នគរបាលជាតិបានរាយការណ៍កាលពីម្សិលមិញថា ក្រុមការងារពិសេសមួយរបស់រដ្ឋាភិបាលដែលត្រូវបានបង្កើតឡើង ដើម្បីបង្ក្រាបការនេសាទខុសច្បាប់នៅលើបឹងទន្លេសាប ដកហូតបានទូកជាង៦០គ្រឿង មងខុសច្បាប់រាប់ម៉ឺនម៉ែត្រ និងចាប់ខ្លួនអ្នកនេសាទរាប់សិបនាក់អំឡុងយុទ្ធនាការរយៈពេល៤ខែរបស់ខ្លួន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើតក្រុមការងារពិសេសនេះកាលពីខែធ្នូ ដើម្បីបង្ក្រាបការនេសាទខុសច្បាប់ដែលរីករាលដាលនៅលើបឹងនេះ បានតែងតាំងលោក វេ៉ង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មឱ្យធ្វើជាប្រធានក្រុមការងារពិសេសនេះ ហើយបានផ្ដល់ឧទ្ធម្ភាគចក្រមួយគ្រឿងសម្រាប់ជួយត្រួតពិនិត្យតំបន់នេះ។

ចន្លោះពីថ្ងៃទី៨ ខែធ្នូ ដល់ថ្ងៃទី១៧ ខែមេសា សមត្ថកិច្ចបានបញ្ឈប់ការនេសាទខុសច្បាប់ចំនួន៧៣០ករណីនៅលើបឹងដ៏ធំល្វឹងល្វើយនេះ ហើយបានឃាត់ខ្លួនមនុស្ស៣៦នាក់ដែលក្រោយមកត្រូវបានបញ្ជូនទៅតុលាការ នេះបើយោងតាមរបាយការណ៍មួយបង្ហោះលើគេហទំព័ររបស់នគរបាលជាតិកាលពីម្សិលមិញ។ ទោះជាយ៉ាងណា មិនមានការផ្ដល់ព័ត៌មានលម្អិតស្ដីពីការចោទប្រកាន់ ឬការផ្ដន្ទាទោសឡើយ។
របាយការណ៍នេះក៏បានលើកឡើងដែរថា ទូកនេសាទ៦៤គ្រឿងត្រូវបានដកហូត ឧបករណ៍ឆក់ហាមឃាត់ចំនួន៤គ្រឿង និងអាគុយចំនួន៤៣គ្រឿង ត្រូវបានចាប់ និងដកហូត ហើយត្រីដែលនៅរស់ប្រមាណ២២តោនត្រូវបានលែងចូលទៅក្នុងបឹងនេះ។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានជួបប្រជុំជាមួយមន្ត្រីមកពីក្រសួងកសិកម្មកាលពីម្សិលមិញនៅរាជធានីភ្នំពេញ ដើម្បីពិភាក្សារិះរកវិធីបន្តកិច្ចប្រឹងប្រែងនេះ នេះបើយោងតាមលើកឡើងរបស់លោក ឡោ រស្មី អ្នកនាំពាក្យក្រសួងកសិកម្ម។ លោកមានប្រសាសន៍ថា មន្ត្រីកំពុងខិតខំធ្វើសេចក្ដីព្រាងវិសោធនកម្មច្បាប់ជលផល ប៉ុន្តែបានបដិសេធមិនបញ្ជាក់ពីសេចក្ដីលម្អិតនៃវិសោធនកម្មទាំងនោះទេ ហើយក៏មិនបានលើកឡើងថា ការធ្វើសេចក្ដីព្រាងនឹងបញ្ចប់នៅពេលណាដែរ ដោយគ្រាន់តែលើកឡើងថា កំពុងតែបន្តពិភាក្សាគ្នា។
កាលពីដើមខែមុន លោក វ៉េង សាខុន បានប្រកាសថា មន្ត្រីកំពុងធ្វើសេចក្ដីព្រាងសារាចរណែនាំមួយដើម្បីតម្រូវឱ្យទូកនេសាទទាំងអស់នៅក្នុងខេត្តនានាជុំវិញបឹងនេះចុះបញ្ជីជាមួយរដ្ឋាភិបាល។ រហូតមកទល់ពេលនេះ សារាចរណែនាំនេះមិនទាន់បានបញ្ចេញនៅឡើយទេ។
កាលពីខែធ្នូ លោក ស ខេង បានព្រមានអភិបាលខេត្តដែលជាប់បឹងទន្លេសាបថា ពួកគេនឹងត្រូវបាត់បង់តំណែង ប្រសិនបើពួកគេមិនបញ្ឈប់ការនេសាទខុសច្បាប់នៅក្នុងខេត្តរបស់ខ្លួនទេនោះ។
លោក មិញ ប៊ុនលី អ្នកសម្របសម្រួលកម្មវិធីបឹងទន្លេសាបនៃអង្គការសម្ព័ន្ធភាពអភិរក្សធនធានជលផល ដែលជាបណ្ដុំអង្គការមិនមែនរដ្ឋាភិបាលផ្នែកបរិស្ថានបានមានប្រសាសន៍កាលពីម្សិលមិញថា លោកព្រួយបារម្ភថា ការនេសាទខុសច្បាប់ប្រហែលជាកើតមានឡើងវិញនៅខែក្រោយ ខណៈអាជ្ញាធរមមាញឹកនឹងការបោះឆ្នោតឃុំ សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា។
លោកបានគូសបញ្ជាក់ថា “ពេលនេះ ក្រុមការងារកំពុងអនុវត្តច្បាប់ដោយមិនយោគយល់អ្នកណាទាំងអស់។ ប៉ុន្តែបើពួកគេរវល់នឹងកិច្ចការនយោបាយនៅខែឧសភា ការនេសាទខុសច្បាប់ប្រហែលជាកើតមានឡើងវិញ”៕ សុខុម