រឿងក្តីបុរសជនជាតិហូឡង់ម្នាក់ដែលត្រូវបានចោទប្រកាន់ថា បានជួយមិត្តប្រុសរបស់ខ្លួនជាជនជាតិវៀតណាមឱ្យភៀសខ្លួនចេញពីប្រទេសបន្ទាប់ពីវីដេអូឃ្លីបជាច្រើនបានបែកធ្លាយថាមិត្តប្រុសរូបនេះបានធ្វើទារុណកម្មលើក្មេងប្រុសកម្ពុជាអាយុ២ឆ្នាំនោះ ត្រូវបានបញ្ជូនទៅចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះហើយដើម្បីកំណត់កាលបរិច្ឆេទបើកសវនាការ។
លោក Stefan Struik អាយុ៥៣ឆ្នាំ ត្រូវ បានចាប់ខ្លួនកាលពីខែធ្នូចំពោះការជួយដល់មិត្តប្រុសរបស់ខ្លួនឈ្មោះ ង្វៀន ថាញ់ឌុងអាយុ ៣៤ឆ្នាំ ឱ្យឆ្លងព្រំដែនទៅប្រទេសវៀតណាមបន្ទាប់ពីវីដេអូឃ្លីបត្រូវបានបង្ហោះក្នុងទំព័រហ្វេសប៊ុកបង្ហាញពី ង្វៀន ថាញ់ឌុង ធ្វើទារុណកម្មលើក្មេងប្រុសតូចម្នាក់ រួមមានការយកឧបករណ៍ឆក់ទៅឆក់ប្រដាប់ភេទរបស់ក្មេងប្រុសនេះជាដើម។
ក្រោយមក នគរបាលបានរកឃើញវីដេអូ ដែលត្រូវបានថតនៅចម្ការកាកាវរបស់លោក Struik ក្នុងខេត្តមណ្ឌលគិរី កន្លែងដែលឪពុកម្តាយរបស់ក្មេងប្រុសនេះរស់នៅ និងធ្វើការ។
លោក យ៉ា ណារិន ចៅក្រមស៊ើបសួរបានចោទប្រកាន់លោក Struik ពីបទខកខានមិនបានដាក់ពាក្យបណ្តឹងប្តឹងពីសកម្មភាពធ្វើបាបអនីតិជន ហើយបិទបាំងភ័ស្តុតាង។ ការចោទប្រកាន់ទាំងពីរនេះអាចប្រឈមការជាប់ពន្ធនាគារពី១ឆ្នាំដល់៣ឆ្នាំ និងពិន័យជាប្រាក់រហូតដល់៦លានរៀល(ប្រហែល១.៥០០ដុល្លារ)។
កាលពីម្សិលមិញ លោក មាស ប្រុស អ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរីបានមានប្រសាសន៍ថា ការស៊ើបអង្កេតរឿងក្តីរបស់លោក Struik បានបញ្ចប់នៅមុនបុណ្យចូលឆ្នាំខ្មែរ ហើយត្រូវបានបញ្ជូនទៅលោក ស៊ុន ពិសិដ្ឋ ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះ។ ចៅក្រមរូបនេះបានអះអាងថា លោកបានទទួលរឿងក្តីនេះហើយ ហើយកំពុងតែពិនិត្យមើល ប៉ុន្តែមិនទាន់កំណត់កាលបរិច្ឆេទបើកសវនាការនៅឡើយទេ។
ឪពុករបស់ក្មេងប្រុសរងគ្រោះ និងនគរបាលបានលើកឡើងថា លោក Struik និងង្វៀន ថាញ់ឌុង បានចាកចេញពីចម្ការនេះជាមួយគ្នាកាលពីខែធ្នូ តែប៉ុន្មានម៉ោងប៉ុណ្ណោះមុនពេលនគរបាលទៅដល់ដើម្បីស៊ើបអង្កេតអំពីវីដេអូឃ្លីបនោះ។
ង្វៀន ថាញ់ឌុង ត្រូវបាននគរបាលវៀតណាមចាប់ខ្លួនក្នុងទីក្រុងហូជីមិញកាលពីចុងខែនោះ ហើយម្តាយរបស់ក្មេងប្រុសរូបនេះបាននិយាយកាលពីខែកុម្ភៈថា គាត់មិនរំពឹងថា ចុងចោទរូបនេះនឹងត្រូវបានធ្វើបត្យាប័នឱ្យមកប្រឈមការចោទប្រកាន់នៅក្នុងប្រទេសកម្ពុជានោះឡើយ។
លោក James McCabe ប្រធានអង្គភាពការពារកុមារដែលបានចូលរួមក្នុងការស៊ើបអង្កេតបានមានប្រសាសន៍កាលពីម្សិលមិញថា ង្វៀន ថាញ់ឌុង កំពុងត្រូវបានឃុំខ្លួនក្នុងប្រទេសវៀតណាម ហើយត្រូវបានចោទប្រកាន់ពីបទល្មើសរៀបចំទុកជាមុន។ លោកបានបន្ថែមថា ឥឡូវនេះរឿងក្តីនេះកំពុង រង់ចាំការចោទប្រកាន់ផ្លូវការពីរដ្ឋអាជ្ញាសាធារណៈ។
នៅពេលទាក់ទងកាលពីម្សិលមិញ ឪពុករបស់ក្មេងប្រុសរូបនេះបាននិយាយថា កូនប្រុសរបស់គាត់គ្រាន់បើច្រើនហើយ ហើយថា ក្រុមគ្រួសាររបស់គាត់កំពុងរស់នៅក្នុងផ្ទះដែលឧកញ៉ា ម៉ុង ឫទ្ធី បានផ្តល់ឱ្យ ហើយលោក បានផ្តល់ការងារឱ្យធ្វើផងដែរ។
បុរសជាឪពុកក្មេងប្រុសនេះបន្តថា “ឥឡូវ ហ្នឹង វាអត់ខ្លាចគេទៀតទេ។ វាដើរលេងជាមួយបងប្អូនវា និងក្មេងៗផ្សេងទៀត”៕ សារុន