30 C
Phnom Penh

អ្នក​​​យក​ព័ត៌​​មាន​​​​ និង​តំណាង​រាស្ត្រ​​ត្រូវ​​បាន​​​​​តុលាការ​កោះហៅ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្ត្រគណបក្សប្រឆាំងពីររូប និងនាយករងវិទ្យុអាស៊ីសេរី (RFA) ប្រចាំកម្ពុជា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កោះហៅទៅសាកសសួរ បន្ទាប់ពីសមត្ថកិច្ចចោទប្រកាន់អ្នកកាសែតរូបនេះថាបានបន្លំខ្លួនធ្វើជាគ្នីគ្នាគណៈប្រតិភូរបស់គណបក្សសង្គ្រោះជាតិអំឡុងពេលចុះទៅសួរសុខទុក្ខអ្នកទោសនៅពន្ធនាគារកាលពីថ្ងៃពុធ។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានមានប្រសាសន៍កាលពីម្សិលមិញថា “នេះគ្រាន់តែជាការចាប់ផ្ដើមនីតិវិធី ថាតើវាមានកំហុសឬក៏អត់មាន”។

តុលាការបានចេញដីកាមួយកាលពីថ្ងៃសុក្រ កោះហៅលោក ហួត ឃីនវុទ្ធី ដែល ផ្សាយព័ត៌មានដោយប្រើឈ្មោះហៅក្រៅថា ជុន ច័ន្ទបុត្រ ទៅសាកសួរនៅថ្ងៃទី២ ខែឧសភា ក្រោមការសង្ស័យថាលោកប្រកាសតួនាទីរបស់ខ្លួនដោយភូតកុហកថាជា “ជំនួយការ” របស់តំណាងរាស្ត្រពីររូបគឺលោកស្រី មូរ សុខហួរ និងលោក ឡុង រី នៅពេលលោកចុះឈ្មោះចូលសួរសុខទុក្ខមន្ត្រី និងសកម្មជនគណបក្សប្រឆាំងចំនួន១៦រូបដែលជាប់ឃុំនៅទីនោះ។

លោក ឡុង រី ត្រូវបានតុលាការកោះហៅឱ្យខ្លួននៅថ្ងៃទី២៧ ខែមេសា ចំណែកឯលោកស្រី មូរ សុខហួរ ត្រូវបានកោះហៅឱ្យចូលខ្លួននៅថ្ងៃទី២៨ ខែមេសា ក្នុងនាមសាក្សីឆ្លើយបំភ្លឺក្នុងសំណុំរឿងនេះ។

cam-photo-prisonersលោក ជិន ម៉ាលីន មានប្រសាសន៍ថា លោក ហួត ឃីនវុទ្ធី ជាប់សង្ស័យពីបទផ្ដល់សេចក្ដីប្រកាសដោយភូតកុហក ជាបទចោទប្រកាន់មួយដែលមានទោសជាប់ពន្ធនាគាររហូតដល់ទៅ២ឆ្នាំ និងពិន័យជាប្រាក់៤លានរៀល (ប្រហែល១.០០០ដុល្លារ) ចំណែកឯតំណាងរាស្ត្រទាំងពីររូបមិនទាន់ប្រឈមបទចោទប្រកាន់ណាមួយនៅឡើយទេនៅពេលនេះ។ លោកថ្លែងថា “ថាតើមានពិរុទ្ធឬអត់ គឺអាស្រ័យលើដំណើរការនៃការស៊ើបអង្កេត”។

ពេលទាក់ទងកាលពីម្សិលមិញ លោក ហួត ឃីនវុទ្ធី បានលើកឡើងថា ថ្នាក់លើនៃស្ថានីយវិទ្យុអាស៊ីសេរីបានសុំឱ្យលោកបង្វែរសំណួរទៅអ្នកនាំពាក្យស្ថានីយវិទ្យុនេះនៅសហរដ្ឋអាមេរិក ដែលមិនបានឆ្លើយតបសំណើសុំការឆ្លើយបំភ្លឺ។

ប៉ុន្តែនៅក្នុងបទសម្ភាសន៍កាលពីសប្ដាហ៍មុន លោក ហួត ឃីនវុទ្ធី បានបដិសេធថាលោកមិនបានចុះឈ្មោះដោយដាក់មុខងាររបស់ខ្លួនជាជំនួយការទេ ហើយមានប្រសាសន៍ថា លោកបានទុកចន្លោះបំពេញតួនាទីរបស់លោកឱ្យនៅទំនេរ ចំណែកឯសមត្ថកិច្ចក៏មិនបានជំទាស់មិនឱ្យលោកចូលរួមជាមួយក្រុមគណៈប្រតិភូគណបក្សសង្គ្រោះជាតិនេះដែរ បន្ទាប់ពីដំបូងឡើយលោកត្រូវបានគេបដិសេធមិនឱ្យចូលសួរសុខទុក្ខលោក គឹម សុខ អ្នកធ្វើអត្ថាធិប្បាយនយោបាយដែលជាប់ពន្ធនាគារ។

