28 C
Phnom Penh

CNRP គ្មាន​​​មេដឹក​​​នាំ​​ជា​​​បណ្តោះអាសន្ន​​​ ខណៈ​​​លោក​​​ កឹម សុខា​​​ ទៅ​ក្រៅប្រទេស​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញក្រសួងមហាផ្ទៃបានបដិសេធម្តងទៀតមិនផ្តល់យោបល់ដល់គណបក្សសង្គ្រោះជាតិថាតើត្រូវធ្វើយ៉ាងម៉េចដើម្បីជម្នះការសម្រេចកាលពីម្សិលមិញមិនទទួលស្គាល់អនុប្រធានចំនួន៣រូបរបស់គណបក្សប្រឆាំង ដោយធ្វើឲ្យគណបក្សនេះគ្មានថ្នាក់ដឹកនាំស្តីទីពេលលោក កឹម សុខា ប្រធានអចិន្ត្រៃយ៍ធ្វើដំណើរទៅក្រៅប្រទេសដើម្បីរៃអង្គាសប្រាក់នោះ។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងនេះបានលើកឡើងថា “យើងមិនមែនជាទីប្រឹក្សារបស់គណបក្សសង្គ្រោះជាតិដែលត្រូវផ្តល់យោបល់ ហើយក៏មិនមែនជាថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដែរ”។

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិពេលទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីម្សិលមិញ ក្នុងដំណើរទៅកាន់ប្រទេសនូវែលហ្សេឡង់ និងប្រទេសអូស្ត្រាលីរយៈពេល១០ថ្ងៃ ដើម្បីរៃអង្គាសមូលនិធិ។ Facebook
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិពេលទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីម្សិលមិញ ក្នុងដំណើរទៅកាន់ប្រទេសនូវែលហ្សេឡង់ និងប្រទេសអូស្ត្រាលីរយៈពេល១០ថ្ងៃ ដើម្បីរៃអង្គាសមូលនិធិ។ Facebook

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះក្រសួងមហាផ្ទៃ និងគណបក្សប្រឆាំងទៅណាមិនឆ្ងាយឡើយពីរឿងជ្រើសរើសថ្នាក់ដឹកនាំថ្មីរបស់គណបក្សសង្គ្រោះជាតិ បន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង បានលាលែងពីតំណែងកាលពីខែកុម្ភៈ។ រដ្ឋាភិបាលបានអះអាងម្តងហើយម្តងទៀតថា គណបក្សនេះមិនបានអនុវត្តតាមបទបញ្ជាផ្ទៃក្នុងរបស់ខ្លួននោះឡើយ រីឯគណបក្សប្រឆាំងវិញអះអាងថា ខ្លួនកំពុងរងការយាយីនៅមុនថ្ងៃបោះឆ្នោតដែលនឹងធ្វើើឡើងនៅថ្ងៃទី៤ខែមិថុនា។

កាលពីថ្ងៃពុធ ក្រសួងបានលើកឡើងថា ខ្លួនទទួលស្គាល់លោក កឹម សុខា ជាប្រធានគណបក្ស ប៉ុន្តែមិនទទួលស្គាល់អនុប្រធានទាំង៣រូបរបស់លោកឡើយ ដោយបដិសេធទាំងពេលនោះនិងពេលឥឡូវមិននិយាយថា តើគណបក្សប្រឆាំងគួរតែធ្វើអ្វីដើម្បីកែស្ថានភាពនេះ។

កាលពីម្សិលមិញ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបាននិយាយសម្រាលផលប៉ះពាល់ដែលអាចមានលើការបោះឆ្នោតដោយសារតែការមិនទទួលស្គាល់ជាផ្លូវការនេះ។

លោកបានមានប្រសាសន៍ថា “យើងយល់ថា វាមិនប៉ះពាល់អីទេ [បោះឆ្នោត] ព្រោះគណបក្សយើងដឹកនាំបែបយន្តការ ហើយវាមិនមែនតែរឿងតំណែងហ្នឹងទើបធ្វើកើតឯណា”។

លោកបានបន្ថែមថា អនុប្រធានទាំងនេះនឹងនៅតែបន្តបំពេញតាមតួនាទីរបស់ខ្លួននៅក្នុងបក្ស។លោកបានលើកឡើងទៀតថាយកល្អក្រសួងគួរតែចេះប្រើប្រាស់ពេលវេលារបស់ខ្លួន។

លោកបានថ្លែងថា “ក្រសួងមហាផ្ទៃមានរឿងជាច្រើនត្រូវធ្វើ មានកិច្ចការច្រើនណាស់ ជនអន្តោប្រវេសន៍ខុសច្បាប់ រឿងគ្រឿងញៀនស្អី កំពុងតែធ្ងន់ធរនៅក្នុងប្រទេសយើងណ៎ែ”។

លោកបានបន្ថែមទៀតថា “អ៊ីចឹងខ្ញុំមិនយល់ថា ការងារលូកដៃនៅក្នុងគណបក្សប្រឆាំងហ្នឹងជាការងារសំខាន់ដែលក្រសួងមហាផ្ទៃគួរធ្វើទេបាទ”។

ដោយលោក កឹម សុខា បានធ្វើដំណើរទៅប្រទេសអូស្ត្រាលីនិងនូវែលសេឡង់ ដើម្បីជួបជាមួយសមាជិកសភានិងដើម្បីរៃអង្គាសប្រាក់អំឡុងដំណើរនៅក្រៅប្រទេសរយៈពេល១០ថ្ងៃដែលបានចាប់ផ្តើមកាលពីថ្ងៃពុធនោះ លោក យឹម សុវណ្ណ ទំនងជាមិនអាចធ្វើកើតទេក្នុងការទប់ទល់នឹងវិធានការរបស់រដ្ឋាភិបាល។

លោក យឹម សុវណ្ណ បានសួរថា “បើក្រសួងមហាផ្ទៃចង់ទទួលស្គាល់ បើមិនទទួលស្គាល់ប្រាប់យើងមកថា យើងធ្វើស្អីខុស?”។

ឧត្តមសេនីយ៍ ខៀវ សុភ័គ បាននិយាយបែបកំប្លែងថា គេបានបញ្ជោលោកដោយធ្វើជាមកសុំការផ្តល់យោបល់ពីលោក។

លោកមានប្រសាសន៍ថា “យើងអរគុណសម្រាប់ការផ្តល់តម្លៃដល់ខ្ញុំ”។ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមនោះឡើយ៕ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស