27.5 C
Phnom Penh

អ្នក​​ជំនាញ​​និយាយ​​ថា ក្នុង​ឱកាស​​​ពិធី​បុណ្យ​​ចូល​​​ឆ្នាំ​ខ្មែរ​​នឹង​មាន​អាកាស​​ធាតុ​ត្រជាក់​​បំផុត​​​ក្នុង​​​​រយៈ​ពេល​​មួយ​ទស​វត្សរ៍​ចុង​​​ក្រោយ​នេះ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រសិនបើអ្នកមានគម្រោងចេញទៅដើរលេងនៅសប្តាហ៍ក្រោយក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំខ្មែរ យកល្អគួរតែយកឆត្រទៅតាមខ្លួន។យោងតាមអាជ្ញាធរអាកាសធាតុរបស់រដ្ឋាភិបាលបានឲ្យដឹងថា អំឡុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះអាចនឹងមានកម្រិតសីតុណ្ហភាពទាបបំផុតក្នុងរយៈពេលមួយទសវត្សរ៍មកនេះ ស្របពេលកំពុងមានភ្លៀងកក់ខែជោកជាំ។

លោក ច័ន្ទ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមមានប្រសាសន៍ថា យោងតាមការព្យាករថា កម្រិតសីតុណ្ហភាពនឹងធ្លាក់ចុះប្រហែល៥អង្សាសេមកនៅក្រោមមធ្យមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារតែមានភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា នៅខែនេះ។

យានយន្តពេលបើកបរកាត់ភ្លៀងនៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃពុធ។ ក្រសួងធនធានទឹកនិងឧតុនិយមព្យាករថា អំឡុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនឹងមានអាកាសធាតុត្រជាក់បំផុតក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ។ រូបថតៈ Emil Kastrup / The Cambodia Daily
យានយន្តពេលបើកបរកាត់ភ្លៀងនៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃពុធ។ ក្រសួងធនធានទឹកនិងឧតុនិយមព្យាករថា អំឡុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនឹងមានអាកាសធាតុត្រជាក់បំផុតក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ។ រូបថតៈ Emil Kastrup / The Cambodia Daily

លោកគូសបញ្ជាក់ថា “ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ថ្ងៃបុណ្យចូលឆ្នាំខ្មែរដែលនឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខនឹងមានអាកាសធាតុត្រជាក់បំផុត។ ជាធម្មតាវាក្ដៅណាស់”។

លោកថ្លែងថា អំឡុងពេលចូលឆ្នាំខ្មែរចាប់ពីថ្ងៃសុក្រសប្តាហ៍ក្រោយរហូតដល់ថ្ងៃអាទិត្យសប្តាហ៍ក្រោយដែលប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធអបអរជាមួយមិត្តភក្តិ និងក្រុមគ្រួសារ ហើយប្រជាពលរដ្ឋជាច្រើនវិលត្រឡប់ទៅស្រុកកំណើតនៅតាមបណ្តាខេត្តនោះ កម្រិតសីតុណ្ហភាពអាចមានប្រហែល៣៤ទៅ៣៥អង្សាសេ។

លោកបានបន្ថែមទៀតថា “បើយើងប្រៀបធៀបទៅឆ្នាំមុន និងឆ្នាំទៅមួយ វាមានសីតុណ្ហភាពពី៣៩ទៅ៤០អង្សាសេ ហើយនៅកន្លែងខ្លះមានរហូតដល់៤២អង្សាសេ”។

គេក៏សង្កេតឃើញដែរថា នៅខែមេសានេះមានភ្លៀងច្រើនខុសពីធម្មតា ដោយភ្លៀងបានបង្អុរយ៉ាងខ្លាំងអមដោយព្យុះបក់បោកខ្លាំង និងព្យុះលាយឡំផ្គររន្ទះ។

លោក ច័ន្ទ យុត្ថា មានប្រសាសន៍ថា កត្តាមួយដែលរួមចំណែកធ្វើឲ្យភ្លៀងធ្លាក់លឿនជាងធម្មតានៅខែនេះ (ជាធម្មតាខែមេសាស្ថិតក្នុងរដូវប្រាំងនៅឡើយ) គឺដោយសារនៅឆ្នាំនេះគ្មានបាតុភូតអាកាសធាតុ El Nino។ លោកបានបន្ថែមថា ភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះគឺពិតជា “កម្រកើតឡើងណាស់” សម្រាប់ពេលនេះ។

ស្ត្រីម្នាក់ឈ្មោះ ប៊ូ ច័ន្ទណាវី ជាអ្នកលក់ចំណីអាហារ និងជាអ្នករស់នៅរាជធានីភ្នំពេញនិយាយថា គាត់មិនបានត្រៀមខ្លួនទុកថាភ្លៀងនឹងធ្លាក់ឆាប់រហ័សខុសពីធម្មតា និងការជន់លិចផ្លូវដែលគេសង្កេតឃើញប្រជាពលរដ្ឋស្រវារកឆត្រ និងអាវភ្លៀងដូចនេះទេ។ ស្ត្រីរូបនេះនិយាយទៀតថា “វាចម្លែកដែលមានភ្លៀងក្នុងរដូវនេះ។ ខែនេះមិនគួរមានភ្លៀងទេ”។

ស្ត្រីរូបនេះអាចនឹងជួបស្ថានភាពលំបាកម្តងទៀតក្នុងពេលឆាប់ៗ ហើយប្រជាពលរដ្ឋទូទាំងប្រទេសក៏ដូចគ្នាដែរ។ យោងតាមលោក ច័ន្ទ យុត្ថា បានឲ្យដឹងថា រដូវវស្សាដែលជាធម្មតាចាប់ផ្តើមនៅសប្តាហ៍ទី២នៃខែឧសភា នឹងចាប់ផ្តើមមុនមួយសប្តាហ៍នៅឆ្នាំនេះ។ លោកគូសបញ្ជាក់ថា “ភ្លៀងនឹងចាប់ផ្តើមធ្លាក់ពីតំបន់ឆ្នេរមុនគេ”។

យោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ចំនួនអ្នកស្លាប់ របួស និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដែលបណ្តាលមកពីអាកាសធាតុធ្ងន់ធ្ងរបានកើនឡើងក្នុងរយៈពេល៣ខែដើមឆ្នាំនេះ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

cam-photo-front-kastrup-800x533គណៈកម្មាធិការនេះនិយាយថា គិតពីខែមករា ដល់ខែមីនា មានមនុស្ស៦នាក់បានបាត់បង់ជីវិត និង១៩នាក់ទៀតរងរបួសក្នុងឧប្បត្តិហេតុពាក់ព័ន្ធខ្យល់ព្យុះ និងរន្ទះបាញ់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានមនុស្សស្លាប់តែ៣នាក់ និងរបួស២នាក់។

សាលារៀនចំនួន៦០០កន្លែង និងផ្ទះចំនួន៣៧៩ខ្នងបានរងការខូចខាតដោយសារខ្យល់ព្យុះក្នុងត្រីមាសទី១ដើមឆ្នាំនេះ បើប្រៀបធៀបទៅនឹងឆ្នាំមុនដែលមានសាលាតែ៣ខ្នង និងផ្ទះ១២៤ខ្នងរងការខូចខាត។

លោក កែវ វី នាយខុទ្ទកាល័យ និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមានប្រសាសន៍ថា កាលពីឆ្នាំមុនការខូចខាត ការរងរបួស និងការស្លាប់ពាក់ព័ន្ធអាកាសធាតុមានចំនួនតិចមួយអន្លើដោយសារតែគ្រោះរាំងស្ងួត។

ស្ត្រីម្នាក់ឈ្មោះ ហេង ស្រីនាង ដែលធ្វើការផ្នែកទីផ្សារនៅក្រុមហ៊ុនធានារ៉ាប់រងមួយក្នុងរាជធានីភ្នំពេញនិយាយថា អាកាសធាតុត្រជាក់នេះចម្លែកណាស់ ប៉ុន្តែវាពិតជាមានផលល្អសម្រាប់គម្រោងដើរលេងរបស់គាត់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ។ គាត់និយាយថា “ពេលនេះវាគួរតែក្តៅខ្លាំង ប៉ុន្តែវាហាក់ស្ថិតនៅខែមករានៅឡើយ”។

ស្ត្រីរូបនេះមានគម្រោងទៅលេងជីដូននិងសាច់ញាតិផ្សេងទៀតក្នុងខេត្តកំពតនៅចុងសប្តាហ៍ក្រោយ ហើយនិយាយថា កាលពីឆ្នាំមុនអាកាសធាតុក្តៅខ្លាំងណាស់ ធ្វើឲ្យក្រុមគ្រួសាររបស់គាត់លេងល្បែងប្រពៃណីចូលឆ្នាំខ្មែរមិនកើត។

គាត់លើកឡើងថា “បើមេឃត្រជាក់ យើងអាចលេងនៅខាងក្រៅបាន”។ ប៉ុន្តែគាត់សង្ឃឹម ថា មេឃមិនភ្លៀងច្រើនទេ។ គាត់និយាយទៀតថា “បើមេឃភ្លៀង អ្វីៗគឺចប់ហើយ”៕ សុខុម (រាយការណ៍បន្ថែមដោយ Matt Surrusco)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស