33 C
Phnom Penh

​​ចំនួន​​​អ្នក​​​បោះ​​​ឆ្នោតជាង​​​ពាក់​​​កណ្តាល​​​​​​​ដែលត្រូវ​បាន​ស្ទាប​​​ស្ទង់​មតិ​ មិនទាន់​​​​​​ដឹង​​​​ថ្ងៃ​បោះឆ្នោត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈពេលនៅសល់ត្រឹមតែពីរខែទៀតប៉ុណ្ណោះនឹងដល់ថ្ងៃបោះឆ្នោតឃុំសង្កាត់នៅកម្ពុជានោះ អ្នកដែលត្រូវបានសម្ភាសជាងពាក់កណ្តាលនៅក្នុងការស្ទាបស្ទង់មតិថ្មីមួយមិនដឹងថាថ្ងៃណា គឺជាថ្ងៃបោះឆ្នោតនេះឡើយ។

លទ្ធផលនេះត្រូវបានបញ្ចូលនៅក្នុងរបាយការណ៍មួយចេញកាលពីម្សិលមិញដោយគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា(ខុមហ្វ្រែល)ដោយរៀបរាប់លម្អិតអំពីការសម្ភាសជាមួយអ្នកបោះឆ្នោតដែលបានចុះឈ្មោះរួចហើយចំនួន២.៦៩០នាក់មកពី២៥ខេត្ត និងរាជធានី ចន្លោះខែធ្នូដល់ខែកុម្ភៈ។

យោងតាមរបាយការណ៍នេះបានឲ្យដឹងថា ក្នុងចំណោមអ្នកដែលត្រូវបានសម្ភាសទាំងនោះ មាន៥៥,៨ភាគរយមិនដឹងថា ថ្ងៃណាជាថ្ងៃត្រូវបោះឆ្នោតឃុំសង្កាត់ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី៤ខែមិថុនានោះឡើយ។

cam-photo-comfrel-jump-800x533លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានលើកឡើងថា លោក “មិនបារម្ភទាល់តែសោះ” អំពីការដែលពលរដ្ឋនៅមិនទាន់បានដឹងថ្ងៃបោះឆ្នោតគ្រប់ៗគ្នានេះ ព្រោះអីគេទើបតែចាប់ផ្តើមផ្សព្វផ្សាយអំពីថ្ងៃបោះឆ្នោតនៅក្នុងខែនេះប៉ុណ្ណោះ។

លោកបានមានប្រសាសន៍ថា “យើងផ្សព្វផ្សាយតាមហ្វេសប៊ុក គេហទំព័រ ទូរទស្សន៍វិទ្យុ ខិត្តប័ណ្ណ ផូស្ទ័រ និងមេក្រូចល័ត”និងប្រាប់ដោយផ្ទាល់មាត់។ លោកបានបន្ថែមទៀតថា “យ៉ាងហោចណាស់ក៏យើងមានពេលពីរខែទៀតដែរសម្រាប់ការបោះឆ្នោត”។

ទោះជាយ៉ាងណា លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈគម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជា(និកហ្វិក) បានលើកឡើងថា ការដែលអ្នកបោះឆ្នោតមិនបានដឹងអំពីថ្ងៃបោះឆ្នោត គឺជាប្រការគួរឲ្យបារម្ភ។

លោកបានមានប្រសាសន៍ថា “យើងត្រូវការការអប់រំបន្ថែម”។ លោកបានបន្ថែមថា ជាពិសេសសម្រាប់ពលរដ្ឋខ្មែរទាំងឡាយណាដែលរស់នៅក្រៅប្រទេសនោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអាចជួយប្រាប់ដំណឹងអំពីថ្ងៃបោះឆ្នោតនេះ”តាមរយៈប្រព័ន្ធផ្សព្វផ្សាយ វិទ្យុ ទូរទស្សន៍ និងកម្មវិធីជូនដំណឹងដល់កន្លែងដែលអ្នកបោះឆ្នោតរស់នៅ”។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មន្ត្រីគណបក្សសង្គ្រោះជាតិដ៏លេចធ្លោ និងជាសមាជិកគ្រួសាររាជវង្សតែមួយអង្គគត់ដែលមានសម្ពន្ធភាពយ៉ាងបើកចំហជាមួយគណបក្សប្រឆាំងនោះបានមានបន្ទូលថា គណៈកម្មាធិការទទួលបន្ទុកផ្សព្វផ្សាយព័ត៌មានស្តីអំពីការបោះឆ្នោតនឹងចាប់ផ្តើមការងារនៅថ្ងៃសុក្រ។

កាលពីម្សិលមិញ ខុមហ្វ្រែលក៏បានរាយការណ៍ផងដែរថា មានពលរដ្ឋខ្មែរប្រហែល៨៩ភាគរយដែលរស់នៅក្នុងប្រទេសនិងដែលមានសិទ្ធិបោះឆ្នោត បានចុះឈ្មោះសម្រាប់ការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខ ហើយថា៩២ភាគរយនៃអ្នកដែល

ត្រូវបានសម្ភាសសុទ្ធតែដឹងថា តើឯកសារផ្លូវច្បាប់អ្វីខ្លះដែលពួកគាត់ត្រូវយកទៅកាន់កន្លែងបោះឆ្នោត។

យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងថា មានពលរដ្ឋខ្មែរជិត៨លាននាក់បានចុះឈ្មោះបោះឆ្នោតអំឡុងរយៈពេលចុះឈ្មោះបីខែកាលពីឆ្នាំមុន។ គណៈកម្មាធិការនេះបានសន្និដ្ឋានថា អ្នកមានសិទ្ធិបោះឆ្នោតប្រហែល៨១ភាគរយបានចុះឈ្មោះបោះឆ្នោតក្នុងនោះរួមទាំងអ្នកបោះឆ្នោតប្រហែល២លាននាក់ដែលរស់នៅឬធ្វើការនៅក្រៅប្រទេសផងដែរ។

លោក កន សាវាង្ស មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេតនៅគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ដែលបានបង្ហាញទិន្នន័យចុះឈ្មោះបោះឆ្នោតកាលពីម្សិលមិញបានលើកឡើងថា តួលេខ៨៩ភាគរយគឺសុទ្ធតែជាអ្នកបោះឆ្នោតដែលរស់នៅក្នុងប្រទេសប៉ុណ្ណោះ។

លោកបានមានប្រសាសន៍ថា”សម្រាប់ខុមហ្វ្រែល លទ្ធភាពបានតែប្រជាពលរដ្ឋនៅក្នុងស្រុក អត់គិតពីពលរដ្ឋដែលនៅក្រៅប្រទេសទេ”៕ ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស