33 C
Phnom Penh

កិច្ច​ព្រមព្រៀង​​បញ្ជូន​​​​​​​​​​​​​ពលករ​ទៅ​​ហុងកុង ​​ធ្វើ​ឱ្យ​មាន​ការ​បារម្ភ​​ជាថ្មី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយឱ្យដឹងថា  បណ្ដាទីភ្នាក់ងារជ្រើសរើសពលករនៅក្រុងហុងកុង កំពុងតែលើកឡើងពីមន្ទិលថា តើកម្មវិធីសាកល្បងបញ្ជូនស្ត្រីកម្ពុជា រាប់ពាន់នាក់ដែលនឹងចាប់ផ្តើមទៅដល់ទីនោះនៅចុងឆ្នាំនេះឱ្យទៅបម្រើការងារជាស្ត្រីជំនួយការមេផ្ទះអាចទទួលជោគជ័យដែរឬទេ ហើយការលើកឡើងបែបនេះធ្វើឡើងតែមួយថ្ងៃបន្ទាប់ពីចុះកិច្ចព្រមព្រៀងនេះ។ 

កម្មវិធីបញ្ជូនស្ត្រីជំនួយការមេផ្ទះរវាងក្រុងហុងកុង និងប្រទេសភូមា កាលពីឆ្នាំ២០១៤បានទទួលបរាជ័យរួចមកហើយ ហើយកត្តានេះក៏បានធ្វើឲ្យមនុស្សមួយចំនួនព្រួយបារម្ភដែរថា កិច្ចព្រមព្រៀងជាមួយកម្ពុជា អាចនឹងបរាជ័យដូចគ្នា។

លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបានធ្វើដំណើរទៅទីក្រុងហុងកុង កាលពីថ្ងៃច័ន្ទ ដើម្បីចុះកិច្ចព្រមព្រៀងេនះជាមួយលោក ស្តេហ្វិន សួយ (Stephen Sui) រដ្ឋមន្ត្រីទទួលបន្ទុកការងារ និងសុខុមាលភាពនៃក្រុងហុងកុង។

ក្រសួងចង់សរសើរក្រុងហុងកុងថា “សកម្មយ៉ាងខ្លាំង” នៅក្នុងការការពារជនបរទេសដែលធ្វើជាស្ត្រីជំនួយការមេផ្ទះ។ ប៉ុន្តែក្រសួងខ្វះសេចក្តីពិស្តារ ហើយមិនអើពើចំពោះការស្នើសុំសេចក្ដីលម្អិតអំពីផែនការនេះឡើយ ក្នុងនោះរួមមានថាតើប្រជាពលរដ្ឋកម្ពុជា ប៉ុន្មាននាក់ដែលខ្លួនសង្ឃឹមថានឹងបញ្ជូនទៅអំឡុងកម្មវិធីសាកល្បងរយៈពេល៥ឆ្នាំនេះ និងថាតើវាចាប់ផ្ដើមនៅពេលណា។ ក្រសួងក៏មិនអើពើនឹងសំណួរដែលចោទសួរថា តើខ្លួននឹងចាត់វិធានការអ្វីដើម្បីបញ្ចៀសការបរាជ័យនៃកម្មវិធីសាកល្បងកាលពីឆ្នាំ២០១៣របស់កម្ពុជា ជាមួយសិង្ហបុរី ដែលស្ត្រីជំនួយការមេផ្ទះត្រឡប់មកវិញរៀបរាប់ពីការត្រូវគេបង្ខំឱ្យធ្វើការបន្ថែមម៉ោង កាត់ប្រាក់ខែ និងបំពានផ្លូវភេទ។

ទោះជាយ៉ាងណា ការិយាល័យសុខុមាលភាព និងការងារនៃក្រុងហុងកុង មិនបានឆ្លើយតបសំណើសុំការបំភ្លឺទេទាក់ទិនកិច្ចព្រមព្រៀងថ្មីនេះ។

កាលពីថ្ងៃច័ន្ទ កាសែត South China Morning Post របស់ហុងកុង បានចុះផ្សាយថា តាមការរំពឹងទុកថា ប្រជាពលរដ្ឋកម្ពុជា១.០០០នាក់ដំបូងនឹងទៅដល់ទៅនោះនៅខែកញ្ញា ឬខែតុលា បន្ទាប់ពីទទួលការបណ្ដុះបណ្ដាលរយៈពេល៣ខែនៅកម្ពុជា។

កាលពីម្សិលមិញ កាសែតនេះបានដកស្រង់ប្រសាសន៍របស់លោកស្រី បេធី យ៉ុងម៉ា សានយី (Betty Yung Ma Shan-yee) ប្រធានសមាគមថៅកែស្ត្រីជំនួយការមេផ្ទះ (Employers of Domestic Helpers Association) នៃក្រុងហុងកុង ដោយលើកឡើងពីមន្ទិលធំៗជុំវិញការបង្រៀនប្រជាពលរដ្ឋកម្ពុជា ឱ្យចេះភាសាចិន ល្មមគ្រប់គ្រាន់ ដើម្បីធ្វើឱ្យកម្មវិធីនេះទទួលបានជោគជ័យ។

លោកស្រីត្រូវបានដកស្រង់សម្ដីដូច្នេះថា “ស្ត្រីជំនួយការមេផ្ទះជាច្រើនអះអាងថា ពួកគាត់ចេះភាសាចិន និងអង់គ្លេស ប៉ុន្តែតាមពិតគឺអត់នោះទេ។ វាជាបញ្ហាធ្ងន់ធ្ងរ ប្រសិនបើថៅកែមិនអាចទំនាក់ទំនងគ្នាបានជាមួយស្ត្រីជំនួយការមេផ្ទះ។ ខ្ញុំឆ្ងល់ថាតើការបណ្ដុះបណ្ដាលរយៈពេល៣ខែអាចទៅរួចទេ។ ខ្ញុំមិនចង់ឃើញបទពិសោធន៍នាំស្ត្រីជំនួយការមេផ្ទះ [ភូមា] មកក្រុងហុងកុង កើតឡើងម្ដងទៀតទេ”។

កាសែតដដែលដកស្រង់ប្រសាសន៍របស់លោក ថេរីសា លីវ សួយឡាន (Teresa Liu Tsui-Lan) នាយកគ្រប់គ្រងក្រុមហ៊ុន Technic Employment Service Center ក៏សម្ដែងការព្រួយបារម្ភដូចលោកស្រីដែរ។

លោក ហ្វីល រ៉ូបឺតសុន អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំអាស៊ីបានប្រាប់កាសែត ខេមបូឌា ដេលី កាលពីម្សិលមិញថា ស្ត្រីជំនួយការមេផ្ទះភូមា ដែលបានទៅដល់ក្រុងហុងកុង ជំពាក់បំណុលរាប់ពាន់ដុល្លាររួចទៅហើយ  ហើយជាញឹកញាប់គឺពួកគេជំពាក់ប្រាក់ទីភ្នាក់ងារដែលបានបញ្ជូនពួកគេទៅធ្វើការ។

លោកថ្លែងថា ទីភ្នាក់ងារជ្រើសរើសពលករភូមា មិនបានបង្រៀនភាសាអង់គ្លេស និងភាសាចិន ដែលពួកគេត្រូវការចាំបាច់សម្រាប់ទំនាក់ទំនងជាមួយថៅកែរបស់ខ្លួនឱ្យបានល្អទេ ចំណែកឯរដ្ឋាភិបាលភូមា ក៏មិនបានដោះស្រាយពាក្យបណ្ដឹងពាក់ព័ន្ធការបំពានផ្លូវភេទនោះដែរ។ សេចក្ដីរាយការណ៍កាន់តែច្រើនឡើងអំពីថៅកែហុងកុង រំលោភបំពានស្ត្រីជំនួយការមេផ្ទះក៏បានធ្វើឱ្យស្ត្រីភូមា លែងហ៊ានទទួលយកកម្មវិធីនេះ  ហើយទីបំផុតរដ្ឋាភិបាលភូមា បានដាក់បម្រាមមិនឱ្យបញ្ជូនពួកគេទៅឡើយ ដោយបញ្ចប់ការសាកល្បងនេះមុនពេលកំណត់។

លោកបានមានប្រសាសន៍បន្ថែមទៀតថា លោកព្រួយបារម្ភថា ប្រជាពលរដ្ឋកម្ពុជា នឹងមានស្ថានភាពដូចស្ត្រីជំនួយការភូមា ដោយមានសញ្ញាតិចតួចណាស់ដែលបង្ហាញថា រដ្ឋាភិបាលកម្ពុជា ឬក្រុងហុងកុង បានចាត់រាល់វិធានការចាំបាច់ដើម្បីចៀសវាងកុំឱ្យវាកើតឡើងទៀត។

លោកបានធ្វើការកត់សម្គាល់ថា “និយាយឱ្យស្រួលយល់គឺថា ប្រជាពលរដ្ឋកម្ពុជា ដែលទៅធ្វើការនៅហុងកុង នឹងក្លាយជាប្រជាជនភូមាទី២ មានន័យថា ពួកគាត់នឹងក្លាយជាក្រុមស្ត្រីជំនួយការមេផ្ទះថ្មីបំផុត ទទួលបានការការពារតិចបំផុត មានសមត្ថភាពតិចបំផុតផ្នែកភាសា និងងាយរងគ្រោះបំផុតនៅលើទីផ្សារការងារ”។

លោកថ្លែងទៀតថា “គ្មានសញ្ញាណាមួយបង្ហាញថា រដ្ឋាភិបាលកម្ពុជា បានចំណាយពេលវេលា ឬមានឆន្ទៈនយោបាយដើម្បីធានាថា ប្រព័ន្ធការពារនឹងរឹងមាំគ្រប់គ្រាន់ដើម្បីទទួលយកពាក្យបណ្ដឹង ស៊ើបអង្កេត និងការពារស្ត្រីដែលទទួលយកការងារទាំងនេះទេ។ កត្តានេះគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង ពីព្រោះមិនដូចភូមាទេ គឺរដ្ឋាភិបាលកម្ពុជា បានបង្ហាញថា ខ្លួនគ្មានឆន្ទៈអើពើនឹងបញ្ហាផ្សេងៗទេរហូតទាល់តែវាឈានដល់ដំណាក់កាលធ្ងន់ធ្ងរដូចដែលពួកគេបានធ្វើទាក់ទិនការរំលោភបំពានលើស្ត្រីជំនួយការមេផ្ទះកម្ពុជា នៅប្រទេសម៉ាឡេស៊ី”។

ប្រទេសកម្ពុជា បានដាក់បម្រាមលែងឱ្យបញ្ជូនស្ត្រីជំនួយការមេផ្ទះទៅប្រទេសម៉ាឡេស៊ីកាលពីឆ្នាំ២០១១ បន្ទាប់ពីមានសេចក្ដីរាយការណ៍កាន់តែច្រើនថា ប្រជាជនរបស់ខ្លួនទទួលរងការរំលោភបំពាននៅទីនោះ។ ប្រទេសទាំងពីរបានឈានដល់ការចុះកិច្ចព្រមព្រៀងថ្មីមួយកាលពីឆ្នាំ២០១៥ ប៉ុន្តែពួកគេមិនទាន់ដោះស្រាយសេចក្ដីលម្អិតនៅឡើយទេ។

លោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្ស (Central) បានមានប្រសាសន៍ថា បណ្ដាទីភ្នាក់ងារជ្រើសរើសពលកររបស់កម្ពុជា ធ្លាប់មានប្រវត្តិធ្វើឱ្យពលករដែលខ្លួនទើបជ្រើសរើសថ្មីជំពាក់បំណុលវ័ណ្ឌករ មុនពេលពួកគេចាកចេញទៅធ្វើការនៅក្រៅប្រទេស  ហើយថែមទាំងមិនបានបណ្ដុះបណ្ដាលពួកគេឱ្យបានត្រឹមត្រូវទៀតផងរួមមានបញ្ហាវប្បធម៌ និងភាសា មុនពេលបញ្ជូនពួកគាត់។

លោកមានមន្ទិលថា រយៈពេល៣ខែមិនគ្រប់គ្រាន់សម្រាប់បង្រៀនស្ត្រីជំនួយការមេផ្ទះដែលទៅធ្វើការនៅក្រុងហុងកុង ឱ្យចេះភាសាចិន ល្មមគ្រប់គ្រាន់ទេ ហើយព្រួយបារម្ភខ្លាចស្ត្រីកម្ពុជាទទួលបទពិសោធន៍ដូចស្ត្រីជំនួយការមេផ្ទះភូមាដែរ។

លោកមានប្រសាសន៍ថា “បើពួកគាត់មិនអាចទំនាក់ទំនងគ្នាបាន ពួកគាត់ប្រឈមនឹងហានិភ័យខ្ពស់។ ពួកគាត់ប្រឈមអំពើហិង្សាក្នុងគ្រួសារ”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស