28.4 C
Phnom Penh

ផ្ទុះ​ឡ​ចំហាយ​កម្ដៅ​ទឹក​​នៅ​រោង​​​​​ចក្រ​​​​​​​​​កាត់​ដេរ​ម​ួយទៀត បណ្ដាល​ឱ្យ​មនុស្ស​២នាក់​​​បាត់​​​បង់​​​ជីវិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករពីរនាក់បានបាត់បង់ជីវិត និងបួននាក់ទៀតរងរបួស នៅពេលឡចំហាយកម្ដៅទឹកមួយបានផ្ទុះនៅរោងចក្រកាត់ដេរមួយក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍ ពោលគឺមិនដល់ ៣សប្ដាហ៍ផងទេបន្ទាប់ពីគ្រោះថ្នាក់ផ្ទុះឡចំហាយកម្ដៅទឹកនៅរោងចក្រមួយទៀតបានសម្លាប់មនុស្សម្នាក់ និងបណ្ដាលឱ្យប្រាំពីរនាក់ទៀតរងរបួស។

លោក ឯម ភារី នាយប៉ុស្តិ៍នគរបាលស្ដីទីមានប្រសាសន៍ថា  ឡចំហាយកម្ដៅទឹកនៅរោងចក្រកាត់ដេរមិនបញ្ចេញឈ្មោះស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យនេះ បានផ្ទុះនៅម៉ោង១១និង៥០នាទីព្រឹក បន្ទាប់ពីសន្តិសុខម្នាក់ឈ្មោះ សឿន ផល អាយុ២៧ឆ្នាំបានដុតអុសក្នុងចង្ក្រានឡច្រើនពេក។

កម្ទេចកម្ទីបែកបាក់រាយប៉ាយនៅរោងចក្រកាត់ដេរមួយកន្លែងក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញកាលពីម្សិលមិញ បន្ទាប់ពីឡចំហាយកម្ដៅទឹកផ្ទុះបណ្ដាលឱ្យកម្មករពីរនាក់បាត់បង់ជីវិត។ Hannah Hawkins/Cambodia Daily
កម្ទេចកម្ទីបែកបាក់រាយប៉ាយនៅរោងចក្រកាត់ដេរមួយកន្លែងក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញកាលពីម្សិលមិញ បន្ទាប់ពីឡចំហាយកម្ដៅទឹកផ្ទុះបណ្ដាលឱ្យកម្មករពីរនាក់បាត់បង់ជីវិត។ Hannah Hawkins/Cambodia Daily

លោកបន្ថែមថា ការផ្ទុះនេះបានបណ្ដាលឱ្យសន្តិសុខខាងលើស្លាប់ភ្លាមៗនៅនឹងកន្លែង។ អ្នកបោសសម្អាតម្នាក់ទៀតនៅក្បែរនោះឈ្មោះ គង់ ផានី អាយុ៦១ឆ្នាំ បានស្លាប់មិនយូរប៉ុន្មានបន្ទាប់ពីទៅដល់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ចំណែកឯកម្មករបួននាក់ទៀតរងរបួសស្រាលដោយសារកម្ទេចកម្ទីហោះប៉ើងលើ។

នគរបាលបាននិយាយកាលពីម្សិលមិញថា អ្នកគ្រប់គ្រងឡចំហាយកម្តៅទឹកបានធ្វេសប្រហែសនឹងភារកិច្ចរបស់ខ្លួន ដោយចាកចេញពីរោងចក្រនៅពេលអាហារថ្ងៃត្រង់ ហើយបានបាត់មុខចាប់តាំងពីពេលនោះ។

កាលពីម្សិលមិញ មួយភាគធំនៃអគាររោងចក្រនេះបានរងការខូចខាត ហើយពិដាន និងជញ្ជាំងមួយបានរងការបំផ្លាញទាំងស្រុង។

កម្មករមកពីរោងចក្រជាប់នោះបានដើរកាត់គំនរបែកបាក់ អំបែងកញ្ចក់ និងសម្ភារផ្សេងទៀតដែលរាយប៉ាយពេញបរិវេណរោងចក្រ។

លោក ឯម ភារី បានមានប្រសាសន៍ថា រោងចក្រទ្រង់ទ្រាយតូចដែលវិនិយោគរួមគ្នារវាងជនជាតិចិនម្នាក់ និងជនជាតិខ្មែរម្នាក់ហើយដែលភាគច្រើនបោះពុម្ព និងជ្រលក់ពណ៌សម្លៀកបំពាក់រួចជាស្រេចនេះ ទើបតែចាប់ផ្ដើមធ្វើប្រតិបត្តិការកាលពីពេលថ្មីៗនេះប៉ុណ្ណោះ។ លោកបានបន្ថែមថា ជាសំណាងល្អភាគច្រើនក្នុងកម្មករ២០នាក់បានចេញទៅខាងក្រៅដើម្បីទទួលទានអាហារថ្ងៃត្រង់ មុនពេលឡនេះផ្ទុះ បើមិនដូច្នោះទេ “មុខជាមានអ្នកគ្រោះថ្នាក់ច្រើនជាងនេះជាមិនខាន”។

កាលពីខែមុន ឡចំហាយកម្ដៅទឹកដុតអុសនៅរោងចក្រមួយដែលផលិតខោខូវប៊យឱ្យក្រុមហ៊ុន Levi’s របស់សហរដ្ឋអាមេរិក ស្ថិតក្នុងខណ្ឌសែនសុខ បានហោះប៉ើងឡើងលើប្រហែល១០០ម៉ែត្រ មុនពេលធ្លាក់មកវិញចំលើកម្មករមួយក្រុមបណ្ដាលឱ្យម្នាក់ស្លាប់ភ្លាមៗ និង៧នាក់ទៀតរងរបួស។ ក្រសួងការងារបានបន្ទោសអ្នកគ្រប់គ្រងឡចំហាយកម្ដៅទឹក ដែលទុកឱ្យឡឡើងកម្ដៅខ្លាំងដោយមិនបានបញ្ចេញសម្ពាធតាមសឺប៉ាប់សុវត្ថិភាព។

លោក អ៊ូច ម៉ានី ប្រធាននាយកដ្ឋានបច្ចេកទេស វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃក្រសួងឧស្សាហកម្ម និងសិប្បកម្មមានប្រសាសន៍ថា ការផ្ទុះកាលពីថ្ងៃសៅរ៍ អាចបណ្តាលមកពីបញ្ហាបច្ចេកទេសស្រដៀងគ្នា។

លោកបានដាក់ឲ្យរោងចក្រនេះទទួលខុសត្រូវដោយផ្ទាល់ ដោយអះអាងថា ពួកគេមិនបានចុះបញ្ជីអ្នកគ្រប់គ្រងឡចំហាយកម្ដៅទឹកនៅមន្ទីរដែលត្រួតពិនិត្យជាប្រចាំលើឧបករណ៍រោងចក្រទាំងអស់នោះទេ។

កម្ទេចកម្ទីបែកបាក់រាយប៉ាយនៅរោងចក្រកាត់ដេរមួយកន្លែងក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញកាលពីម្សិលមិញ បន្ទាប់ពីឡចំហាយកម្ដៅទឹកផ្ទុះបណ្ដាលឱ្យកម្មករពីរនាក់បាត់បង់ជីវិត។ Hannah Hawkins/Cambodia Daily
កម្ទេចកម្ទីបែកបាក់រាយប៉ាយនៅរោងចក្រកាត់ដេរមួយកន្លែងក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញកាលពីម្សិលមិញ បន្ទាប់ពីឡចំហាយកម្ដៅទឹកផ្ទុះបណ្ដាលឱ្យកម្មករពីរនាក់បាត់បង់ជីវិត។ Hannah Hawkins/Cambodia Daily

លោកថ្លែងថា “សឺប៉ាប់សុវត្ថិភាពប្រហែលជាមិនដំណើរការ ហើយបានធ្វើឱ្យសម្ពាធកើនឡើងលើសកម្រិត” ហើយអ្នកដែលគ្រប់គ្រងឡចំហាយកម្ដៅទឹកប្រហែលជាមិនទទួលបានការបណ្ដុះបណ្ដាលបច្ចេកទេសត្រឹមត្រូវឡើយ។ លោកគូសបញ្ជាក់ថា “ពេលយើងធ្វើតេស្តវាមិនបានត្រឹមត្រូវ វានឹងមានបញ្ហា”។

លោក អ៊ូច ម៉ានី មិនស្គាល់ឈ្មោះរោងចក្រនេះទេ។ កាលពីម្សិលមិញគេមិនច្បាស់ទេថាតើរោងចក្រនេះមានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការ ឬក៏អត់។ លោកមានប្រសាសន៍ថា ក្រសួងឧស្សាហកម្ម  និងសិប្បកម្មមិនទទួលខុសត្រូវចំពោះការចេញអាជ្ញាប័ណ្ណទេ ហើយអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មដែលគ្រប់គ្រងអាជ្ញាប័ណ្ណពាណិជ្ជកម្មមិនអាចទាក់ទងបានទេកាលពីម្សិលមិញ។

លោក ហួរ ម៉េងវ៉ាង អធិការរងខណ្ឌមានជ័យមានប្រសាសន៍ថា ម្ចាស់រោងចក្រត្រូវបានសួរនាំរួចហើយ  ហើយពេលនេះនគរបាលកំពុងតាមស្វែងរកអ្នកគ្រប់គ្រងឡចំហាយកម្ដៅទឹកដែលបានបាត់មុខចាប់តាំងពីពេលផ្ទុះនោះ។

លោកបានមានប្រសាសន៍ថា  អ្នកបច្ចេកទេសដែលមានឈ្មោះ អ៊ុំ បានធ្វេសប្រហែសនឹងឡចំហាយកម្ដៅទឹក  ដោយចាកចេញពីរោងចក្រនៅពេលអាហារថ្ងៃត្រង់។

លោកស្រី លីម ហ្គិចហៀក ដែលជាម្ចាស់ជនជាតិខ្មែរនៃរោងចក្រនេះមានប្រសាសន៍ថា លោកស្រីមិនចង់ផ្ដល់បទសម្ភាសន៍តាមទូរស័ព្ទទេ ហើយសុំជួបគ្នាទល់មុខនៅថ្ងៃនេះ។

ទោះជាយ៉ាងណា  ម្ដាយរបស់អ្នកស្រីដែលជាម្ចាស់រោងចក្រផលិតទឹកស៊ីអុីវមួយជាប់នោះបានប្រាប់ក្រុមអ្នកយកព័ត៌មាននៅខាងក្រៅការិយាល័យរបស់លោកស្រីកាលពីម្សិលមិញថា កូនស្រីរបស់លោកស្រីនឹងផ្ដល់សំណងដល់ក្រុមគ្រួសារអ្នកស្លាប់ក្នុងម្នាក់ៗ១២លានរៀល ឬប្រហែល៣.០០០ដុល្លារ។

លោក ឯម ភារី ដែលជានាយប៉ុស្តិ៍នគរបាលស្ដីទីបានបញ្ជាក់ថា ការចរចារឿងសំណងរវាងលោកស្រី លីម ហ្គិចហៀក និងគ្រួសារជនរងគ្រោះបានចាប់ផ្ដើមហើយ។

សំណងដែលផ្ដល់ឱ្យជនរងគ្រោះក្នុងហេតុការណ៍ផ្ទុះកាលពីខែមុននៅរោងចក្រជិន តៃហ្គាម៉េន ដែលគ្រប់គ្រងដោយជនជាតិចិន រួមមានប្រាក់ចំនួន១២.០០០ដុល្លារសម្រាប់គ្រួសាររបស់កម្មករដែលស្លាប់ក្នុងហេតុការណ៍ផ្ទុះនោះផងដែរ។

កាលពីម្សិលមិញ ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានប្រកាសថា  ខ្លួននឹងចាប់ផ្ដើមរៀបចំវគ្គបណ្ដុះបណ្ដាលសម្រាប់អ្នកគ្រប់គ្រងឡចំហាយកម្តៅទឹកក្នុងពេលឆាប់ៗនេះ។

លោក អ៊ូច ម៉ានី មានប្រសាសន៍ថា “ខ្ញុំនឹងរៀបចំថ្នាក់សម្រាប់បណ្ដុះបណ្ដាលអ្នកគ្រប់គ្រងឡចំហាយកម្ដៅទឹក គឺអ្នកដែលមិនសូវមានជំនាញ និងបទពិសោធន៍។ រោងចក្រនានាត្រូវមានអ្នកជំនាញច្បាស់លាស់ ហើយមិនអាចប្រើមនុស្សធម្មតាឱ្យគ្រប់គ្រងវាបានទេ”។

លោក វីលៀម ខុនឃ្លីន (William Conklin) នាយកប្រចាំប្រទេសនៃមជ្ឈមណ្ឌលសាមគ្គីភាព (Solidarity Center) ជាអង្គការសិទ្ធិការងារមានមូលដ្ឋាននៅសហរដ្ឋអាមេរិកមានប្រសាសន៍ថា ករណីបណ្ដាលឱ្យមនុស្សស្លាប់ទាំងពីរដែលពាក់ព័ន្ធឡចំហាយកម្តៅទឹកអាចមកពីកង្វះការវិនិយោគ ព្រមទាំងកង្វះនៃការអនុវត្តច្បាប់។

លោកបានលើកឡើងតាមរយៈសារអេឡិចត្រូនិកថា “រោងចក្រកាត់ដេរជាច្រើនបានធ្វើការវិនិយោគតិចតួចបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ហើយទាំងក្រុមនិយ័តកម្ម និងក្រុមអធិការកិច្ចដើរតាមមិនទាន់កំណើនក្នុងវិស័យនេះទេ រួមមាន និងជាពិសេសរោងចក្រម៉ៅការបន្តដែលមិនត្រូវបានប្រកាសឱ្យដឹង”៕សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស