33 C
Phnom Penh

កម្ចី​​​ថ្មី​​​របស់​​​ធនាគារ​​​ពិភពលោក​​​ធ្វើ​​​ឲ្យ​​​សកម្មជន​​​បឹង​​​កក់​​​ផ្ទុះ​​​កំហឹង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ អ្នកគាំទ្រសហគមន៍បឹងកក់បានលើកឡើងថា ពួកគេមានការខកចិត្តយ៉ាងខ្លាំងចំពោះការប្រកាសរបស់ធនាគារពិភពលោកក្នុងការផ្តល់កម្ចីថ្មីចំនួន១០០លានដុល្លារដល់រដ្ឋាភិបាលកម្ពុជា ស្របពេលការធ្វើទុក្ខបុកម្នេញ និងការចាប់សកម្មជនសិទ្ធិដីធ្លីដាក់ពន្ធនាគារកំពុងបន្តកើតមាន។

កម្ចីនេះ ដែលត្រូវបានប្រកាសកាលពីថ្ងៃសុក្រនិងមានបំណងធ្វើឲ្យផ្លូវតាមជនបទ និងការអប់រំកម្រិតមធ្យមសិក្សាមានភាពប្រសើរឡើងនោះ គឺជាមូលនិធិជុំទី២ដែលទីភ្នាក់ងារផ្តល់កម្ចីមួយនេះបានផ្តល់មកឲ្យកម្ពុជា ចាប់តាំងពីពេលលុបចោលការផ្អាករយៈពេលប្រាំឆ្នាំកាលពីខែឧសភាឆ្នាំមុនមក។  ធនាគារពិភពលោកបានសម្រេចផ្អាកផ្តល់មូលនិធិ បន្ទាប់ពីការសើុបអង្កេតផ្ទៃក្នុងដែលខ្លួនបានចេញកាលពីឆ្នាំ២០១១បានរកឃើញថា ខ្លួនមានជាប់ពាក់ព័ន្ធមួយផ្នែកនៅក្នុងការបណ្តេញ អ្នកភូមិប្រហែល៣០០គ្រួសារពីតំបន់បឹងកក់ក្នុងរាជធានីភ្នំពេញ។

cam-photo-boeng-kak1-800x533កាលពីម្សិលមិញ អ្នកតស៊ូមតិសិទ្ធិដីធ្លីមួយចំនួនមានការមិនយល់ស្របចំពោះបញ្ហាថា តើការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការផ្តល់សំណង និងផ្ទះដល់គ្រួសារដែលត្រូវបានបណ្តេញចេញសមស្របត្រឹមត្រូវតាមកម្ចីថ្មីរបស់ ធនាគារពិភពលោកនេះឬក៏អត់ ឬក៏ថា តើការធ្វើទុក្ខបុកម្នេញ និងការចាប់សកម្មជនសិទ្ធិដីធ្លីដាក់ពន្ធនាគារក្នុងពេលថ្មីៗក្នុងនោះរួមមានដូចជាអ្នកស្រី ទេព វន្នី សកម្មជនមកពីសហគមន៍បឹងកក់ជាដើមនោះ គួរតែបានធ្វើឲ្យធនាគារពិភពលោកពិចារណាឡើងវិញអំពីការវិនិយោគរបស់ខ្លួន ឬយ៉ាងណា។

សកម្មជន សុង ស្រីលាភ ដែលជាអ្នកភូមិរងការបណ្តេញចេញមួយរូបបាននិយាយថា “ប្រសិនបើ ធនាគារពិភពលោកផ្តល់មូលនិធិដល់គម្រោងថ្មីមួយទៀត នោះវានឹងជាកំហុស លើកទី២”។ អ្នកស្រីបានបន្តថា “ពួកគេមិនគួរផ្តល់មូលនិធិដល់រដ្ឋាភិបាលកម្ពុជាទេ ពេលយើងឃើញថា អ្នកស្រី ទេព វន្នី កំពុងជាប់ពន្ធនាគារនៅឡើយនោះ “។

លោក ច័ន្ទ ពុទ្ធីស័ក្តិ សកម្មជនម្នាក់ទៀតបានលើកឡើងថា មូលនិធិរបស់ធនាគារពិភពលោក គឺ “អាក្រក់មួយផ្នែកសម្រាប់ប្រទេសកម្ពុជា” ជាពិសេសខណៈអ្នកស្រីទេព វន្នី កំពុងជាប់ពន្ធនាគារនៅឡើយ។ លោក បាននិយាយថា “ប្រសិនបើពួកគេផ្តល់មូលនិធិដល់កម្ពុជា ពួកគេគួរតែមានលក្ខខណ្ឌជាមួយរដ្ឋាភិបាល ដើម្បីឲ្យមានតម្លាភាពពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្ស និងបញ្ហាដីធ្លី”។

អ្នកនាំពាក្យធនាគារពិភពលោកមិនបានឆ្លើយតបនឹងសំណើសុំការធ្វើអត្ថាធិប្បាយនោះឡើយ។

បន្ទាប់ពីធនាគារពិភពលោកចេញរបាយការណ៍ផ្ទៃក្នុងស្តីពីគម្រោងនៅតំបន់បឹងកក់នេះ របាយការណ៍របស់អង្គការសហប្រជាជាតិក្នុងឆ្នាំ២០១៣ដែលធ្វើឡើងដោយអ្នករាយការណ៍ពិសេសស្តីពីការផ្តល់លំនៅដ្ឋានគ្រប់គ្រាន់បានលើកឡើងអំពីការបណ្តេញចេញនេះ ដើម្បីជំរុញឲ្យធនាគារពិភពលោកពិចារណាអំពីញ្ហាសិទ្ធិមនុស្សឲ្យបានកាន់តែទូលំទូលាយជាងមុន ជាផ្នែកនៃកម្ចី និងកញ្ចប់ជំនួយរបស់ខ្លួន។

របាយការណ៍នេះមានខ្លឹមសារដូច្នេះថា “អ្នករាយការណ៍ពិសេសគិតថា ករណីនេះ [តំបន់បឹងកក់] បង្ហាញយ៉ាងច្បាស់ថា ធនាគារពិភពលោកចំបាច់ត្រូវតែបញ្ចូលបញ្ហាសិទ្ធិមនុស្សទៅក្នុងប្រតិបត្តិការអភិវឌ្ឍវិស័យដីធ្លីរបស់ខ្លួនជាបន្ទាន់”។

ស្របពេលមានការបន្តផ្តល់មូលនិធិដល់កម្ពុជាកាលពីខែឧសភាឆ្នាំមុន ធនាគារពិភពលោកនេះបានចេញសេចក្តីថ្លែងការណ៍មួយដែលទំនងជាលើកឡើងថា បញ្ហានៅតំបន់បឹងកក់ត្រូវបានដោះស្រាយភាគច្រើនហើយ ដោយលើកឡើងថា “គ្រួសារមានសិទ្ធិភាគច្រើន” ដែលនៅសេសសល់ក្នុងតំបន់បឹងកក់បានចរចា និងទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីពីសាលារាជធានី ឬក៏ជ្រើសរើសយកសំណង។

ទោះជាយ៉ាងណា ចាប់តាំងពីពេលនោះមក ទំនាក់ទំនងរវាងរដ្ឋាភិបាល និងអ្នករងការបណ្តេញចេញដ៏លេចធ្លោមួយចំនួននៅតំបន់បឹងកក់កាន់តែយ៉ាប់យឺុនឡើង។ នៅក្នុងខែកញ្ញា សកម្មជនបឹងកក់៤នាក់ត្រូវបានចោទប្រកាន់ និងផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល៦ខែពីបទចោទពាក់ព័ន្ធការតវ៉ាឆ្នាំ២០១១ ហើយនៅក្នុងខែកុម្ភៈ អ្នកស្រី ទេពវន្នី ដែលជាសកម្មជនដ៏លេចធ្លោនៅសហគមន៍បឹងកក់ត្រូវបានផ្តន្ទាទោសរយៈពេល៣០ខែដោយសារជាប់ពាក់ព័ន្ធក្នុងការតវ៉ាដោយឡែកមួយទៀតនៅក្នុងឆ្នាំ២០១៣។

លោក សឿង សារ៉ន អ្នកគ្រប់គ្រងកម្មវិធីតស៊ូមតិនៅអង្គការសមាគមធាងត្នោតបានលើកឡើងថា “បញ្ហានេះនៅមិនទាន់ដោះស្រាយទាំងស្រុងនៅឡើយទេ”។ លោកបានបន្តថា “ធនាគារពិភពលោក…គួរតែជំរុញលើកទឹកចិត្តឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជនដីធ្លីជាពិសេសសកម្មជនមកពីតំបន់បឹងកក់ គឺអ្នកស្រី ទេព វន្នី”។

លោក សឿង សារ៉ន បានលើកឡើងទៀតថា បញ្ហាសំណង និងការចាប់សកម្មជនដាក់ពន្ធនាគារ គឺជាផ្នែកនៃបញ្ហាដដែល។

លោកបានថ្លែងថា សកម្មជនទាំងនោះ”គ្រាន់តែចង់ការពារដីធ្លីរបស់ខ្លួនតែប៉ុណ្ណោះ”។ លោកបានថ្លែងបន្តថា “ខ្ញុំគិតថា វាមិនមែនជាបញ្ហាដាច់ដោយឡែកពីគ្នាទេ។វាជាបញ្ហាមានជាប់ពាក់ព័ន្ធនឹងគ្នា”។ ទោះជាយ៉ាងណា លោក សៀ ភារម្យនាយកប្រតិបត្តិក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋានបានស្វាគមន៍កម្ចីរបស់ធនាគារ នេះ ដោយលើកឡើងថា ប្រាក់ទាំងនេះអាចជួយកាត់បន្ថយភាពក្រីក្ររបស់កម្ពុជា។ លោកបានមានប្រសាសន៍ថា កម្ចីថ្មីនេះនឹងអនុញ្ញាតឲ្យធនាគារពិភពលោកតស៊ូមតិជំនួសមុខឲ្យគ្រួសារនៅសេសសល់ទាំង១០ក្នុងតំបន់បឹងកក់ដែលនៅមិនទាន់ទទួលបានសំណងនៅឡើយនោះ។

លោកបានថ្លែងថា “ធនាគារនេះអាចផ្តល់ជាការជំរុញលើកទឹកចិត្តដល់រដ្ឋាភិបាលដើម្បីបញ្ចប់បញ្ហាទាំងនេះ”។ លោកបានថ្លែងបន្តថា “ជាមួយកម្ចីដែលមានទំហំទឹកប្រាក់១០០លានដុល្លារ ខ្ញុំគិតថា វាមិនមែនជាការងារលំបាកនោះទេ”៕ស៊ុយឈាង

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស