30.7 C
Phnom Penh

លោក កឹម សុខា មាន​​​ការ​​​​​​​សហ​​​ការ​​​ និង​​​​​ពិគ្រោះ​​​យោបល់​​​​​​ជាង​​​លោក ​​​សម ​​​រង្ស៊ី ប៉ុន្តែ មាន​​​ការ​​​សម្រេច​​​ចិត្ត​​​យឺត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពេលលោក សម រង្ស៊ី លាលែងពីតំណែង ជាប្រធានគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១១ខែកុម្ភៈ មានការសន្និដ្ឋានថា លោក កឹម សុខា ដែលជាអនុប្រធានរបស់លោក និង ដែលពេលមួយធ្លាប់ជាគូប្រជែងរបស់លោក ផងដែរនោះ នឹងទទួលបានតំណែងនេះ។

អ្វីដែលមិនសូវច្បាស់នោះ គឺថា តើការជំនួសតំណែងនេះនឹងផ្តល់អ្វីខ្លះដល់គណបក្សសង្គ្រោះជាតិដែលត្រូវបានបង្កើតឡើង ពេលគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា និងគណបក្សសម រង្ស៊ី ច្របាច់បញ្ចូលគ្នាកាលពីឆ្នាំ២០១២។

ការកាន់មុខតំណែងថ្មីថ្មោងរបស់លោក កឹម សុខា នៅមិនទាន់ផ្តល់ចម្លើយទាំងស្រុងនៅឡើយទេចំពោះសំណួរមួយនេះ។ ប៉ុន្តែ អ្នកឃ្លាំមើល និងសមាជិកនៅក្នុងគណបក្សនេះបានលើកឡើងថា របៀបដឹកនាំរបស់ថ្នាក់ដឹកនាំទាំងពីរនេះខុសគ្នានៅក្នុងវិធីសាស្ត្រដែលអាច ធ្វើឲ្យគណបក្សនេះប្រែក្លាយទៅជាគណបក្សមានរចនាសម្ព័ន្ធដែលចេះសហការ មានលក្ខណៈជាប្រព័ន្ធនិងមានប្រតិកម្មយឺតៗជាងមុន ក្រោមការដឹកនាំរបស់លោក កឹម សុខា។

17966160_1719334624750496_152605473665940823_o-800x473ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សនេះដែលបានជួបជាមួយលោក កឹម សុខា ជាប្រចាំ នោះ បានមានបន្ទូលថា “លោក កឹម សុខា ស្តាប់សមាជិកក្នុងបក្សច្រើន”។ ព្រះអង្គម្ចាស់បានមានបន្ទូលបន្តថា “គាត់ចូលចិត្តរៀបគម្រោងរាល់ជំហាននីមួយៗរបស់គាត់”។

រីឯលោក សម រង្ស៊ី វិញគឺមានចរិត “អត្តនោម័តជាង” និងមាន”ប្រជាប្រិយភាពជាង”។

លោក សៀក មេគង្គ ដែលទទួលបានតំណែងជាមេឃុំស្រែគរក្នុងខេត្តស្ទឹងត្រែងក្នុងនាមជាបេក្ខជនគណបក្សសម រង្ស៊ី ក្នុងឆ្នាំ២០១២ បានបញ្ចេញមតិផ្សេងមួយទៀត។

លោកបាននិយាយថា “ខ្ញុំមើលឃើញថា ឯកឧត្តម កឹម សុខា មានចិត្តទន់ដូចស្រីជំទង់អញ្ចឹង”។ លោកបានបន្ថែមថា “គាត់អាចបត់បែនតាមស្ថានភាពនយោបាយបាន”។

លោក កឹម សុខា ដែលភាគច្រើនគេចមិនផ្តល់សម្ភាសន៍ដល់ប្រព័ន្ធផ្សព្វផ្សាយនាឆ្នាំកន្លងមកនេះមានការងារត្រូវធ្វើជាបន្ទាន់ ខណៈនៅមិនដល់៦សប្តាហ៍ផងនឹងដល់ថ្ងៃបោះឆ្នោតឃុំសង្កាត់ ដែលនឹងធ្វើឡើងនៅថ្ងៃទី៤ខែមិថុនា។

ជិត១សប្តាហ៍កន្លងទៅហើយ ប៉ុន្តែគ្មានការបិទផ្លូវរារាំងអ្នកនយោបាយ និងអ្នកគាំទ្រដែលត្រូវបានចាប់ដាក់ពន្ធនាគារ ឬក៏ធ្វើឲ្យ   រត់ទៅក្រៅប្រទេសតាមរយៈសំណុំរឿងតុលាការដែលគណបក្សប្រឆាំងមួយនេះ និងសមាគមសិទ្ធិមនុស្សចាត់ទុកថា មានជាប់ពាក់ព័ន្ធរឿងនយោបាយនោះឡើយ។ រដ្ឋាភិបាលបានបដិសេធមិនទទួលស្គាល់អនុប្រធាន ៣រូបដែលត្រូវបានជ្រើសរើសត្រឹមត្រូវឲ្យធ្វើជាអនុប្រធានគណបក្សនេះ ហើយក្នុងចំណោម អនុប្រធានទាំង៣រូបនេះ មានមួយរូបត្រូវបានកោះហៅក្នុងនាមជាសាក្សីក្នុងសំណុំរឿង មួយទៀតកាលពីថ្ងៃសៅរ៍ នោះគឺលោកស្រី មូរ សុខហួរ ដែលជាតំណាងរាស្ត្រ។

បន្ទាប់មកទៀតគឺឈានដល់រឿងមិនជឿទុកចិត្តគ្នារវាងអ្នកគាំទ្រគណបក្សទាំងពីរដោយអ្នកខ្លះលើកឡើងថា លោក សម រង្ស៊ី ខ្វះសេចក្តីក្លាហានក្នុងការតតាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ហើយអ្នកខ្លះទៀតនិយាយថា លោក កឹម សុខា ងាយស្រួលបញ្ចុះ បញ្ចូលនិងបត់បែន។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលគំរាមដើរចេញពីគណបក្សនេះកាលពីខែមេសាដោយសារជម្លោះផ្ទៃក្នុង និងការទាក់ទងគ្នាមិនបានល្អនោះ បានមានបន្ទូលបន្តថា  ” គណបក្សសង្គ្រោះជាតិ “អាចដោះស្រាយការខ្វែងគំនិតបានច្រើនហើយ”។

ប៉ុន្តែពេលសួរថា តើព្រះអង្គម្ចាស់ជឿជាក់ការវិនិច្ឆ័យលើលោក កឹម សុខា ដែរ ឬក៏អត់ ព្រះអង្គម្ចាស់ដែលស្គាល់លោក សម រង្ស៊ី តាំងពីទសវត្សរ៍ឆ្នាំ១៩៧០មកនោះ បានគិតមួយសន្ទុះ។

ព្រះអង្គម្ចាស់បានមានបន្ទូលថា “បាទ ខ្ញុំគិតដូច្នោះ”។ ព្រះអង្គបានមានបន្ទូលបន្តថា”លោក សម រង្ស៊ី មានប្រតិកម្មរហ័សជាង។ លោក កឹម សុខា គិតយូរជាង ហើយមានប្រតិកម្មយឺតជាង”។

លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សប្រឆាំង និងជាអតីតសមាជិកគណបក្សសម រង្ស៊ី បានលើកឡើងថា គណបក្សរបស់លោករវល់ខ្លាំងណាស់ក្នុងការរៀបចំខ្លួនសម្រាប់ការបោះឆ្នោតឃុំសង្កាត់មិនមានពេលខ្វាយខ្វល់នឹងរឿងជម្លោះបុគ្គលនោះឡើយ ហើយថា គណបក្សរបស់លោកមានការរួបរួមគ្នាក្នុងឆន្ទៈឆ្ពោះទៅរកជ័យជម្នះក្នុងការបោះឆ្នោត។ប៉ុន្តែ ភាពតានតឹងចាស់នៅតែបន្តមាននៅដដែល។

លោកបានថ្លែងថា “និយាយឲ្យត្រង់ទៅគណបក្សត្រូវបានច្របាច់បញ្ចូលគ្នា ប៉ុន្តែ នៅមិនទាន់រួមជាធ្លុងមួយនៅឡើយទេ”។លោកបានបន្តថា “ជាការពិតគឺយើងមានបក្សសម្ព័ន្ធរបស់យើងនៅក្នុងបក្សនេះ”។

លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយដែលជាទីប្រឹក្សារបស់លោក កឹម សុខា អំឡុងលោកនៅធ្វើជាអនុប្រធានរដ្ឋសភានោះបានអះអាងថា របៀបដឹកនាំរបស់លោក កឹម សុខា បានជួយធ្វើឲ្យសមាជិកគណបក្សជាច្រើនរួមគ្នាជាធ្លុងមួយរួចហើយ។

លោកបានមានប្រសាសន៍ថា “លោក សម  រង្ស៊ី មានចរឹតអត្តាធិបតេយ្យជាង រីឯលោក កឹម សុខា មានចារឹតប្រជាធិបតេយ្យជាង”។ លោកបានមានប្រសាសន៍បន្ថែមថា  “លោកកឹម សុខា ពឹងផ្អែកភាគច្រើនលើប្រព័ន្ធ គឺការដឹកនាំតាមរយៈជាប្រព័ន្ធ។ គាត់ពឹងផ្អែកលើយន្តការគណបក្សច្រើនជាង”។

cam-photo-CNRPអ្នកវិភាគនយោបាយរូបនេះបានលើកឡើងបន្តថា ដោយមិនដូចអ្នកកាន់តំណែងមុនខ្លួន លោក កឹម សុខា ចង់ឲ្យមានការបញ្ចេញគំនិតពីថ្នាក់មូលដ្ឋានមុនពេលធ្វើការសម្រេចចិត្ត។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោបានយល់ស្របដោយមានបន្ទូលថា លោកកឹម សុខា តែងតែពិគ្រោះយោបល់ជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សដើម្បីសុំការណែនាំផ្ទុយពីរបៀបដឹកនាំអត្តនោម័តរបស់លោក សម រង្ស៊ី ។

លោក ឡៅ ម៉ុងហៃ បានថ្លែងថា “បញ្ហាសំខាន់នោះគឺថា គាត់បាន និងកំពុងព្យាយាមបង្កើតប្រព័ន្ធ”។ លោកបានថ្លែងបន្ថែមថា “ខ្ញុំស្គាល់ពួកគាត់ទាំងពីរ។ ខ្ញុំជឿជាក់លោក កឹម សុខា ជាង។ តើអ្នកដឹងទេគាត់នឹងធឹងជាងហើយងាយចូលជំនួបសំណេះសំណាលជាង”។

ពេលលោក កឹម សុខា ចុះតាមបណ្តាខេត្តដើម្បីជួបជាមួយមន្ត្រីមូលដ្ឋាន អ្នកឃ្លាំមើលគណបក្សេនះក៏បានគូសបញ្ជាក់អំពីយុទ្ធសាស្ត្រប្រើប្រាស់ពាក្យពេចន៍ខុសគ្នារវាងថ្នាក់ដឹកនាំ ទាំងពីរផងដែរ។

ការចូលចិត្តប្រើពាក្យពេចន៍ចាក់ដោតអារម្មណ៍កៀងគរអ្នកគាំទ្ររបស់លោក សម រង្ស៊ី អំឡុងពេលឃោសនានោះ ទាក់ទាញបានអ្នកគាំទ្ររាប់សែនរាប់លាននាក់អំឡុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ រីឯលោក កឹម សុខា ដែលព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ប្រៀបប្រដូចទៅនឹងសាស្ត្រចារ្យមួយរូបនោះ “ចូលចិត្តពន្យល់” ក្នុងលក្ខណៈស្ងាត់ស្ញៀមជាង។

លោក សៀក មេគង្គ មេឃុំគណបក្សសម រង្ស៊ី បានលើកឡើងថា ការនិយាយស្តីរបស់លោក សម រង្ស៊ី មានភាពក្លាហាន ប៉ុន្តែបាននាំផលប៉ះពាល់ដល់សមាជិកគណបក្ស។ លោកបានមានប្រសាសន៍ដោយសំដៅដល់លោក ហ៊ុន សែនថា  “គាត់ថាទៅហើយ គាត់ហ៊ាននិយាយការពិត អ្វីដែលគាត់និយាយគឺសម្តេចស្រាវជ្រាវហើយ”។ លោកបានបន្តទៀតថា “គេមិនសប្បាយចិត្តនឹងយើង”។លោកបានបន្ថែមថា “អ្នករងគ្រោះគឺយើង”។

ប៉ុន្តែ លោក សៀក មេគង្គ គាំទ្រលោក សម រង្ស៊ី ដោយលើកឡើងថា ការលាលែងពីតំណែងរបស់អតីតមេដឹកនាំគណបក្សប្រឆាំងរូបនេះ គឺជាការលះបង់ដ៏សំខាន់ដើម្បីជួយឲ្យគណបក្សគេចផុតពីការយាយីផ្នែកផ្លូវច្បាប់ជាច្រើន និងជាវិធីសាស្ត្រដ៏ប្រសើរបំផុតដោយសារលោកជឿជាក់ថា អតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះ និងនៅតែត្រូវបានចាត់ទុកថា ជាអ្នកជួយឲ្យគណបក្សទទួលបានការគាំទ្រខ្លាំង។

លោក សុន ឆ័យ ហាក់បីដូចជាយល់ស្របដែរ។ លោកបានមានប្រសាសន៍ថា “និយាយជារួម ខ្ញុំគិតថាយើងនៅតែលើកតម្កើង លោក សម រង្ស៊ី ជាមេដឹកនាំ របស់យើង”។ លោកបានបន្តថា “យើងទាំងអស់គ្នាកំពុងតែធ្វើការងារជាមួយគាត់”។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានមានបន្ទូលថា មាន”ការពិភាក្សាគ្នាជាប់មករហូត”រវាងថ្នាក់ដឹកនាំទាំងពីរ ប៉ុន្តែ អំណាចនៅក្នុងដៃរបស់លោក កឹម សុខា ។ នៅក្នុងអីុម៉េលមួយកាលពីម្សិលមិញ លោក សម រង្ស៊ី នៅតែមិននិយាយអំពីការពាក់ព័ន្ធរបស់លោកនៅក្នុងគណបក្សនេះ។

លោកបានមានប្រសាសន៍ថា “ខ្ញុំពេញចិត្តចំពោះការប្រែប្រួលផ្លាស់ប្តូរថ្មីៗនេះ”។ លោកបានបន្តថា”គណបក្សសង្គ្រោះជាតិ នៅតែរក្សាការពារឱកាសរបស់ខ្លួនក្នុងការយកឈ្នះការបោះឆ្នោតលើកក្រោយៗ”។

ប៉ុន្តែនៅ ក្នុងខេត្តតាកែវ លោក ខៀន ឆុន សមាជិកគណបក្សសិទ្ធិមនុស្សដែលត្រូវបានជ្រើសរើសជាជំទុកទី២នៃឃុំត្រពាំងធំខាងត្បូងកាលពីឆ្នាំ២០១២នោះបានយល់ស្របថា លោក សម រង្ស៊ី នៅតែចូលរួមពាក់ព័ន្ធ ហើយថា ការរៀបចំនេះមានដំណើរការទៅមុខបានយ៉ាងល្អ។

លោក ខៀន ឆុន ដែលបានស្តាប់ប្រសាសន៍ របស់លោក កឹម សុខា នៅ ក្នុងខេត្តនេះកាលពីថ្ងៃអាទិត្យបានប៉ាន់ប្រមាណថា សមាជិកគណបក្សប្រហែល៧០ភាគរយឥឡូវនេះគាំទ្រលោក កឹម សុខា ។

លោកបានមានប្រសាសន៍ថា “គាត់ជាមនុស្ស មានគំនិតល្អ មានធម៌ខន្តី និងអត់ធន់”។

លោក អ៊ូ វីរៈ ប្រធានអង្គការវេទិកាអនាគតបានលើកឡើងថា ការពណ៌នាថា លោក កឹម សុខា មានការសហការ និងការពិគ្រោះយោបល់ជាងនោះគឺវាត្រូវទៅនឹងបទពិសោធន៍ របស់គាត់ដែលធ្លាប់ធ្វើការជាមួយលោកនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។

លោកបានមានប្រសាសន៍ថា “ចំពោះការសម្រេចចិត្តដ៏លំបាក ឬក៏រសើប គាត់ស្វះស្វែងរកការផ្តល់យោបល់។ លោកបានបន្ថែមថា “គុណវិបត្តិគឺនៅត្រង់ថា ការសម្រេចចិត្តចំណាយពេលយូរពេក…ការសម្រេចចិត្តមិនដាច់ស្រេចតែងតែជាបញ្ហា”។

លោក អ៊ូ វីរៈ បានលើកឡើងទៀតថា ដើម្បីឲ្យមានប្រសិទ្ធភាពពិតប្រាកដ លោក កឹម សុខាត្រូវការជំនួយការដ៏រឹងមាំដើម្បីគ្រប់គ្រងប្រតិបត្តិការពីមួយថ្ងៃទៅមួយថ្ងៃ និងសម្រួលដល់ដំណើរការសម្រេចចិត្តទាំងអស់ក្នុងគណបក្សផងដែរ ដែលធ្លាប់តែស្ថិតនៅក្រោមបទបញ្ជាពីថ្នាក់លើនោះ ។

លោកបានថ្លែងថា “គេសុទ្ធតែដឹងថា ទាំងលោក សម រង្ស៊ី និងលោក កឹម សុខា ជាបុគ្គល មានបុគ្គលិកលក្ខណៈធ្វើការសម្រេចចិត្តពេលពួកគាត់នៅធ្វើការកៀកកិតគ្នា”។

លោកបានបន្ថែមទៀតថា “នីតិវិធី និងច្បាប់គឺពិតជាគួរឲ្យធុញទ្រាន់ណាស់ ប៉ុន្តែ សម្រាប់គណបក្សនយោបាយធំមួយអ្វីដែលត្រូវការចាំបាច់នោះគឺច្បាប់ហ្នឹងឯង”។

លោក អូ៊ វីរៈ បានលើកឡើងទៀតថា ការសម្រេចដើរចេញរបស់លោក សម រង្ស៊ី បានផ្តល់ឱកាសធ្វើឲ្យរចនាសម្ព័ន្ធទាំងនោះក្លាយជាផ្លូវការ ប៉ុន្តែ វានៅតែត្រូវរង់ចាំមើល ថា តើលោក កឹម សុខា មានឆន្ទៈ និងមានអ្នកគាំទ្រយល់ព្រមដើរតាមការផ្លាស់ប្តូរនៅក្នុងគណបក្សនេះ ឬក៏អត់។ លោកបានថ្លែងថា “វាគួរតែមានការផ្លាស់ប្តូរ ប៉ុន្តែ ខ្ញុំមិនរំពឹងថា លោក កឹម សុខា អាចធ្វើឲ្យមានការផ្លាស់ប្តូរទាំងស្រុងនោះឡើយ”។ លោកបានបន្ថែមថា ខ្ញុំគិតថា “គាត់ប្រហែលជាមានដំណោះស្រាយ”៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស