40.9 C
Phnom Penh

កីឡាការិនី​​ប៉េតង់​​មេដាយ​​មាស​​ពិភពលោក​ ត្រូវ​បាន​ស្វាគមន៍​នៅ​ភ្នំពេញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់ពីដណ្ដើមបានមេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកកីឡាប៉េតង់ពិភពលោកនៅក្នុងប្រទេសប៊ែលហ្ស៊ិកកាលពីថ្ងៃអាទិត្យ លោកស្រី អ៊ុក ស្រីមុំ ត្រូវបានក្បួនម៉ូតូធំទៅទទួលកាលពីម្សិលមិញនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ  ដើម្បីអមដង្ហែលោកស្រីតាមផ្លូវមួយចំនួនឆ្ពោះមកពហុកីឡាដ្ឋានអូឡាំពិកសម្រាប់ពិធីមួយដែលរៀបចំឡើងដើម្បីអបអរសាទរជោគជ័យរបស់លោកស្រី។

លោកស្រី អ៊ុក ស្រីមុំ ដណ្ដើមបានមេដាយមាសក្នុងវិញ្ញាសាវាយឯកត្តជននារី ដោយផ្ដួលកីឡាការិនី បេជី ម៉ូណា (Beji Mouna) របស់ទុយនេហ្ស៊ីយ៉ាងស្រួលក្នុងពិន្ទុ១៣-៧ នៅវគ្គផ្ដាច់ព្រ័ត្រ  បន្ទាប់ពីផ្ដួលកីឡាការិនី អ៊ុយដឺរ៉េ បង់ដ្យេរ៉ា (Audrey Bandiera) របស់បារាំងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងការប្រកួតនៅទីក្រុងហ្គែន (Ghent)។

លោកស្រី អ៊ុក ស្រីមុំ ជិះលើរថយន្តអមដោយក្បួនម៉ូតូធំដង្ហែក្នុងរាជធានីភ្នំពេញ បន្ទាប់ពីលោកស្រីដណ្ដើមបានមេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកប៉េតង់ពិភពលោកនៅក្នុងប្រទេសប៊ែលហ្ស៊ិកកាលពីថ្ងៃអាទិត្យ។ រូបថតៈ Emil Kastrup/ Cambodia Daily

កម្ពុជាក៏ទទួលបានមេដាយដែរក្នុងវិញ្ញាសាវាយគូចម្រុះ ដោយកីឡាករ ញ៉ែម បូរ៉ា និងកីឡាការិនី ស្រា៊ង សុរ៉ាឃីម ទទួលបានមេដាយប្រាក់ បន្ទាប់ពីចាញ់ទុយនេហ្ស៊ីនៅវគ្គផ្ដាច់ព្រ័ត្រ។

ដើម្បីអបអរសាទរជ័យលាភីអន្តរជាតិចុងក្រោយនៅក្នុងកីឡាដែលគេស្គាល់ថា  ប៊ូល ដែរនេះ លោកស្រី អ៊ុក ស្រីមុំ ត្រូវបានក្បួនម៉ូតូធំចំនួន១២គ្រឿងទៅទទួលនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយអមដង្ហែឆ្ពោះមកពហុកីឡាដ្ឋានជាតិអូឡាំពិក។

លោកស្រី អ៊ុក ស្រីមុំ បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា “ខ្ញុំសប្បាយចិត្តណាស់ រកអ្វីប្រៀបផ្ទឹមពុំបានទេ មានឧបសគ្គជាច្រើន”។

លោកស្រី កែ ឡេង ជាកីឡាការិនីប៉េតង់ដ៏ល្បីល្បាញបំផុតរបស់កម្ពុជាដែលដណ្ដើមបានមេដាយមាសរហូតដល់ទៅ១៧នៅទូទាំងពិភពលោកអំឡុងអាជីពរបស់ខ្លួន បានមានប្រសាសន៍ថា លោកស្រីសង្ឃឹមថា ការកើនឡើងជ័យជម្នះនៅក្នុងកីឡានេះនឹងជំរុញឱ្យក្មេងៗដើរតាមគន្លងរបស់គាត់។

លោកស្រីបានគូសបញ្ជាក់ថា “ជ័យជម្នះរបស់ ស្រីមុំ ជំរុញលើកទឹកចិត្តក្មេងជំនាន់ក្រោយ។ ខ្ញុំពិតជាសប្បាយចិត្តជួសគាត់”។

លោកស្រី អ៊ុក ស្រីមុំ ជិះលើរថយន្តអមដោយក្បួនម៉ូតូធំដង្ហែក្នុងរាជធានីភ្នំពេញ បន្ទាប់ពីលោកស្រីដណ្ដើមបានមេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកប៉េតង់ពិភពលោកនៅក្នុងប្រទេសប៊ែលហ្ស៊ិកកាលពីថ្ងៃអាទិត្យ។ រូបថតៈ Emil Kastrup/ Cambodia Daily
លោកស្រី អ៊ុក ស្រីមុំ ជិះលើរថយន្តអមដោយក្បួនម៉ូតូធំដង្ហែក្នុងរាជធានីភ្នំពេញ បន្ទាប់ពីលោកស្រីដណ្ដើមបានមេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកប៉េតង់ពិភពលោកនៅក្នុងប្រទេសប៊ែលហ្ស៊ិកកាលពីថ្ងៃអាទិត្យ។ រូបថតៈ Emil Kastrup/ Cambodia Daily

ប៉េតង់គឺជាកីឡាមួយក្នុងចំណោមកីឡាមួយចំនួនតូចដែលកម្ពុជាតែងតែទទួលបានជោគជ័យនៅលើឆាកអន្តរជាតិ។ កីឡាដែលកីឡាករចូលលេងត្រូវបោះប៊ូលដែកឱ្យឈប់ជិតគ្រាប់ប៊ី នេះពេញនិយមយ៉ាងខ្លាំងអំឡុងសម័យអាណានិគមនិយមបារាំង សម្រាប់មន្ត្រីអាណានិគម និងកម្មករខ្មែរបង្កើតទំនាក់ទំនងជាមួយគ្នា។

លោក ព្រំ ឌិន អនុប្រធានទី១នៃសមាគមប៉េតង់ជាតិបានមានប្រសាសន៍ថា រហូតមកទល់ពេលនេះកម្ពុជាឈ្នះបានមេដាយប្រហែល១៥០នៅក្នុងការប្រកួតទូទាំងពិភពលោក។

លោកថ្លែងថា ជាការលើកទឹកចិត្តសម្រាប់ការទទួលបានមេដាយមាស លោកស្រី អ៊ុក ស្រីមុំ នឹងទទួលបានប្រាក់រង្វាន់៤០.០០០ដុល្លារពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោកស្រីនឹងត្រូវចូលជួបសម្ដែងការគួរសមនៅថ្ងៃព្រហស្បតិ៍។

លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំមានប្រសាសន៍ថា កីឡាករកីឡាការិនីទាំងពីរដែលប្រកួតក្នុងវិញ្ញាសាវាយគូចម្រុះក៏នឹងទទួលបានរង្វាន់ចំនួន៨០លានរៀល (ប្រហែល២០.០០០ដុល្លារ) ផងដែរ៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស