31 C
Phnom Penh

រដ្ឋមន្ត្រី​ចំណាយ​​​​៣៣៧.០០០ដុល្លារ​លើ​គម្រោង​​ចាក់ដី​សង់​​​​បន្ទាយ​អង្គរក្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឯកសារមួយដែលបែកធ្លាយកាលពីម្សិលមិញលាតត្រដាងថា លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានចំណាយថវិការហូតដល់ទៅជាង៣៣០.០០០ដុល្លារលើគម្រោងចាក់ដីបំពេញនៅបន្ទាយអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ថិតក្នុងខេត្តកណ្ដាល។

សេចក្តីរាយការណ៍មួយចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៤ និងបង្ហោះកាលពីម្សិលមិញលើទំព័រហ្វេសប៊ុកមានឈ្មោះថា “Thleay” (ធ្លាយ) បង្ហាញពីសកម្មភាពលោក លឹម គានហោ ធ្វើបច្ចុប្បន្នភាពប្រាប់លោក ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី អំពីការងារចាក់ដីដែលលោកបានបំពេញក្នុងឆ្នាំនោះនៅបន្ទាយ

អង្គរក្សទួលក្រសាំង ក្រុងតាខ្មៅ ដែលមានទាហានរាប់ពាន់នាក់ដែលស្មោះត្រង់នឹងលោកនាយករដ្ឋមន្ត្រីរស់នៅទីនោះ។

សេចក្តីរាយការណ៍នេះលើកឡើងថា “តបតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ខ្ញុំបានចាត់តាំងក្រុមការងារបច្ចេកទេសមួយក្រុម និងគ្រឿងចក្រមួយចំនួនឲ្យដឹកដីចាក់បំពេញដីមួយកន្លែងនៅបន្ទាយអង្គរក្សទួលក្រសាំង។ ខ្ញុំសុំចេញការចំណាយទាំងអស់”។

ទាំងលោក លឹម គានហោ និងអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីមិនអាចទាក់ទងសុំការបញ្ជាក់បានទេអំពីភាពត្រឹមត្រូវនៃឯកសារបង្ហោះលើទំព័រហ្វេសប៊ុកដែលមានរូបថតមិនគួរឱ្យចាប់អារម្មណ៍ និងឯកសារមួយចំនួន ព្រមទាំងព័ត៌មានផ្សេងទៀតពាក់ព័ន្ធលោកនាយករដ្ឋមន្ត្រី និងគ្រួសាររបស់លោក។

ទោះជាយ៉ាងណា លោក យ៉ា ទូច អ្នកនាំពាក្យអង្គភាពកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា លោក លឹម គានហោ ពិតជាបានរួមចំណែកដល់ការងារចាក់បំពេញដីនេះមែន។ លោកមានប្រសាសន៍ថា “គាត់បានជួយច្រើនណាស់ ជាពិសេសការចាក់បំពេញដីនៅទីនេះ”។

អ្នកនាំពាក្យដដែលថ្លែងថា លោកមិនដឹងច្បាស់ទេថា តើលោក លឹម គានហោ ចំណាយប្រាក់ផ្ទាល់ខ្លួន ឬក៏ប្រើប្រាស់ថវិការបស់ក្រសួងនៅក្នុងការជួយដល់គម្រោងនេះ។ មុនពេលបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទៀត លោកលើកឡើងថា “ខ្ញុំមិនប្រាកដថាវាជាថវិកាផ្ទាល់ខ្លួនរបស់គាត់ ឬក៏អត់ទេ”។

លោក ហ៊ីង ប៊ុនហៀង ប្រធានអង្គភាពកងអង្គរក្សក៏បានបញ្ជាក់ពីការងារនេះដែរ ប៉ុន្តែបានបង្វែរសំណួរបន្ថែមទៀតទៅលោករដ្ឋមន្ត្រី។ លោកបានមានប្រសាសន៍ថា “សុំសួរគាត់ទៅថាតើគាត់ចំណាយប្រាក់ផ្ទាល់ខ្លួន ឬអត់”។

ប្រសិនបើឯកសារខាងលើនេះពិតជាត្រឹមត្រូវមែន នោះបានសេចក្តីថា កម្មកររបស់លោក លឹម គានហោ បានចាក់បំពេញដីចំនួន២៣.៤៨៧រថយន្តសរុប២៣៤.៨៧០ម៉ែត្រគូបចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំឆ្នាំ២០១៤។ ការចំណាយលើគម្រោងនេះមានទំហំទឹកប្រាក់៣៣៧.០៧៩ដុល្លារ។

រូបភាពផ្កាយរណបពី Google Earth បង្ហាញថា ដីមួយកន្លែងនៅភាគពាយព្យនៃតំបន់បន្ទាយអង្គរក្សនេះដែលកាលពីឆ្នាំ២០១២ធ្លាប់តែមានពណ៌បៃតង បានប្រែក្លាយទៅជាពណ៌ត្នោតយ៉ាងសោះក្រក្រោះក្នុងឆ្នាំ២០១៤។

លោក សន ជ័យ នាយកប្រចាំប្រទេសនៃអង្គការមិនមែនរដ្ឋាភិបាលដែលមានឈ្មោះថា បណ្ដាញរួបរួមដើម្បីគណនេយ្យភាពសង្គមបានមានប្រសាសន៍ថា អ្វីដែលគួរឲ្យចោទជាសំណួរទាក់ទិនការផ្តល់ថវិកានេះពាក់ព័ន្ធសីលធម៌ច្រើនជាងផ្លូវច្បាប់ ប្រសិនបើលុយទាំងនោះជាលុយផ្ទាល់ខ្លួនរបស់លោក លឹម គានហោ។ ។

នៅក្នុងសារអេឡិចត្រូនិកមួយ លោកបានសរសេរថា “ទោះជាយ៉ាងណា អាជ្ញាធរសវនកម្មជាតិគួរតែពិនិត្យមើលថវិការបស់ក្រសួងថា តើលោករដ្ឋមន្ត្រីពិតជាមិនបានប្រើប្រាស់វាសម្រាប់ករណីនោះមែនឬក៏អត់”។

សូមបញ្ជាក់ថា បន្ទាយកងអង្គរក្សរបស់លោក ហ៊ុន សែន បានក្លាយជាប្រភពនៃពាក្យចចាមអារ៉ាមជាយូរមកហើយ។

លោក សឺប៉ង់ ពីអុឹ (Sorpong Peou) សាស្ត្រាចារ្យផ្នែកសន្តិសុខអន្តរជាតិនៅសាកលវិទ្យាល័យ Sophia University ក្នុងទីក្រុងតូក្យូ ដែលជាអ្នកនិពន្ធសៀវភៅមួយក្បាលមានចំណងជើងថា “ការអន្តរាគមន៍ និងការផ្លាស់ប្ដូរនៅកម្ពុជា៖ ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ?” (Intervention and Change in Cambodia: Towards Democracy?) ដែលបានបោះពុម្ពផ្សាយកាលពីឆ្នាំ២០០០ មានប្រសាសន៍ថា បន្ទាយនេះដាក់ទាហានចន្លោះពី១.០០០នាក់ទៅ១.៤០០នាក់ ព្រមទាំងរថយន្តយោធាផលិតនៅរុស្ស៊ី រថក្រោះ រថពាសដែក និងឧទ្ធម្ភាគចក្រផងដែរ។

កាលពីខែមិថុនា ឆ្នាំ២០០៩ បន្ទាយនេះបានកក្រើកដោយសារការផ្ទុះគ្រាប់ផ្ទួនៗគ្នាបណ្តាលឲ្យមនុស្សពីរនាក់រងរបួស ប៉ុន្តែមន្ត្រីបានបិទជិតឈឹង។ ប្រធានភូមិម្នាក់នៅក្នុងមូលដ្ឋានបានប្រាប់ក្រុមអ្នកយកព័ត៌មានថា ការផ្ទុះនោះបានកើតឡើងខណៈពេលអ្នកបើករថយន្តធុនធំពីរនាក់កំពុងចាក់សាំងរថយន្តមួយគ្រឿងដែលផ្ទុកពេញទៅដោយរ៉ុក្កែត B-40 ដឹកចេញបន្ទាយនេះឆ្ពោះទៅកាន់ព្រំដែនព្រះវិហាររបស់កម្ពុជា ដែលមានជម្លោះជាមួយប្រទេសថៃ។

អង្គភាពកងអង្គរក្សរបស់លោក ហ៊ុន សែន បានរីកកាន់តែធំពីកងសន្តិសុខដែលមានគ្នាប្រហែល៦០នាក់នៅទសវត្សរ៍ឆ្នាំ១៩៨០ ក្លាយជាកងកម្លាំងឯកទេសដ៏ស្មោះស្ម័គ្រដែលមានទំហំស្មើយោធាជាតិរបស់ប្រទេសសេនេហ្គាល់ សូម៉ាលី ឬសំប៊ី ហើយវាសំខាន់ណាស់សម្រាប់ការក្ដាប់អំណាចរបស់លោកនាយករដ្ឋមន្ត្រី នេះបើយោងតាមប្រសាសន៍របស់អ្នកវិទ្យាសាស្ត្រនយោបាយ លី ម័រហ្គិនបេស័រ (Lee Morgenbesser) នៅសាកលវិទ្យាល័យ Griffith University ក្នុងប្រទេសអូស្ត្រាលី ដែលបានលើកឡើងតាមរយៈរបាយការណ៍មួយចុះផ្សាយកាលពីខែកុម្ភៈ។

លោក លឹម គានហោ ដែលជាម្ចាស់ខ្សែក្រវាត់ខ្មៅផ្នែកក្បាច់គុណការ៉ាតេ បានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូចុងក្រោយនៅឆ្នាំ២០០៧ នៅពេលលោកប្រាប់រដ្ឋសភាថា ក្រុមហ៊ុនរ៉ែ BHP របស់អូស្ត្រាលីបានបង់ “លុយទឹកតែ” ២,៥លានដុល្លារឱ្យទៅរដ្ឋាភិបាលដើម្បីទទួលបានសិទ្ធិរុករករ៉ែនៅក្នុងប្រទេសកម្ពុជា នាភាគឦសាន។

លោកប្រាប់សភាថា លោកនាយករដ្ឋមន្ត្រីបានទូរស័ព្ទហៅលោកពីប្រទេសអូស្ត្រាលី ហើយបានជំរុញឱ្យលោកប្រើប្រាស់ថវិកានេះភ្លាមៗដើម្បីចាប់ផ្ដើមគម្រោងធារាសាស្ត្រមួយដែលមានទំហំទឹកប្រាក់២លានដុល្លារនៅក្នុងខេត្តពោធិ៍សាត់។ លោកមានប្រសាសន៍នៅពេលនោះថា “សម្ដេចនាយក [នាយករដ្ឋមន្ត្រី] ពិតជាសប្បាយចិត្តណាស់”៕ សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស