29 C
Phnom Penh

ធនាគារ​​​​​​ពិភពលោក​​​​​​ព្យាករថា​​​​​កំណើន​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផលិត​​​​​​​​​ផល​​​​​​ក្នុង​​​ស្រុក​​​សរុប​​​របស់​​​កម្ពុជា​​​នឹង​​​ធ្លាក់​​​ចុះ​​​​​​​​​​​​​​នៅ​​​ឆ្នាំ​​​​​​២០១៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ ធនាគារពិភពលោកបានព្យាករថា អត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នឹងធ្លាក់ចុះតិចតួចនៅត្រឹមឆ្នាំ២០១៩ស្របពេលការវិនិយោគបរទេសធ្លាក់ចុះ អតិផរណាកើនឡើង និងការបង្អង់ល្បឿនក្នុងកំណើនផលិតកម្មសម្លៀកបំពាក់ ហើយបានណែនាំឲ្យធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការបណ្តុះបណ្តាលដើម្បីរក្សាសេដ្ឋកិច្្ចឲ្យនៅរឹងមាំដូចពេលបច្ចុប្បន្ន។ 

យោងតាមរបាយការណ៍របស់ធនាគារនេះស្តីពីសេដ្ឋកិច្ចអាស៊ីបូពា៌ និងប៉ាស៊ីហ្វិកដែលបានចេញផ្សាយកាលពីម្សិលមិញឲ្យដឹងថា តាមការព្យាករថា អត្រាកំណើនផលិតផលក្នុងស្រុកសរុប(GDP) របស់ប្រទេសនេះនឹងនៅតែមិនប្រែប្រួលក្នុងអត្រា៦,៩ភាគរយនៅឆ្នាំនេះ ប៉ុន្តែនឹងធ្លាក់ចុះតិចតួចមកនៅ៦,៧ភាគរយត្រឹមឆ្នាំ២០១៩។

cam-photo-world-bank-kastrup-800x533លោកមីហ្គែល អេឌួដូ ស៊ែនឆេស ម៉ាទីន (Miguel Eduardo Sanchez Martin) ជាសេដ្ឋវិទូជាន់ខ្ពស់នៅធនាគារពិភពលោកមានប្រសាសន៍ថា ចាប់ពីពេលនេះទៅ ទំហំវិនិយោគផ្ទាល់ពីបរទេស(FDI) នៅក្នុងប្រទេសកម្ពុជា ដែលមានរំហូរចូលសុទ្ធ១,៧ពាន់លានដុល្លារកាលពីឆ្នាំ២០១៥នៅតែ “ធំខ្លាំង” ។ លោកធ្វើការកត់សម្គាល់ថា “សេដ្ឋកិច្ចតិចតូចណាស់ដែលមាន FDI ៩ ឬ១០ភាគរយនៃ GDP”។

លោកលើកឡើងថា “ប្រទេសកម្ពុជា គ្រាន់បើជាងប្រទេសផ្សេងៗក្នុងការបន្តទាក់ទាញFDI ដោយសារកម្ពុជា គ្មានហានិភ័យអត្រាប្តូរប្រាក់ និងដោយសារវាជាសេដ្ឋកិច្ចុល្លារនីយកម្ម” ហើយថា FDI កំពុងងាកទៅរកវិស័យសំណង់នៅក្នុងប្រទេស។

យោងតាមធនាគារពិភពលោកឲ្យដឹងថា ទ្រព្យសកម្ម FDI ថេរសរុបក្នុងវិស័យកាត់ដេរបានធ្លាក់ចុះពី៣៧០លានដុល្លារក្នុងឆ្នាំ២០១៤មកនៅត្រឹមតែ១៤០លានដុល្លារកាលពីឆ្នាំមុន។

របាយការណ៍នេះបង្ហាញថា កំណើននាំចេញសម្លៀកបំពាក់បានធ្លាក់ចុះពី១២,៣ភាគរយក្នុងឆ្នាំ២០១៥ មកនៅត្រឹម៨,៤ភាគរយកាលពីឆ្នាំមុន។ “ថ្លៃកម្លាំងពលកម្មកើនឡើងដែលមួយអន្លើជំរុញដោយសារការចំណាយកើនឡើងក្នុងជីវភាពរស់នៅ និងប្រាក់ដុល្លារអាមេរិកឡើងថ្លៃ ព្រមទាំងការប្រកួតប្រជែង ពីបណ្តាប្រទេសមានប្រាក់ឈ្នួលទាបផ្សេងៗទៀតនៅក្នុងតំបន់ ជាពិសេសភូមា បន្តដាក់សម្ពាធមកលើការនាំចេញសម្លៀកបំពាក់”។

វិស័យសំណង់ និងកសិកម្មបានកើនឡើងក្នុងរយៈពេលដូចគ្នានេះ ចំណែកឯចំនួនភ្ញៀវទេសចរបានធ្លាក់ចុះក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

ទោះបីជា GDP របស់ប្រទេសកម្ពុជា កើនឡើងលឿនជាង GDP ក្នុងប្រទេសជិតខាងដូចជាថៃ វៀតណាម និងភូមាកាលពីឆ្នាំមុន និងមានការព្យាករថា កម្ពុជា នឹងមានកំណើននាំមុខ ឬស្មើគ្នានឹងកំណើនរបស់ប្រទេសទាំងបីនៅឆ្នាំនេះក្តី ក៏ធនាគារពិភពលោកព្យាករថា អត្រាកំណើនរបស់កម្ពុជា នឹងធ្លាក់ចុះតិចតួច ខណៈកំណើនរបស់ប្រទេសជិតខាងទាំងបីនៅតែមិនប្រែប្រួល ឬកើនឡើង។

លោក ស៊ែនឆេស ម៉ាទីន មានប្រសាសន៍ថា “មានសេដ្ឋកិច្ចមួយចំនួននៅក្នុងតំបន់ដែលអ្នកមើលឃើញកំណើនកើនឡើង ប៉ុន្តែ នេះក៏ដោយសារតែសេដ្ឋកិច្ចទាំងនោះមានកំណើនយឺតក្នុងពេលកន្លងមកដែរ។ កំណើនតែងតែអាស្រ័យលើល្បឿនមុនរបស់អ្នក។ ដល់ចំណុចណាមួយ សេដ្ឋកិច្ចទាំងអស់នេះនឹងបង្អង់ល្បឿន ប៉ុន្តែ កម្ពុជា នៅតែស្ថិតក្នុងចំណោមសេដ្ឋកិច្ចដែលទទួលបានលទ្ធផលល្អបំផុត”។

យោងតាមធនាគារពិភពលោកឲ្យដឹងថា តាមការព្យាករថា កំណើន GDP របស់កម្ពុជា នឹងកើនលើសកំណើនGDP របស់វៀតណាមនិងថៃនៅឆ្នាំ២០១៩ ប៉ុន្តែនឹងទាបជាងកំណើនរបស់ភូមា និងឡាវ ដែលតាមការរំពឹងទុកថានឹងទទួលបានអត្រាកំណើនលើសពី៧ភាគរយដែលកម្ពុជា ចង់បាននៅក្នុងឆ្នាំនោះ។

របាយការណ៍នេះលើកឡើងថា តាមការព្យាករថាអតិផរណានឹងកើនឡើងដល់៣,៧ភាគរយនៅឆ្នាំនេះ និង៤,២ភាគរយនៅឆ្នាំក្រោយពីចំនួន១,៣ភាគរយកាលពីក្នុងឆ្នាំ២០១៥។

យោងតាមលោក លី សុដែត សេដ្ឋវិទូជាន់ខ្ពស់មួយរូបទៀតនៅធនាគារពិភពលោកបានឲ្យដឹងថា ថ្លៃចំណីអាហារបន្តជំរុញឲ្យអតិផរណាកើនឡើង។ លោកមានប្រសាសន៍ថា  ខណៈប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកម្ពុជាកើនឡើង តម្រូវការចំណីអាហាររាប់ចាប់ពីអង្កររហូតដល់គ្រឿងឧបភោគបរិភោគផ្សេងៗដូចជាសាច់ផ្លែឈើ និងបន្លែជាដើមក៏កើនឡើងទៅតាមនោះដែរ ជាហេតុធ្វើឲ្យតម្លៃកើនឡើង។

សេដ្ឋវិទូរូបនេះបានគូសបញ្ជាក់ថា ”កម្ពុជា  ស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាអតិផរណាខ្ពស់បំផុត”។

ក្នុងរបាយការណ៍មួយចេញផ្សាយកាលពីសប្តាហ៍មុនដែលផ្ទុយគ្នាស្រឡះទៅនឹងការវាយតម្លៃរបស់ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងថា តាមការព្យាករថា កំណើន GDP នឹងកើនឡើងតិចតួចដល់៧,១ភាគរយនៅឆ្នាំនេះ និងឆ្នាំក្រោយ ពីចំនួនប្រមាណ៧ភាគរយកាលពីឆ្នាំមុន។

របាយការណ៍នេះគូសបញ្ជាក់ថា ដើម្បីបង្កើនក្តីសង្ឃឹមទទួលកំណើនសេដ្ឋកិច្ចធនាគារពិភពលោកផ្តល់អនុសាសន៍ឲ្យបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងការអប់រំ បង្កើនផលិតភាពការងារដើម្បីឲ្យស៊ីគ្នាទៅនឹងប្រាក់ឈ្នួលដែលកើនឡើងក្នុងវិស័យឯកជន ហើយលើកកម្ពស់ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។

របាយការណ៍ដដែលបានលើកឡើងបន្តថា ”ការគ្រប់គ្រងភាពងាយរងគ្រោះខ្លាំងដោយសារស្ថានភាពហួសការរំពឹងទុកប្រកបដោយប្រសិទ្ធភាព ក៏សំខាន់ដែរសម្រាប់ការលើកកម្ពស់ចលនាសេដ្ឋកិច្ចសង្គមនៅកម្ពុជា”។

លោក មីហ្គែល ឆេនកូ (Miguel Chanco) អ្នកវិភាគលេចធ្លោនៅអាស៊ីអាគ្នេយ៍ប្រចាំនៅ Economist Intelligence Unit បានលើកឡើងតាមរយៈសារអេឡិចត្រូនិកថា ការទទួលយកការផ្លាស់ប្តូរកម្លាំងពលកម្មពីវិស័យកសិកម្មទៅវិស័យផលិតកម្ម និងសេវាកម្មនឹងនៅតែជាបញ្ហាប្រឈមដែលធ្វើឲ្យពិបាកទទួលបានកំណើនរយៈពេលវែង។

លោកមានប្រសាសន៍ថា ”អ្នកធ្វើគោលនយោបាយនានាចាំបាច់ត្រូវធានាថា មនុស្សទាំងនេះមានជំនាញដែលសមស្របសម្រាប់សេដ្ឋកិច្ចនាសតវត្សរ៍ទី២១ នេះដែលឧស្សាហកម្មពលកម្មពលភយេ្យោ (ប្រើកម្លាំងពលកម្មច្រើន) ក្លាយជារឿងអតីតកាលទៅហើយ”៕ សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស