ព័ត៌មានជាតិ

រដ្ឋាភិបាល​​ហាម​មន្ត្រី​គណ​បក្ស​​សង្គ្រោះ​ជាតិ​​លែង​​​​ឱ្យ​ចុះ​​​​ទៅ​សួរ​​សុខ​​​ទុក្ខ​អ្នក​ទោស​ក្នុង​ពន្ធនាគារ​

By

April 21, 2017

ក្រសួងមហាផ្ទៃនឹងលែងអនុញ្ញាតឱ្យមន្ត្រីគណបក្សសង្គ្រោះជាតិចុះសួរសុខទុក្ខសហការីរបស់ខ្លួនដែលកំពុងជាប់ពន្ធនាគារទៀតហើយ បន្ទាប់ពីគណបក្សនេះបាននាំបុគ្គលិកម្នាក់របស់វិទ្យុអាស៊ីសេរី (RFA) ចូលក្នុងពន្ធនាគារក្រោមលេសមិនពិត ជាការអះអាងដែលគណបក្សនេះ  និងបុគ្គលិកវិទ្យុខាងលើបានច្រានចោលថាមិនមែនជាការពិត។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា លោក ហួត វុទ្ធី នាយករងវិទ្យុអាស៊ីសេរីប្រចាំប្រទេសកម្ពុជា ដែលប្រិយមិត្តអ្នកស្ដាប់ស្គាល់ច្បាស់ថា ជុន ច័ន្ទបុត្រ បានចុះហត្ថលេខា និងសរសេរបញ្ជាក់តួនាទីរបស់ខ្លួនថាជា “ជំនួយការ” នៅពេលលោកអមដំណើរតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូប គឺលោកស្រី មូរ សុខហួរ និងលោក ឡុង រី ចុះសួរសុខទុក្ខសកម្មជន និងអតីតមន្ត្រីគណបក្សដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស កាលពីថ្ងៃពុធ។

ឧត្ដមសេនីយ៍រូបនេះបានថ្លែងកាលពីថ្ងៃពុធថា “ពួកគាត់មិនស្មោះត្រង់ជាមួយយើងទេ។ ពួកគាត់អនុញ្ញាតឱ្យ ជុន ច័ន្ទបុត្រ លួចចូលទៅជាមួយពួកគាត់…។ យើងនឹងផ្អាកលែងឲ្យពួកគាត់ចុះសួរសុខទុក្ខរយៈពេលវែង ដោយសារពួកគាត់ផ្សព្វផ្សាយសារនយោបាយ”។

អ្នកនាំពាក្យដដែលបន្តថា លោក ហួត វុទ្ធី អះអាងថាខ្លួនជា “ជំនួយការគណបក្សសង្គ្រោះជាតិ។ តាមពិតគាត់ជាអ្នកយកព័ត៌មានឱ្យអាស៊ីសេរី”។ ទោះជាយ៉ាងណា កាលពីម្សិលមិញ លោកមិនប្រាកដថាទង្វើនេះបំពានច្បាប់ណាមួយឡើយ ដោយលើកឡើងថា ការសម្រេចបន្តនីតិវិធីលើករណីនេះ ”ស្រេចលើតុលាការ”។ លោកមានប្រសាសន៍បន្ថែមទៀតថា “ក្នុងក្រមព្រហ្មទណ្ឌចែងថា ការធ្វើរឿងបែបនេះគឺមិនត្រឹមត្រូវទេ”។

រូបថតមួយសន្លឹកបង្ហោះលើគេហទំព័រព័ត៌មាន Fresh News ដែលគាំទ្ររដ្ឋាភិបាលបានបង្ហាញពីលោក ហួត វុទ្ធី ពាក់មួកកាតឹប និងពាក់វែនតាការពារពន្លឺព្រះអាទិត្យ ហើយឈរពីក្រោយខ្នងលោកស្រី មូរ សុខហួរ។ ស្ថាប័នសារព័ត៌មានមួយនេះក៏បានបង្ហោះរូបសៀវភៅចុះវត្តមានភ្ញៀវដែលសួរសុខទុក្ខអ្នកទោសផងដែរ ហើយវាបង្ហាញពីឈ្មោះផ្លូវការរបស់លោក ហួត វុទ្ធី អមដោយមុខតំណែងជា “ជំនួយការ”។

ប៉ុន្តែលោក ហួត វុទ្ធី មានប្រសាសន៍ថា លោកគ្រាន់តែសរសេរឈ្មោះរបស់លោកប៉ុណ្ណោះ ហើយមិនបានដាក់តួនាទីទេ។ លោកបានលើកឡើងកាលពីម្សិលមិញថា ”ខ្ញុំមិនពាក់ព័ន្ធនឹងគណបក្សទេ។ ខ្ញុំគ្រាន់តែទៅយកព័ត៌មានប៉ុណ្ណោះ”។

លោក ហួត វុទ្ធី ដែលមានតួនាទីជាអ្នកសម្របសម្រួលកិច្ចសម្ភាស៍ និងកិច្ចប្រជុំតុមូលនៅស្ថានីយវិទ្យុខាងលើនេះដែរនោះប្រាប់ថា ដំបូងឡើយលោកមានបំណងចូលសួរសុខទុក្ខលោក គឹម សុខ អ្នកអត្ថាធិប្បាយនយោបាយដែលត្រូវបានឃុំខ្លួនកាលពីខែកុម្ភៈដោយសារចោទប្រកាន់ថា “ បណ្ដាញ” មួយដែលមានទំនាក់ទំនងស្និទ្ធនឹងរដ្ឋាភិបាលជាអ្នករៀបចំការធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយ។ លោក គឹម សុខ បានធ្វើអត្ថាធិប្បាយបែបនេះអំឡុងពេលបទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី។

លោក ហួត វុទ្ធី បញ្ជាក់ថា ឆ្មាំពន្ធនាគារម្នាក់មិនអនុញ្ញាតឱ្យលោកចូលសួរសុខទុក្ខលោក គឹម សុខ ទេ ដោយនិយាយថា លោកត្រូវមានលិខិតអនុញ្ញាតពីតុលាការទើបអាចចូលបាន។

ប៉ុន្តែប៉ុន្មាននាទីក្រោយមក គណៈប្រតិភូនៃគណបក្សសង្គ្រោះជាតិក៏បានទៅដល់។ លោក ហួត វុទ្ធី មានប្រសាសន៍ថា លោកបានចូលទៅជាមួយគណៈប្រតិភូនេះ ហើយស្ដាប់យ៉ាងស្ងៀមស្ងាត់នូវការសន្ទនារបស់ពួកគាត់ជាមួយអតីតមន្ត្រី និងសកម្មជនគណបក្សប្រឆាំង ១៦រូបដែលសុទ្ធតែត្រូវបានចោទប្រកាន់ក្នុងសំណុំរឿងចំនួនដែលគណបក្សសង្គ្រោះជាតិអះអាងថាជារឿងនយោបាយ។

លោកលើកឡើងថា “ខ្ញុំមិនខ្វល់ទេថាគេចោទថាខ្ញុំធ្វើអ្វី ពីព្រោះខ្ញុំធ្វើការទៅតាមវិជ្ជាជីវៈសារព័ត៌មាន។ ខ្ញុំចង់ដឹងពីស្ថានភាព [ខាងក្នុងពន្ធនាគារ]។ អ្នកណាក៏ស្គាល់ខ្ញុំដែរ ធ្វើម៉េចខ្ញុំបន្លំខ្លួនទៅកើត?”។

លោកស្រី មូរ សុខហួរ មានប្រសាសន៍ថា លោកស្រីគាំទ្រអ្វីដែលលោក ហួត វុទ្ធី បានរៀបរាប់ទាក់ទិនការចុះសួរសុខទុក្ខនេះ ប៉ុន្តែប្រាប់ថា គណបក្សសង្គ្រោះជាតិនឹងសហការជាមួយក្រសួងដើម្បីដោះស្រាយស្ថានភាពនេះ។

លោកស្រីលើកឡើងថា “យើងគ្មានចេតនាមិនគោរពបទបញ្ជាផ្ទៃក្នុងទេ។ យើងសង្ឃឹមថា ស្ថានភាពនេះនឹងត្រូវបានបញ្ជាក់…។ ហើយបន្ទាប់ពីមានការបញ្ជាក់  នឹងមានដំណោះស្រាយ”។

សូមបញ្ជាក់ថា ក្នុងរយៈពេល១ឆ្នាំមកនេះ វិទ្យុអាស៊ីសេរី និងភ្ញៀវរបស់ខ្លួនបានជួបបញ្ហារហូត។ ជាក់ស្ដែងលោក កែម ឡី ជាអ្នកវិទ្យាសាស្ត្រសង្គម និងជាភ្ញៀវប្រចាំក្នុងកម្មវិធីផ្សាយ “វេទិកាអ្នកស្ដាប់” ដ៏មានប្រជាប្រិយភាព ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីខែកក្កដា ពោលគឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពីលោករិះគន់ថារដ្ឋាភិបាលពុករលួយ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានភ្ញៀវមួយរូបទៀតគឺលោក មាស នី កុំឱ្យ “ជ្រុលហួសហេតុពេក” ក្នុងសុន្ទរកថាមួយថ្លែងកាលពីខែវិច្ឆិកា ហើយបានប្ដឹងលោក គឹម សុខ កាលពីខែកុម្ភៈ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានអះអាងម្ដងហើយម្ដងទៀតថា វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) កំពុងលួចធ្វើការជាសម្ងាត់ជាមួយរដ្ឋាភិបាលអាមេរិក និងគណបក្សប្រឆាំង ដោយមានបំណងភាពបង្កចលាចល និងអស្ថិរភាពតាមរយៈការធ្វើសេចក្ដីរាយការណ៍លម្អៀង។ រដ្ឋាភិបាលសហរដ្ឋអាមេរិក ជាអ្នកផ្ដល់មូលនិធិដល់ស្ថានីយវិទ្យុទាំងពីរ។

លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ និងជាភ្ញៀវប្រចាំក្នុងកម្មវិធីផ្សាយនានារបស់លោក ហួត វុទ្ធី មានប្រសាសន៍ថា និពន្ធនាយកកាន់តំណែងយូររូបនេះតែងតែរងការវាយប្រហារពីសំណាក់រដ្ឋាភិបាលដោយសារតែលោកមានភាពប៉ិនប្រសប់នៅក្នុងការរិះគន់មិនសំចៃមាត់គួរឱ្យទាក់ទាញ។

លោកលើកឡើងទៀតថា ”ពិតណាស់ថា គាត់ជាមនុស្សម្នាក់ដែលរិះគន់រដ្ឋាភិបាលខ្លាំងៗ។ និយាយពីប្រជាប្រិយភាព ខ្ញុំគិតថាគាត់បន្ទាប់ពីបណ្ឌិត កែម ឡី”៕ សុខុម