គណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំកំពុងស៊ើបអង្កេតពាក្យបណ្តឹងដែលថា គណបក្សប្រជាជនកម្ពុជាបានរំលោភច្បាប់បោះឆ្នោត ដោយការបិទស្លាកសញ្ញាគណបក្សនៅតាមផ្ទះមុនចាប់ផ្តើមរយៈពេលធ្វើយុទ្ធនាការឃោសនាផ្លូវការសម្រាប់ការបោះឆ្នោត ឃុំ សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា។
លោក ម៉ៅ ម៉េន សមាជិកគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិស្រុកតំបែរបានមានប្រសាសន៍ថា ស្លាកសញ្ញាប្រហែល១.០០០សន្លឹកមានរូបសញ្ញាគណបក្សប្រជាជនកម្ពុជា និងលេខលើសន្លឹកឆ្នោតត្រូវបានបិទនៅខាងក្រៅផ្ទះប្រជាពលរដ្ឋចាប់តាំងពីថ្ងៃទី១០ ខែមេសាមក។លោកបានដាក់ពាក្យបណ្ដឹងទៅគណៈកម្មការរៀបចំការបោះឆ្នោតឃុំទឹកជ្រៅកាលពីថ្ងៃអង្គារ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) “ប្រកាសពេលយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃទី២០ ខែឧសភា ហើយគណបក្សនយោបាយមានពេលតែ១៤ថ្ងៃសម្រាប់ផ្សព្វផ្សាយ តែឥឡូវគណបក្សប្រជាជនកម្ពុជាចាប់ផ្តើមដើរផ្សព្វផ្សាយហើយ”។ លោកបន្តថា “ខ្ញុំគិតថា វាមិនមែនជារឿងត្រឹមត្រូវ វាជាការប្រកួតប្រជែងមិនស្មើភាពគ្នា”។
លោក ម៉ៅ ម៉េន បានមានប្រសាសន៍ថា មានការបិទស្លាកសញ្ញានៅភូមិចំនួន៦ក្នុងចំណោមភូមិទាំង១០ក្នុងឃុំទឹកជ្រៅ ហើយលោកនឹងយកពាក្យបណ្ដឹងនេះទៅកាន់ គ.ជ.ប. ប្រសិនបើមិនមានការយកចេញឆាប់ៗទេនោះ។លោកថ្លែងថា “យើងជម្រាបទៅអាជ្ញាធរ គេអត់យកចេញ មានតែដាក់ថែមទៀត”។
លោក សំ ស្រុីន សមាជិកក្រុមប្រឹក្សាឃុំទឹកជ្រៅ និងជាសមាជិកគណបក្សប្រជាជនកម្ពុជាបានទទួលស្គាល់ពីរឿងនេះ ប៉ុន្តែបានអះអាងថា គណបក្សសង្គ្រោះជាតិបានបំផ្លើសទំហំនៃការរំលោភបំពាននេះ ហើយអះអាងថាវាជាការរឿងអចេតនា។លោកបន្ថែមថា “គេបិទតែពីរ ឬបីភូមិប៉ុណ្ណឹង មិនច្រើនទេណា”។លោកបន្តថា “គ្នាមិនយល់ពីច្បាប់ទម្លាប់”។
លោក សំ ស្រុីន បានមានប្រសាសន៍ថា លោកបានបញ្ជាឱ្យប្រជាការពារភូមិយកស្លាកទាំងនេះចេញនៅពេលមានការដាក់ពាក្យបណ្ដឹង។ លោកបានថ្លែងថា “គេកំពុងតែយកចេញហើយ។ ដកជិតអស់ហើយ”។
បើទោះជាដូច្នេះក្ដី លោក សុខ ឈិន ប្រធានគណៈកម្មការខេត្តរៀបចំការបោះឆ្នោតបានមានប្រសាសន៍ថា លោកបានបញ្ជូនបុគ្គលិករបស់លោកទៅស៊ើបអង្កេតហើយ។
លោកបានថ្លែងថា ការបិទស្លាកសញ្ញាដែលមានលេខនៅលើសន្លឹកឆ្នោតមុនពេលចាប់ផ្ដើមរយៈពេលធ្វើយុទ្ធនាការឃោសនាផ្លូវការគឺរំលោភច្បាប់។ ប៉ុន្តែលោកបានបដិសេធមិននិយាយថាតើនឹងមានវិធានការដាក់ទោសទណ្ឌដល់អ្នកប្រព្រឹត្តឬយ៉ាងណានោះឡើយ។
លោកមានប្រសាសន៍ថា “សូមចំាមើលសិន”។ លោកបន្តថា “ខ្ញុំមិនទាន់ហ៊ាននិយាយថាម៉េចទេឥឡូវ ព្រោះខ្ញុំឮតែពីម្ខាង”។ ប្រហែលជាមិនមានការដាក់ទោសទណ្ឌទេមើលទៅ។
លោក សំ គន្ធាមី នាយកគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ជាអង្គការមិនមែនរដ្ឋាភិបាលបានមានប្រសាសន៍ថា គ.ជ.ប.មានសមត្ថកិច្ចផ្លូវច្បាប់ទាក់ទិនការរំលោភបំពានយុទ្ធនាការអំឡុងរយៈពេលធ្វើយុទ្ធនាការតែប៉ុណ្ណោះ ជាអ្វីដែលលោកចាត់ទុកថាបញ្ហាពាក់ព័ន្ធនឹងច្បាប់។
លោក សំ គន្ធាមី បានថ្លែងថា ក្រៅពីរយៈពេលធ្វើយុទ្ធនាការ “វាមិនមែនជាដែនសមត្ថកិច្ចរបស់ គ.ជ.ប.ទេ។ គ.ជ.ប. អត់មានអំណាចទេ ពីព្រោះច្បាប់បានកំណត់អញ្ចឹង”។លោកបានបន្តថា ” វាគឺជាចន្លោះប្រហោង”៕ សារុន