27 C
Phnom Penh

​ក្រុម​អ​្នកភូមិ​​​មក​ពី​ខេត្ត​​​កោះកុង​​​​​​ចាញ់ក្តី​​​​ក្រុមហ៊ុន​ចម្ការ​អំពៅ​នៅ​​​សាលា​​​ឧទ្ធរណ៍​​​ក្នុង​​វិវាទដីធ្លី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ សាលាឧទ្ធរណ៍បានច្រានចោលសំណើអ្នកភូមិប្រាំគ្រួសារមកពីខេត្តកោះកុង ឱ្យធ្វើមោឃភាពកិច្ចព្រមព្រៀងដែលពួកគាត់បានធ្វើ៧ឆ្នាំមកហើយ ក្នុងការបោះបង់ដីរបស់ខ្លួនទៅឱ្យក្រុមហ៊ុនចម្ការអំពៅមួយក្នុងមូលដ្ឋាន ដោយផ្អែកលើហេតុផលថាពួកគាត់ត្រូវបានគេបង្ខិតបង្ខំ។

លោក ចាយ ច័ន្ទតារាវណ្ណ ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះបានមានប្រសាសន៍ថា សេចក្ដីសម្រេចរបស់សាលាដំបូងខេត្តកោះកុងច្រានចោលសំណើរបស់ពួកគាត់ក្នុងឆ្នាំ២០១៥ គឺ “ត្រឹមត្រូវ” ប៉ុន្តែលោកមិនបានផ្ដល់ការពន្យល់ផ្សេងទៀតចំពោះការតម្កល់សាលក្រមដំបូងឡើយ។

អ្នកភូមិ៥គ្រួសារស្ថិតក្នុងចំណោមអ្នកភូមិ១៥គ្រួសារដែលចោទក្រុមហ៊ុនចម្ការអំពៅ ហេង ហ៊ុយ កសិកម្ម គ្រុប (Heng Huy Agriculture Group) ស្ថិតក្នុងស្រុកស្រែអំបិលថា បានចាប់យកដីរបស់ពួកគាត់ទំហំ៥៩ហិកតា។ បើទោះណាជាគ្រួសារទាំងនេះមិនមានប័ណ្ណកម្មសិទ្ធិកាន់កាប់ដីនេះក៏ដោយ ក៏ពួកគាត់មួយចំនួនអះអាងថា បានរស់នៅលើដីនេះតាំងពីដើមទសវត្សរ៍ឆ្នាំ១៩៨០មកម្លេ៉ះ ដែលគួរតែផ្តល់ការការពារផ្លូវច្បាប់ដល់ពួកគាត់ដែរ។

WP-LastImage-4-800x533អ្នកភូមិប្រាំគ្រួសារនេះយល់ព្រមបោះបង់ដីរបស់ខ្លួនក្នុងឆ្នាំ២០១០ ជាថ្នូរនឹងដីថ្មីនៅកន្លែងផ្សេង ប៉ុន្តែបានប្ដូរចិត្តវិញក្នុងឆ្នាំ២០១២ ដាក់ពាក្យបណ្ដឹងទៅសាលាដំបូងខេត្តដោយអះអាងថា ក្រុមហ៊ុនបានគំរាមរានដីរបស់ពួកគាត់ ហើយមិនបានផ្ដល់អ្វីដល់ពួកគាត់ឡើយបើពួកគាត់បដិសេធសំណើរបស់ក្រុមហ៊ុននោះ។

បន្ទាប់ពីសេចក្ដីសម្រេចកាលពីម្សិលមិញ អ្នកស្រី ផាវ ញ៉ឹង ជាដើមចោទម្នាក់ក្នុងចំណោមដើមចោទទាំងនោះបាននិយាយថា អ្នកស្រីនឹងប្ដឹងសាទុក្ខទៅតុលាការកំពូល។

អ្នកស្រីបាននិយាយថា “វាអយុត្តិធម៌ណាស់សម្រាប់ពួកយើង។ យើងមិនអាចទទួលយកសេចក្ដីសម្រេចរបស់តុលាការបានឡើយ។

សួង រិន ជាដើមចោទម្នាក់ទៀតបាននិយាយថា “យើងជាជនរងគ្រោះ”។ គាត់បន្ថែមថា “ដីរបស់យើងត្រូវបានគេចាប់យក ហើយយើងចាញ់ក្ដីទៀត”។

លោក ហេង ហ៊ុយ ជាម្ចាស់ក្រុមហ៊ុននោះបានមានប្រសាសន៍ថា លោកពេញចិត្តនឹងសេចក្ដីសម្រេចនៅថ្ងៃនេះ ប៉ុន្តែបានបន្ថែមថាលោកប្រហែលជាប្ដឹងអ្នកស្រី ផាវ ញ៉ឹង ពីបទបរិហារកេរ្តិ៍ដែលបានចោទរូបលោកថាបានប្លន់យកដីនោះ។

លោកបានថ្លែងថា “ក្រុមហ៊ុនរបស់យើងមិនបានចាប់យកដីរបស់ពួកគាត់ទេ”។លោកបានបន្តថា “ពួកគាត់ទេដែលបានចាប់យកដីរបស់ពួកយើង។ គាត់ដើរនយោបាយ ដើរបំផុសបំផុលបាតុកម្ម”។

លោក ហេង ហ៊ុយ បានមានប្រសាសន៍ថា លោកទទួលបានប្លង់កម្មសិទ្ធិលើដីចម្ការរបស់លោកទំហំ៧៧៩ហិកតា រួមទាំងដីដែលមានវិវាទនេះក្នុងឆ្នាំ១៩៩៣។

រដ្ឋាភិបាលបានផ្តល់កិច្ចសន្យាជួលដីយ៉ាងច្រើនសម្រាប់ធ្វើចម្ការទ្រង់ទ្រាយពាណិជ្ជកម្ម និងគម្រោងធំៗផ្សេងទៀត ដោយមិនសូវខ្វល់ពីប្រជាពលរដ្ឋដែលកំពុងរស់នៅលើដីនោះឡើយ ហើយក៏មិនខ្វល់ថាពួកគាត់បានរស់នៅទីនោះយូរប៉ុណ្ណាដែរ។ កិច្ចសន្យាជួលជាច្រើនត្រូវបានអនុម័តដោយគ្មានការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមជាមុនតាមការតម្រូវរបស់ច្បាប់ឡើយ៕ សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស