31 C
Phnom Penh

ឪពុក​​​របស់​​​ទារក​​​ដែល​​​គេ​​​ពពោះ​​​ជំនួស​​​​​​នឹង​​​ត្រូវ​​​បង្ហាញ​​​ភ័ស្តុ​​​តាង​​​ DNA ​​​មុន​​​អាច​​​យក​​​កូន​​​ចេញ​​​ពី​​​​​កម្ពុជា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីមួយរូបបានលើកឡើងកាលពីម្សិលមិញថា ឪពុកម្តាយបរទេសរបស់កូនដែលកើត ចេញពីផ្ទៃម្តាយកម្ពុជាត្រូវផ្តល់ឲ្យតុលាការនូវភ័ស្តុតាងផ្លូវច្បាប់បញ្ជាក់ពីភាពជាឪពុកម្តាយបង្កើត ក្នុងនោះរួមមានដូចជាការធ្វើតេស្ត DNA ជាដើម មុនពេលពួកគេត្រូវបានអនុញ្ញាតឲ្យយកកូនៗរបស់ពួកគេចេញពីប្រទេសកម្ពុជា ក្រោមគោលការណ៍បណ្តោះ អាសន្នថ្មីសម្រាប់ការពពោះជំនួស។ 

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សបានផ្តល់ព័ត៌មានលម្អិតបន្ថែមកាលពីម្សិលមិញ ស្តីពីនីតិវិធីសម្រាប់ឪពុកម្តាយក្នុងការចាកចេញពីប្រទេសកម្ពុជាជាមួយកូនដែលកើតចេញពីផ្ទៃម្តាយស៊ីឈ្នួលពពោះជំនួស។ព័ត៌មានលម្អិតនេះ ទទួលបានបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុម័តយល់ព្រមលើគោលការណ៍នេះ ពោលគឺជិត៦ខែបន្ទាប់ពីក្រសួងសុខាភិបាលបានហាមអាជីវកម្មផ្តល់សេវាពពោះជំនួស។

ដោយមិនអនុវត្តតាមនីតិវិធីផ្លូវការ ប្តីប្រពន្ធបរទេសរាប់សិបគូដែលមិនទាន់បានចាកចេញពីប្រទេសកម្ពុជាតាំងពីខែតុលាមកនោះ បានព្យាយាមយកកូនរបស់ពួកគេទៅប្រទេសរបស់ខ្លួនវិញតាមរយៈប្រទេសវៀតណាម នេះបើយោងតាមអ្នកជំនាញម្នាក់។

លោកស្រី ជូ ប៊ុនអេង បានលើកឡើងទៀតថា ប្តីប្រពន្ធដែលកូនរបស់ពួកគេកើតចេញពីផ្ទៃម្តាយជនជាតិកម្ពុជាស៊ីឈ្នួលពពោះជំនួស នឹងត្រូវដាក់ពាក្យសុំផ្លូវការទៅកាន់ស្ថានទូតរបស់ពួកគេ ដែលបន្ទាប់មកនឹងរៀបចំឯកសារបញ្ជូនទៅក្រសួងការបរទេស។ ឯកសារទាំងនោះ ដែលរួមមានដូចជាលិខិតបញ្ជាក់ពីការធ្វើតេស្ត DNA និងលិខិតស្នាមដែលបញ្ជាក់ពីឋានៈស្របច្បាប់របស់ក្មេងជាដើមនោះបន្ទាប់មកនឹងត្រូវបង្ហាញនៅចំពោះមុខតុលាការ។

លោកស្រីបានមានប្រសាសន៍ថា “អ្នកដែលចង់បានកូនតាមរយៈការពពោះហ្នឹងការពពោះជំនួសហ្នឹងចាំបាច់ត្រូវតែដាក់ពាក្យដើម្បីថា សុំយកកូននឹងឲ្យស្របតាមច្បាប់កម្ពុជា”។

លោកស្រីបានលើកឡើងបន្តទៀតថា នីតិវិធីច្បាប់នឹងបញ្ជាក់ថា ឪពុកបង្កើតជាជនបរទេសមានសិទ្ធិចិញ្ចឹមបីបាច់កូនដែលជួលឲ្យគេពពោះជំនួស។  ប្តីប្រពន្ធប្រទេសក៏នឹងត្រូវបញ្ជាក់ថា ពួកគេមានសមត្ថភាពមើលថែទាំកូនដែលត្រូវបានយកចេញពីប្រទេសកម្ពុជាផងដែរ។ ព័ត៌មានលម្អិតទាំងនោះនៅមិនទាន់បញ្ចេញនៅឡើយទេ។

បច្ចុប្បន្ន ក្រមរដ្ឋប្បវេណីកម្ពុជាទទួលស្គាល់ស្ត្រីណាដែលពពោះកូន មិនខ្វល់នរណាជាអ្នកឪពុកបង្កើតនោះទេ។ បើម្តាយស៊ីឈ្នួលពពោះរៀបការជាមួយបុរសណា បុរសជាប្តីនោះត្រូវបានចាត់ទុកថា ជាឪពុករបស់កូននេះហើយ។

លោកស្រី ជូ ប៊ុនអេង បានថ្លែងថា ឪពុកបង្កើតនឹងត្រូវទៅតុលាការដើម្បីបង្ហាញពីភាពជាឪពុក។

លោកស្រីបានមានប្រសាសន៍ថា “ប្រសិនបើបុរសជនជាតិបរទេសហ្នឹងគាត់ថា មានDNA ដូច គាត់ត្រូវប្តឹងទៅតុលាការដើម្បីទាមទារសិទ្ធិជាឪពុក ហើយឲ្យឪពុកយើងដែលមានសិទ្ធិក្នុងច្បាប់នេះគាត់បដិសេធ ឬឯកភាព ធ្វើការសម្របសម្រួលសិនឲ្យវាត្រូវតាមលក្ខណៈច្បាប់”។

លោកស្រីមិនអាចបញ្ជាក់បានទេថាតើពេលណាគោលការណ៍បណ្តោះអាសន្ននេះនឹងត្រូវចូលជាធរមានជាផ្លូវការ ដោយពីមុនធ្លាប់លើកឡើងថា វានឹងនៅក្នុងសប្តាហ៍នេះហើយ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌សុទ្ធតែមិនអាចទាក់ទងបានឡើយកាលពីម្សិលមិញ។

កាលពីថ្ងៃអាទិត្យលោកស្រី ជូ ប៊ុនអេង បានបញ្ជាក់ថា គោលការណ៍នេះនឹងអនុវត្តចំពោះកូនកើតរួចហើយ និងគភ៌ដែលកំពុងស្ថិតក្នុងផ្ទៃស្ត្រីកម្ពុជា ហើយវានឹងមានប្រសិទ្ធភាពរហូតដល់ពេលដែលត្រូវបានកំណត់។ លោកស្រីបានមានប្រសាសន៍ថា “យើងគិតថា បញ្ចប់់ត្រឹមក្រោយហ្នឹងរយៈពេល៩ខែ១០ថ្ងៃក្រោយពេលប្រកាស”។

កាលពីម្សិលមិញ លោកស្រី ជូ ប៊ុនអេង បានលើកឡើងថា គោលការណ៍នេះចាំបាច់ត្រូវធានាថា វាទប់ស្កាត់កុំឲ្យបញ្ហាផ្លូវច្បាប់ណាមួយកើតឡើងនាពេលអនាគត។

នៅក្នុងប្រទេសផ្សេងៗ ម្តាយស៊ីឈ្នួលពពោះជំនួសត្រូវចុះហត្ថលេខាផ្តល់សិទ្ធិជាម្តាយទៅឲ្យឪពុកម្តាយដែលជួលឲ្យគេពពោះជំនួស ដើម្បីធ្វើឲ្យពួកគេក្លាយជាឪពុកម្តាយស្របច្បាប់ ពោលគឺមានន័យថា ម្តាយពពោះជំនួសមិនអាចរក្សាទុកកូននេះជារបស់ខ្លួនបានឡើយនាពេលអនាគត។

គោលការណ៍បណ្តោះអាសន្ននេះក៏អនុវត្តចំពោះកូនគេជួលឲ្យពពោះជំនួស ដែលត្រូវបាននាំចេញពីប្រទេសកម្ពុជាចាប់តាំងពីមានបម្រាមកាលពីខែតុលាមកផងដែរ។ ក្នុងចំណោមជនជាតិដែលគេដឹងថា បានជួលស្ត្រី កម្ពុជាឲ្យពពោះជំនួសនោះ មានដូចជាពលរដ្ឋអូស្ត្រាលី និងពលរដ្ឋអាមេរិកជាដើម។

លោក ដេវីដ ចូសា (David Josar) អ្នកនាំពាក្យរងរបស់ស្ថានទូតអាមេរិកប្រចាំរាជធានីភ្នំពេញ កាលពីម្សិលមិញបានបញ្ជាក់នៅក្នុងអីុម៉េលមួយថា ស្ថានទូតនេះកំពុងជួួយពលរដ្ឋអាមេរិក “មួយចំនួនតូច” ដែលមានកូនតាមរយៈម្តាយពពោះជំនួសនៅកម្ពុជា មុនពេលមានការចេញបម្រាម។

ស្ថានទូតអូស្ត្រាលីប្រចាំរាជធានីភ្នំពេញមិនបានឆ្លើយតបនឹងសំណួរដែលផ្ញើតាមអីុម៉េលនោះឡើយ។

លោក ស្តេហ្វិន ផេច (Stephen Page) មេធាវីជនជាតិអូស្ត្រាលីដែលជំនាញខាងផ្នែកពពោះជំនួសបានលើកឡើងថា គេដឹងថា ប្តីប្រពន្ធបរទេសមួយចំនួនបានជ្រើសរើសដោះស្រាយបញ្ហាដោយខ្លួនឯង ហើយបានធ្វើដំណើរឆ្លងកាត់តាមរយៈប្រទេសវៀតណាមដើម្បីវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញជាមួយកូនរបស់ពួកគេ។

លោកបានលើកឡើងក្នុងអីុម៉េលមួយថា “រដ្ឋាភិបាលបានអនុញ្ញាតឲ្យការពពោះជំនួសរីកដុះដាលនៅកម្ពុជា ហើយបន្ទាប់មកបង្ក្រាបដោយធ្វើឲ្យម្តាយស៊ីឈ្នួលពពោះជំនួសក្លាយជាជនរងគ្រោះ ហើយការធ្វើដូច្នេះធ្វើឲ្យសុខុមាលភាពក្មេងៗស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់”។

លោកបានលើកឡើងបន្តថា “វាគួរតែមានការដោះស្រាយឲ្យមានការផ្លាស់ប្តូរដើម្បី អនុញ្ញាតឲ្យក្មេងៗបានធ្វើដំណើរទៅប្រទេសរបស់ឪពុកម្តាយបង្កើត ដូចនៅក្នុងប្រទេសឥណ្ឌា នេប៉ាល់ និងថៃជាដើម។ រដ្ឋាភិបាលបានសម្រេចមិនធ្វើដូច្នោះនោះឡើយ”។

លោកបានបន្ថែមថា “ការតម្រូវឲ្យមានសេវាពពោះជំនួសគឺត្រូវមានក្របខ័ណ្ឌច្បាប់ឲ្យបានជាក់លាក់ទោះនៅទីណាក៏ដោយ។ ករណីនេះនៅមិនទាន់មាននៅឡើយនៅកម្ពុជា។នៅក្នុងកាលៈទេសៈនេះ ខ្ញុំអាចយល់បានថា ឪពុកម្តាយដែលជួលឲ្យគេពពោះជំនួសចង់យកកូនៗរបស់ពួកគេទៅកាន់ប្រទេសវៀតណាមក្នុងពេលឥឡូវនេះ”៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស