38 C
Phnom Penh

វីដេអូឃ្លីប​ថ្មី​ចេញពីការិយាល័យ​​លោក ហ៊ុន សែន ​ព្រមាន​​​ពី​​សង្គ្រាម​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការកាន់អំណាចដោយគណបក្សសង្គ្រោះជាតិនឹងទាញប្រទេសកម្ពុជា  ទម្លាក់ចូលក្នុងសង្គ្រាម  និងរងការបំផ្លិចបំផ្លាញខ្ទេចខ្ទីដូចប្រទេសស៊ីរី  នេះបើយោងតាមវីដេអូឃ្លីបមួយដែលទីស្ដីការគណៈរដ្ឋមន្ត្រីបានបញ្ចេញកាលពីម្សិលមិញ និងដែលត្រូវបានគណបក្សប្រឆាំងច្រានចោល។

វីដេអូដែលមានចំណងជើងថា “វិប្បដិសារីនៃអ្នកដឹកនាំចលនាបដិវត្តន៍ពណ៌” នេះ ប្រៀបធៀបការបះបោរកាលពីឆ្នាំ២០១១ និងក្រោយមកការប្រយុទ្ធប្រឆាំងរដ្ឋាភិបាលរបស់លោក បាសា អាល់អាសាដ មេដឹកនាំអត្តាធិបតេយ្យស៊ីរី ទៅនឹងបាតុកម្មកាលពីឆ្នាំ២០១៣ ដែលដឹកនាំដោយកម្មករកម្មការិនីរោងចក្រកាត់ដេរកម្ពុជា និងមេដឹកនាំគណបក្សប្រឆាំង ក្រោយការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រនៅឆ្នាំនោះ។

WP-LastImage-42-800x500អ្នកអត្ថាធិប្បាយក្នុងវីដេអូនេះនិយាយអំពីទីក្រុងមួយដ៏អ៊ូអរក្រោមការដឹកនាំរបស់ប្រធានាធិបតី អាល់អាសាដ ដែល “មានសំឡេងមនុស្សសប្បាយរីករាយគ្រប់ទីកន្លែង” ប៉ុន្តែមិនបាននិយាយពីការអះអាងរបស់បណ្តាអង្គការសិទ្ធិមនុស្សដែលលើកឡើងថា នគរបាលសម្ងាត់បានចាប់ដាក់គុក និងសម្លាប់អ្នករិះគន់រដ្ឋាភិបាលជាច្រើននាក់ឡើយ។

វីដេអូដែលបង្ហាញរូបភាពនៃការបំផ្លិចបំផ្លាញដោយសារសង្គ្រាមនេះបន្តថា “ប៉ុន្តែក្រោយពេលប្រជាជនស៊ីរី  មួយចំនួនបានចាប់ផ្ដើមបះបោរប្រឆាំងជាមួយរបបប្រធានាធិបតី អាសាដ តាមរយៈការធ្វើបដិវត្តន៍ពណ៌នោះមក ប្រទេសក្នុងតំបន់មជ្ឈិមបូពា៌មួយនេះធ្លាក់ក្នុងស្ថានភាពសង្គ្រាមខ្ទេចខ្ទាំគួរឱ្យរន្ធត់”។

បន្ទាប់មកវីដេអូរយៈពេល១៨នាទីនេះងាកមកផ្ដោតលើប្រទេសកម្ពុជា ដោយមានរូបភាពបង្ហាញពីបាតុកម្មរបស់គណបក្សប្រឆាំងនៅទីលានប្រជាធិបតេយ្យ បាតុកម្មរបស់កម្មករកម្មការិនីកាត់ដេរនៅផ្លូវវេងស្រេង និងការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខ និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិក្នុងឆ្នាំ២០១៣។

អ្នកអត្ថាធិប្បាយនៅក្នុងវីដេអូឃ្លីបនិយាយថា “ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ ក៏មានជនជ្រុលនិយមចង់ចម្លងយកបដិវត្តន៍ពណ៌មកអនុវត្ត ដើម្បីជួយបំពេញមហិច្ឆតានយោបាយរបស់បក្សប្រឆាំង”។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា វីដេអូដែលមានអ្នកចូលទស្សនា២.៥០០ដងគិតរហូតមកទល់នឹងល្ងាចម្សិលមិញនេះគឺជាសាររំឭកដាស់តឿនដល់សារសាធារណជន។ លោកថ្លែងថា “យើងចង់ឱ្យប្រជាពលរដ្ឋមើលឃើញពីផលវិបាកនៃបដិវត្តន៍”។

ពេលសួរថាហេតុអ្វីបានជារដ្ឋាភិបាលជ្រើសរើសបញ្ចេញវីដេអូនេះនៅពេលនេះ អ្នកនាំពាក្យដដែលបានចង្អុលទៅការចាក់បញ្ចាំងភាពយន្តឯកសារស្តីពីការធ្វើឃាតអ្នករិះគន់រដ្ឋាភិបាលដូចជាលោក កែម ឡី និងលោក ឈុត វុទ្ធី សម្រាប់ការជួបជុំគ្នាកាលពីម្សិលមិញ អ្នករៀបចំគ្រោងមើលភាពយន្ត “ខ្ញុំជា ឈុត វុទ្ធី” តាមស្មាតហ្វូនរបស់ពួកគេជាការគោរពដល់ខួបទី៥នៃការបាញ់សម្លាប់សកម្មជនបរិស្ថានរូបនេះ។ លោកបានមានប្រសាសន៍ថា ”ម៉េចប្អូនមិនសួរគេផងមើល ហេតុអ្វីយករឿងហ្នឹងមកចាក់ផ្សាយ?”។

វីដេអូនេះលេចចេញឡើងក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីគណបក្សប្រជាជនកម្ពុជា បានព្រមានកាលពីពេលថ្មីៗនេះ និងកន្លងមកថា ការទម្លាក់គណបក្សដែលបានសង្គ្រោះប្រទេសនេះចេញពីអំណាចនឹងបង្កឱ្យមានភាពចលាចល។

កាលពីថ្ងៃអង្គារ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានច្រានចោលការអះអាងថា ប្រសិនបើគណបក្សរបស់លោកឈ្នះការបោះឆ្នោតនឹងនាំឱ្យកម្ពុជា មានសង្គ្រាម ដោយនិយាយថា ពួកគាត់គ្រាន់តែមានបំណងចង់ផ្លាស់ប្ដូរដោយសន្តិវិធីប៉ុណ្ណោះ។

លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សប្រឆាំងបានច្រានចោលការប្រៀបធៀបទៅនឹងប្រទេសស៊ីរីនេះ  ហើយលោកថ្លែងថា គណបក្សសង្គ្រោះជាតិគ្មានមធ្យោបាយ ឆន្ទៈ និងការហ្វឹកហាត់ដើម្បីធ្វើបដិវត្តន៍ទេ។

លោកបានគូសបញ្ជាក់ថា ការព្រមានបែបនេះគឺជាវេហារសាស្ត្រដែលនាយករដ្ឋមន្ត្រីតែងតែប្រើ។លោកថ្លែងថា “[ខ្ញុំ] ឮតែ [គាត់] ប្រកាសបែបនេះរាល់មុនការបោះឆ្នោត។ មិនមែនជារឿងថ្មីផង យើងមិនយកចិត្តទុកដាក់ទេ”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស