អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឱ្យដឹងកាលពីម្សិលមិញថា អាជ្ញាធរមានសិទ្ធិហាមមិនឱ្យគណបក្សសង្គ្រោះជាតិទៅសួរសុខទុក្ខអ្នកទោសនៅពន្ធនាគារនៅពេលអនាគត ពីព្រោះខ្លួនអាចប្រើប្រាស់វិធានការណាមួយដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ ជាការឆ្លើយតបទៅនឹងការចោទប្រកាន់ដែលថា អ្នកយកព័ត៌មានវិទ្យុម្នាក់បានប្រើប្រាស់ជាការបន្លំដើម្បីបានចូលរួមជាមួយតំណាងរាស្ត្រគណបក្សប្រឆាំងអំឡុងការទៅសួរសុខទុក្ខអ្នកទោសនៅពន្ធនាគារ។
លោក ហួត ឃីនវុទ្ធី អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី កាលពីថ្ងៃពុធបានចូលរួមជាមួយគណៈប្រតិភូគណបក្សសង្គ្រោះជាតិទៅសួរសុខទុក្ខសកម្មជនជាប់ពន្ធនាគារ និងអតីតមន្ត្រីគណបក្សក្នុងពន្ធនាគារព្រៃស។ លោក ហួត ឃីនវុទ្ធី ដែលជាអនុប្រធានវិទ្យុនេះនៅក្នុងប្រទេសកម្ពុជាដែលផ្សព្វផ្សាយព័ត៌មានដោយប្រើឈ្មោះហៅក្រៅថា ជុន ច័ន្ទបុត្រ បានលើកឡើងថា លោកបានទុកចន្លោះបំពេញតួនាទីរបស់លោកឱ្យនៅទំនេរ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបានចោទថាលោកបានប្រកាសតួនាទីរបស់ខ្លួនដោយភូតកុហកថាជា “ជំនួយការ” គណបក្សប្រឆាំង។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានមានប្រសាសន៍ថា រដ្ឋាភិបាលបានហាមគណបក្សសង្គ្រោះជាតិមិនឱ្យទៅសួរសុខទុក្ខអ្នកទោសនៅពេលអនាគត ដោយផ្អែកលើ “ច្បាប់រដ្ឋបាលសាធារណៈ”។
លោក ជិន ម៉ាលីន បានថ្លែងថា “បានន័យថា ដើម្បីរក្សាបាននូវសណ្ដាប់ធ្នាប់សង្គម និងសន្តិសុខសាធារណៈ គឺថាអាជ្ញាធរមានសមត្ថកិច្ចគេអាចចេញវិធានការរដ្ឋបាលគ្រប់បែបយ៉ាង ដូចជាហាមមិនឱ្យជននោះចូលទៅទីណាមួយ ឬហាមមិនឱ្យជននោះធ្វើដំណើរទៅកន្លែងណាមួយ”។
លោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលជាផ្នែកនៃគណៈប្រតិភូដែលចុះទៅពន្ធនាគារព្រៃសបានមានប្រសាសន៍ថា បើរដ្ឋាភិបាលផ្ដល់ការណែនាំ “ឱ្យប្រុងប្រយ័ត្នដូចម្ដេចនោះ” ហើយទុកជាមោឃៈនូវបម្រាមនោះ “យើងនឹងធ្វើតាម”។
លោកស្រីមានប្រសាសន៍ថា លោកស្រីនិងលោក ឡុង រី តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមួយរូបទៀតដែលចុះទៅសួរសុខទុក្ខអ្នកទោសនៅពន្ធនាគារនោះ នឹងអនុវត្តតាមដីកាកោះរបស់តុលាការ ហើយនឹងបង្ហាញខ្លួននៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ក្នុងនាមជាសាក្សីក្នុងករណីនេះ។
លោកស្រី មូរ សុខហួរ មានប្រសាសន៍ថា “យើងអត់មានបំណង [អាក្រក់] អីសោះ។ គ្រាន់តែមានការខ្វះខាតពេលនោះ”៕ សារុន