ក្រុមមន្ត្រីបានលើកឡើងថា លោក ឈាន ពិសិដ្ឋ មន្ត្រីច្រកទា្វរព្រំដែនអន្តរជាតិប៉ោយ ប៉ែតដែលរងការចម្អកពីមហាជនកាលពីខែធ្នូដោយសារធ្វើពុធជាដួលនៅមុខរថយន្តស្ទើរតែមិនកម្រើក កង់ដែលបើកបរដោយសកម្មជនគណបក្សប្រឆាំងម្នាក់នោះ ត្រូវបានបណ្តេញចេញពីតួនាទីកាលពីម្សិលមិញ បន្ទាប់ពីបាញ់ប្រហារសហសេវិកម្នាក់ ហើយបានរត់គេចខ្លួនទៅប្រទេសក្រៅ។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចាត់វិធានការភ្លាមៗដើម្បីដោះស្រាយជាមួយវរៈសេនីយ៍ត្រីរូបនេះ ដោយបានចុះហត្ថលេខាលើប្រកាសមួយដើម្បីបណ្តេញលោក ឈាន ពិសិដ្ឋ ចេញផុតពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ព្រមទាំងដកហូតមុខតំណែង និងឋានន្តរស័ក្ដិផងដែរ នេះបើតាមការបញ្ជាក់ពីលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងនេះ។
ប្រាក់បៀវត្សរ៍របស់លោក ឈាន ពិសិដ្ឋក៏នឹងត្រូវបានកាត់ផ្តាច់គិតចាប់ពីខែនេះទៅផងដែរ នេះបើយោងតាមប្រកាសកាលពីម្សិលមិញ។
លោកឧត្តមសេនីយ៍ ខៀវ សុភ័គ បានមានប្រសាសន៍ថា “សម្តេចក្រឡាហោម[លោក ស ខេង] គាត់បានចុះហត្តលេខាលើប្រកាស… បណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ”។ លោកបានបន្ថែមថា លោក ឈាន ពិសិដ្ឋ ដែលគេគិតថា បានរត់គេចទៅប្រទេសក្រៅនឹងត្រូវបញ្ជូនទៅតុលាការពេលចាប់ខ្លួនបាន ហើយ “អនុវត្តទោសតាមច្បាប់”។
លោក ឈាន ពិសិដ្ឋ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានរត់គេចខ្លួនចោលតំណែងរបស់ខ្លួនកាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានបាញ់ប្រហារលើលោក សេម មករា នាយផ្នែករដ្ឋបាលដោយសារជម្លោះរវាងមន្ត្រីច្រកទ្វារព្រំដែនពីររូបផ្សេងទៀតដែលបានកើតឡើងកាលពីថ្ងៃសុក្រ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃដែលបានចេញកាលពីថ្ងៃអាទិត្យបានឲ្យដឹងថា ជម្លោះនេះបានចាប់ផ្តើមពេលលោក នៅ លីដា ដែលជាមន្ត្រីផ្នែករដ្ឋបាលត្រូវសហសេវិករបស់លោកឈ្មោះ កឹម កែវរក្សា ហៅថា “អាកញ្ជះគេ”។
ជម្លោះនេះបានកើតឡើងកាលពីចុងសប្តាហ៍ ហើយស្ទើរតែឈានទៅដល់ការវាយតប់គ្នារវាងបុរសទាំងពីរនាក់កាលពីថ្ងៃអាទិត្យ។ លោក សេម មករា ដែលទីបំផុតបានក្លាយជាជនរងគ្រោះនៃការបាញ់ប្រហារ នោះបានហៅអ្នកទាំងពីរ( លោក នៅ លីដា និង លោក កឹម កែវរក្សា) មកអង្គភាពដើម្បីសួរនាំក្នុងគោលបំណងសម្របសម្រួលគ្នាឡើងវិញ ស្រាប់តែពេលលោក ឈាន ពិសិដ្ឋ បានបើករថយន្តមកជាមួយលោក កឹម កែវរក្សា ចូលក្នុងអង្គភាពតែម្តង នេះបើយោងតាមសេចក្តីថ្លែងការនេះ។
ពេលលោក សេម មករា បានត្រឡប់ទៅកាន់ការិយាល័យនៅម៉ោងប្រហែល៨និង៤៥នាទីព្រឹកវិញ បន្ទាប់ពីទៅសុំជំនួយអន្តរាគមន៍ពីលោក សឹុម សំអាត ដែលជានាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនោះ ស្រាប់តែលោក ត្រូវលោក ឈាន ពិសិដ្ឋ បាញ់ត្រូវប្រផិតចំស្មាមួយគ្រាប់តែម្តង។
លោក សឹុម សំអាត បានបដិសេធមិនធ្វើអត្ថាធិប្បាយលើករណីនេះឡើយកាលពីម្សិលមិញ។
លោក កែវ វណ្ណថន ដែលជាអគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយករដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបានលើកឡើងថា នាយកដ្ឋានរបស់លោកបានស្នើឲ្យបណ្តេញ លោក ឈាន ពិសិដ្ឋ ចេញពីតំណែង។លោកបានបន្ថែមថា វាសនារបស់លោក កឹម កែវរក្សា នឹងត្រូវកំណត់ អំឡុងការពិនិត្យមួយនៅពេលក្រោយ។
លោកបានមានប្រសាសន៍ថា “យើងធ្វើតែអ្នកដែលជនដៃដល់ទេ”។
កាលពីម្សិលមិញ មន្ត្រីរដ្ឋាភិបាលមិនបានបញ្ជាក់ថាតើលោក ឈាន ពិសិដ្ឋ នៅឯណានោះឡើយ ដោយលោកឧត្តមសេនីយ៍ ខៀវ សុភ័គ គ្រាន់តែលើកឡើងថា គេគិតថា ជនសង្ស័យនៅ”ប្រទេសក្រៅ”។
លោកបានមានប្រសាសន៍ថា “យើងសហការជាមួយសមត្ថកិច្ចនៃប្រទេសនោះដើម្បីសុំឲ្យមានការចាប់ខ្លួន”។
លោក សេម មករា បានលើកឡើងថា លោក ឈាន ពិសិដ្ឋ បានគេចខ្លួនទៅប្រទេសថៃ។លោក ឈាន ពិសិដ្ឋ បានបង្កឲ្យកើតមានរឿងចម្រូងចម្រាសកាលពីខែធ្នូ បន្ទាប់ពីវីដេអូឃ្លីបដែលបង្ហាញឲ្យឃើញពីសកម្មភាពលោកដួលនៅខាងមុខរថយន្តស្ទើរមិនកម្រើកកង់ដែលបើកបរដោយសកម្មជនគណបក្សប្រឆាំងឈ្មោះ ម៉ង់ ពុទ្ធី ត្រូវបានគេចែករំលែកយ៉ាងព្រោងព្រាតតាមបណ្តាញទំនាក់ទំនងសង្គម។ ក្រោយមកលោកត្រូវបានគេបានបញ្ជូនទៅមន្ទីរពេទ្យមួយក្នុងប្រទេសថៃដោយមានពាក់រណបក។
ទោះបីជាលោក ឈាន ពិសិដ្ឋ អះអាងថា ខ្លួនរងរបួសក៏ដោយ តែសាក្សីនៅកន្លែងកើតហេតុអះអាងថា លោកធ្វើពុតជាដួលនៅមុខរថយន្តដែលស្ទើរមិនកម្រើកកង់៕ ស៊ុយឈាង