26 C
Phnom Penh

ក្មេងស្រី​​​ម្នាក់ត្រូវ​​​គេ​​​ចាប់ពង្រត់ក្នុង​​​រាជធានី​​​​​​ តែមាន​​​របាយការណ៍​​​លើកឡើង​​​​​​ខុសគ្នា​​​​​ពី​​​ជន​​​សង្ស័យ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្មេងស្រីជនជាតិវៀតណាមអាយុ៤ឆ្នាំម្នាក់ត្រូវបានចាប់ពង្រត់នៅខាងក្រៅផ្ទះរបស់ នាងស្ថិតនៅសង្កាត់ជ្រោយចង្វាររាជធានីភ្នំពេញកាលពីម្សិលមិញ ដោយឈានទៅដល់ការប្រកាសផ្តល់រង្វាន់ជាប្រាក់ចំនួន៥០០ដុល្លារចំពោះការនាំនាងត្រឡប់មកវិញដោយសុវត្ថិភាព និងមានរបាយការណ៍ខុសគ្នារវាងមន្ត្រីនគរបាល និងអង្គការមិនមែនរដ្ឋាភិបាលពាក់ព័ន្ធជនសង្ស័យចាប់ពង្រត់នេះ។

cam-photo-abductionលោក Eric Meldrum  ប្រធានផ្នែកសើុបអង្កេតនៅអង្គការ Agape International Missions បានមានប្រសាសន៍ថា ស្ត្រីដើរសុំទានម្នាក់ដែលគេជឿថា ជាជនជាតិវៀតណាមដែរនោះបានចាប់ក្មេងស្រីនេះឈ្មោះ គង់ វណ្ណដា នៅម៉ោងប្រហែល១០ព្រឹកពីសង្កាត់ ស្វាយប៉ាកកន្លែងដែលធ្លាប់មានឈ្មោះមិនល្អខាងពេស្យាចារ។

លោក Meldrumបានសរសេរតាមអីុម៉េលផ្ញើទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា ជនសង្ស័យនេះបានដើរសុំខោអាវចាស់តាមផ្ទះ ហើយខណៈដែលជីដូនរបស់ក្មេងស្រី វណ្ណដា ទៅយកខោអាវឲ្យនាង ជនសង្ស័យរូបនេះបាននាំក្មេងស្រី វណ្ណដា ទៅបាត់ពីមុខផ្ទះតែម្តងនៅពេលនោះ”។

ទោះជាយ៉ាងណា លោក ហឹុម គឹមសាន្ត នាយប៉ុស្តិ៍សង្កាត់ស្វាយប៉ាក បានមានប្រសាសន៍ថា ឪពុកម្តាយក្មេងស្រីរូបនេះបានលែងលះគ្នា ហើយបុរសជាឪពុកប្រហែលជាប់ពាក់ព័ន្ធក្នុងការចាប់ពង្រត់នាង។

លោកបានមានប្រសាសន៍ថា “យើងសង្ស័យថា បុរសជាឪពុកប្រហែលជាឲ្យគេចាប់កូនរបស់គាត់ដើម្បីយកមករស់នៅជាមួយគាត់ដោយមិនចាំបាច់ប្រាប់ស្ត្រីជាម្តាយហើយមើលទៅ”។

លោក Meldrum បានមានប្រសាសន៍ថា សាច់ញាតិក្មេងស្រីនេះ បានរាយការណ៍ពីការចាប់ពង្រត់នេះដោយផ្ទាល់ទៅអង្គការមិនមែនរដ្ឋាភិបាលនេះជាអង្គការគ្រិស្ទានដែលផ្តោតលើការជួញដូរផ្លូវភេទក្នុងប្រទេសកម្ពុជា ដែលមានមជ្ឈមណ្ឌលមួយក្នុងតំបន់នេះ។ អង្គការមិនមែនរដ្ឋាភិបាលនេះបានប្រកាសផ្តល់រង្វាន់ជាប្រាក់ចំពោះការផ្តល់ព័ត៌មានដែលឈានទៅដល់ការនាំយកក្មេងស្រីរូបនេះត្រឡប់មកវិញដោយសុវត្ថិភាព។

លោក Meldrum បានថ្លែងថា “ជនសង្ស័យរូបនេះគឺ… ពាក់មួកពណ៌លឿង អាវដៃវែងពណ៌ផ្កាឈូក និងស្លៀកខោពណ៌ខ្មៅ ហើយចេះនិយាយភាសាខ្មែរ វៀតណាម និងអង់គ្លេស”។ លោកបានបន្ថែមថា គេជឿថា ស្ត្រីចាប់ពង្រត់រូបនេះប្រហែលជាអាយុខ្ទង់៣០ឆ្នាំ។

លោក Meldrum ដែលនិយាយថា លោកជាអតីតមន្ត្រីនគរបាលមួយរូបក្នុងប្រទេសអង់គ្លេសបានមានប្រសាសន៍ថាស្ត្រីរូបនេះប្រហែលជាចាប់ក្មេងស្រីរូបនេះទៅឱ្យជួយដើរសុំទាននាងតាមដងផ្លូវក្នុងរាជធានីភ្នំពេញ ហើយបានលេចមុខក្នុងតំបន់ទេសចរណ៍ស្ថិតក្នុងកណ្តាលក្រុងនេះ។

ទោះជាយ៉ាងណា លោក ហឹុម គឹមសាន្ត បានមានប្រសាសន៍ថា ម្តាយក្មេងស្រីរងគ្រោះ បានដាក់ពាក្យបណ្តឹងទៅនគរបាលនៅវេលាប្រហែលជាថ្ងៃត្រង់ម្សិលមិញ ហើយបានរាយការណ៍ថា កូនស្រីច្បងរបស់គាត់បានឃើញ វណ្ណដា ដែលពាក់អាវដៃខ្លីពណ៌លឿង និងស្លៀកខោខ្លីពណ៌លឿងដែរនោះចេញពីតំបន់នេះដោយជិះម៉ូតូពីក្រោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់។

លោក ម៉ាត់ រ៉ាហ្សាដ នាយប៉ុស្តិ៍រងបានមានប្រសាសន៍ថា ក្មេងស្រីរូបនេះក៏គេស្គាល់ តាមរយៈឈ្មោះជាភាសាវៀតណាមរបស់នាងថា ដាំង ផងដែរ៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស