លោក ឡុង រី តំណាងរាស្ត្រគណបក្សប្រឆាំងបានក្លាយជាសាក្សីដំបូងដែលត្រូវបានសាកសួរដោយសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញជុំវិញការចោទថា លោក ហួត ឃីនវុទ្ធី អ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីបានលាក់បាំងអត្តសញ្ញាណរបស់ខ្លួននៅពេលលោកអមដំណើរលោក ឡុង រី និងលោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិទៅសួរសុខទុក្ខអ្នកទោសក្នុងពន្ធនាគារកាលពីសប្ដាហ៍មុន។
កាលពីព្រឹកម្សិលមិញ គេក៏ឃើញវិទ្យុអាស៊ីសេរីចេញសេចក្ដីថ្លែងការណ៍តបដោយលើកឡើងថា លោក ហួត ឃីនវុទ្ធី អនុប្រធានស្ថានីយវិទ្យុប្រចាំប្រទេសកម្ពុជារូបនេះមិនមានទោសកំហុសទេ ហើយថា អ្នកសារព័ត៌មានរូបនេះមិនតក់ស្លុតនឹងការគាបសង្កត់របស់រដ្ឋាភិបាលឡើយ។ សេចក្តីថ្លែងការណ៍ដដែលនេះបន្តថា វិទ្យុអាស៊ីសេរីនឹងបន្តធ្វើសេចក្តីរាយការណ៍ដោយ “ក្លាហាន និងមោះមុត” ក្នុងដំណើរឆ្ពោះទៅរកការបោះឆ្នោតឃុំ សង្កាត់នៅខែមិថុនាខាងមុខ។

សេចក្ដីថ្លែងការណ៍នេះឱ្យដឹងថា “ជារឿងហួសហេតុដែលអាជ្ញាធរយកអ្នកសារព័ត៌មានធ្វើជាមុខសញ្ញា ធ្វើទុក្ខបុកម្នេញ និងគំរាមកំហែងដោយសារការបំពេញការងាររបស់គាត់”។
សេចក្ដីថ្លែងការណ៍នេះបន្ថែមថា “ចំណាត់ការក្នុងពេលថ្មីៗមកលើរូបគាត់បែបេនះ គឺមានចេតនាបំភិតបំភ័យគាត់ និងបុគ្គលិកអាស៊ីសេរីឯទៀតក្នុងពេលប្រកួតប្រជែងដ៏ស្វិតស្វាញក្នុងរដូវកាលបោះឆ្នោត”។
លោក ហួត ឃីនវិទ្ធី ដែលគេស្គាល់តាមរយៈការការផ្សព្វផ្សាយតាមរលកធាតុអាកាសថា ជុន ច័ន្ទបុត្រ នោះ រងការចោទថាបានប្រកាសតួនាទីរបស់ខ្លួនមិនត្រឹមត្រូវថាជា ”ជំនួយការ” របស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅពេលលោកចុះវត្តមាននៅពន្ធនាគារព្រៃសកាលពីថ្ងៃពុធសប្ដាហ៍មុន ដើម្បីទៅសួរសុខទុក្ខមន្ត្រីនិងសកម្មជនគណបក្សប្រឆាំងចំនួន១៦រូបដែលបានជាប់ពន្ធនាគារនៅទីនោះ។
លោក ហួត ឃីនវុទ្ធី គ្រោងធ្វើការសាកសួរនៅថ្ងៃទី២ ខែឧសភា ចំណែកលោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមួយរូបទៀតត្រូវកោះហៅមកសាកសួរនៅថ្ងៃនេះក្នុងនាមជាសាក្សីក្នុងករណីនេះ។
លោក ឡុង រី ដែលក៏ជាប្រធានសន្តិសុខគណបក្សសង្គ្រោះជាតិដែរនោះ បានបង្ហាញខ្លួននៅតុលាការកាលពីព្រឹកម្សិលមិញនៅម៉ោងប្រហែល៩ព្រឹក ហើយត្រូវបានសាកសួរដោយព្រះរាជអាជ្ញារង សៀង សុខ រយៈពេលជាង២ម៉ោង។
លោក សៀង សុខ មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ ហើយលោក អុី រិន អ្នកនាំពាក្យសាលាដំបូងបានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ។
បន្ទាប់ពីចាកចេញពីតុលាការ លោក ឡុង រី ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយដែរ ហើយបានបង្វែរសំណួរទៅលោក សំ សុគង់ មេធាវីការពារ។
ដោយបដិសេធមិនផ្ដល់ព័ត៌មានលម្អិតពាក់ព័ន្ធការចោទសួរដោយសារការស៊ើបអង្កេតកំពុងបន្តនោះ លោក សំ សុគង់ មានប្រសាសន៍ថា “ឯកឧត្ដម ឡុង រី ក្នុងនាមជាសាក្សីមកបំភ្លឺទៅតាមអ្វីដែលជាកាតព្វកិច្ចរបស់សាក្សីដែលមកបំភ្លឺទាក់ទងការដែលឃើញនូវការពិត ការឮ និងការដឹងតែប៉ុណ្ណឹង”។
ជាលទ្ធផលនៃករណីនេះ ក្រសួងមហាផ្ទៃកាលពីដើមខែនេះបានប្រកាសថា មន្ត្រីគណបក្សសង្គ្រោះជាតិនឹងលែងអនុញ្ញាតឱ្យទៅសួរសុខទុក្ខសហសេវិករបស់ខ្លួននៅក្នុងពន្ធនាគារទៀតហើយ ដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ”៕ សារុន