27 C
Phnom Penh

ក្រុម​​​មន្ត្រី​​​រៀប​​​ចំ​​​សិក្ខាសាលា​​​ក្នុង​​​ភូមិ​​​ដែលមាន​​​ការ​​​ចោទថា​​​មាន​​​អ្នកចេះអំពើ​​​អាប​​​ធ្មប់​​​ក្នុង​​​ខេត្ត​​​កំពង់ស្ពឺ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រីមកពីស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលកើតមានការព្រួតវាយជាច្រើនដោយមហាជន និងអំពើមនុស្សឃាតមួយទាក់ទិនការចោទថាចេះអំពើអាបធ្មប់កាលពីឆ្នាំមុននោះ បានធ្វើសិក្ខាសាលាបែបអប់រំមួយកាលពីម្សិលមិញនៅក្នុងភូមិដែលកាលពីពេលថ្មីៗនេះមានបុរសម្នាក់ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះរបស់ខ្លួន បន្ទាប់ពីត្រូវចោទថាចេះធ្វើអំពើ។

លោក ចែម ភឿនវុធ អភិបាលស្រុកមានប្រសាសន៍ថា មន្ត្រីស្រុក និងមន្ត្រីនគរបាលបានជួបប្រជុំជាមួយអ្នកភូមិក្នុងភូមិក្រាំងស្ពឺ ឃុំមហាឫស្សី ស្ដីពីសិទ្ធិ សុខភាព និងច្បាប់។

លោកអភិបាលស្រុកបានថ្លែងថា សុខភាពគឺជាប្រធានបទដ៏សំខាន់ ពីព្រោះអ្នកភូមិតែងតែបន្ទោសការស្លាប់ និងការធ្លាក់ខ្លួនឈឺទៅលើអំពើអាបធ្មប់ ហើយពេលខ្លះបន្ទាប់ពីគ្រូខ្មែរ ឬគ្រូទាយប្រាប់ថា អំពើអាបធ្មប់គឺជាមូលហេតុនៃបញ្ហារបស់ពួកគាត់។

WP-LastImage-16-800x533លោកបានមានប្រសាសន៍ថា “យើងបានអប់រំប្រជាពលរដ្ឋ…ថា នៅពេលណាក៏ដោយដែលពួកគាត់មានជំងឺ ពួកគាត់គួរតែទៅរកគ្រូពេទ្យ ហើយលេបថ្នាំតាមការណែនាំរបស់គ្រូពេទ្យ”។

ក្រុមការងារពិសេសកំពុងឆ្លើយតបទៅនឹងហេតុការណ៍ជាច្រើននៅក្នុងស្រុកនេះ ហើយថ្មីៗនេះគឺកាលពីយប់ថ្ងៃសៅរ៍ នៅពេលមនុស្សមួយក្រុមមានគ្នាប្រមាណ១៥០នាក់ដែលមានកំហឹង និងដែលប្រដាប់ដោយកាំបិត និងដំបងបានព័ទ្ធផ្ទះលោក និល សុខា អាយុ៤៥ឆ្នាំ ដោយចោទថាគាត់ចេះអំពើអាបធ្មប់។ លោក និល សុខា បានចាកចេញពីផ្ទះបាត់ទៅហើយ។

លោក ចែម ភឿនវុធ បានមានប្រសាសន៍ថា អាជ្ញាធរបានអប់រំដល់ភូមិមួយចំនួននៅក្នុងស្រុកនេះរួចហើយ រួមទាំងភូមិត្រពាំងស្វាយដែលលោក ប្រាក់ គង់ អាយុ៧០ឆ្នាំ ត្រូវបានឡោមព័ទ្ធមិនឱ្យចាកចេញពីផ្ទះកាលពីចុងខែមុន ដោយអ្នកភូមិមួយក្រុមមានគ្នាប្រមាណ៦០០នាក់ដែលចោទគាត់ថា ចេះអំពើអាបធ្មប់ ប៉ុន្តែបានមន្ត្រីនគរបាលស្រុកជួយនាំ់ចេញពីភូមិនេះជាមួយនឹងប្រពន្ធរបស់គាត់។

កាលពីខែឧសភា បុរសអាយុ៧៩ឆ្នាំម្នាក់ នៅក្នុងស្រុកនេះត្រូវបានចាក់សម្លាប់បន្ទាប់ពីមានការចោទស្រដៀងគ្នានេះ។  លោក ចែម ភឿនវុធ បានមានប្រសាសន៍ថា លោកមានគម្រោងរៀបចំសិក្ខាសាលានៅក្នុងឃុំទាំង១៣ ក្នុងស្រុកគងពិសី។

លោក ខឹម សុផាណារ៉ា អធិការនគរបាលស្រុកដែលបានចូលរួមសិក្ខាសាលាកាលពីម្សិលមិញបានមានប្រសាសន៍ថា ក្រុមមន្ត្រីមិនទាន់ចាប់ខ្លួននរណាម្នាក់នៅក្នុងភូមិក្រាំងស្ពឺនៅឡើយទេ ប៉ុន្តែនគរបាលកំពុងស៊ើបអង្កេតនៅឡើយ។ លោកមានប្រសាសន៍ថា លោកចង់និយាយជាមួយជនដែលគេចោទថាចេះអំពើអាបធ្មប់ គឺលោក និល សុខា ដែលមិនទាន់បានត្រឡប់មកកាន់ភូមិនេះវិញនៅឡើយ។

លោកបានថ្លែងថា “ខ្ញុំចង់និយាយជាមួយបុរសដែលអ្នកភូមិចោទថាចេះអំពើអាបធ្មប់ ហើយបន្ទាប់មកយើងអាចចាប់ខ្លួនមេបះបោរតែម្ដង”៕ សារុន

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស