38 C
Phnom Penh

ចៅក្រម​នឹងបន្ត​​​​ឃុំខ្លួន​មន្ត្រី​សមាគមអាដហុក​បួន​រូប​និង​មន្ត្រីគ.ជ.ប​.មួយរូប​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីថ្ងៃអង្គារចៅក្រមមួួយរូបបានប្រាប់មន្ត្រីតុលាការថា លោកនឹងបន្តឃុំខ្លួនមន្ត្រីជាន់ខ្ពស់៤រូបមកពីសមាគមសិទ្ធិមនុស្សអាដហុក និងមន្ត្រីរៀបចំបោះឆ្នោតមួួយរូបដែលសុទ្ធតែបានជាប់ពន្ធនាគារដោយគ្មានការបើកសវនាការជិតមួយឆ្នាំមកហើយ នៅក្នុងសំណុំរឿងដែលរងការរិះគន់ពីអ្នកការពារសិទ្ធិមនុស្សអន្តរជាតិ។

គិតមកដល់សប្តាហ៍នេះ វាមានរយៈពេលមួយឆ្នាំហើយចាប់តាំងពីមន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក៤រូប និង លោក នី ចរិយាដែលជាមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)និងជាអតីតមន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក ត្រូវបានចោទប្រកាន់ និងឃុំខ្លួនក្រោមការចោទប្រកាន់ពីបទសូកប៉ាន់ទាក់ទិននឹងការសើុបអង្កេតរបស់រដ្ឋាភិបាលលើរឿងអាស្រូវផ្លូវភេទដែលមានជាប់ពាក់ព័ន្ធនឹងលោក កឹម សុខា ប្រធានគណបក្សប្រឆាំង។

ជនត្រូវចោទបានលើកឡើងថា ពួកគាត់បានផ្តល់ជំនួយផ្លូវច្បាប់ដល់សាក្សីមួយរូបដែលគេអះអាងថា ជាស្រីកំណាន់របស់លោក កឹម សុខា។

cam-photo-front-8-800x533ក្រុមការងារអង្គការសហប្រជាជាតិស្តីពីការឃុំខ្លួនតាមតែអំពើចិត្ត (U.N.Working Group on Arbitrary Detention ) បានសន្និដ្ឋានកាលពីឆ្នាំមុនថា អ្នកទាំងប្រាំរូបនេះ “ទទួលរងការរើសអើងដោយសារតែគាត់ជាអ្នកការពារសិទ្ធិមនុស្ស និងរងការរំលោភបំពានសិទ្ធិដែលមានភាពស្មើគ្នាចំពោះមុខច្បាប់ និងមានការការពារស្មើភាពគ្នាដោយច្បាប់” ក្រោមអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិជនស៊ីវិល និងសិទ្ធិនយោបាយ។

ចៅក្រមសើុបសួរលោក ធាម ច័ន្ទពិសិដ្ឋ  បានប្រាប់លោក អីុ រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារថា អ្នកទាំង៥រូបនេះនឹងត្រូវឃុំខ្លួនបន្តទៀត”ដើម្បីបំពេញនីតិវិធីសាកសួរបន្ថែម” នេះបើយោងតាមការលើកឡើងរបស់លោក អីុ រិន កាលពីម្សិលមិញ។ ច្បាប់នឹងអនុញ្ញាតឲ្យមានការឃុំខ្លួន៦ខែបន្ថែមទៀត។

ចៅក្រម ធាម ច័ន្ទពិសិដ្ឋ បានបន្តឃុំខ្លួនអ្នកទាំង៥រូបនេះបណ្តោះអាសន្នក្នុងរយៈពេល៦ខែកាលពីខែតុលា ដោយក៏លើកឡើងពីតម្រូវការសាកសួរបន្ថែមផងដែរ។ លោក អីុ រិន បានថ្លែងកាលពីព្រឹកម្សិលមិញថា តុលាការ “នៅមិនទាន់បិទការសើុបអង្កេតនៅឡើយទេ”។

លោកបានមានប្រសាសន៍ថា ចៅក្រម    “កំពុងបន្តនីតិវិធីនៅឡើយដើម្បីបន្ត[ការឃុំខ្លួនបណ្តោះអាសន្ន] បន្ថែម”។ លោកបានបន្តថា “ចៅក្រមចាត់វិធានការតាមនីតិវិធី”។

មេធាវីរបស់អ្នកទាំង៥រូបនេះបានលើកឡើងថា មន្ត្រីតុលាការមិនបានធ្វើការឲ្យបានរួសរាន់គ្រប់គ្រាន់ដើម្បីបញ្ចប់ការស៊ើបអង្កេតនោះឡើយ។

លោក សំ សុគង់ មេធាវីតំណាងលោក នី ចរិយា បានលើកឡើងថា “អំឡុងពេលឃុំខ្លួនបណ្តោះអាសន្នរយៈពេល៦ខែ ចៅក្រមសើុបសួរមិនបានព្យាយាមនោះឡើយ ហើយតុលាការមិនបានសើុបអង្កេតតាមពេលដែលបានកំណត់ទេ”។លោកបានបន្ថែមថា “រយៈពេលឃុំខ្លួន៦ខែគួរតែគ្រប់គ្រាន់ហើយ”។

នៅព្រឹកម្សិលមិញដដែល លោក ឡោ ជុនធី មេធាវីរបស់មន្ត្រីសមាគមសិទ្ធិមនុស្សអាដហុកទាំង៤រូបបានលើកឡើងថា លោកបានចុះទៅសួរសុខទុក្ខកូនក្តីរបស់លោកនៅក្នុងពន្ធនាគារព្រៃស ហើយមន្ត្រីពន្ធនាគារប្រាប់លោកថា ពួកគាត់ទទួលបានការកោះហៅឲ្យបង្ហាញខ្លួននៅក្នុងតុលាការនៅថ្ងៃនេះ។

លោក ឡោ ជុនធី បានមានប្រសាសន៍ថា “គេនិយាយថា គេទទួលបានការជូនដំណឹងពីតុលាការរួចហើយ។ គេអញ្ជើញកូនក្តីរបស់ខ្ញុំឲ្យទៅតុលាការនៅថ្ងៃស្អែក ហើយខ្ញុំយល់ថា ករណីនេះគឺជាករណីបន្តឃុំខ្លួនហ្នឹងឯង”។ លោកមិនបានឃើញដីកាកោះហៅនោះទេប៉ុន្តែ លោកបានលើកឡើងថា ប្រសិនបើតុលាការបន្តឃុំខ្លួនកូនក្តីរបស់លោក វានឹងមានរយៈពេល៦ខែបន្ថែមទៀត។

លោកបានលើកឡើងទៀតថា សម្រាប់៥ឬ៦ខែកន្លងមកនេះ មានការខិតខំសើុបអង្កេតតែបន្តិចបន្តូចតែប៉ុណ្ណោះ។

លោកបានថ្លែងថា “បើសិនគាត់ពន្យារពេលសើុបអង្កេត គួរតែមានសកម្មភាពនៅក្នុងការសើុបអង្កេតនេះ” ។ លោកបានថ្លែងបន្ថែមថា ” ហើយបើអត់ឃើញមានសកម្មភាពអីក្នុងការសើុបអង្កេតហ្នឹងផង តើពន្យារពេលដើម្បីអី?”៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស