33 C
Phnom Penh

បុរស​​​ដែល​​​អ្នកភូមិ​​​ចោទថា ចេះ​​​អំពើ​​​អាប​​​ធ្មប់​​​​​​បានដាក់​​​ពាក្យ​​​បណ្តឹង​​​​​ប្តឹង​​​អ្នកភូមិ​​​ និង​​​ទាមទារ​​​សំណង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាលស្រុកបានបញ្ជាក់កាលពីម្សិលមិញថា បុរសម្នាក់ដែលត្រូវបានបណ្តេញឱ្យ ចេញពីផ្ទះរបស់ខ្លួនក្នុងខេត្តកំពង់ស្ពឺបន្ទាប់ពីអ្នកភូមិចោទថា គាត់ចេះអំពើអាបធ្មប់នោះ បានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌ ប្តឹងអ្នកភូមិ៨នាក់។ ពួកគេបានបន្ថែមថា ខ្លួនបានបង្វែរ ពាក្យបណ្តឹងនេះទៅសាលាដំបូងខេត្ត។

បើយោងលោក ទុយ ថេន អធិការនគរបាលស្រុកគងពិសីបានឱ្យដឹងថា ពាក្យបណ្តឹងនេះត្រូវបានប្តឹងកាលពីចុងសប្តាហ៍មុនដោយលោក និល សុខា អាយុ៤៥ឆ្នាំ ចោទអ្នកភូមិ៨នាក់ថា បានប៉ុនប៉ងសម្លាប់គាត់ និងក្រុមគ្រួសាររបស់គាត់ ព្រមទាំងបំផ្លាញផ្ទះសំបែងរបស់គាត់ និងធ្វើឲ្យបាត់ឯកសារគ្រួសារដ៏មានតម្លៃទៀតផង។

អ្នកភូមិប្រហែល១៥០នាក់បានព័ទ្ធផ្ទះលោក និល សុខា ស្ថិតក្នុងឃុំមហាឫស្សីស្រុកគងពិសីកាលពីថ្ងៃទី១៥ខែមេសា ក្នុងនោះ មានខ្លះប្រដាប់ដោយអាវុធ និងខ្លះទៀតបានគប់ដំុថ្មទាមទារឲ្យគាត់ចាកចេញពីភូមិនេះ ពីព្រោះពួកគេជឿថា គាត់ជាអ្នកចេះអំពើអាបធ្មប់។

លោក និល សុខា បាននិយាយកាលពីម្សិលមិញថា “ខ្ញុំចង់ឲ្យតុលាការរកយុត្តិធម៌ជូនខ្ញុំហើយបានទាមទារសំណងចំនួន៣០.០០០ដុល្លារចំពោះការបំផ្លាញទ្រព្យសម្បត្តិរបស់ខ្ញុំ”។

ស្រុកគងពិសីគេឃើញមានការចោទប្រកាន់ជាច្រើនទាក់ទងអ្នកចេះអំពើអាបធ្មប់ ដែល ឈានទៅដល់ការបណ្តេញដោយបង្ខំ ឬការសម្លាប់កាលពីឆ្នាំមុន រួមមានពីរករណីក្នុងខែមុនផងដែរ។មន្ត្រីស្រុកបានរៀបចំសិក្ខាសាលាក្នុងឃុំមួយចំនួនក្នុងស្រុកនេះដើម្បី អប់រំអ្នកភូមិ និងព្យាយាមទប់ស្កាត់បញ្ហានេះ។

យោងតាមលោក ទុយ ថេន បានឲ្យដឹងថា លោក និល សុខា បានទូរស័ព្ទទៅមន្ត្រីនគរបាលស្រុកកាលពីព្រឹកម្សិលមិញ ហើយបានសំណូមពរឲ្យមន្ត្រីទាំងនោះចាត់វិធានការឲ្យបានឆាប់។

លោកបានថ្លែងថា “គាត់ចង់ឲ្យតុលាការធ្វើការលើពាក្យបណ្តឹងនេះឲ្យបានឆាប់បំផុតព្រោះគាត់បារម្ភអំពីសុវត្ថិភាពរបស់គាត់”។ លោកបានបន្ថែមថា ក្រុមមន្ត្រីបានបញ្ជូនពាក្យ បណ្តឹងនេះទៅតុលាការកាលពីចុងសប្តាហ៍មុន នៅថ្ងៃតែមួយដែលលោក និល សុខា បានដាក់ពាក្យបណ្តឹង។

មន្ត្រីសាលាដំបូងខេត្តកំពង់ស្ពឺម្នាក់បានបដិសេធមិនធ្វើអត្ថាធិប្បាយថា តើពួកគេទទួលបានពាក្យបណ្តឹង ឬយ៉ាងណានោះឡើយ រហូតដល់តុលាការបើកសើុបអង្កេតម្តងទៀតនៅថ្ងៃនេះ។

លោក និល សុខា ជាកសិករម្នាក់បាននិយាយ ថា បច្ចុប្បន្ននេះ គាត់កំពុងស្នាក់នៅជាមួយសាច់ញាតិ ប៉ុន្តែខ្វះមធ្យោបាយផ្គត់ផ្គង់ខ្លួន ឬក្រុមគ្រួសាររបស់គាត់។

គាត់បាននិយាយថា “ជីវភាពរបស់ខ្ញុំលំបាក ខ្លាំងណាស់ឥឡូវនេះ…។ ខ្ញុំគ្មានប្រាក់ចាយវាយ និងគ្មានអង្ករច្រកឆ្នាំងទេ ខ្ញុំមានខោអាវតែមួយកំផ្លេរជាប់ខ្លួនតែប៉ុណ្ណោះ”។គាត់បានបន្ថែមថា គាត់មានគម្រោងលក់ផ្ទះរបស់គាត់ក្រោយពីចប់រឿងក្តីនេះ ហើយចាកចេញពីភូមិនេះ។

គាត់និយាយថា “តើឲ្យខ្ញុំរស់នៅជាមួយអ្នកភូមិដែលប៉ុនប៉ងសម្លាប់ខ្ញុំ ប្រពន្ធនិងកូនរបស់ខ្ញុំដូចម្តេចកើតទៅ?”៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស