28 C
Phnom Penh

តុលាការ​​​ចោទប្រកាន់​​​ជន​​​ជាតិ​​​អង់គ្លេស​​​ម្នាក់ពីបទ​​​​​​ទិញ​​​ពេស្យាចារ​​​កុមារ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមនគរបាល និងអង្គការការពារកុមារដែលជាអង្គការមិនមែនរដ្ឋាភិបាលបានឱ្យដឹងថា បុរសជនជាតិអង់គ្លេសម្នាក់ត្រូវបានចាប់ខ្លួនដោយសង្ស័យពីបទទិញពេស្យាចារកុមារបន្ទាប់ពីនគរបាលប្រឆាំងការជួញដូរមនុស្សបានឆ្មក់ចូលអាផាតមិនដែលជននេះស្នាក់នៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីរសៀលម្សិលមិញ។

លោក កែវ ធា នាយការិយាល័យប្រឆាំងការជួញដូរមនុស្សរាជធានីបានមានប្រសាសន៍ ថា ការស៊ើបអង្កេតរយៈពេលជាច្រើនខែបានឈានទៅដល់ការចាប់ខ្លួន Clive Cressyអាយុ៦៩ឆ្នាំដែលតាមការអះអាងថា បានចំណាយប្រាក់ជាថ្នូរនឹងការរួមភេទជាមួយក្មេងស្រីបួននាក់។

យោងតាមលោក សំលៀង សិលា នាយកប្រតិបត្តិអង្គការសកម្មភាពដើម្បីកុមារ (APLE) បានឱ្យដឹងថា ក្មេងស្រីទាំងបួននាក់នេះដែលមានអាយុ ១២ឆ្នាំ ១៣ឆ្នាំ ១៤ឆ្នាំ និង១៥ឆ្នាំត្រូវបានស្ត្រីម្នាក់ជាម្តាយមីងរបស់ពួកគេនាំយកមកឱ្យបុរសរូបនេះ។ ស្ត្រីរូបនេះ ក៏ត្រូវបានឃាត់ខ្លួន និងសាកសួរផងដែរកាលពីម្សិលមិញ។

លោកបានមានប្រសាសន៍ថា “ពិតណាស់ មានការរំលោភបៀតបៀនកេរ្តិ៍ខ្មាស និងការដោះដូរជាប្រាក់មែន”។ លោកបានបន្តថា “ក្មេងស្រីម្នាក់ក្នុងចំណោមនោះទទួលបានប្រាក់ជាថ្នូរនឹងការលក់ព្រហ្មចារី”។ លោកបានបន្ថែមថា អ្នកសមគំនិតក្នុងរឿងនេះទំនងជាទទួលបានប្រាក់យ៉ាងច្រើន។

លោក សំលៀង សិលា បានថ្លែងថាដំបូងជនជាតិអង់គ្លេសរូបនេះស្ថិតក្នុងការតាមដានរបស់អង្គការលោកកាលពីចុងឆ្នាំមុន បន្ទាប់ពីទទួលបានការផ្តល់ព័ត៌មាន។ លោកបានបន្ថែមថា អង្គការ APLE បានចាប់ផ្តើមធ្វើការស៊ើបអង្កេត ប៉ុន្តែមិនបានកំណត់អត្តសញ្ញាណជនរងគ្រោះណាម្នាក់ឡើយនៅពេលក្មេងស្រីទាំងបួននាក់នេះបានរាយការណ៍ពីការរំលោភបៀតបៀននេះកាលពីម្សិលមិញ ខណៈនគរបាលធ្វើការសាកសួរ។

លោក សំលៀង សិលា បានបន្ថែមថា Cressy បានចេញចូលប្រទេសកម្ពុជាចាប់តាំងពីជននេះត្រូវបានស្ថិតក្នុងការតាមដានកាលពីឆ្នាំមុន ហើយទើបតែបានត្រឡប់មកកម្ពុជានៅពេលមានការចាប់ខ្លួននេះហ្នឹងឯង។

លោកបានថ្លែងថា កុំព្យូទ័រយួរដៃ កាមេរ៉ា ហាដឌីសបន្ថែមខាងក្រៅ និងឌីវីឌី ស្ថិតក្នុងចំណោមសម្ភារដែលត្រូវបានដកហូតពីអាផាតមិនរបស់ Cressy ស្ថិតក្នុងសង្កាត់ទួលទំពូង២។

វីដេអូរយៈពេល៤០នាទីដែលត្រូវបានបង្ហោះកាលពីម្សិលមិញក្នុងគណនីហ្វេសប៊ុកព័ត៌មាន “TVFB” ដែលទំនងជាថតអំឡុងការឆ្មក់ចូលនោះ បង្ហាញពីក្រុមមន្ត្រីរើកកាយគំនរខោអាវ និងស្បែកជើងក្មេងស្រីទាំងនោះ ហើយបានរកឃើញប្រដាប់ក្មេងលេង និងប្រអប់ថ្នាំពេទ្យមិនស្គាល់ប្រភេទមួយចំនួន។

យោងតាមស្នងការរងនគរបាលម្នាក់សុំមិនបញ្ចេញឈ្មោះដែលត្រូវបានសម្ភាសដោយTVFB បានឱ្យដឹងថា ជនរងគ្រោះបានប្រាប់នគរបាលថាCressy ក៏ជាវេជ្ជបណ្ឌិតម្នាក់ធ្វើការនៅគ្លីនិកឯកជនមួយក្នុងរាជធានីផងដែរ។លោក សំលៀង សិលា បានថ្លែងថា ជនសង្ស័យរូបនេះនឹងត្រូវបញ្ជូនទៅសាលាដំបូងរាជធានីនៅថ្ងៃនេះ ហើយទំនងជាត្រូវបានចោទប្រកាន់ពីបទទិញពេស្យាចារកុមារ។ ការចោទប្រកាន់នេះប្រឈមការជាប់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ ចំពោះបទល្មើសពាក់ព័ន្ធកុមារអាយុ១៥ឆ្នាំ ឬលើសពីនេះ ហើយពី៧ឆ្នាំ ទៅ១៥ឆ្នាំ បើកុមារអាយុក្រោម១៥ឆ្នាំ៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស