37 C
Phnom Penh

​​​តំណាង​រាស្ត្រ​ CNRP ​ទៅ​សួរ​សុខទុក្ខ​អ្នក​ទោស និង​ជំរុញ​ឱ្យដោះលែង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ តំណាងរាស្ត្រគណបក្សប្រឆាំងចំនួនប្រាំរូបបានចុះទៅសួរសុខទុក្ខសកម្មជន និងអតីតមន្ត្រីបក្សដែលជាប់ឃុំនៅពន្ធនាគារព្រៃសក្នុងរាជធានីភ្នំពេញ ដើម្បីលើកទឹកចិត្ត និងជូនពរពួកគាត់សម្រាប់ឆ្នាំថ្មី នេះបើយោងតាមការបញ្ជាក់ពីលោក ហូរ វ៉ាន់ ដែលបានរួមដំណើរចុះទៅសួរសុខទុក្ខនេះ។

ការចុះទៅសួរសុខទុក្ខនេះមានរយៈពេលជាង១ម៉ោង និងរួមមានទាំងការជជែកជាមួយលោក ហុង សុខហួរ លោក អ៊ុំ សំអាន និងលោក មាជ សុវណ្ណារ៉ា ដែលសុទ្ធតែបានលាលែងពីតំណែងរបស់ខ្លួនជាមន្ត្រីគណបក្សប្រឆាំងកាលពីខែកុម្ភៈ ក្រោយមានការ អនុម័តច្បាប់ដ៏ចម្រូងចម្រាសមួយដែលអាចធ្វើឱ្យគណបក្សសង្គ្រោះជាតិទទួលរងការរម្លាយចោល  ប្រសិនបើសមាជិកជាន់ខ្ពស់របស់ខ្លួនមានទោសប្រព្រឹត្តបទល្មើស។

លោក ហូរ វ៉ាន់ មានប្រសាសន៍ថា “ពួកគាត់និយាយថា ពួកគាត់អាចទ្រាំបាន [ការជាប់ពន្ធនាគារ] ហើយបានអំពាវនាវឱ្យសកម្មជនទាំងអស់ធ្វើការរួមគ្នាដើម្បីទទួលបានលទ្ធផលល្អ” សម្រាប់គណបក្សសង្គ្រោះជាតិនៅក្នុងការបោះឆ្នោតឃុំ សង្កាត់ដែលនឹងមកដល់នៅក្នុងពេលដ៏ខ្លីខាងមុខ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

លោកបានលើកឡើងទៀតថា គណបក្សនឹងព្យាយាមជំរុញឱ្យមានការដោះលែងអ្នកទោសទាំងនេះតាមរយៈគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន  ក្នុងនោះរួមមានទាំងការចរចាជាមួយគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចផងដែរដើម្បីបង្កើត “បរិយាកាសល្អនៅមុនការបោះឆ្នោតក្នុងពេលដ៏ខ្លីខាងមុខ”។

ទាក់ទិនករណីនេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានគូសបញ្ជាក់ថា ការសម្រេចពាក់ព័ន្ធការពិភាក្សាចរចាជាមួយគណបក្សប្រឆាំង “អាស្រ័យលើថ្នាក់ដឹកនាំ [គណបក្សប្រជាជនកម្ពុជា]”៕ សុខុម

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស