34 C
Phnom Penh

នៅតែគ្មានការ​​​បក​​​ស្រាយ​​​អំ​​ពី​​​ការ​​​លើកលែង​​​ទោស​​​ដល់​​​អតីត​​​អភិបាល​​​ខេត្ត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ ក្រុមមន្ត្រីរដ្ឋាភិបាលមិនបានផ្តល់ការពន្យល់ពីមូលហេតុដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរៀបចំឱ្យមានការលើកលែងទោសពីព្រះមហាក្សត្រ ដល់លោក ខាំ ឃឿន អតីតអភិបាលខេត្តរតនគិរី ដែលត្រូវបានកាត់ឱ្យជាប់ទោសនៅក្នុងរឿងក្តីមួយក្នុងចំណោមរឿងក្តីកាប់ឈើខុសច្បាប់ដ៏អសោចបំផុតក្នុងប្រទេសកាលពីមួយទសវត្សរ៍កន្លងមក ប៉ុន្តែមិនដែលបានអនុវត្តទោសនៅក្នុងពន្ធនាគារសូម្បីតែមួយថ្ងៃ។

លោក ខាំ ឃឿន ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល១៧ឆ្នាំក្នុងឆ្នាំ២០០៦ចំពោះការជាប់ពាក់ព័ន្ធករណីកាប់ឈើនៅតំបន់ “កន្ទុយនាគ” ដែលក្នុងនោះគេឃើញក្រុមរកស៊ីឈើដ៏ធំមួយដឹកឈើប្រណីតចេញពីឧទ្យានជាតិវីរជ័យទៅប្រទេសវៀតណាមដែលមានទំហំជាទឹកប្រាក់ប្រមាណ១៥លានដុល្លារ។ ដោយស្ថិតក្នុងចំណោមមន្ត្រីរដ្ឋាភិបាល ទាហាន និងនគរបាល១៤រូបដែលត្រូវបានកាត់ឱ្យជាប់ទោសនោះ អតីតអភិបាលខេត្តរូបនេះគឺជាបុគ្គលមួយរូបក្នុងចំណោម៩រូបដែលត្រូវបានផ្តន្ទាទោសកំបាំងមុខ។ មានពាក្យចចាមអារ៉ាមថា លោកបានភៀសខ្លួនទៅប្រទេសឡាវ។

យោងតាមច្បាប់ចម្លងនៃឯកសារមួយដែលបានចុះផ្សាយនៅក្នុងសៀវភៅរាជកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ក្រោយពីរត់គេចខ្លួនអស់រយៈពេលជាងមួយទសវត្សរ៍មក ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យលើកលែងទោសលោក ខាំ ឃឿន តាមសំណើរបស់លោក ហ៊ុន សែន។ មិនមានការពន្យល់ទាក់ទិនសំណើរបស់លោក ហ៊ុន សែន ឡើយ។ លោក ប៉ាល់ ចាន់តារា នាយរងខុទ្ទកាល័យរបស់លោកបានមានប្រសាសន៍កាលពីម្សិលមិញថា លោកមិនដឹងអំពីសំណើនេះទេ  ហើយបានបង្វែរសំណួរទៅលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល។

លោក ផៃ ស៊ីផាន បានបដិសេធនៅពេលត្រូវបានសុំឱ្យពន្យល់អំពីសេចក្តីសម្រេចនេះ។លោកបានថ្លែងថា លោកមិនមានសិទ្ធិបកស្រាយហើយថា តើការលើកលែងទោសថា ត្រឹមត្រូវឬយ៉ាងណានោះ ហើយបានបង្វែរសំណួរទៅក្រសួងយុត្តិធម៌។

ទោះជាយ៉ាងណា កាលពីថ្ងៃពុធ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងនេះបានបកស្រាយថា ពីមុនៗក៏មានការលើកលែងទោសដល់លោក សម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងផងដែរ ដូច្នេះលោក ខាំ ឃឿន ក៏សមនឹងទទួលបានដែរ។ ប៉ុន្តែ មិនដូចរឿងក្តីរបស់លោក ខាំ ឃឿន ទេ ការកាត់ឱ្យជាប់ទោសនេះខុសពីលោក សម រង្ស៊ី និងលោក កឹម សុខា ដែលមជ្ឈដ្ឋានទូទៅចាត់ទុកថា ជារឿងនយោបាយ ហើយមានការរិះគន់សំណាក់អន្តរជាតិទៀតនោះ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ផ្សេងទៀតមិនអាចទាក់ទងសុំអត្ថាធិប្បាយបន្ថែមបានទេ។ លោក ខាំ ឃឿន មិនមែនជាមន្ត្រីតែម្នាក់ជាប់ពាក់ព័ន្ធករណីកាប់ ឈើនៅតំបន់កន្ទុយ នាគ ដែលត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារយ៉ាងយូរទេ ក្នុងនោះក៏មានមន្ត្រី មួយចំនួនទៀតដែរ ប៉ុន្តែ សុទ្ធតែរួចខ្លួនដូចគ្នា។

ក្នុងចំណោមមនុស្ស៨នាក់ផ្សេងទៀតដែលត្រូវបានផន្ទាទោសកំបាំងមុខ ហើយមិនដែលចាប់ខ្លួនបាននោះដែរគឺលោក មឿង សាមឿន ជាមេបញ្ជាការយោធាខេត្តនៅពេលនោះ។ លោក មឿង សាមឿន ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ ប៉ុន្តែត្រូវបានសាលាឧទ្ធរណ៍កាត់បន្ថយមកត្រឹម៦ខែក្នុងឆ្នាំ២០១៣។

លោក យឿង បាលួង ជាស្នងការនគរបាលខេត្តនៅពេលនោះ ត្រូវបានចាប់ខ្លួន ហើយផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល១៣ឆ្នាំ។ ទោះយ៉ាងណា លោក ណាប់ ប៊ុនហេង សមាជិកក្រុមប្រឹក្សាខេត្តបានមានប្រសាសន៍កាលពីម្សិលមិញថាលោក យឿង បាលួង ត្រូវបានបន្ធូរបន្ថយទោសតាមព្រះរាជក្រឹត្យ ហើយត្រូវបានដោះលែងពីពន្ធនាគារ ប្រហែល១ឆ្នាំមកហើយ។ លោកបានថ្លែងថា “ឥឡូវនេះគាត់កំពុងធ្វើចម្ការនៅក្នុងខេត្តរតនគិរី”។

ក្រុមមន្ត្រីខេត្តបានលើកឡើងថា ពួកគេមិនដឹងពីកន្លែងលាក់ខ្លួនរបស់លោក ខាំ ឃឿន ទេ។

ទោះជាយ៉ាងណា លោក ផុន ផាន់ណាដែលគ្រប់គ្រងការិយាល័យស្រាវជ្រាវយោធា ខេត្តបានមានប្រសាសន៍ថា យូរៗម្តងលោកបានជួបលោក ខាំ ឃឿន និងលោក យឿងបាលួង ហើយលោក ខូយ សុខា ប្រធានឧទ្យានជាតិវីរជ័យផងដែរ ដែលត្រូវបានផ្តន្ទាទោសកំបាំងមុខឱ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ ប៉ុន្តែមិនដែលចាប់ខ្លួនបានទេ។

លោកបានមានប្រសាសន៍ថា “ខ្ញុំប្រាកដថា អ្នកទាំងនេះត្រូវបានដោះលែង ពីព្រោះខ្ញុំបានជួបពួកគាត់នៅពេលយើងកំពុងញ៉ាំការនៅពេលមួយនោះ”។

រដ្ឋាភិបាលបានរងការចោទប្រកាន់ពីសំណាក់ក្រុមអភិរក្ស និងក្រុមអ្នកភូមិថា មិនយកចិត្តទុកដាក់ចំពោះតួនាទីរបស់មន្ត្រីជាន់ខ្ពស់ ទាហាន និងនគរបាល និង ពាណិជ្ជករមានទ្រព្យស្តុកស្តម្ភដែលស្គាល់ពួកគេ ក្នុងការជួញដូរឈើខុសច្បាប់ដ៏រាលដាលក្នុងប្រទេស៕ សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស