ផ្ទុយពីបញ្ជីឈ្មោះបោះឆ្នោតអាណត្តិមុនៗដែលជាប្រភពមួយក្នុងចំណោមប្រភពធំៗនាំឲ្យមានការផ្ទុះកំហឹង និងភាពទោមនស្សបញ្ជីឈ្មោះបោះឆ្នោតថ្មីដែលបានបង្កើតឡើងសម្រាប់ការបោះឆ្នោតឃុំសង្កាត់នៅខែមិថុនាខាងមុខនេះបានឆ្លងផុតការធ្វើសវនកម្មហើយដោយទទួលបានលទ្ធផលដ៏ល្អប្រសើរ ខណៈអ្នកធ្វើអត្ថាធិប្បាយនៅតែមានមន្ទិលថា តើប្រទេសកម្ពុជាពិតជាអាចរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅថ្ងៃទី៤ខែមិថុនាបានមែនឬយ៉ាងណា។
កាលពីល្ងាចមិញ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) បានចេញរបាយការណ៍ពេញលេញពាក់ព័ន្ធបញ្ជីឈ្មោះបោះឆ្នោតដែលធ្វើថ្មីទាំងស្រុងឡើងវិញ បន្ទាប់ពីគណៈកម្មាធិការនេះបានចេញរបាយការណ៍សង្ខេបមួយអំឡុងសន្និសីទកាសែតកាលពីសប្តាហ៍មុន។
របាយការណ៍របស់ខុមហ្វ្រែលមានខ្លឹមសារដូច្នេះថា “សវនកម្មនេះបានរកឃើញថា ភាពត្រឹមត្រូវ និងជឿជាក់លើគុណភាពបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៦ មានភាពត្រឹមត្រូវ និងច្បាស់លាស់ បើប្រៀបធៀបជាមួយបញ្ចីឈ្មោះពីមុនៗ”។
ខុមហ្វ្រេលបានផ្ទៀងផ្ទាត់ឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតតាមរយៈការចុះស្ទាបស្ទង់មតិអ្នកបោះឆ្នោតពិតប្រាកដដោយផ្ទាល់។គណៈកម្មាធិការនេះបានស្ទាបស្ទង់មតិអ្នកបោះឆ្នោតចំនួន២.៦៩០នាក់នៅទូទាំងប្រទេសដើម្បីផ្ទៀងផ្ទាត់ព័ត៌មានលម្អិតរបស់ពួកទៅនឹងអ្វីដែលបានកត់ត្រាក្នុងបញ្ជីឈ្មោះបោះឆ្នោតថ្មី។
របាយការណ៍នេះបានលើកឡើងបន្តថា៩៨ភាគរយនៃ ឈ្មោះដែលត្រូវបានជ្រើសរើសចោះៗពីបញ្ជីឈ្មោះឌីជីថលថ្មីត្រូវបានរកឃើញថា ត្រឹមត្រូវ បើធៀបទៅនឹងបញ្ជីឈ្មោះមុនដែលមានភាពត្រឹមត្រូវត្រឹមតែ៨១ភាគរយនោះ។
របាយការណ៍នេះបានលើកឡើងថា មាន៩៦,៨ភាគរយនៃទិន្នន័យដែលបានវិភាគបង្ហាញថា ឈ្មោះអ្នកបោះឆ្នោតគឺត្រឹមត្រូវ ៩៩,៧ភាគរយបង្ហាញអំពីភាពត្រឹមត្រូវនៃព័ត៌មានអំពីភេទរបស់អ្នកចុះឈ្មោះបោះឆ្នោត៩៦ភាគរយបង្ហាញថា ថ្ងៃខែឆ្នាំកំណើត របស់អ្នកបោះឆ្នោតត្រឹមត្រូវ និង៩៧ភាគរយជាកម្រិតនៃភាពត្រឹមត្រូវនៃព័ត៌មានអាសយដ្ឋានរបស់អ្នកផ្តល់ចម្លើយ។
សវនកម្មឆ្មាំ២០១៣ដែលធ្វើឡើងដោយអង្គការបោះឆ្នោតមិនមែនរដ្ឋាភិបាលចំនួនពីរផ្សេងទៀតបានរកឃើញថា មានឈ្មោះត្រឹមតែ៨៧,៣ភាគរយប៉ុណ្ណោះដែលត្រូវបានកត់ត្រាត្រឹមត្រូវនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតមុន រីឯថ្ងៃខែឆ្នាំកំណើតវិញកត់ត្រាត្រឹមត្រូវបានត្រឹមតែ៦៣,៧ភាគរយប៉ុណ្ណោះ។
របាយការណ៍របស់ខុមហ្វ្រេលបានបន្តថា “គួរបញ្ជាក់ផងដែរថា ទិន្នន័យបញ្ជីឈ្មោះអ្នកបោះឆ្នោតត្រូវបានកត់ត្រាទុកជាមួយនឹងកម្រិតនៃភាពត្រឹមត្រូវខ្ពស់ ដែលមានកម្រិតច្រើនជាង៩៣ភាគរយចំពោះអ្នកផ្តល់ចម្លើយម្នាក់ៗ”។
បញ្ជីឈ្មោះនេះដែលពីមុនកត់ត្រាដោយដៃនោះ ត្រូវបានរៀបចំឡើងវិញទាំងស្រុងកាលពីឆ្នាំមុន បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីភាពមិនប្រកតីដែលធ្វើឲ្យផ្ទុះការតវ៉ាទ្រង់ទ្រាយធំនៅក្នុងរាជធានីភ្នំពេញ ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ដ៏ចម្រូងចម្រាសដែលគណបក្សសង្គ្រោះជាតិបានអះអាងថា ម្លេ៉ះខ្លួនឈ្នះគណបក្សប្រជាជនកម្ពុជាបាត់ទៅហើយ បើមិនមានការបន្លំឈ្មោះអ្នកបោះឆ្នោត។
យោងតាមរបាយការណ៍ឆ្នាំ២០១៣ចេញដោយខុមហ្វ្រែលស្តីពីការបោះឆ្នោតជាតិនៅក្នុងឆ្នាំនោះ មានអ្នកបោះឆ្នោតច្រើនរហូតដល់១,២៥លាននាក់បានបាត់បង់សិទ្ធិបោះឆ្នោតដោយសារភាពមិនប្រក្រតីនៅក្នុងបញ្ជីឈ្មោះបោះឆ្នោត។អ្នកបោះឆ្នោតមួយចំនួនរអ៊ូរទាំចំពោះព័ត៌មានលម្អិតដែលកត់ត្រាមិនបានត្រឹមត្រូវ រីឯអ្នកអង្កេតការណ៍បោះឆ្នោតវិញក៏បានលើកឡើងអំពី “អ្នកបោះឆ្នោតខ្មោច” ដែលឈ្មោះរបស់ពួកគេជាន់គ្នា ឬផ្ទៀងផ្ទាត់មិនត្រូវទាល់តែសោះ។
បន្ទាប់ពីមានការប្រឈមមុខដាក់គ្នារវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ក្រោយបោះឆ្នោតរួចនោះ ច្បាប់ស្តីអំពីការបោះឆ្នោតត្រូវបានធ្វើវិសោធនកម្ម ហើយស្ថាប័នបោះឆ្នោតថ្មីត្រូវបានបង្កើត ឡើង។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) មានសមាជិក៤រូបដែលតែងតាំងមកពីគណបក្សនីមួយៗ និងមានសមាជិកអព្យាក្រឹតទី៩មួយរូបដែលឯកភាពដោយគណបក្សទាំងពីរ។
ដំណើរការចុះឈ្មោះបោះឆ្នោតនេះក៏មានការធ្វើបច្ចុប្បន្នភាពយ៉ាងខ្លាំង និងប្តូរពីក្រដាសទៅជាឌីជីថលផងដែរ ខណៈពលរដ្ឋខ្មែរចុះឈ្មោះផ្តល់ព័ត៌មានលម្អិតជាមួយមន្ត្រី គ.ជ.ប. មិនមែនជាមួយមន្ត្រីនគរបាលឃុំសង្កាត់ឡើយនៅលើកនេះ។
លោក គឹម ឆន អ្នកសម្របសម្រួលកម្មវិធីជាន់ខ្ពស់នៅខុមហ្វ្រែលបានលើកឡើងថា លទ្ធផលស្ទាបស្ទង់មតិដ៏វិជ្ជមាននេះគឺ បានមកដោយសារដំណើរការចុះឈ្មោះបោះឆ្នោតដ៏ទំនើបដែលប្រើតាមប្រព័ន្ធឌីជីថលដោយមានជំនួយគាំទ្រពីប្រទេសជប៉ុន និងសហភាពអឺរ៉ុប។
លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជាហៅកាត់និកហ្វិក ដែលជួយអង្គការខុមហ្វ្រែល នៅក្នុងការសិក្សានេះបានលើកឡើងថា ការដែលដាក់មន្ត្រីគ.ជ.ប.ដែលទទួលបានវគ្គបណ្តុះបណ្តាលដ៏ពិសេសឲ្យធ្វើជាអ្នកកត់ត្រាព័ត៌មានលម្អិតរបស់អ្នកបោះឆ្នោត ដោយមិនប្រើមន្ត្រីនគរបាលឃុំសង្កាត់ដូចមុននោះ ក៏ធ្វើឲ្យភាពច្បាស់លាស់មានភាពប្រសើរឡើងផងដែរ។
លោកបានលើកឡើងថា គេរកឃើញ”កំហុសតិចតួចណាស់” បើប្រៀបធៀបទៅនឹងបញ្ជីឈ្មោះបោះឆ្នោតចាស់។ លោកបានបន្ថែមថា “ពីមុន ប្រជាពលរដ្ឋជាច្រើនបានរអូ៊រទាំចំពោះការចុះឈ្មោះបោះឆ្នោត”។
លោក ហង្ស ពុទ្ធាអ្នកនាំពាក្យ គ.ជ.ប. បានលើកឡើងថា ភាពមិនប្រក្រតីលែងមានទៀតហើយនៅពេលនេះ។ លោកបានមានប្រសាសន៍ថា “មិនមានឈ្មោះជាន់គ្នាកើតឡើងទេ។ បញ្ជីឈ្មោះនេះច្បាស់លាស់ណាស់ ដោយសារការចុះឈ្មោះតាមប្រព័ន្ធអេឡិចត្រូនិកជីវមាត្រ “។ លោកបានបន្តទៀតថា “វាល្អប្រសើរជាងបញ្ជីឈ្មោះបោះឆ្នោតមុន”។
លោក ហង្ស ពុទ្ធា បានលើកឡើងទៀតថា កង្វល់ដ៏ធំបំផុតរបស់លោកចំពោះការបោះឆ្នោតឃុំសង្កាត់នាខែមិថុនាខាងមុខគឺថា តើប្រជាពលរដ្ឋនឹងមានឯកសារដែលតម្រូវឲ្យមានសម្រាប់ការបោះឆ្នោតនៅថ្ងៃនោះឬក៏អត់។លោកបានថ្លែងថា “យើងព្រួយបារម្ភខ្លាចប្រជាពលរដ្ឋមួយចំនួនដែលបាត់អត្តសញ្ញាណ ប័ណ្ណ ហើយមិនបានមកប្រាប់អំពីការបាត់នេះ នឹងមិនត្រូវបានអនុញ្ញាតឲ្យបោះឆ្នោត”។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា បញ្ចីឈ្មោះ បោះឆ្នោតនេះល្អដូចអ្វីដែលប្រជាពលរដ្ឋគ្រប់រូបប្រាថ្នាចង់បាន។
លោកបានមានប្រសាសន៍ថា “នេះបង្ហាញ ថា គ.ជ.ប.ធ្វើការបានយ៉ាងល្អ។ វាគឺជាជោគជ័យរបស់ គ.ជ.ប.។ ខ្ញុំគិតថា ៩៨ភាគរយ គឺចាត់ទុកថា ឥតខ្ចោះហើយ”។
លោកបានបន្ថែមថា “យើងមានភាពច្បាស់ លាស់ជាងបញ្ជីឈ្មោះ បោះឆ្នោតមុនៗដោយសារបច្ចេកវិទ្យាខ្ពស់”។
លោក ឆាំ ប៊ុនថេត អ្នកវិភាគនយោបាយដែលជាទីប្រឹក្សាគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានលើកឡើងថា វានៅតែមានការលំបាកក្នុងការជឿថា កម្ពុជានឹងពិតជាមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ដោយសារតែប្រវត្តិមិនល្អរបស់ខ្លួន។
ដោយសំដៅដល់ការបោះឆ្នោតលើកដំបូងដែលរៀបចំដោយអង្គការសហប្រជាជាតិក្រោយសង្គ្រាមរាប់ទសវត្សរ៍នោះ លោកបានមានប្រសាសន៍ថា “ជាការពិត ការ បោះឆ្នោតនៅកម្ពុជាមិនដែលធ្វើឡើងដោយសេរី និងយុត្តិធម៌ទេ ប្រហែលចាប់តាំងពីឆ្នាំ១៩៩៣មកម្លេ៉ះ”។
លោកបានមានប្រសាសន៍បន្តថា “នៅ ក្នុងការបោះឆ្នោតបី ឬបួនលើកចុងក្រោយនៅកម្ពុជា គឺសុទ្ធតែមិនមានភាពយុត្តិធម៌…ខ្ញុំមិនគិតថា យើងនឹងមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ឡើយនៅក្នុងឆ្នាំ២០១៧ ឬ២០១៨”។
លោក ឆាំ ប៊ុនថេត បានលើកឡើងទៀតថា បញ្ជីឈ្មោះ បោះឆ្នោតប្រហែលជាលែងមានបញ្ហាហើយ ប៉ុន្តែ ថា វានៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ “ដើម្បីប្រកួតប្រជែងដោយយុត្តិធម៌ យើងត្រូវតែមានបរិយាកាសដ៏សេរី ដែលយើងអាចតស៊ូមតិដោយសេរី អំពាវនាវដល់អ្នកបោះឆ្នោត ហើយអ្នកបោះឆ្នោតអាចទទួលបាននូវអ្វីដែលគណបក្សនីមួយៗសំដែងចេញ និងមិនត្រូវមានការគំរាម ការរារាំង ឬការដាក់សម្ពាធ “លើគណបក្សនីមួយៗ” ពាក់ព័ន្ធបញ្ហាសំខាន់ៗនោះឡើយ”។
លោកបានលើកឡើងបន្តទៀតថា ទោះបីជាមានបញ្ជីឈ្មោះបោះឆ្នោតថ្មីដ៏ប្រសើរក៏ដោយ តែគណបក្សប្រជាជនកម្ពុជាទំនងជានៅតែអាចប្រើល្បិចបានដើម្បីធ្វើឲ្យខ្លួនទទួលបានជោគជ័យក្នុងការបោះឆ្នោត។
លោកបាននិយាយថា “ពិតហើយ ខ្ញុំគិតថា ពួកគេឆ្លាតខ្លាំងណាស់”៕ស៊ុយឈាង