អ្នកកាសែតដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក រូបនេះបានប្រាប់ស្ថាប័នសារព័ត៌មានតាមអុីនធឺណិត Swift News កាលពីថ្ងៃសៅរ៍ថា លោកបានស្នើសុំយោបល់ពីអ្នកគ្រប់គ្រងរបស់លោកថា តើលោកគួរតែចូលខ្លួនឆ្លើយបំភ្លឺ ឬក៏អត់។

លោក ជិន ម៉ាលីន មានប្រសាសន៍កាលពីម្សិលមិញថា ការមិនចូលខ្លួនគឺមានតែបន្ថែមបញ្ហាដល់អ្នកកាសែតប៉ុណ្ណោះ។ លោកថ្លែងថា “បើយើងអត់ចូលរួមធ្វើការការពារខ្លួនទេ ការចោទប្រកាន់ហ្នឹងអាចក្លាយជាការពិត”។ លោកបន្តថា “ហើយបើកាលណាក្លាយជាការពិត ដំណើរការស៊ើបអង្កេតបន្តទៀត អាចមិនមានផលល្អ”។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមានប្រសាសន៍ថា  តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំងពីររូបខាងលើនេះបានប្រើប្រាស់ការចុះទៅសួរសុខទុក្ខអ្នកទោសធ្វើជារឿងនយោបាយ ហើយនឹងមិនត្រូវបានអនុញ្ញាតឱ្យចូលទៅសួរសុខទុក្ខសហការីរបស់ខ្លួនទៀតឡើយ។

លោកបន្តថា ”បើសិនជាការសួរសុខទុក្ខធម្មតា…និយាយថាអ្នកជាប់គុកសុខភាពល្អទេ? ហូបបាយបានទេ? សម្រាន្តលក់ទេ? វាជារឿងល្អ”។

អ្នកនាំពាក្យដដែលឱ្យដឹងថា បញ្ហាពាក់ព័ន្ធការចុះទៅសួរសុខទុក្ខកាលពីថ្ងៃពុធនេះគឺថា គណបក្សប្រឆាំងបានប្រើប្រាស់ជំនួបជាមួយប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីចាកចេញពីពន្ធនាគារធ្វើជាវេទិកា។

លោកមានប្រសាសន៍ថា “ពេលពួកគាត់ចេញមកពីគុកវិញ គាត់នាំសារនយោបាយរហូតហ្នឹង” ដោយចោទប្រកាន់គណបក្សសង្គ្រោះជាតិថាបានណែនាំសហការីដែលជាប់ពន្ធនាគាររបស់ខ្លួនឲ្យនិយាយប្រាប់អ្នកយកព័ត៌មានថា “អត់អីទេ ខ្ញុំអាចជាប់គុកបាន បងប្អូននៅក្រៅខំទៅ ប្តូរៗ អញ្ចឹងទៅ”។

អ្នកនាំពាក្យរូបនេះមិនបានបញ្ជាក់ថាតើអាកប្បកិរិយារបស់ពួកគាត់បំពានច្បាប់អ្វីនោះទេ ហើយក៏មិនបានឆ្លើយសំណួរដែរទាក់ទិនអ្វីដែលអាចឲ្យក្រសួងដកបម្រាមផ្ទាល់មាត់របស់ខ្លួនចេញវិញ។ លោកស្រី មូរ សុខហួរ និងលោក ឡុង រី មិនអាចទាក់ទងសុំការឆ្លើយបំភ្លឺបានទេ។

រហូតមកទល់ពេលនេះ សំណុំរឿងតុលាការជាច្រើនបានធ្វើឱ្យថ្នាក់ដឹកនាំគណបក្សប្រឆាំងត្រូវជាប់ពន្ធនាគារ និងភៀសខ្លួនទៅបរទេសក្នុងសំណុំរឿងដែលគណបក្សនេះ និងសកម្មជនសិទ្ធិមនុស្សនិយាយថាជារឿងនយោបាយ។

ពួកគេនិយាយថា  តុលាការរបស់កម្ពុជា ដែលជាប់ចំណាត់ថ្នាក់លេខ១១២ក្នុងចំណោមប្រទេស១១៣នៅក្នុងសន្ទស្សន៍នីតិរដ្ឋឆ្នាំ២០១៦ របស់អង្គការ World Justice Project ដែលធ្វើការចងក្រងដោយផ្អែកលើការស្ទាបស្ទង់មតិប្រជាពលរដ្ឋក្នុងប្រទេសថា វាគ្រាន់តែជាអាវុធនយោបាយសម្រាប់គណបក្សកាន់អំណាចប៉ុណ្ណោះ។

ប៉ុន្តែលោក ជិន ម៉ាលីន បានបដិសេធថា ការស៊ើបអង្កេតចុងក្រោយនេះមិនពាក់ព័ន្ធរឿងនយោបាយទេ។ លោកគូសបញ្ជាក់ថា “វាជាការអនុវត្តច្បាប់សុទ្ធសាធ”៕ សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស