ្វើឱ្យពួកគាត់ព្រួយបារម្ភ ពួកគាត់បានធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ដើម្បីដាក់ញត្តិទៅរដ្ឋាភិបាលឱ្យជួយប្រគល់ដីនោះឱ្យពួកគាត់វិញ។

លោក ង៉ែត ចន្ថា តំណាងប្រជាពលរដ្ឋទាំង៥៩គ្រួសារដែលជាប់ពាក់ព័ន្ធក្នុងវិវាទនេះបាននិយាយថា “ដីនោះយើងបានធ្វើចម្ការដាំដុះច្រើនឆ្នាំមកហើយ ហើយយើងមានឯកសារបញ្ជាក់ដូចជាប័ណ្ណកម្មសិទ្ធិដីធ្លីជាដើម។ ហេតុអីទាហានមកកាន់កាប់ដីរបស់យើង? វាមិនយុត្តិធម៌ទេ”។

តំណាងរូបនេះនិយាយទៀតថា “ដីនោះត្រូវបានរដ្ឋាភិបាលប្រគល់ឱ្យយោធិនពិការ ឬអ្នកភូមិក្រីក្រ។ យើងមានភ័ស្តុតាងបញ្ជាក់។ យើងមិនអាចបណ្ដោយឱ្យទាហានទាំងនោះកាន់កាប់កន្លែងដែលយើងប្រកបរបរចិញ្ចឹមជីវិតនោះទេ”។

ក្រុមកសិករមកពីខេត្តបាត់ដំបងបានមកជួបជុំគ្នានៅរាជធានីភ្នំពេញកាលពីម្សិលមិញ ដើម្បីដាក់ញត្តិសុំឱ្យរដ្ឋាភិបាលអន្តរាគមន៍ក្នុងវិវាទដីធ្លីដ៏អូសបន្លាយជាមួយទាហាន។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
ក្រុមកសិករមកពីខេត្តបាត់ដំបងបានមកជួបជុំគ្នានៅរាជធានីភ្នំពេញកាលពីម្សិលមិញ ដើម្បីដាក់ញត្តិសុំឱ្យរដ្ឋាភិបាលអន្តរាគមន៍ក្នុងវិវាទដីធ្លីដ៏អូសបន្លាយជាមួយទាហាន។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

បុរសរូបនេះបានបញ្ជាក់ថា បន្ទាប់ពីចេញពីវត្តសាមគ្គីរង្សីដែលតែងតែផ្ដល់កន្លែងជ្រកកោនដល់អ្នកដែលមានវិវាទដីធ្លី ទៅដល់ខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅម៉ោងប្រហែល៨ព្រឹក ក្រុមនេះត្រូវបានគេប្រាប់ឱ្យដាក់ញត្តិរបស់ខ្លួននៅក្រសួងរៀបចំដែនដី ដែលទីបំផុតបានទទួលយកញត្តិនេះ។

ទាក់ទិនបញ្ហានេះ មន្ត្រីក្រសួងនេះមិនអាចទាក់ទងសុំការបំភ្លឺបានទេ។

ពេលទាក់ទងបន្ទាប់ពីការប្រគល់ញត្តិរួច លោក ងួន រតនៈ អភិបាលរងខេត្តបាត់ដំបងមានប្រសាសន៍ថា ដីនោះជាដីកាត់ទុកសម្រាប់ឱ្យទាហានតាំងពីជិត២០ឆ្នាំមុនម្លេ៉ះ។

លោកបានលើកឡើងថា “តាំងពីឆ្នាំ១៩៩៨ ដីនោះត្រូវបានប្រគល់ឱ្យទាហានដែលពេលនោះឈរជើងនៅខេត្តបន្ទាយមានជ័យ។ យើងមិនទាន់អនុវត្តសាលក្រមទេ ពីព្រោះអ្នកភូមិនឹងចាប់ផ្ដើមតវ៉ា ឬបង្កបញ្ហា”។

ទាក់ទិនបញ្ហានេះ អ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបងដែលបានចេញសាលក្រមនេះមិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញ៕ សុខុម

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស