មន្ត្រីក្រសួងមហាផ្ទៃ និងអ្នកកាសែតកម្ពុជាដែលមានសម្ព័ន្ធភាពជាមួយរដ្ឋាភិបាលនឹងទទួលបានវគ្គបណ្តុះបណ្តាលពីសមភាគីចិន ហើយនឹងធ្វើដំណើរទៅបំពេញទស្សនកិច្ចក្នុងប្រទេសនេះ ក្រោមកិច្ចព្រមព្រៀងថ្មីដែលប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីម្សិលមិញ។
អ្នកកាសែត និងមន្ត្រីនឹងត្រូវផ្តល់ឲ្យនូវជំនាញរាយការណ៍ និងវគ្គបណ្តុះបណ្តាលបច្ចេកទេសនៅក្នុងប្រទេសចិនដែលជាប់លំដាប់ថ្នាក់ជិតបាតតារាងនៃសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០១៦របស់អ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) ដែលដាក់ចំណាត់ថ្នាក់ឲ្យប្រទេសចំនួន១៨១ នេះបើយោងតាមអនុស្សរណៈនៃការយោគយល់គ្នាដែលត្រូវបានចុះហត្ថលេខាដោយលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ជាំង ជាស៊ី (Jiang Jieshi ) រដ្ឋមន្ត្រីក្រសួងព័ត៌មានចិន។

លោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងនេះបានលើកឡើងថា ប្រទេសចិន “បានសន្យាធ្វើអ្វីៗគ្រប់យ៉ាងក្នុងគោលបំណងរៀបចំកម្មវិធីសិក្សាសម្រាប់អ្នកជំនាញកម្ពុជា”។ លោកបានបន្ថែមថា កម្មវិធីនេះនឹងបើកចំហសម្រាប់ទាំងបុគ្គលិកវិស័យឯកជន និងរដ្ឋ។
រដ្ឋាភិបាលក្រុងប៉េកាំងនឹងផ្តល់មូលនិធិនិងបច្ចេកវិទ្យាសម្រាប់កម្មវិធីផ្លាស់ប្តូរគ្នាទៅវិញទៅមកនេះដោយបន្តដើរតួនាទីក្នុងពេលចប្ចុប្បន្នរបស់ខ្លួន ក្នុងនាមជាម្ចាស់ជំនួយធំបំផុតរបស់កម្ពុជា។ ការចំណាយលើកម្មវិធីនេះមិនត្រូវបានបង្ហាញនោះឡើយ។
លោក អ៊ុក គឹមសេង បានលើកឡើងទៀតថា មន្ត្រី និងបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយចិនក៏នឹងមកបំពេញទស្សនកិច្ចនៅក្រសួងព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយកម្ពុជាផងដែរ។
លោកបានថ្លែងថា “ការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមកផ្តោតលើព័ត៌មាននយោបាយ សេដ្ឋកិច្ចសង្គម វប្បធម៌ និង ទេសចរណ៍ហើយវានឹងជួយយើងឲ្យដឹងថា អ្វីទៅដែលយើងមានរួមគ្នា”។
សេចក្តីប្រកាសនេះធ្វើឡើងក្រោយវេទិកាមួយដែលរៀបចំធ្វើឡើងកាលពីខែតុលាដោយមន្ត្រីឃោសនាការជាន់ខ្ពស់ម្នាក់នៅក្នុងគណបក្សកុម្មុយនិស្តចិន ដែលបានយកវេទិកានេះអំពាវនាវស្នើសុំឲ្យមានការបង្កើន ការសហការគ្នា និងចែករំលែកព័ត៌មានរវាងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា និងប្រព័ន្ធផ្សព្វផ្សាយរបស់ចិន។

ទូរទស្សន៍ វិទ្យុ និងកាសែតផ្សាយជាភាសា ខ្មែរនៅកម្ពុជាភាគច្រើនគ្រប់គ្រងដោយរដ្ឋ ឬម្ចាស់ដែលមានសម្ពន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា នេះបើយោងតាមការសិក្សាស្រាវជ្រាវដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនិងអ្នកសារព័ត៌មានគ្មានព្រំដែន។
ប៉ុន្តែ ដោយសារអីុនធឺណិត ជាពិសេសហ្វេសប៊ុក បានលប់លើទូរទស្សន៍ក្នុងនាមជាប្រភពព័ត៌មានសំខាន់បំផុតសម្រាប់ពលរដ្ឋខ្មែរនោះ បរិយាកាសប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជានៅតែខុសគ្នាពីប្រទេសចិន នេះបើយោងតាមការស្ទាបស្ទង់មតិកាលពីឆ្នាំមុនរបស់មូលនិធិអាស៊ី (Asia Foundation) ។
អ្នកយកព័ត៌មានរបស់មូលនិធីនេះបានលើកឡើងលើគេហទំព័រខ្លួនថា “ដោយបានបង្កើតប្រព័ន្ធគ្រប់គ្រងអុីធឺណិត Great Firewall ដើម្បីតាមដាន និងគ្រប់គ្រងប្លក់(blog)ព្រមទាំងបណ្តាញទំនាក់ទំនងសង្គមនោះ គណ បក្សកុម្មុយនិស្តនេះគ្រប់គ្រងទាំងស្រុងលើប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅក្នុងប្រទេសចិន”។
លោក ឆាំ ប៊ុនថេត អ្នកវិភាគនយោបាយបានលើកឡើងថា លោកមិនភ្ញាក់ផ្អើលទេ ដែលឃើញទំនាក់ទំនងមិត្តភាពកម្ពុជាចិនលាតសន្ធឹងរហូតដល់ប្រព័ន្ធផ្សព្វផ្សាយ។ ប្រព័ន្ធផ្សព្វផ្សាយដែលមានសម្ពន្ធភាពជាមួយរដ្ឋាភិបាលនៅក្នុងប្រទេសទាំងពីរនេះផ្សព្វផ្សាយតែព័ត៌មានដែលរងសម្ពាធពីរដ្ឋាភិបាលប៉ុណ្ណោះ។
លោកបានមានប្រសាសន៍កាលពីម្សិលមិញថា “ពួកគេមានបញ្ហាដូចគ្នា”។ លោកបានបន្ថែមថា “មានរឿងគួរឲ្យខ្លាចតក់ស្លុតជាច្រើនដែលមិនឃើញមាននៅក្នុងកាសែតទូរទស្សន៍ ឬវិទ្យុ”។ លោកបានបន្ថែមទៀតថា “នេះហើយជាសារធាតុរបស់ប្រព័ន្ធផ្សព្វផ្សាយនៅអាស៊ី”៕ស៊ុយឈាង