ក្រសួងមហាផ្ទៃបានបញ្ជាក់កាលពីម្សិលមិញថា ខ្លួនទទួលស្គាល់លោក កឹម សុខា ជាប្រធានគណបក្សសង្គ្រោះជាតិ ប៉ុន្តែមិនទទួលស្គាល់អនុប្រធានដែលទើបជ្រើសតាំងថ្មីទាំងបីរូបរបស់គណបក្សនេះឡើយ នៅក្នុងការខ្វែងគំនិតគ្នាចុងក្រោយទាក់ទិនបទបញ្ជាផ្ទៃក្នុងរបស់គណបក្សប្រឆាំងដែលបណ្ដាអ្នករិះគន់និយាយថាវាជាការរៀបចំឡើងដើម្បីគាបសង្កត់ការប្រឹងប្រែងរបស់គណបក្សប្រឆាំងនៅក្នុងការបោះឆ្នោតឃុំ សង្កាត់។
ក្នុងសេចក្ដីជូនដំណឹងមួយផ្ញើជូនលោក កឹម សុខា កាលពីម្សិលមិញ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសរសេរថា ”ការជ្រើសតាំងលោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ជាអនុប្រធានគណបក្សកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧ ដោយគណៈកម្មាធិការនាយក នៅតែមិនទាន់ស្របតាមប្រការ៤៧ថ្មីនៃលក្ខន្តិកៈរបស់គណបក្សសង្គ្រោះជាតិ ដោយសារការជ្រើសតាំងនេះហួសរយៈពេល៣០ថ្ងៃ គឺចាប់ពីថ្ងៃលោក សម រង្ស៊ី បានលាលែងពីប្រធានគណបក្ស”។

ពេលទាក់ទងបានកាលពីម្សិលមិញ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ជោគវាសនារបស់គណបក្សសង្គ្រោះជាតិគឺស្ថិតនៅក្នុងដៃរបស់គណបក្សនេះខ្លួនឯង។
លោកថ្លែងថា “យើងមិនដឹងណែនាំគាត់យ៉ាងម៉េចទេ គាត់មើលខ្លួនឯងទៅ ផ្ទៃក្នុងខ្លួនឯងរបស់គាត់។ គាត់ធ្វើខុសតែខ្លួនឯងហ្នឹង”។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា គណបក្សរបស់លោកបានអនុវត្តតាមច្បាប់ទាំងស្រុង ហើយថា ភាពមិនច្បាស់លាស់របស់ក្រសួងគឺគ្មានប្រយោជន៍ឡើយ។
លោកគូសបញ្ជាក់ថា ”អ្វីដែលយើងធ្វើរហូតមកទល់ពេលនេះ គឺសុទ្ធតែគោរពតាមលិខិតបទដ្ឋានគតិយុត្តិ។ ដូច្នេះ ប្រាប់យើងទៅមើល តើឱ្យយើងធ្វើយ៉ាងម៉េច?”។
ដោយសារព្រួយបារម្ភចំពោះវិសោធនកម្មថ្មីលើច្បាប់ស្ដីពីគណបក្សនយោបាយដែលហាមឃាត់អ្នកជាប់ទោសមិនឱ្យធ្វើជាប្រធានគណបក្ស លោក សម រង្ស៊ី បានលាលែងពីតំណែងប្រធានបក្សកាលពីថ្ងៃទី១១ ខែកុម្ភៈ ហើយការលាលែងនេះជាការរៀបចំឡើងដើម្បីកាត់បន្ថយការតស៊ូតាមផ្លូវច្បាប់របស់គណបក្សសង្គ្រោះជាតិទល់នឹងក្រសួងមហាផ្ទៃដែលទើបតែទទួលបានសិទ្ធិអំណាចថ្មីអាចព្យួរគណបក្សនយោបាយបានសម្រាប់ការប្រព្រឹត្តល្មើស “ធ្ងន់ធ្ងរ” ហើយដាក់ញត្តិទៅតុលាការកំពូលដើម្បីស្នើសុំរម្លាយគណបក្សនោះចោលទាំងស្រុងតែម្ដង។
នៅក្នុងសមាជឥតព្រាងទុកមួយកាលពីដើមខែមុន គណបក្សនេះបានអនុម័តបទបញ្ជាផ្ទៃក្នុងរបស់ខ្លួនដែលចែងថា អនុប្រធានចាស់ជាងគេដែលក្នុងករណីនេះគឺជាលោក កឹម សុខា នឹងក្លាយជាប្រធានភ្លាមៗក្នុងករណីប្រធានគណបក្សលាលែងពីតំណែងក្រោយកាន់តំណែងតិចជាងរយៈពេល១៨ខែ។ បទបញ្ជាផ្ទៃក្នុងថ្មីនេះក៏បានអនុញ្ញាតឱ្យគណបក្សជ្រើសរើសអនុប្រធានជាច្រើនរូបផងដែរក្នុងរយៈពេល៣០ថ្ងៃក្រោយការលាលែង ដែលខ្លួនបានធ្វើភ្លាមៗតាមរយៈការដំឡើងលោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ឲ្យធ្វើជាអនុប្រធានគណបក្សដែលបណ្តាអ្នកវិភាគចាត់ទុកថាជាការព្យាយាមបង្កើនគោលដៅសម្រាប់ការបង្ក្រាបដោយរដ្ឋាភិបាល។
ទោះជាយ៉ាងណា ក្នុងលិខិតមួយចុះថ្ងៃទី២២ ខែមីនា លោក ស ខេង បានបដិសេធមិនទទួលស្គាល់ថ្នាក់ដឹកនាំថ្មីនេះឡើយ ដោយសំអាងថា គណបក្សនេះមិនបានអនុវត្តតាមដំណើរការដូចមានបញ្ជាក់ក្នុងបទបញ្ជាផ្ទៃក្នុងចាស់របស់ខ្លួនដែលបានដាក់តម្កល់នៅក្រសួងមហាផ្ទៃ។
ដោយសារតែបែបនោះបានជំរុញឱ្យគណបក្សសង្គ្រោះជាតិដាក់បទបញ្ជាផ្ទៃក្នុងថ្មីរបស់ខ្លួនទៅក្រសួងនេះកាលពីសប្ដាហ៍មុន ហើយបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំថ្មីរបស់ខ្លួនឡើងវិញកាលពីថ្ងៃអាទិត្យ ហើយជូនដំណឹងទៅក្រសួងនៅថ្ងៃបន្ទាប់។
នាយឧត្ដមសេនីយ៍ ខៀវ សុភ័គ បានមានប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសអនុប្រធានបក្សដែលរដ្ឋាភិបាលទទួលស្គាល់តែមួយគត់ គឺការបោះឆ្នោតដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យ។ លោកបានបញ្ជាក់ថា ដូច្នេះឯកសារដែលអនុម័តដោយអនុប្រធានទាំងនេះគឺមិនត្រូវបានទទួលស្គាល់ឡើយ។
លោកបានបដិសេធថា រដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា មិនបានយាយីគណបក្សសង្គ្រោះជាតិ ដែលជាគូប្រជែងធំរបស់ខ្លួននៅក្នុងការបោះឆ្នោតឃុំ សង្កាត់ដែលនឹងប្រពឹត្តទៅថ្ងៃទី៤ ខែមិថុនាឡើយ។ លោកមានប្រសាសន៍ថា “បើគេចង់យាយី គេរម្លាយបាត់ទៅហើយ”។
ដោយកាលពីម្សិលមិញ លោក កឹម សុខា បានចាកចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសនូវែលសេឡង់ និងប្រទេសអូស្ត្រាលី សម្រាប់ការរៃអង្គាសមូលនិធិរយៈពេល១០ថ្ងៃ លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិគ្មានគម្រោងជួបជាមួយក្រសួង ឬរុះរើថ្នាក់ដឹកនាំរបស់ខ្លួនដើម្បីឲ្យស្របតាមរដ្ឋាភិបាលឡើយ។
លោកបានលើកឡើងថា “ថ្ងៃនេះយើងជាប់រវល់បោះឆ្នោត។ ខ្ញុំគិតថា ប្រទេសទាំងមូលជាអនុប្រធានគណបក្សសង្គ្រោះជាតិ”។
លោក មាស នី អ្នកវិភាគនយោបាយមានប្រសាសន៍ថា គណបក្សកាន់អំណាចហាក់កំពុងព្យាយាមធ្វើឲ្យលោក កឹម សុខា ឯកោ ហើយអាចនឹងទម្លាក់លោកចេញពីតំណែង។ លោក កឹម សុខា បានជាប់ក្តីក្តាំតាមផ្លូវតុលាការប្រមាណកន្លះឆ្នាំកាលពីឆ្នាំមុនដោយសារការមិនចូលខ្លួនឆ្លើយបំភ្លឺក្នុងតុលាការសម្រាប់ការសាកសួរទាក់ទិនសំណុំរឿងសូកប៉ាន់ពាក់ព័ន្ធស្រីកំណាន់របស់លោក។
លោកបានមានប្រសាសន៍ទៀតថា “សំណុំរឿងរបស់គាត់អាចនឹងត្រូវតុលាការយកមកចាត់ការឡើងវិញ”។
ជាអ្នកវិទ្យាសាស្ត្រផ្នែកសង្គមមួយរូបដែលទទួលគម្រោងនានាទូទាំងប្រទេស លោក មាស នី បានលើកឡើងថា ការរៀបចំថ្នាក់មូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិបានកើនឡើងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ថ្វីបើរដ្ឋាភិបាលកំពុងតែបន្តបង្ក្រាបក្តី។
លោកបានបន្តថា “ជម្រើសតែមួយគត់ដែលពួកគេមាន គឺត្រូវរំខានថ្នាក់ដឹកនាំជាន់ខ្ពស់ដោយធ្វើឲ្យចុះខ្សោយយន្តការ ថ្នាក់ដឹកនាំជាមួយនឹងការរំពឹងថា វាប្រហែលជាអាចរំខានដល់អ្នកគាំទ្រនៅមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិដែរ”៕ សុខុម