35 C
Phnom Penh

ការ​ស៊ើបអង្កេត​ឈានដល់​ការ​ឃាត់ខ្លួន​មេជួញដូរ​គ្រឿង​ញៀន​បួន​នាក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាលនិយាយថា  ក្រោយការស៊ើបអង្កេតរយៈពេល៦ខែ ជនបរទេសបីនាក់ និងខ្មែរម្នាក់ត្រូវបានបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរកាលពីម្សិលមិញបន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួនកាលពីសប្ដាហ៍មុនពីបទជួញដូរគ្រឿងញៀនទម្ងន់ប្រហែល២,៧គីឡូក្រាមពីប្រទេសឡាវ។

ការចាប់ខ្លួននេះធ្វើឡើងមុនការវាយតម្លៃដោយការិយាល័យសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) និងមេៗនគរបាលក្នុងតំបន់ដែលបានរកឃើញគម្លាតសមត្ថភាពរបស់សមត្ថកិច្ចក្នុងការបញ្ឈប់រំហូរគ្រឿងញៀនតាមបណ្ដោយច្រករបៀងពីកើតទៅលិច ដែលភ្ជាប់ប្រទេសភូមា ថៃ ឡាវ និងវៀតណាម នេះបើយោងតាមសេចក្ដីថ្លែងការណ៍មួយរបស់ UNODC ដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទ។

ប្រទេសកម្ពុជាបានចាប់ផ្ដើមយុទ្ធនាការបង្ក្រាបគ្រឿងញៀនមួយដែលមានរយៈពេល៦ខែកាលពីខែមករា។ យោងតាមលោក មាស វីរិទ្ធិ  អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា  គិតមកត្រឹមថ្ងៃម្សិលមិញ មនុស្សចំនួន៦.៤៩៨នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធបទល្មើសគ្រឿងញៀន ក្នុងនោះរួមមានជនសង្ស័យជួញដូរចំនួន៣.២២៤នាក់។

cam-photo-drugs-800x600លោក អុិន សុង មន្ត្រីនៅនាយកដ្ឋានប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ជនសង្ស័យជួញដូរគ្រឿងញៀនទាំងបួននាក់ដែលមានឈ្មោះដូចជា នុត កែវរចនា អាយុ៤៣ឆ្នាំ ជាជនជាតិខ្មែរ ជនជាតិចិនពីរនាក់ទៀតឈ្មោះ វូ ហ័រជិន (Wu Hua Zen) អាយុ៣៧ឆ្នាំ និង ស៊ូ ជីម៉ី (Xu Zhimei) អាយុ៥១ឆ្នាំ និងជនជាតិវៀតណាមឈ្មោះ ផាន់ វ៉ាន់គី (Phan Van Ky) អាយុ៤៧ឆ្នាំ ត្រូវបានចាប់ខ្លួននៅទីតាំងផ្សេងគ្នាទូទាំងរាជធានីភ្នំពេញក្នុងរយៈពេលពីរថ្ងៃកាលពីសប្ដាហ៍មុនពីបទធ្វើប្រតិបត្តិការក្រុមជួញដូរគ្រឿងញៀនដ៏ធំមួយ។

មន្ត្រីក្រសួងមហាផ្ទៃរូបនេះបានគូសបញ្ជាក់ថា “យើងតាមដានស៊ើបអង្កេតជាច្រើនខែមកហើយ បន្ទាប់មកយើងមានព័ត៌មានច្បាស់ បានយើងឈានទៅឃាត់ខ្លួន”។

លោកបន្ថែមថា បុរសឈ្មោះ នុត កែវរចនា និងស្ត្រីឈ្មោះ វូ ហ័រជិន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធសប្ដាហ៍មុន ចំណែកឯបុរសឈ្មោះ ស៊ូ ជីមី និងបុរសឈ្មោះ ផាន់ វ៉ាន់គី ដែលជាមេខ្លោងត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍។

នាយកដ្ឋានប្រឆាំងគ្រឿងញៀនបាននិយាយកាលពីថ្ងៃច័ន្ទថា ថ្នាំញៀនប្រហែល២,៧គីឡូក្រាមដែលដកហូតបានរួមមាន មេតំហ្វេតាមីនប្រភេទម្សៅ មេតាំហ្វេតាមីនប្រភេទគ្រាប់ អុិចស្តាស៊ី ហេរ៉ូអុីន និងកញ្ឆា។ នាយកដ្ឋាននេះបានបញ្ជាក់បន្ថែមថា នគរបាលក៏ដកហូតបានរថយន្តពីរគ្រឿង កំាភ្លើងខ្លីមួយដើម គ្រាប់កាំភ្លើងមួយចំនួន និងជញ្ជីងចំនួនបួនផងដែរ។

លោក អុិន សុង ថ្លែងថា ជនសង្ស័យទាំងេនះត្រូវបានឃុំខ្លួននៅនាយកដ្ឋានប្រឆាំងគ្រឿងញៀន ហើយតាមការរំពឹងទុកថានឹងចូលខ្លួនទៅតុលាការម្ដងទៀតនៅថ្ងៃនេះ ដើម្បីធ្វើការសាកសួរ។

លោក ចាន់ឌូ បានដារី (Chandu Bhandari) ទីប្រឹក្សាថ្នាក់តំបន់របស់ UNODC បានមានប្រសាសន៍កាលពីម្សិលមិញថា ចាំបាច់ត្រូវពង្រឹងសមត្ថភាពសម្រាប់ ”ការស្រាវជ្រាវ និងការរកឃើញ និងឧបករណ៍ពាក់ព័ន្ធ” ដូចជាឧបករណ៍ធ្វើតេស្តរកសារធាតុញៀនជាដើម។

លោកបានមានប្រសាសន៍ទៀតថា “ចាំបាច់ត្រូវមានវិធានការបន្ថែមទៀតដើម្បីធានាថា មានមន្ត្រីគ្រប់គ្រាន់នៅតាមតំបន់ព្រំដែន ហើយមន្ត្រីទាំងនោះមានការឧបត្ថម្ភគាំទ្រគ្រប់គ្រាន់”។ លោកបានបន្ថែមថា ប្រទេសកម្ពុជា “បានយល់ស្របថា កិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារ [ឆ្លងដែន និងក្នុងស្រុក] ចាំបាច់ត្រូវតែពង្រឹងជាពិសេស”៕ សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស