28 C
Phnom Penh

ក្រសួង​៖ រោងចក្រ​ដែល​ផ្ទុះ​ឡចំហាយ​កម្ដៅ​ទឹក​​​ ដំណើរ​ការ​ខុស​ច្បាប់​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រោងចក្រកាត់ដេរមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ ដែលមានមនុស្សពីរនាក់បាត់បង់ជីវិតបន្ទាប់ពីឡចំហាយកម្ដៅទឹកមួយបានផ្ទុះកាលពីថ្ងៃសៅរ៍នោះ មិនបានបណ្ដុះបណ្ដាលបុគ្គលិកពីរបៀបដំណើរការឡម៉ាស៊ីននេះឲ្យបានត្រឹមត្រូវទេ ហើយក៏មិនបានចុះបញ្ជីរោងចក្រនេះដែរ ពីព្រោះអាជីវកម្មនេះជា “គម្រោងសាកល្បង” នេះបើយោងតាមសាច់ញាតិម្នាក់របស់ម្ចាស់រោងចក្របាននិយាយកាលពីម្សិលមិញ។

រោងចក្រដែលមានឈ្មោះថា សិប្បកម្ម ចាន់ សេងហេង ខាងលើនេះបានចាប់ផ្ដើមដំណើរការកាលពីថ្ងៃទី០១ ខែមេសា ពោលគឺតែមួយសប្ដាហ៍ប៉ុណ្ណោះមុនហេតុការណ៍ផ្ទុះនេះ ដោយមិនទទួលបានលិខិតអនុញ្ញាតការផលិតពីក្រសួងឧស្សាហកម្ម និងសិប្បកម្មឡើយ នេះបើយោងតាមការលើកឡើងរបស់លោកស្រី លី ខេង ដែលកូនស្រី និងកូនប្រសារប្រុសរបស់គាត់ជាម្ចាស់រោងចក្រក្នុងបរិវេណតែមួយជាមួយនឹងសិប្បកម្មផលិតទឹកស៊ីអុីវរបស់លោកស្រីនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

កម្ទេចកម្ទីបែកបាក់រាយប៉ាយនៅរោងចក្រកាត់ដេរមួយកន្លែងក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញកាលពីថ្ងៃអាទិត្យ បន្ទាប់ពីឡចំហាយកម្ដៅទឹកផ្ទុះបណ្ដាលឱ្យកម្មករពីរនាក់បាត់បង់ជីវិត។ Hannah Hawkins/Cambodia Daily
កម្ទេចកម្ទីបែកបាក់រាយប៉ាយនៅរោងចក្រកាត់ដេរមួយកន្លែងក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញកាលពីថ្ងៃអាទិត្យ បន្ទាប់ពីឡចំហាយកម្ដៅទឹកផ្ទុះបណ្ដាលឱ្យកម្មករពីរនាក់បាត់បង់ជីវិត។ Hannah Hawkins/Cambodia Daily

អាជ្ញាធរ និងកម្មករនិយាយថា បុរសឈ្មោះ សឿន ផល អាយុ២៧ឆ្នាំដែលជាសន្តិសុខ និងស្ត្រីឈ្មោះ គង់ ផានី អាយុ៦១ឆ្នាំ ដែលជាអ្នកបោសសម្អាតបានបាត់បង់ជីវិតនៅពេលឡចំហាយកម្ដៅទឹកដុតដោយអុសបានផ្ទុះឡើង។ សន្តិសុខដែលមិនចេះពីរបៀបដំណើរការឡម៉ាស៊ីនបានបន្ថែមអុសចូលទៅក្នុងចង្ក្រានឡមុនពេលវាផ្ទុះ។

លោកស្រី លីម ហ្គិចហៀក ដែលជាម្ចាស់រោងចក្រនេះដែរបានអនុញ្ញាតឱ្យម្ដាយរបស់គាត់និយាយជួសមុខគាត់កាលពីម្សិលមិញ។

លោកស្រី លី ខេង មានប្រសាសន៍ថា គ្រួសាររបស់លោកស្រីមិនទាន់បានចុះបញ្ជីសិប្បកម្ម ចាន់ សេងហេង ជារោងចក្រកាត់ដេរនៅឡើយទេ ពីព្រោះអាជីវកម្មនេះកំពុងស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយ។

ទោះជាយ៉ាងណា លោក អ៊ុំ សុថា អ្នកនាំពាក្យក្រសួងឧស្សាហកម្ម និងសិប្បកម្មបានមានប្រសាសន៍ថា ការលើកលែងការចុះបញ្ជីបែបនេះគឺគ្មានទេ មានន័យថា អាជីវកម្មនេះដំណើរការដោយខុសច្បាប់។

លោកបានបន្ថែមថា មន្ត្រីក្រសួងដែលបានចុះទៅរោងចក្រនេះកាលពីម្សិលមិញ បានរកឃើញថា កម្មករគ្មានជំនាញបានដំណើរការគ្រឿងចក្រស្មុគស្មាញ ហើយរោងចក្រត្រូវតែទទួលខុសត្រូវចំពោះការផ្ទុះនេះ។ “អ្នកដំណើរការឡចំហាយកម្ដៅទឹកត្រូវមានជំនាញច្បាស់លាស់ និងវិញ្ញាបនបត្រត្រឹមត្រូវ”។

លោកស្រី លី ខេង បានបញ្ជាក់ថា មន្ត្រីពិតជាបានចុះទៅពិនិត្យរោងចក្រនេះមែនកាលពីម្សិលមិញ ហើយថា មន្ត្រីទាំងនោះបានណែនាំឱ្យលោកស្រីជួលអ្នកកាន់ម៉ាស៊ីនដែលទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវ នៅពេលដំណើរការផលិតសម្លៀកបំពាក់នេះបើកឡើងវិញ។ លោកស្រីថ្លែងថា មន្ត្រីមួយរូបក៏បាននិយាយជាមួយបុគ្គលិកម្នាក់របស់គាត់ដែលបច្ចុប្បន្នកំពុងដំណើរការឡម៉ាស៊ីនដុតដោយអុសនៅក្នុងសិប្បកម្មផលិតទឹកស៊ីអុីវ ផេង លី ហើយ “បានប្រាប់គាត់ពីអ្វីដែលគាត់ត្រូវធ្វើ”។

លោកស្រីបានបន្ថែមថា “យើងនឹងបើកឡើងវិញ ប៉ុន្តែខ្ញុំមិនប្រាកដថាពេលណាទេ”។

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យមានប្រសាសន៍ថា រោងចក្រនេះនឹងអាចបើកដំណើរការឡើងវិញបាន ប្រសិនបើទទួលបានលិខិតអនុញ្ញាតពីក្រសួងការងារ។

លោកថ្លែងថា “ពេលក្រសួងអាចបញ្ជូនមន្ត្រីមកត្រួតពិនិត្យ និងណែនាំឱ្យកែលម្អឱ្យត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេស  និងនៅពេលក្រសួងចេញលិខិតអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ អាជ្ញាធរមូលដ្ឋានក៏នឹងអនុញ្ញាតដែរ”។

លោក អ៊ូច ម៉ានី ប្រធាននាយកដ្ឋានបច្ចេកទេស វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃក្រសួងឧស្សាហកម្ម និងសិប្បកម្មបានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា គ្រឿងចក្រដូចជាឡចំហាយកម្ដៅទឹកជាដើមចាំាបាច់ត្រូវតែចុះបញ្ជីនៅក្រសួងដែលជាអ្នកត្រួតពិនិត្យលើវាជាប្រចាំ។

កម្មករនៅបរិវេណរោងចក្រនេះបាននិយាយកាលពីម្សិលមិញថា ដំណើរការផលិតសម្លៀកបំពាក់បច្ចុប្បន្នទើបតែចាប់ផ្ដើមកាលពីពេលថ្មីៗនេះប៉ុណ្ណោះ ប៉ុន្តែម្ចាស់មុនៗក៏ធ្លាប់បានប្រើប្រាស់ទីតាំងនេះ និងម៉ាស៊ីនឡដដែលនេះដែរ។

លោក អ៊ុំ ចន្ធី អ្នកគ្រប់គ្រងសម្ភារនៅសិប្បកម្មផលិតទឹកស៊ីអុីវនិយាយថា ម៉ាស៊ីនឡដែលផ្ទុះទើបតែដំឡើងបានប្រហែល១ឆ្នាំមុនប៉ុណ្ណោះ ប៉ុន្តែមិនធ្លាប់មានមន្ត្រីណាចុះទៅធ្វើតេស្តវាទេ។

គាត់និយាយថា គាត់បានទៅរោងចក្រកាត់ដេរដែលនៅជាប់គ្នាប៉ុន្មានថ្ងៃមុនពេលផ្ទុះ ដើម្បីបើកសឺប៉ាប់សម្ពាធរបស់ម៉ាស៊ីនឡ បន្ទាប់ពីសន្តិសុខប្រាប់ថាវាមានបញ្ហា។  គាត់បានបន្ថែមថា គាត់មានការយល់ដឹងពីគ្រឿងចក្រទាំងនេះ ប៉ុន្តែគាត់មិនធ្លាប់ទទួលបានការបណ្ដុះបណ្ដាលផ្លូវការផ្នែកដំណើរការម៉ាស៊ីនឡបែបនេះទេ។

គាត់បញ្ជាក់ថា គាត់មិនបាននៅកន្លែងធ្វើការទេនៅពេលគ្រោះថ្នាក់នេះបានកើតឡើងកាលពីថ្ងៃសៅរ៍ ប៉ុន្តែគាត់យល់ថា ឈ្មោះ សឿន ផល និង គង់ ផានី បានព្យាយាមដកអុសដែលកំពុងតែឆេះចេញជំនួសឱ្យការបើកសឺប៉ាប់សម្ពាធ។

គាត់និយាយថា “បើវាបើកដំណើរការឡើងវិញ គួរតែរកអ្នកមានជំនាញ និងទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវ” ហើយថា ការធ្វេសប្រហែសក្នុងការប្រើប្រាស់បុគ្គលិកគ្មានជំនាញបានធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅក្បែរខាងប្រឈមនឹងគ្រោះថ្នាក់។ បំណែកធំៗនៃម៉ាស៊ីនឡបានហោះប៉ើងចម្ងាយប្រហែល១៥០ម៉ែត្រ ហើយបុកត្រូវអគារលំនៅដ្ឋានមួយដែលនៅជាប់នោះ បណ្ដាលឱ្យបង្អួចរងការខូចខាត។

លោក ហួ ម៉េងវ៉ាង អធិការរងខណ្ឌមានជ័យមានប្រសាសន៍ថា នគរបាលកំពុងតាមស្វែងរកជាងជួសជុលម្នាក់ដែលរោងចក្របានជួលឲ្យទៅជួសជុលកាលពីថ្ងៃសុក្រ ជាពេលម៉ាស៊ីនធ្លាយចេញចំហាយទឹក។

កាលពីខែមុន ឡចំហាយកម្ដៅទឹកដូចគ្នានេះបានសម្លាប់កម្មករម្នាក់ និងបង្កឱ្យមនុស្សប្រាំពីរនាក់ទៀតរងរបួស នៅពេលវាផ្ទុះប៉ើងទៅលើអាកាសប្រហែល១០០ម៉ែត្រ ហើយធ្លាក់មកវិញចំកង់ទីននៅរោងចក្រមួយកន្លែងក្នុងខណ្ឌសែនសុខ ដែលផលិតខោខូវប៊ូយឱ្យក្រុមហុន Levi’s របស់អាមេរិក។ រោងចក្រ ស៊ិន តាយ ហ្គាមែន ដែលជារបស់ជនជាតិចិនខាងលើនេះបានផ្ដល់សំណង១២.០០០ដុល្លារដល់ក្រុមគ្រួសាររបស់កម្មករដែលបាត់បង់ជីវិត។

លោកស្រី លី ខេង មានប្រសាសន៍កាលពីម្សិលមិញថា លោកស្រីបានផ្ដល់សំណង៣.០០០ដុល្លារដល់គ្រួសាររបស់សន្តិសុខរួចហើយ ចំណែកឯគ្រួសាររបស់អ្នកស្រី គង់ ផានី រវល់រៀបចំពិធីបុណ្យសពទើបមិនទាន់បានចរចាគ្នា៕ សុខុម (រាយការណ៍បន្ថែមដោយ អ៊ូច សូនី)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស