យោងតាមព្រះរាជក្រឹត្យដែលទទួលបានកាលពីថ្ងៃច័ន្ទបានឱ្យដឹងថា លោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារហើយក្រោយមកត្រូវបានដោះលែងវិញបន្ទាប់ពីយករថយន្ត Audi ដែលរឹបអូសបានទៅឱ្យកូនប្រុសរបស់លោកជិះនោះ ត្រូវបានលុបឈ្មោះចេញពីបញ្ជីចៅក្រម។
ព្រះរាជក្រឹត្យដដែលនេះបន្តថា “ព្រះមហាក្សត្រត្រាស់បង្គាប់ឱ្យលុបឈ្មោះ អាំង មាលតី ចេញពីបញ្ជីចៅក្រម”។
លោក សំ ប្រជាមានិត អគ្គលេខាធិការឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលចាត់តាំង ឃ្លាំមើល និងដាក់ពិន័យចៅក្រមទូទាំងប្រទេសនោះ បានមានប្រសាសន៍កាលពីម្សិលមិញថា សាលក្រមទោសកំហុសរបស់លោក អាំង មាលតី បានរារាំងលោកមិនឱ្យបម្រើការជាចៅក្រម។
លោក អាំង មាលតី ត្រូវបានដោះលែងពីពន្ធនាគារខេត្តកណ្តាលកាលពីខែកុម្ភៈ បន្ទាប់ពីអនុវត្តទោសបាន១៨ខែក្នុងចំណោម ទោស២ឆ្នាំកាលពីខែកុម្ភៈឆ្នាំមុន។ បើទោះជាអតីតចៅក្រមរូបនេះត្រូវបានញាំញីដោយការចោទប្រកាន់ពីបទពុករលួយនៅ តុលាការក៏ដោយ ក៏ទីបំផុតលោករួចផុតពីបទចោទគៃបន្លំក្រោយពីតុលាការបានផ្តល់ហេតុផលថា រថយន្តនេះនៅល្អដដែលនៅពេលវាត្រូវបានប្រគល់ជូនរដ្ឋវិញ។
ទោសរបស់លោក អាំង មាលតី ត្រូវបានកាត់បន្ថយ៦ខែក្នុងខែវិច្ឆិកា នៅពេលលោកមានឈ្មោះក្នុងបញ្ជីអ្នកទោសដែលត្រូវទទួលបានការព្រះរាជទានលើកលែងទោសដើម្បីអបអរដល់ពិធីបុណ្យអំុទូក៕ សារុន