30.7 C
Phnom Penh

មន្ត្រី​​ជាន់ខ្ពស់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ពន្យារ៣ឆ្នាំ​​ក្រោយ​​​អាយុ​ចូលនិវត្ត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សេចក្ដីព្រាងច្បាប់ថ្មីដែលអនុញ្ញាតឱ្យមន្ត្រីរាជការជាន់ខ្ពស់បន្តធ្វើការរហូតដល់៣ឆ្នាំបន្ថែមទៀតក្រោយដល់អាយុចូលនិវត្តនោះ ត្រូវបានបោះឆ្នោតអនុម័តនៅក្នុងរដ្ឋសភាកាលពីថ្ងៃសុក្រ  ទោះបីជាមានការរិះគន់ពីសមាជិកសភាគណបក្សប្រឆាំងមួយរូបថា វាអាចបើកផ្លូវសម្រាប់ការបន្តប្រព្រឹត្តអំពើពុករលួយ និងបក្ខពួកនិយមក៏ដោយ។

វិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមន្ត្រីរាជការនៃក្រុមនីតិប្បញ្ញត្តិនេះត្រូវបានស្នើឡើងដោយសមាជិកចំនួន២៩រូបកាលពីខែមករា។ ច្បាប់នេះចែងថា ក្របខ័ណ្ឌអភិបាល ក្របខ័ណ្ឌឧបការី និងក្របខ័ណ្ឌលេខាធិការដែលអាយុចូលនិវត្តគឺ៦០ឆ្នាំ ៥៨ឆ្នាំ និង៥៥ឆ្នាំ នោះ នឹងអាចពន្យារពេលកាន់មុខតំណែងបានរហូតដល់៣ឆ្នាំទៀត។ ពួកគេនឹងត្រូវដាក់ពាក្យសុំពន្យារពេលឡើងវិញរាល់ចុងឆ្នាំនីមួយ។

ក្នុងចំណោមសមាជិកសភាចំនួន៩៩រូប មាន៩៣រូបបានបោះឆ្នោតគាំទ្រវិសោធនកម្មនេះ។ សេចក្ដីព្រាងច្បាប់នេះឥឡូវបានបញ្ជូនទៅព្រឹទ្ធសភាហើយ។

WP-LastImage-14-800x533លោក ប៉ែន បញ្ញា សមាជិកសភាគណបក្សប្រជាជនកម្ពុជា ដែលក៏ជាប្រធានគណៈកម្មការនីតិកម្មនៃរដ្ឋសភាដែរនោះបានលើកឡើងថា វិសោធនកម្មនេះធ្វើឡើងមានបំណងជួយធ្វើឱ្យ”ជីវភាពរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់” បានប្រសើរឡើង។

ទោះជាយ៉ាងណា លោក ងឹម ញេង សមាជិកសភាគណបក្សសង្គ្រោះជាតិបានសម្ដែងក្ដីព្រួយបារម្ភថា ការពន្យារអាយុចូលនិវត្តនេះអាចនាំឱ្យមានការប្រព្រឹត្តអំពើពុករលួយ  និងរារាំងមន្ត្រីក្មេងៗមិនឱ្យមានឱកាសទទួលបានបទពិសោធន៍។

លោកបានមានប្រសាសន៍ថា “អ្នកដែលដល់អាយុ៦០ ៥៨ និង៥៥ឆ្នាំ ត្រូវតែចូលនិវត្ត  ហើយមិនគួរអនុញ្ញាតឱ្យពន្យារពេលបាន៣ឆ្នាំបន្ថែមទៀតនោះឡើយ”។

លោកបានមានប្រសាសន៍បន្ថែមថា “ការអនុញ្ញាតបែបនេះគឺដូចជាការផ្ដល់ឱកាសដល់មន្ត្រីពុករលួយ ឬបក្ខពួកនិយមបន្តធ្វើការតទៅមុខទៀត… ហើយបន្ទាប់មក ក្មេងៗជំនាន់ក្រោយមិនអាចជំនួសតំណែងរបស់ពួកគេបានឡើយ”។

លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាបានច្រានចោលការអះអាងទាំងនេះ ដោយគូសបញ្ជាក់ថា មន្ត្រីរាជការអាចពន្យារកិច្ចសន្យាបាន លុះត្រាតែមានការវាយតម្លៃ  ហើយថាមន្ត្រីក្មេងៗនឹងដាក់ឱ្យកាន់តំណែងប្រសិនបើពួកគេសាកសមនឹងទទួលបានតំណែងនោះ។

លោកបានមានប្រសាសន៍ថា “សម្រាប់បញ្ហាចូលនិវត្ត ដែលយើងនឹងអនុញ្ញាតឱ្យពន្យារ៣ឆ្នាំទៀត លុះត្រាតែមន្ត្រីទាំងនោះសំខាន់សម្រាប់ស្ថាប័ន”។

លោកបានមានប្រសាសន៍បន្តថា “ប្រសិនបើមានអ្នកថ្មីដែលមានសមត្ថភាពជំនួសតំណែងបាន អ៊ីចឹងមន្ត្រីនោះ [មន្ត្រីដល់អាយុចូលនិវត្ត]នឹងមិនអនុញ្ញាតឱ្យធ្វើការងារឡើយ។ ប៉ុន្តែប្រសិនបើប្រធានស្ថាប័នគិតថា បុគ្គលនោះមានសារៈសំខាន់ខ្លាំងសមនឹងទុកឱ្យនៅទីនោះតទៅទៀត គេនឹងអនុញ្ញាតឱ្យធ្វើការងារបន្តទៀតដើម្បីធ្វើឱ្យកន្លែងការងារមានដំណើរការទៅមុខល្អ”៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស