29 C
Phnom Penh

ជនជាតិ​​ភាគតិច​​​ម៉ុងតាញ៉ា​ចំនួន​​​២៥នាក់​​នឹងត្រូវបញ្ជូន​​​ពី​​​កម្ពុជា​​​ត្រឡប់ទៅ​​វៀតណាមវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ថ្វីបើអះអាងថាខ្លួនបានរត់គេចពីការធ្វើទុក្ខបុកម្នេញយ៉ាងរាលដាលយ៉ាងណាក្ដី ក៏ជនជាតិភាគតិចម៉ុងតាញ៉ា ដែលស្វែងរកសិទ្ធិជ្រកកោនចំនួន២៥នាក់នឹងត្រូវបញ្ជូនត្រឡប់ទៅប្រទេសវៀតណាម វិញនៅថ្ងៃច័ន្ទតាមការស្ម័គ្រចិត្ត ដោយគេគិតថា លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាអ្នកអនុម័តចំណាត់ការនេះ នេះបើយោងតាមមន្ត្រីក្រសួងមួយរូបបានលើកឡើងកាលពីម្សិលមិញ។

លោក ហ៊ុល សារិទ្ធ ប្រធានការិយាល័យចុះបញ្ជីជនស្វែងរកសិទ្ធិជ្រកកោននៃនាយកដ្ឋានជនភៀសខ្លួនក្រសួងមហាផ្ទៃ មានប្រសាសន៍ថា UNHCR ដែលជាទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិនឹងជួយក្រុមនេះឆ្លងដែន បន្ទាប់ពីពួកគេសុខចិត្តវិលត្រឡប់ទៅវិញ ក្រោយពួកគេបានធ្លាក់ការវាយតម្លៃដើម្បីទទួលបានឋានៈជាជនភៀសខ្លួន។

លោកលើកឡើងថា ”អ្នកទាំងនោះមិនត្រូវបានបង្ខំឱ្យចាកចេញពីប្រទេសកម្ពុជាទេ ពោលគឺពួកគេស្ម័គ្រចិត្តវិលត្រឡប់ទៅស្រុកវិញ។ UNHCR បានធ្វើសំណើទៅនាយកដ្ឋានជនភៀសខ្លួនសុំបញ្ជូនជនជាតិម៉ុងតាញ៉ា២៥នាក់ត្រឡប់ទៅប្រទេសវៀតណាមវិញក្នុងពេលឆាប់ៗ ហើយយើងបានដាក់សំណើនេះជូនសម្ដេចក្រឡាហោម ស ខេង រួចហើយ”។

លោកបានបន្ថែមថា តាមការរំពឹងទុក ក្រុមនេះនឹងឆ្លងដែនចូលទៅក្នុងប្រទេសវៀតណាម កាត់តាមច្រកព្រំដែនអូរយ៉ាដាវ នៅ ក្នុងខេត្តរតនគិរី។

ការធ្វើមាតុភូមិនិវត្តជនជាតិម៉ុងតាញ៉ាចុងក្រោយនេះ ធ្វើឱ្យចំនួនជនជាតិភាគតិចវៀតណាមនេះនៅភ្នំពេញសល់តិចជាង៧០នាក់។ ជនជាតិម៉ុងតាញ៉ាជាង៥០នាក់បានរត់ភៀសខ្លួនចេញពីកន្លែងស្នាក់នៅបណ្ដោះអាសន្នរបស់ពួកគេ ដែលផ្ដល់មូលនិធិដោយអង្គការសហប្រជាជាតិកាលពីខែមុន ហើយពេលនេះកំពុងតែលាក់ខ្លួននៅជាយក្រុងបាងកក។

បច្ចុប្បន្នបុរសម្នាក់ និងប្រពន្ធរបស់ខ្លួនដែលមានផ្ទៃពោះកំពុងស្ថិតក្រោមការឃុំខ្លួនរបស់នាយកដ្ឋានអន្តោប្រវេសន៍ ដោយមន្ត្រីអះអាងថា ពួកគេនឹងត្រូវបណ្ដេញចេញពីកម្ពុជា ពីព្រោះពួកគេមិនមែនជាជនជាតិម៉ុងតាញ៉ា ហើយពួកគេត្រូវបានឃាត់ខ្លួនខណៈប៉ុនប៉ងរត់គេច។ អង្គការគម្រោងជួយជនជាតិម៉ុងតាញ៉ា (Montagnard Assistance Project) មិនយល់ស្របនឹងការលើកឡើងបែបនេះឡើយ ដោយអះអាងថា ពួកគេទាំងពីរត្រូវបានឃុំខ្លួននៅអាផាតមិនរបស់ពួកគេដោយសារតែរដ្ឋាភិបាលខ្លាចពួកគេរត់គេចខ្លួនទៅប្រទេសថៃដែរ។ ពួកគេមិនស្ថិតក្នុងចំណោមជនជាតិម៉ុងតាញ៉ាទាំង២៥នាក់ដែលត្រូវត្រឡប់ទៅវិញទេ។

លោក ហ៊ុល សារិទ្ធ ថ្លែងថា មួយចំនួនក្នុងចំណោមអ្នកដែលនៅសេសសល់ទាំងនោះបានជាប់ការវាយតម្លៃជាជនភៀសខ្លួនរបស់ពួកគេ  ចំណែកឯអ្នកផ្សេងទៀតបានធ្លាក់ ហើយគេក៏កំពុងមានគម្រោងបញ្ជូនពួកគេត្រឡប់ទៅវិញដែរ។

លោកស្រី ដេនីស ខក់លែន (Denise Coghlan) ប្រធានអង្គការសេវាជនភៀសខ្លួនព្រះយេស៊ូ (Jesuit Refugee Service) ដែលបាននិងកំពុងផ្ដល់ជំនួយដល់ជនជាតិម៉ុងតាញ៉ាបានបញ្ជាក់ថា ក្រុមដែលមានគ្នា២៥នាក់នេះនឹងត្រូវធ្វើមាតុភូមិនិវត្តនៅថ្ងៃច័ន្ទ បន្ទាប់ពីពួកគេសុំវិលត្រឡប់ទៅផ្ទះវិញ។

លោកស្រីមានប្រសាសន៍ថា “តាមខ្ញុំយល់ ក្រុមបន្ទាប់ដែលត្រូវធ្វើមាតុភូមិនិវត្តក្រោមការឃ្លាំមើលពី UNHCR នឹងធ្វើឡើងនៅថ្ងៃទី២៤។ ពួកគេមួយចំនួនបានទូរស័ព្ទសុំពួកយើងដោយនិយាយថា ពួកគេចង់វិលត្រឡប់ទៅវិញ”។

លោកស្រីលើកឡើងបន្ថែមថា ”អ្នកខ្លះដែលត្រូវបានបដិសេធ បានសម្រេចប្តឹងទាស់ ហើយអ្នកខ្លះដែលត្រូវបានច្រានចោល សម្រេចចិត្តទទួលយកវា ហើយនិយាយថា ‘ប៉ុណ្ណឹងបានហើយ តោះយើងត្រឡប់ទៅវិញ”’។

ទោះបីជាលោកស្រីមិនបាននិយាយស៊ីជម្រៅជាមួយជនជាតិម៉ុងតាញ៉ាទាំងនេះពាក់ព័ន្ធអារម្មណ៍របស់ពួកគេចំពោះការវិលត្រឡប់ទៅវៀតណាមវិញក្តី ក៏លោកស្រី ដេនីស ខក់លែន មានប្រសាសន៍ថា ពួកគេទំនងជាមិនសប្បាយចិត្តយ៉ាងខ្លាំងចំពោះស្ថានភាពរបស់ខ្លួននៅភ្នំពេញ កន្លែងដែលពួកគេភាគច្រើនត្រូវបានឃុំខ្លួនរយៈពេលជាង១ឆ្នាំ។

លោកស្រីបានមានប្រសាសន៍ថា “ខ្ញុំគិតថា ពួកគេកំពុងយល់ថាវត្តមានរបស់នគរបាលរាល់ថ្ងៃនៅទីតាំងស្នាក់នៅនេះគួរឱ្យភ័យខ្លាចបន្តិច ឬគួរឱ្យភ័យខ្លាចខ្លាំងអាស្រ័យលើនគរបាល  ហើយពួកគេមួយចំនួនប្រហែលជាសប្បាយចិត្តនឹងចាកចេញពីទីនោះ”។

លោកស្រី វីវៀន តាន មន្ត្រីផ្នែកសារព័ត៌មានប្រចាំតំបន់នៅ UNHCR បានលើកឡើងតាមរយៈសារអេឡិចត្រូនិកថា លោកស្រីគ្មានតួលេខ ឬកាលបរិច្ឆេទច្បាប់លាស់ទេ ប៉ុន្តែថា “ការបញ្ជូនត្រឡប់ទៅវិញដែលមានការសម្របសម្រួលនឹងបន្តធ្វើឡើងស្របតាមគោលការណ៍ដែលបានព្រមព្រៀងគ្នា”។

ការកើនឡើងចុងក្រោយនូវចំនួនជនជាតិម៉ុងតាញ៉ាដែលរត់ភៀសខ្លួនមកកាន់ប្រទេសកម្ពុជា បានចាប់ផ្ដើមកាលពីចុងឆ្នាំ២០១៤ ដោយអ្នកស្វែងរកសិទ្ធិជ្រកកោនទាំងនោះអះអាងថា ខ្លួនបានទទួលរងការធ្វើទុក្ខបុកម្នេញ និងការតាមឃ្លាំមើលដោយសារតែពួកគេគោរពប្រតិបត្តិសាសនាគ្រិស្តនិកាយប្រូតេស្តង់ ដែលរដ្ឋាភិបាលក្រុងហាណូយ មិនទទួលស្គាល់ជាផ្លូវការ និងដោយសារតែពួកគេធ្លាប់គាំទ្រសហរដ្ឋអាមេរិក នៅក្នុងសង្គ្រាមឥណ្ឌូចិនលើកទី២។

ក្រុមទី១មានគ្នា១៣នាក់ដែលបានរត់ចូលព្រៃក្នុងខេត្តរតនគិរីកាលពីខែតុលា ឆ្នាំ២០១៤ ទទួលបានឋានៈជាជនភៀសខ្លួន ហើយបច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសហ្វីលីពីនរង់ចាំការតាំងលំនៅថ្មីក្នុងប្រទេសទី៣៕ សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស