32 C
Phnom Penh

ហ៊ែកឃើ​ព្រមាន​ថា បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​តាម​អុីនធឺណិត​​ងាយ​ហ៊ែក​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ហ៊ែកឃើម្នាក់ នៅពីក្រោយការបែកធ្លាយជាបន្តបន្ទាប់ដែលបង្ខូចឈ្មោះមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ និងសាច់ញាតិរបស់ពួកគេនោះ បានព្រមានកាលពីម្សិលមិញថា បញ្ជីឈ្មោះបោះឆ្នោតតាមប្រព័ន្ធអុីនធឺណិតរបស់រដ្ឋាភិបាលសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា ងាយហ៊ែកចូល ហើយបានជំរុញឱ្យអ្នកជំនាញខិតខំធ្វើឱ្យគេហទំព័រនេះមានសុវត្ថិភាពជាងមុន។

ហ៊ែកឃើរូបនេះដែលមានឈ្មោះហៅក្រៅថា ចំប៉ា បុរី បានផ្ញើអុីម៉េលព្រមានថា “អ្នកមានជំនាញគ្រប់រូបអាចបន្ថែម កែ ឬក៏លុបទិន្នន័យបោះឆ្នោតបាន តាមរយៈវិធីសាស្រ្តបញ្ជូលលេខកូដ ដែលគេហៅថា ‘ SQL injection’ដោយសារចន្លោះប្រហោងផ្នែកសន្តិសុខនេះ”។ សារនេះ អមដោយតំណភ្ជាប់ (Link) ទៅកាន់វីដេអូក្នុងគេហទំព័រយូធ្យូប ដែលណែនាំអ្នកចូលមើលអំពីដំណើរការកែបញ្ជីឈ្មោះតាមអុីនធឺណិត ក៏ដូចជាបង្ហាញនូវគន្លឹះមួយចំនួនស្ដីអំពីរបៀបដែលអ្នកជំនាញអាចដោះស្រាយ “បញ្ហាងាយរងគ្រោះដ៏ធ្ងន់ធ្ងរ” នេះផងដែរ។

cam-photo-election-crothers-800x537លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត  (គ.ជ.ប.) ដែលគ្រប់គ្រងគេហទំព័រនេះបានលើកឡើងថា មានគេបានព្យាយាមហ៊ែកចូលបញ្ជីឈ្មោះបោះឆ្នោតនេះកាលពីព្រឹកម្សិលមិញ ប៉ុន្តែលោកអះអាងថា ការហ៊ែកចូលនេះត្រូវបានគេចាប់បានពេលកំពុងដំណើរការ ហើយត្រូវបានរារាំងទាន់ពេល។

លោកមានប្រសាសន៍ថា  ”គេព្យាយាមហ៊ែកចូលបញ្ជីឈ្មោះបោះឆ្នោតរបស់យើងនៅព្រឹកមិញនេះរយៈពេល១ម៉ោង ប៉ុន្តែមិនទទួលជោគជ័យទេ”។

លោក ហង្ស ពុទ្ធា បាននិយាយសម្រាលអំពីបញ្ហាប្រឈមនេះដោយគូសបញ្ជាក់ថា រដ្ឋាភិបាលបានរក្សាទិន្នន័យបញ្ជីដើមទុកក្នុងកុំព្យូទ័រដែលគ្មានភ្ជាប់អុីនធឺណិត ហើយថា អ្នកជំនាញនៅប្រចាំការជាប់ជានិច្ច។

លោកបានមានប្រសាសន៍ថា “យើងនឹងប្រើប្រាស់ច្បាប់ដើមនៅថ្ងៃបោះឆ្នោត ប៉ុន្តែគេនឹងមិនអាចហ៊ែកចូលបានទេ ព្រោះលេខសម្ងាត់នឹងប្ដូរដោយស្វ័យប្រវត្តិ”។

បញ្ជីឈ្មោះបោះឆ្នោតតាមប្រព័ន្ធអុីនធឺណិតនេះក៏ត្រូវបានគេហ៊ែកចូលដែរកាលពីខែមករា ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីចាប់ផ្ដើមដាក់ឱ្យដំណើរការ ជាហេតុធ្វើឱ្យនគរបាលបើកការស៊ើបអង្កេតភ្លាមៗ។ លោក ហង្ស ពុទ្ធា បានលើកឡើងកាលពីម្សិលមិញថា ការវាយប្រហារលើកទី១កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។ ពេលសួរថាតើលោកដឹងថា នរណានៅពីក្រោយការហ៊ែកកាលពីម្សិលមិញដែរឬទេ លោកបានលើកឡើងថា លោកមិនមានសិទ្ធិនិយាយនោះឡើយ ហើយបានបង្វែរសំណួរទៅក្រសួងមហាផ្ទៃ។ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងនេះបានលើកឡើងថា លោកជាប់រវល់អបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ដែលមិនទាន់ចាប់ផ្ដើមជាផ្លូវការនៅឡើយ ហើយបានបដិសេធមិនធ្វើអត្ថាធិប្បាយនោះឡើយ។

សេចក្ដីថ្លែងការណ៍មួយចេញដោយ គ.ជ.ប. នៅថ្ងៃដដែលនោះ  បានបន្ទោសការហ៊ែក ចូលនេះលើ “មនុស្សអាក្រក់” ហើយបានបន្ថែមថា គេបានបញ្ជូនបញ្ជីឈ្មោះបោះឆ្នោតផ្លូវការជាក្រដាសទៅឱ្យតាមឃុំ សង្កាត់រួចហើយ ដោយលោកលើកឡើងថា នរណាដែលហ៊ែក ចូលបញ្ជីឈ្មោះបោះឆ្នោតតាមប្រព័ន្ធអុីនធឺណិត គឺអត់ប្រយោជន៍ទេ។

ទោះជាយ៉ាងណា ការចូលកែបញ្ជីឈ្មោះបោះឆ្នោតតាមប្រព័ន្ធអុីនធឺណិតអាចធ្វើឱ្យអ្នកបោះឆ្នោតដែលបានចុះឈ្មោះរួចហើយជឿថា ខ្លួនមិនមានឈ្មោះនៅក្នុងបញ្ជី ឬគិតថាខ្លួនត្រូវបានចុះឈ្មោះនៅឃុំ សង្កាត់ផ្សេង។

លោក គល់ បញ្ញា នាយប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) ដែលជាអង្គការឃ្លាំមើលមិនមែនរដ្ឋាភិបាលបានជំរុញឱ្យ គ.ជ.ប. ស្វែងរកជំនួយបច្ចេកទេសនៅក្នុងការពង្រឹងបញ្ជីឈ្មោះតាមប្រព័ន្ធអុីនធឺណិត ពីប្រទេសជប៉ុន និងសហភាពអឺរ៉ុប ដែលសុទ្ធតែបានឧបត្ថម្ភប្រាក់រាប់លានដុល្លារ ដើម្បីជួយប្រទេសកម្ពុជារៀបចំការបោះឆ្នោតដ៏ស្អាតស្អំមួយ។

លោក ចច អេដហ្គា (George Edgar) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានលើកឡើងថា លោកមិនអាចធ្វើអត្ថាធិប្បាយលើភាពត្រឹមត្រូវនៃការព្រមានរបស់ហ៊ែកឃើរូបនេះបានឡើយ ប៉ុន្តែលោកកំពុងតែធ្វើការជាមួយអ្នកជំនាញបច្ចេកទេសរបស់លោកហើយ៕ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស