អ្នកតស៊ូមតិសិទ្ធិមនុស្សម្នាក់បាននិយាយកាលពីម្សិលមិញថា មន្ត្រីក្រសួងរៀបចំដែនដីបានជួបប្រជុំជាមួយអង្គការមិនមែនរដ្ឋាភិបាលមួយចំនួននៅទីស្នាក់ការកណ្ដាលរបស់ខ្លួនក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ដើម្បីពិភាក្សាអំពីវិវាទដីធ្លីចំនួន១១ក្នុងចំណោមវិវាទដីធ្លីធំៗក្នុងប្រទេសកម្ពុជាបើទោះជាមានសេចក្ដីសម្រេចឱ្យដោះស្រាយបញ្ហានេះតាមធម្មតានៅថ្នាក់ក្រោមជាតិក៏ដោយ។
លោក សៀ ភារម្យ នាយកប្រតិបត្តិការក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន និងជាតំណាងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា ដែលបានចូលរួមក្នុងជំនួបនោះមានប្រសាសន៍ថា ឯកសារមួយរៀបរាប់លម្អិតអំពីវិវាទដីធ្លីចំនួន១១ក្នុងរាជធានីភ្នំពេញ ព្រមទាំងខេត្តព្រះវិហារ បាត់ដំបង មណ្ឌលគិរី និងខេត្តពោធិ៍សាត់ ត្រូវបានលើកយកមកពិភាក្សា។

លោក សៀ ភារម្យ បានមានប្រសាសន៍ថា ដោយសារបញ្ហាពេលវេលា មានការពិនិត្យមើលវិវាទដីធ្លីតែប្រាំបួនករណីប៉ុណ្ណោះ។ លោកបានថ្លែងថា “យើងបានលើកឡើងអំពីបញ្ហាដីធ្លីធំៗ ហើយគ្រួសារជាច្រើនមិនទាន់មានដំណោះស្រាយនៅឡើយ”។
លោក សៀ ភារម្យ បានមានប្រសាសន៍ថា វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលបានស្នើឱ្យមានការជួបប្រជុំរៀងរាល់៣ខែម្ដង បើទោះជាសេចក្តីសម្រេចឱ្យចេញប័ណ្ណកម្មសិទ្ធិដីធ្លី ឬការដោះស្រាយវិវាទត្រូវធ្វើដោយអាជ្ញាធរខេត្តដោយចៀសមិនរួចក៏ដោយ។
លោកបានថ្លែងថា ជំនួបនេះនឹងមានការលើកឡើងបន្ថែមទៀតពីការចែករំលែកព័ត៌មានផងដែរ ហើយផ្តោតលើវិវាទដីធ្លីដែលមនុស្សមួយចំនួនធំបានរងផលប៉ះពាល់។
លោក សៀ ភារម្យ បានមានប្រសាសន៍ថា “ពួកគេបានប្រាប់យើងថា ពួកគេចង់ដោះស្រាយករណីណាដែលមានគ្រួសារច្រើន”។ លោកបន្ថែមថា វិវាទដីធ្លីពាក់ព័ន្ធគ្រួសារមួយចំនួនតូចត្រូវរង់ចាំនៅពេលក្រោយ។
ក្រុមមន្ត្រីមកពីក្រសួងរៀបចំដែនដីមិនអាចទាក់ទងដើម្បីសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។

ពួកគេបានលើកឡើងថា ជំនួបនេះត្រូវបានធ្វើឡើងខណៈអ្នកភូមិមួយក្រុមប្រហែល២០នាក់ ដែលរងការបណ្ដេញចេញបានដាក់ញត្តិទៅព្រះបរមរាជវាំង ដោយសារអាជ្ញាធរមិនអើពើនឹងស្ថានភាពរបស់ពួកគាត់។
អ្នកភូមិមួយចំនួនដែលរងការបណ្ដេញចេញដំបូងឡើយរស់នៅជុំវិញតំបន់បឹងកក់ ចំណែកមួយចំនួនមកពីតំបន់បុរីកីឡា ហើយទីតាំងទាំងពីរនេះស្ថិតក្នុងរាជធានីភ្នំពេញ ដែលអ្នកភូមិត្រូវបានបណ្ដេញចេញដោយបង្ខំកាលពី១០ឆ្នាំមុន ដើម្បីបើកផ្លូវសម្រាប់គម្រោងអចលនទ្រព្យ។
អ្នកស្រី សៀ ណារ៉េត អ្នកភូមិម្នាក់ដែលរងការបណ្ដេញចេញពីតំបន់បឹងកក់បាននិយាយថា “យើងមកកាន់ព្រះបរមរាជវាំងនៅថ្ងៃនេះ ពីព្រោះក្រសួងរៀបចំដែនដី និងសាលារាជធានីបដិសេធមិនទទួលយកញត្តិរបស់យើង ឬដោះស្រាយការទាមទាររបស់គ្រួសារទាំងនោះឡើយ”។
អ្នកស្រីបានបន្ថែមថា “ខ្ញុំជឿថា ព្រះមហាក្សត្រ នរោត្តម សីហមុនី នឹងជួយកូនចៅរបស់ព្រះអង្គ ពីព្រោះគ្មានស្ថាប័នរដ្ឋណាដែលជួយពួកយើងឡើយ”៕ សារុន