38 C
Phnom Penh

លោក ជា សុផារ៉ា ប្រាប់​ឲ្យ​អ្នករស់នៅអគារ​ប៊ូឌិញ​បោះឆ្នោត​​ឱ្យ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាស់តឿនអ្នកភូមិនិងអ្នកដែលនឹងរងការបណ្ដេញចេញឆាប់ៗជាង២០០នាក់នៅអគារប៊ូឌិញ “ស” ក្នុងរាជធានីភ្នំពេញឱ្យ ”ជួយយើងវិញ” តាមរយៈការបោះឆ្នោតឃុំ សង្កាត់ នាពេលខាងមុខ ជាថ្នូរនឹងការឱ្យរដ្ឋាភិបាលចរចាប្រាក់សំណងសម្រាប់ផ្ទះរបស់ពួកគេ។

ត្បិតលោកមិនបាននិយាយចំៗ ដូចមេភូមិក្នុងមូលដ្ឋាន ដែលមួយថ្ងៃមុនបានប្រាប់អ្នកភូមិចំៗឱ្យបោះឆ្នោតឱ្យគណបក្សកាន់អំណាចក៏ពិតមែន ប៉ុន្តែសារនេះគឺច្បាស់ណាស់។

លោក ជា សុផារ៉ា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាជាយូរមកហើយបានប្រាប់អ្នកភូមិទាំងនេះកាលពីថ្ងៃសុក្រថា “ខ្ញុំដឹងថាបងប្អូនចង់បានប្រាក់មួយចំនួន”។ លោកបានបន្តថា “ប៉ុន្តែពេលបានលុយហើយ បងប្អូនត្រូវជួយខ្ញុំវិញ [តាមរយៈការបោះឆ្នោត]”។

អ្នកភូមិប្រហែល៥០០គ្រួសារដែលរស់នៅនិងប្រកបរបរតូចតាចនៅក្នុងអគារលំនៅដ្ឋានសាធារណៈនេះដែលសាងសង់អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ក្នុងខណ្ឌចម្ការមននោះ ប្រឈមការបណ្ដេញចេញដើម្បីបើកផ្លូវសម្រាប់ការសាងសង់អគារកម្ពស់២១ជាន់ ដែលគ្រោងចំណាយទឹកប្រាក់៨០លានដុល្លារ។ អាជ្ញាធរបានប្រកាសកាលពីឆ្នាំ២០១៤ថា អគារនេះមិនមានសុវត្ថិភាពនោះឡើយ។

ទោះបីជាគេទុកប្រាំជាន់នៅក្នុងអគារថ្មីនេះឱ្យអ្នកភូមិក្នុងពេលបច្ចុប្បន្នក៏ដោយ តែមានអ្នកភូមិជាច្រើនបានលើកឡើងថា ពួកគាត់ចង់បានប្រាក់  មិនចង់រង់ចាំរហូតដល់អគារសាងសង់ចប់នោះឡើយ  ជាហេតុធ្វើឱ្យរដ្ឋាភិបាលត្រូវចរចាជាមួយក្រុមហ៊ុនជប៉ុនឈ្មោះ Arakawa ដែលទទួលបន្ទុកអភិវឌ្ឍគម្រោងនេះ។

ការអំពាវនាវរបស់រដ្ឋមន្ត្រីរូបនេះកើតមានឡើងក្រោយការចុះប្រាប់ដោយផ្ទាល់របស់មេភូមិចំនួន២នាក់នៅតំបន់នេះកាលពីថ្ងៃព្រហស្បតិ៍ ដែលប្រាប់អ្នកភូមិឱ្យបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា  ដើម្បីពន្លឿនដំណើរការផ្តល់ប្រាក់សំណង។

WP-LastImage-13-800x533លោក ជា សុផារ៉ា លើកឡើងថា ក្រុមហ៊ុន Arakawa បានព្រមផ្ដល់សំណង១.១០០ដុល្លារក្នុងមួយម៉ែត្រក្រឡាសម្រាប់ផ្ទះណាដែលមានផ្ទៃក្រឡាក្រោម៣០ម៉ែត្រក្រឡា និង១.២៦០ដុល្លារក្នុងមួយម៉ែត្រក្រឡាសម្រាប់ផ្ទះណាដែលមានផ្ទៃក្រឡាលើសពីនេះ។

លោកបានមានប្រសាសន៍ថា ”ប៉ុន្តែខ្ញុំបារម្ភខ្លាចបងប្អូនបានលុយហើយ បោះឆ្នោតក៏មិនខ្ចីបោះ”។

ភាគច្រើននៃអ្នកភូមិទាំងនោះបានចាប់ផ្ដើមស្រែកឡើងថា គណបក្សកាន់អំណាចនឹងឈ្នះឆ្នោត បើរដ្ឋាភិបាលជួយឱ្យពួកគាត់ទទួលបានសំណងសមរម្យ។

អ្នកភូមិបានលើកឡើងកាលពីថ្ងៃសុក្រថា ប្រាក់សំណងដែលគេផ្ដល់ឱ្យក្នុងពេលបច្ចុប្បន្នទាបខ្លាំងណាស់ ហើយកំពុងទាមទារចន្លោះពី២.០០០ដុល្លារទៅ២.៥០០ដុល្លារក្នុងមួយម៉ែត្រក្រឡា នេះបើយោងតាមលោក ជា សុផារ៉ា។ ប៉ុន្តែរដ្ឋមន្ត្រីរូបនេះអះអាងថា សំណងដែលគេផ្ដល់ឱ្យនេះនៅមិនទាន់ប្រាកដទេ ដោយលើកឡើងថា លោកនឹងជួសមុខស្នើឱ្យក្រុមហ៊ុននេះបន្ថែម៥០ដុល្លារទៀតសម្រាប់មួយម៉ែត្រក្រឡា។

អ្នកស្រី ជ័យ រស្មី អាយុ៦០ឆ្នាំ ជាអ្នកភូមិដែលរស់នៅក្នុងអគារប៊ូឌិញនេះ បានលើកឡើងថា សំណងប្រហែល៣០.០០០ដុល្លារដែលអ្នកស្រីនឹងទទួលបានក្រោមការផ្ដល់នាពេលនេះមិនគ្រប់គ្រាន់នោះទេ។

អ្នកស្រីបានសួរថា “តើឱ្យខ្ញុំយកលុយប៉ុណ្ណឹងទៅទិញផ្ទះថ្មីម្ដេចបានទៅ?”។ អ្នកស្រីបានបន្តថា “យើងបានបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាតាំងពីយូរមកហើយ ហេតុដូច្នេះពួកគេត្រូវតែរកដំណោះស្រាយឱ្យយើង”។

អ្នកស្រីបានលើកឡើងទៀតថា ហើយប្រសិនបើរដ្ឋាភិបាល និងក្រុមហ៊ុននេះមិនអាចឈានដល់ការផ្ដល់ប្រាក់សំណងដែលមានការឯកភាពគ្នានោះទេ “យើងនឹងនៅតែបន្តរស់នៅទីនេះតទៅមុខទៀត”។

អ្នកស្រី ឈុំ សាកាន ជាអ្នកភូមិអាយុ៦០ម្នាក់ទៀតដែលរស់នៅប្លុកនេះដែរនោះបានលើកឡើងថា អ្នកស្រីនឹងព្រមព្រៀងតែក្នុងករណីណាដែលគេផ្ដល់ប្រាក់សំណងឱ្យយ៉ាងតិច២.០០០ដុល្លារក្នុងមួយម៉ែត្រក្រឡាប៉ុណ្ណោះ។

អ្នកស្រីក៏បានច្រានចោលការអំពាវនាវឱ្យជួយបោះឆ្នោតឱ្យរបស់រដ្ឋមន្ត្រីរូបនេះផងដែរ។

អ្នកស្រីបាននិយាយថា “វាជាការសម្រេចរបស់យើងថាតើគណបក្សណាដែលគួរតែបោះឆ្នោតឱ្យ”។ អ្នកស្រីបាននិយាយបន្តថា “ពួកគេជារដ្ឋាភិបាល ហេតុដូច្នេះតួនាទីរបស់ពួកគេគឺត្រូវស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ”៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស