29 C
Phnom Penh

ព្រះ​​​មហាក្សត្រ​​​ព្រះ​​​រាជទាន​​​លើកលែង​​​ទោស​​​​​​អតីត​​​អភិបាល​​​ខេត្ត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតអភិបាលខេត្តមួយរូបដែលត្រូវបានកាត់ឱ្យជាប់ទោស ប៉ុន្តែមិនដែលស្ថិតក្នុងពន្ធនាគារចំពោះការជាប់ពាក់ព័ន្ធរឿងអាស្រូវកាប់ឈើខុសច្បាប់ដ៏ធំមួយមានទំហំជាទឹកប្រាក់រហូតដល់១៥លានដុល្លារទាក់ទិនឈើដែលបានកាប់ពីតំបន់ការពារមួយក្នុងចំណោមតំបន់ការពារដ៏ធំបំផុតនៅក្នុងប្រទេសនោះ ត្រូវបានព្រះមហាក្សត្រព្រះរាជទានលើកលែងទោសតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក ខាំ ឃឿន អតីតអភិបាលខេត្តរតនគិរី ត្រូវបានធ្វើឱ្យជ្រះស្រឡះក្នុងរឿងក្តីកាប់ឈើនៅតំបន់ “កន្ទុយនាគ” ដែលមានរយៈពេលជាង១០ឆ្នាំមកហើយ ដែលក្នុងនោះមានការជាប់ពាក់ព័ន្ធមន្ត្រីខេត្តជាន់ខ្ពស់មួយចំនួនទៀត តាំងពីនគរបាល និងនគរបាលព្រំដែនរហូតដល់រដ្ឋបាលព្រៃឈើនិងយោធាផង ហើយត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ១៧ឆ្នាំក្នុងឆ្នាំ២០០៦ ពីបទទទួលសំណូក បំផ្លាញបរិស្ថាន និងក្លែងរបាយការណ៍នគរបាល។

ព្រះរាជក្រឹត្យលើកឡើងថា លោក ខាំ ឃឿន ត្រូវបានព្រះមហាក្សត្រព្រះរាជទានលើកលែងទោសតាមសំណើរបស់លោក ហ៊ុន សែន។ ព្រះរាជក្រឹត្យនេះត្រូវបានឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ នរោត្តម សីហមុនី នៅក្នុងឯកសារមួយចុះកាលបរិច្ឆេទថ្ងៃទី២៤ ខែកុម្ភៈ។

ព្រះរាជក្រឹត្យនេះដែលត្រូវបានចុះផ្សាយកាលពីពេលថ្មីៗនេះនៅក្នុងសៀវភៅរាជកិច្ចមានខ្លឹមសារថា  ការព្រះរាជទានលើកលែងទោសនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌មានប្រសាសន៍កាលពីម្សិលមិញថា ការលើកលែងទោសនេះធ្វើឡើងតាមច្បាប់។

លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថាការព្រះរាជទានលើកលែងទោសនេះគឺត្រឹមត្រូវ ពីព្រោះធ្វើឡើងតាមនីតិវិធីតុលាការ”។

ដោយសំដៅដល់ប្រធានគណបក្សសង្គ្រោះជាតិទាំងបច្ចុប្បន្ន និងអតីត បើទោះលោកទាំងពីរត្រូវបានព្រះរាជទានលើកលែងទោសចំពោះការជាប់ពាក់ព័ន្ធរឿងក្ដីតុលាការ ដែលមជ្ឈដ្ឋានទូទៅចាត់ទុកថាជារឿងនយោបាយនិងត្រូវបានធ្វើឡើងចំពេលមានសម្ពាធពីសាធារណៈនោះ លោកបានថ្លែងថា “យើងឃើញថា ព្រះមហាក្សត្រទ្រង់ព្រះរាជទានលើកលែងទោសដល់លោក កឹម សុខា និងលោក សម រង្ស៊ី”។

លោក គឹម សន្តិភាព បានមានប្រសាសន៍ថា “ដូច្នេះ លោក ខាំ ឃឿន ក៏ទទួលបានព្រះរាជទានលើកលែងទោសដូចអ្នកទោសដទៃទៀតដែរ”។

ករណីកាប់ឈើខុសច្បាប់នៅតំបន់កន្ទុយនាគបានកើតឡើងដំបូងក្នុងឆ្នាំ២០០៤ បន្ទាប់ពីតំណាងធនាគារពិភពលោកធ្វើដំណើរតាមយន្តហោះពីលើឧទ្យានជាតិវីរជ័យ ដើម្បីពិនិត្យមើលគម្រោងដែលមានទឹកប្រាក់៥លានដុល្លារ ដែលធនាគារនេះបានផ្ដល់ហិរញ្ញប្បទាននៅក្នុងតំបន់ការពារដែលមានផ្ទៃដីទំហំ៣៣២.៥០០ហិកតា ប៉ុន្តែស្រាប់តែឃើញសញ្ញាការកាប់ឈើដ៏រាលដាល រួមទាំងផ្លូវដឹកជញ្ជូនឈើ និងកន្លែងស្តុកឈើកាប់រួចជាច្រើនកន្លែង។

ការស៊ើបអង្កេតបន្តបន្ទាប់បានឱ្យដឹងថា ឈើប្រណីតរាប់រយរថយន្តត្រូវបានកាប់នៅក្នុងឧទ្យានជាតិវីរជ័យ ហើយដឹកទៅប្រទេសវៀតណាមដោយក្រុមមន្ត្រីបានប៉ាន់ប្រមាណថាគិតជាប្រាក់រហូតដល់១៥លានដុល្លារឯណោះ។

លោក ខាំ ឃឿន ស្ថិតក្នុងចំណោមមន្ត្រីជាន់ខ្ពស់មួយចំនួនដែលជាប់ពាក់ព័ន្ធរួមមាន ស្នងការនគរបាលខេត្ត និងមេបញ្ជាការសឹករងជាដើមនៅពេលនោះ តែភាគច្រើននៃពួកគាត់ត្រូវបានផ្ដន្ទាទោសកំបាំងមុខ ហើយមិនដែលជាប់ពន្ធនាគារទេ។ លោក ខំា ឃឿន បានបដិសេធការចោទប្រកាន់ទាំងអស់ថាលោកមិនជាប់ពាក់ព័ន្ធទេនៅពេលនោះ។

គេគិតថា លោក ខាំ ឃឿន បានទៅស្នាក់នៅជាមួយសាច់ញាតិរបស់លោកក្នុងប្រទេសឡាវអំឡុងសវនាការជំនុំជម្រះ  ហើយបានស្នាក់នៅទីនោះរយៈពេលជាច្រើនឆ្នាំតាំងពីពេលនោះមក។ មន្ត្រីក្រសួងមហាផ្ទៃបានអះអាងរយៈពេលជាច្រើនឆ្នាំមកហើយថា ពួកគេបានតាមរកចាប់ខ្លួនលោក ខាំ ឃឿន ប៉ុន្តែគាត់កំពុងរត់គេចខ្លួននៅឡើយ។

កាលពីម្សិលមិញ លោក គឹម សន្តិភាព ដែលជាអ្នកនាំាពាក្យក្រសួងយុត្តិធម៌បានមានប្រសាសន៍ថា លោកមិនដឹងថាបច្ចុប្បន្ននេះលោក ខាំ ឃឿន កំពុងសម្ងំលាក់ខ្លួននៅកន្លែងណានោះឡើយ។

លោក ប៉ែន ប៊ុណ្ណារ៍ អ្នកស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមសិទ្ធិមនុស្សអាដហុកក្នុងរាជធានីភ្នំពេញ  និងជាអ្នកសម្របសម្រួលរបស់សមាគមនេះប្រចាំខេត្តរតនគិរីអំឡុងលោក ខាំ ឃឿន ជាអភិបាលខេត្តនោះ បានមានប្រសាសន៍ថា លោកមានការភ្ញាក់ផ្អើលដោយទទួលបានព័ត៌មានពីការព្រះរាជទានលើកលែងទោសនេះ ពីព្រោះលោក ខាំ ឃឿន មិនបានអនុវត្តទោសជាប់ពន្ធនាគារសូម្បីតែមួយថ្ងៃ។

លោកបានថ្លែងថា “ការព្រះរាជទានលើកលែងទោសដល់រូបគាត់ ជារឿងអយុត្តិធម៌ដល់អ្នកទោសផ្សេងទៀត។ ប៉ុន្តែខ្ញុំគិតថា ការព្រះរាជទានលើកលែងទោសនេះដោយសារការយោគយល់ថា អ្នកទោសរូបនេះធ្លាប់ជាមន្ត្រីជាន់ខ្ពស់នៅក្នុងគណបក្សប្រជាជនកម្ពុជា”៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស