38.1 C
Phnom Penh

ផ្ទះ​​​ដែល​​​លោក​​​ កែម ឡី ធ្លាប់​​​រស់​​​នៅកាល​​​ពី​​​ក្មេង​​​ក្លាយជា​​​កន្លែង​​​ពល​​​រដ្ឋ​​​ទៅ​​​​​​អុជ​​​ធូប 

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្រុកត្រាំកក់, ខេត្តតាកែវ-ដោយឈរកាលពីរសៀលថ្ងៃអាទិត្យក្នុងផ្ទះនៅស្រុកកំណើតរបស់លោក កែម ឡី អ្នករិះគន់រដ្ឋាភិ បាលដែលត្រូវគេធ្វើឃាតនោះ អ្នកលក់កាហ្វេ ម្នាក់ឈ្មោះ ជា សុផា បានពន្យល់ពីមូលហេតុដែលគាត់ធ្វើដំណើរជាង១០០គីឡូម៉ែត្រពីខេត្តកំពង់ស្ពឺទៅកាន់ស្រុកកំណើតរបស់វីរបុរសរបស់គាត់។

លោក ជា សុផា បាននិយាយថា “គាត់អត់មានបញ្ចេញបញ្ចូលដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនទេ គាត់មានគុណធំធេងណាស់។ ខ្ញុំស្រឡាញ់ពេញចិត្តគាត់ មិនមែនតែខ្ញុំទេ កូនខ្មែរជាច្រើនទៀតក៏អ៊ីចឹងដែរ”។

បន្ទាប់មកលោក ជា សុផា បានយំសោកសង្រេង។ គាត់បាននិយាយបន្តថា “គាត់គឺជាមនុស្សសាមញ្ញណាស់ ទោះជាគាត់មានការអប់រំខ្ពង់ខ្ពស់ក៏ដោយ”។

រូបសំណាកលោក កែម ឡី អ្នកវិភាគនយោបាយនៅផ្ទះរបស់លោកដែលលោកធ្លាប់រស់នៅកាលពីក្មេងនៅក្នុងខេត្តតាកែវ នៅសប្ដាហ៍នេះ។ អ៊៊ូច សូនី / The Cambodia Daily

បុរសអាយុ៥៣ឆ្នាំរូបនេះគឺជាពលរដ្ឋខ្មែរមួយរូបក្នុងចំណោមពលរដ្ឋខ្មែរជាច្រើនទៀតដែលបានចេញចូលផ្ទះរបស់អ្នកវិភាគនយោបាយរូបនេះមិនដាច់អំឡុងពេលបុណ្យចូលឆ្នាំខ្មែរ។ មានអ្នកខ្លះបានថតរូបនៅខាងមុខរូបសំណាករបស់លោក កែម ឡី ដែលមានទំហំប៉ុនរូបពិត។ អ្នកខ្លះទៀតបានអុជធូបនៅខាងមុខផ្នូររបស់គាត់ ឬក៏សំដែងអារម្មណ៍អាណិតអាសូរ និងផ្តល់ប្រាក់ខ្លះៗដល់អ្នកស្រី ភោគ សេ អាយុ៧៨ឆ្នាំដែលត្រូវជាម្តាយរបស់លោក កែម ឡី និងដែលសម្រាន្តនៅលើគ្រែរាល់ថ្ងៃដោយមានព័ទ្ធជុំវិញទៅដោយរូបថត និងពាក្យពេចន៍របស់កូនប្រុសជាទីស្រឡាញ់របស់អ្នកស្រី ដែលត្រូវឃាតករ បាញ់សម្លាប់ក្នុងរាជធានីភ្នំពេញកាលពីខែកក្កដានៅក្នុងអ្វីដែលមជ្ឈដ្ឋានជាច្រើនគិតថា ជារឿងមានជាប់ពាក់ព័ន្ធនយោបាយ។

ដោយមានប្រសាសន៍តិចៗ អ្នកស្រី ភោគ សេ ដែលបានកោរសក់កាន់ទុក្ខនោះ បានលើកឡើងថា មានមនុស្សជាង៤០នាក់បានមកអុជធូបគោរពនៅផ្ទះរបស់គាត់ក្នុងមួយថ្ងៃៗអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ។ ទោះបីជាមានគេមកយ៉ាងនេះក៏ដោយ តែអ្នកស្រីបានលើកឡើងថា វាជួយឲ្យអ្នកស្រីរសាយទុក្ខកង្វល់បានតែបន្តិចបន្តួចប៉ុណ្ណោះ។

អ្នកស្រីបានមានប្រសាសន៍ថា “មុនពេលកូនខ្ញុំស្លាប់ យើងសប្បាយរីករាយណាស់អំឡុងបុណ្យចូលឆ្នាំខ្មែរ។ ឥឡូវអត់មានអីសប្បាយទេ។ ទោះបីជាមានមនុស្សចេញចូលៗក៏ដោយ ក៏ខ្ញុំនៅតែកើតទុក្ខដដែល”។

cam-photo-kem-ley-3-sony-800x600អ្នកដែលមកអុជធូប និងផ្តល់ការគោរពមិនដាច់បែបនេះមិនមែនមកតែអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរនោះឡើយ។ លោកកែម រិទ្ធីសិទ្ធ ប្អូនប្រុសរបស់លោក កែម ឡី ដែលក៏នៅផ្ទះនេះដែរនោះបានលើកឡើងថា មានអ្នកមកអុជធូបនិងផ្តល់ការគោរពជារៀងរាល់ថ្ងៃមិនដាច់នោះឡើយ។

លោកបានលើកឡើងទៀតថា មនុស្សចាប់ពី២០ទៅ៣០នាក់បានឈៀងមកជារៀងរាល់ថ្ងៃ ហើយនៅចុងសប្តាហ៍វិញអាចមានរហូតដល់ប្រហែល៥០ទៅ៦០នាក់។ ខណៈភាគច្រើនមកពីខេត្តតាកែវ ឬខេត្តក្បែរៗនោះ មានអ្នកខ្លះទៀតបានធ្វើដំណើរមកតាំងពីខេត្តរតនគិរី នៅភាគឦសាន ឬក៏ខេត្តបន្ទាយមានជ័យនៅភាគខាងលិច។ រីឯជនបរទេសវិញក៏មានមកមួយចំនួនដែរ។

ខណៈនៅបរិវេណខាងក្រៅផ្ទះមានដាក់តាំងនូវរូបថតបង្ហាញពីស្នាមញញឹមរបស់លោក កែម ឡី និងរូបសំណាករបស់គាត់នោះ វាក៏មានការដាក់បង្ហាញរូបថតនិងរូបគំនូរបង្ហាញពីសពប្រឡាក់ឈាមរបស់លោក កែម  ឡី ដេកស្លាប់នៅក្នុងស្តារម៉ាតបន្ទាប់ពីរងការបាញ់ប្រហារដោយអតីតទាហានម្នាក់ឈ្មោះ អឿត អាង ដែលត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតកាលពីខែមុនផងដែរ។

លោក កែម រិទ្ធីសិទ្ធិ បានលើកឡើងបន្តទៀតថា រូបថតបង្ហាញពីការស្លាប់របស់បងប្រុសលោកត្រូវបានដាក់តាំងបង្ហាញគឺដើម្បីបង្ហាញឲ្យឃើញពីភាពព្រៃផ្សៃ។

លោកបាននិយាយថា “រូបភាពទាំងនេះដាក់បង្ហាញដើម្បីឲ្យអ្នកមកបានឃើញពីទិដ្ឋភាពនៃការសម្លាប់គាត់”។

ភ្ញៀវម្នាក់អុជធូបគោរពវិញ្ញាណក្ខន្ធលោក កែម ឡី អ្នកវិភាគនយោបាយនៅផ្ទះរបស់លោកដែលលោកធ្លាប់រស់នៅកាលពីក្មេងនៅក្នុងខេត្តតាកែវ នៅសប្ដាហ៍នេះ។ អ៊៊ូច សូនី / The Cambodia Daily

ដោយផ្ទះនេះបានប្រែក្លាយទៅជាកន្លែងកាន់ទុក្ខរំឭកវិញ្ញាណក្ខន្ធអ្នកវិភាគនយោបាយរូបនេះដែលមានអាយុ៤៦ឆ្នាំអំឡុងពេលត្រូវឃាតករបាញ់សម្លាប់នោះ កេរ្តិ៍ឈ្មោះរបស់អ្នកវិភាគរូបនេះទំនងជាទើបតែបានល្បីល្បាញបន្ទាប់ពីលោកបានបាត់បង់ជីវិតប៉ុណ្ណោះ។

លោក ឆាំ ប៊ុនថេត អ្នកវិភាគនយោបាយ និងទីប្រឹក្សាគណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលកើតចេញពីគំនិតរបស់លោក កែម ឡី នោះ បានលើកឡើងថា មនុស្សជាច្រើនផ្តល់ការគោរពដល់លោក កែម ឡី ដែលជាអ្នកវិភាគដ៏ល្បីល្បាញបំផុតនៅកម្ពុជា គឺដោយសារតែការផ្តល់ដំបូន្មានបង្រៀនប្រៀនប្រដៅរបស់គាត់។

លោកបានថ្លែងថា “ខ្ញុំគិតថា សំឡេង ពាក្យពេចន៍ ប្រាជ្ញា និងសេចក្តីក្លាហានរបស់គាត់គឺនៅតែស្ថិតជាប់ក្នុងក្រអៅបេះដូងពលរដ្ឋខ្មែរជានិច្ច ហេតុដូច្នេះហើយទើបគេទៅទីនោះផ្តល់ការគោរពដល់គាត់”។

ទោះជាយ៉ាងណា លោក ឆាំ ប៊ុនថេត បាន និយាយថា លោកជឿថា មានមនុស្សជាច្រើន ទើបតែក្លាយជាអ្នកគាំទ្រលោក កែម ឡី  បន្ទាប់ពីលោកបានបាត់បង់ជីវិតប៉ុណ្ណោះ។

លោកបានមានប្រសាសន៍ថា “គេស្រឡាញ់ ចូលចិត្តគាត់ ជាពិសេសបន្ទាប់ពីគាត់ត្រូវគេធ្វើឃាត”។ លោកបានបន្តថា “អ្នកខ្លះមិនមែនជាអ្នកគាំទ្រគាត់ទេ ពេលគាត់នៅជាអ្នកធ្វើអត្ថាធិប្បាយនយោបាយ ព្រោះមានអ្នកខ្លះជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងអ្នកខ្លះទៀតសង្ស័យថា គាត់ជាមនុស្សរបស់គណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែ បន្ទាប់ពីគេធ្វើឃាតគាត់ មានមនុស្សជាច្រើនទៅទីនោះ ថត រូបសែលហ្វីដើម្បីបង្ហាញថា ពួកគេគោរពគាត់”។

ម្តាយរបស់លោក កែម ឡី អ្នកស្រី ភោគ សេ បានត្រឡប់ពីខាងក្រៅផ្ទះវិញនៅខេត្តតាកែវ។ រូបថតៈ អ៊៊ូច សូនី / The Cambodia Daily

ការធ្វើឃាតលោក កែម ឡី ដែលកើតឡើងបន្ទាប់ពីមានការចេញផ្សាយព័ត៌មានរិះគន់ធ្ងន់ៗលើភាពមានបានរបស់ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  និងស្របពេលលោក កែម ឡី កំពុងស្ថិតក្នុងដំណើរការចេញផ្សាយសៀវភៅជាច្រើនក្បាលស្តីពីជីវិតនយោបាយនៅកម្ពុជានោះ គឺដោយសារតែការហា៊ននិយាយអ្វីដែលជាការពិត។

លោក ឆាំ ប៊ុនថេត បានថ្លែងថា “ខ្ញុំគិតថា គេបង្ហាញការគោរពបន្ទាប់ពីគេធ្វើឃាតគាត់ព្រោះគេដឹងថាគាត់គឺជានិមិត្តរូបនៃការការពិត និមិត្តរូបនៃការផ្លាស់ប្តូរ ប៉ុន្តែ ខ្ញុំគិតថា គេគោរពស្រឡាញ់គាត់ បន្ទាប់ពីគាត់បាត់បង់ជីវិត មិនមែនមុនពេលគាត់ត្រូវគេធ្វើឃាតនោះទេ”។

លោក យន់ សុវណ្ណ ដែលធ្វើដំណើរពីស្រុកអង្គស្នួលខេត្តកណ្តាលមក បានអុជធូបគោរពអ្នករិះគន់”ហា៊ននិយាយឥតសំចៃមាត់”រូបនេះ។ លោកមិនដែលអុជធូបផ្តល់ការគោរពបែបនេះដល់បុគ្គលសាធារណៈផ្សេងៗទៀតនោះឡើយ។

លោកបាននិយាយថា”ខ្ញុំមិនហ៊ានដូចគាត់ទេ។ បើខ្ញុំហា៊នបែបនេះប្រហែលជាដូចគាត់ហើយ”។ លោកបានបន្តថា “គឺដើម្បីគាត់ហ្នឹងឯង…ព្រោះខ្ញុំសោកស្តាយមែនទែន”។ លោកបានបន្ថែមទៀតថា “ខ្ញុំមិនដែលអុជធូបផ្តល់ការគោរពដល់នរណាដួចនេះទេ”៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស