27.5 C
Phnom Penh

ការ​​​តភ្ជាប់បណ្តាញ​​​អគ្គិសនី​​​កើន​​​ឡើង តែ​​​នៅ​​​មាន​​​គម្លាត​​​ខុស​​​គ្នា​​​នៅឡើយ​​​រវាង​​​ជន​​​បទ និង​​​ទីក្រុង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមរបាយការណ៍ថ្មីមួយរបស់ធនាគារពិភពលោកបានឱ្យដឹងថា កម្ពុជាបាននិងកំពុងតភ្ជាប់បណ្តាញអគ្គិសនីដល់ប្រជាជនជាច្រើនគ្រួសារបន្ថែមទៀតយ៉ាងឆាប់រហ័ស ប៉ុន្តែការមានអគ្គិសនីប្រើប្រាស់ក្នុងតំបន់ជនបទនៅតែទាបជាងតំបន់ក្រុងដដែល។

របាយការណ៍ដែលត្រូវបានចេញផ្សាយនៅសប្តាហ៍នេះ និងតាមដានការប្រើប្រាស់ថាមពលប្រកបដោយនិរន្តរភាពក្នុងប្រទេសនោះ លើកឡើងថា ពីឆ្នាំ២០១២ ដល់ ឆ្នាំ២០១៤កម្ពុជាបានពង្រីកអត្រានៃការតភ្ជាប់បណ្តាញអគ្គិសនីរបស់ខ្លួនឱ្យបានជាង៧ភាគរយប្រចាំឆ្នាំ “តាមរយៈការមានអគ្គិសនីប្រើប្រាស់ជាប្រចាំគួបផ្សំនឹងការបំពាក់ប្រព័ន្ធសូឡាតាមផ្ទះបន្ថែមទៀតនៅក្នុងតំបន់ជនបទផងនោះ”។

របាយការណ៍ដដែលនេះបន្តថា ពីមួយឆ្នាំទៅមួយឆ្នាំ កម្ពុជាបានបង្កើនការតភ្ជាប់បណ្តាញអគ្គិសនីនៅកម្រិតមួយខ្ពស់ជាងប្រទេសឡាវ នេប៉ាល់ ប៊ូតង់ ហុងឌូរ៉ាស់ និងប្រទេសតំបន់អាហ្វ្រិក១៤ទៀតនៅប៉ែកខាងត្បូងក្នុងពិភពលោក ពីឆ្នាំ២០១២ ដល់ ឆ្នាំ២០១៤។ ប្រទេសអាហ្វហ្គានីស្ថានបានបង្កើនការតភ្ជាប់បណ្តាញអគ្គិសនីរបស់ខ្លួនបានជាង១០ភាគរយប្រចាំឆ្នាំក្នុងរយៈពេលដូចគ្នានេះ។

cam-photo-edc-800x533របាយការណ៍នេះបានលើកឡើងថា ប៉ុន្តែ ខណៈ៩៧ភាគរយនៃប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រុងក្នុងប្រទេសកម្ពុជាទទួលបានអគ្គិសនីប្រើប្រាស់នៅក្នុងឆ្នាំ២០១៤នោះពលរដ្ឋរស់នៅតាមទីជនបទដែលទទួលបានអគ្គិសនីប្រើប្រាស់ មានមិនដល់ពាក់កណ្តាលផង ពោលគឺមានត្រឹមតែ៤៩ភាគរយប៉ុណ្ណោះ។

គិតត្រឹមឆ្នាំមុន គ្រួសារចំនួន៥៨ភាគរយត្រូវបានតអគ្គិសនីឲ្យប្រើប្រាស់ ពោលគឺកើនឡើងពីមិនដល់ពាក់កណ្តាលផងក្នុងឆ្នាំ២០១៥ នេះបើយោងតាមគេហទំព័ររបស់អាជ្ញាធរអគ្គិសនីកម្ពុជា។

កម្មវិធីជាតិមួយចំនួនបានជួយចូលរួមចំណែកនៅក្នុងការពង្រីកប្រព័ន្ធអគ្គិសនីនៅតំបន់ជនបទ។

របាយការណ៍ដដែលនេះបានបង្ហាញឲ្យដឹងពីកម្មវិធីផ្តល់ថាមពលដល់ពលរដ្ឋក្រីក្រ (Power to the Poor Program) ដែលបានផ្តល់កម្ចីឥតការប្រាក់សម្រាប់រ៉ាប់រងលើថ្លៃឈ្នួលតភ្ជាប់ និងការចំណាយលើខ្សែភ្លើងកម្មវិធីប្រព័ន្ធផ្ទះសូឡា (Solar Home System Program) ដែលបានផ្តល់ប្រព័ន្ធបន្ថែមនៅតំបន់ជនបទ ហើយកម្មវិធីផ្តល់ជំនួយដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីនៅតំបន់ជនបទ (Program for Providing Assistance to Develop Electricity Infrastructure in Rural Areas) បានជួយអ្នកផ្គត់ផ្គងឯកជនទទួលបានមូលនិធីវិនិយោគ។

ទោះជាយ៉ាងណា នៅតែមានបញ្ហាប្រឈមចំពោះការពង្រីកការតភ្ជាប់បណ្តាញព័ន្ធអគ្គិសនី នេះបើយោងតាមលោក ជូ ង៉ែតដែលជាប្រធានស្ថាបនិកសមាគមថាមពលបន្ទះសូឡាកម្ពុជា។

លោកបានលើកឡើងនៅក្នុងអីុម៉េលថា “ដង់ស៊ីតេប្រជាពលរដ្ឋទាបនៅតំបន់ដាច់ស្រយាល ធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចមិនសូវមានទេ ហេតុដូច្នេះហើយការពង្រីកការតភ្ជាប់បណ្តាញអគ្គិសនីក៏ទៅតាមហ្នឹងដែរ”។ លោកបានបន្ថែមថា “រដ្ឋាភិបាលគួរតែធ្វើការរួមគ្នាជាមួយវិនិយោគិនក្នុងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ដើម្បីរិះរកមធ្យោបាយថា តើគួរជំរុញឲ្យមានការវិនិយោគវិស័យឯកជនក្នុងថាមពលប្រើប្រាស់ឡើងវិញតាមរបៀបណា…ដើម្បីជួយដល់សមត្ថភាពផ្គត់ផ្គង់អគ្គិសនី”៕សារុន និង ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស