31.8 C
Phnom Penh

លោក កឹម សុខា លើក​​​ឡើង​​​ថា ពល​​​រដ្ឋ​​​ខ្មែរ​​​ភាគ​​​ច្រើន​​​ចង់​​​ឲ្យ​​​មាន ‘ការ​​​ផ្លាស់​​​ប្តូរ​​​ជា​​​វិជ្ជមាន’

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងនៅតែលើកឡើងថា ពលរដ្ឋខ្មែរភាគច្រើនចង់បានការផ្លាស់ប្តូរនយោបាយ ជាការអះអាងដែលអ្នកនាំពាក្យគណបក្សកាន់អំណាច ចាត់ទុកថា ជាការកុហក។ នៅក្នុងវីដេអូរយៈពេល៣នាទីដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនមុនពេលប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ លោក កឹម សុខា បានលើកឡើងថា លោកជឿថា ប្រជាពលរដ្ឋខ្មែរចង់ឲ្យមាន “ការផ្លាស់ប្តូរជាវិជ្ជមាន”។

លោក កឹម សុខា ដែលបានទៅដល់ទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលីកាលពីម្សិលមិញក្រោយពេលបំពេញទស្សនកិច្ចនៅប្រទេសនូវែលសេឡង់ដើម្បីជួបជាមួយអ្នកនយោបាយ និងអ្នកគ្រាំទ្រគណបក្សសង្គ្រោះជាតិនោះបានមានប្រសាសន៍ថា “ដូច្នេះ ខ្ញុំសូមអំពាវ នាវដល់អ្នកដឹកនាំ និងអ្នកនយោបាយខ្មែរទាំង អស់ ទោះបីជាមាននិន្នាការនយោបាយខុសគ្នាក៏ដោយ សូមប្រកួតប្រជែងគ្នាក្នុងការបោះឆ្នោតនាពេលខាងមុខនេះផ្តោតលើគោលនយោបាយរៀងៗខ្លួនដោយសន្តិវិធី ដើម្បី កសាងអនាគតកាលមួយដ៏ប្រសើរសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរយើង”។

WP-LastImage-21-800x533សុន្ទរកថានេះធ្វើឡើងស្របពេលគណបក្សសង្គ្រោះជាតិកំពុងស្ថិតក្នុងជំហរមិនប្រាកដប្រជាមុនការបោះឆ្នោតឃុំសង្កាត់ដ៏សំខាន់នៅខែមិថុនា។ ក្រសួងមហាផ្ទៃបានបដិសេធមិនទទួលស្គាល់អនុប្រធានថ្មីចំនួន៣រូបដែលគណបក្សប្រឆាំងបានជ្រើសរើសបន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សនេះបានលាលែងពីតំណែងកាលពីខែកុម្ភៈឡើយ។រដ្ឋាភិបាលអះអាងថា ដំណើរការនេះរំលោភលើបទបញ្ជាផ្ទៃក្នុងផ្លាល់ខ្លួនរបស់គណបក្សនេះ ខណៈគណបក្សប្រឆាំងបានចោទប្រកាន់គណបក្សកាន់អំណាចថា លេងល្បិចដ៏គំរក់ នៅមុនការបោះឆ្នោត។

ថ្មីៗនេះគណបក្សសង្គ្រោះជាតិក៏បានបោះបង់ចោលពាក្យស្លោកយុទ្ធនាការឃោសនា “ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ” របស់ខ្លួនផងដែរ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាគំរាមប្តឹងពីបទញុះញង់។

គណបក្សកាន់អំណាចនេះបានអះអាងកាលពីដើមឆ្នាំនេះថា ពាក្យ “ផ្លាស់ប្តូរ” គឺជាការគំរាមកំហែងដល់ការឯកភាពជាតិ ដោយលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានលើកឡើងថា ពាក្យនេះជានិមិត្តរូបនៃបដិវត្តន៍ ហើយមិនគួរយកមកប្រើប្រាស់នោះឡើយ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាកាលពីម្សិលមិញបានច្រានចោលការលើកឡើងរបស់លោក កឹម សុខាដែលថា ប្រជាពលរដ្ឋចង់ឲ្យមានការផ្លាស់ប្តូរដោយប្រៀបធៀបប្រធានគណបក្សសង្គ្រោះ ជាតិរូបនេះ ទៅនឹងអ្នកកាន់តំណែងមុនលោកដែលឥឡូវកំពុងរស់នៅក្រៅប្រទេស បន្ទាប់ពីនិរទេសខ្លួនឯង។

លោកបានមានប្រសាសន៍ថា “គណបក្សប្រឆាំងចាប់តាំងពីជំនាន់ សម រង្ស៊ី  រហូតដល់ជំនាន់ កឹម សុខា ក្នុងពេលចប្ចុប្បន្ន ក្នុងនាមជាប្រធានគណបក្សប្រឆាំង ពួកគេតែងតែនិយាយផ្ទុយពីការពិត”។

លោកបានបន្ថែមថា “ដូច្នេះលោក កឹម សុខា និយាយថា ពលរដ្ឋភាគច្រើនចង់ឲ្យមានការផ្លាស់ប្តូរមានន័យថា មានមនុស្សតែមួយភាគតូចប៉ុណ្ណោះចង់បានការផ្លាស់ប្តូរ”។

នៅក្នុងការអះអាងដែលជាធម្មតាធ្វើឡើងដោយគណបក្សប្រជាជនកម្ពុជានោះ លោក សុខ ឥសាន បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរមានការពេញចិត្តចំពោះការបំពេញការងាររបស់រដ្ឋាភិបាល ដោយសាររដ្ឋាភិបាលបាននាំសុខសន្តិភាពជូនប្រទេសជាតិជិត២០ឆ្នាំមកហើយ បន្ទាប់ពីមានសង្គ្រាមរាប់ទសវត្សរ៍។

លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា រឿងសំខាន់បំផុតនៅទីនេះគឺការពិតដែលថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានបង្កើតសមិទ្ធផលជាច្រើន ហើយប្រជាពលពេញចិត្តសន្តិភាព និងលទ្ធផលដែលសម្រេចបាន”៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស